មុខរបរ​ប្លែក!

លោក​តា​​៨៥​ឆ្នាំ ច្នៃ​និង​លក់​ស្បែក​ជើង​កង់ឡាន​ជាង​២០​ឆ្នាំ​មក​ហើយ


លោកតា អ៊ុន សំរិទ្ធ ប្រកប​របរ​ច្នៃ​ស្បែក​ជើង​កង់​ឡាន ជិះ​កង់​ដើរ​លក់​ជាង​២០​ឆ្នាំ​មក​ហើយ។ មាន​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ លោក​តា​វ័យ​៨៥​រូបនេះ បាន​ចាកចេញ​ពី​ស្រុក​កំណើត​ទៅ​រកស៊ី​នៅ​ខេត្ត​បាត់ដំបង​ក្បែរ​ព្រំដែន​ថៃ រហូត​រៀន​ជំនាញ​ធ្វើ​ស្បែក​ជើង​កង់ឡាន​បាន​យ៉ាង​ស្ទាត់​ជំនាញ។
លោកតា អ៊ុន សំរិទ្ធ អាយុ​៨៥ឆ្នាំ ច្នៃ​និង​ជិះកង់​លក់​ស្បែកជើង​កង់ឡាន​ជាង​ ២០ឆ្នាំ​ហើយ។ រូបភាព៖ ពេជ្រ ខេមរា
ដោយ

ស្នាដៃ​របស់​លោកតា សំរិទ្ធ មិន​ចាញ់​ស្បែកជើង ដែល​មាន​វត្តមាន​នៅ​លើ​ទីផ្សារ​កម្ពុជា​ឡើយ។ លោកតា​មាន​ប្រសាសន៍​ថា៖ «វា​មិន​លំបាក​អី​ទេ ធ្វើ​ពុម្ព​ហើយ​ដុត​ធ្យូង​សង្កត់​ហើយ​យក​ប៊ិច​គូស​ខ្វោក​ហើយ​កាត់​តាម​ហ្នឹង​ទៅ វា​រួច​បាត់​ទៅ​ហើយ។ ខ្ញុំ​កាត់​ដោយ​ដៃ អត់​ប្រើ​ម៉ាស៊ីន​អី​ទេ ព្រោះ​បើ​ប្រើ​ម៉ាស៊ីន ត្រូវ​ប្រើ​ប្រេង នាំ​តែ​អស់​លុយ​កាត់​ដោយ​ដៃ​រកតែ​កង់ឡាន​កាត់​ស្ទើរ​មិន​បាន​ផង»។

ស្បែកជើង​កង់​ឡាន ពុំ​មាន​វត្តមាន​នៅ​លើ​នៅ​ទីផ្សារ​ឡើយ ទោះ​ជា​ហាង​ទំនើបៗ​ក្តី។ ទោះ​មហា​សេដ្ឋី ឬ​ឧកញ៉ា ដែល​មាន​លុយ​ច្រើន​​លាន​ដុល្លារ​ក៏​ដោយ ក៏​រកទិញ​ស្បែក​ជើង​កង់ឡាន​មិន​បាន​ដែរ ប្រសិន​បើ​ពុំ​បាន​ស្គាល់​លោក​តា សំរិទ្ធ។

គេ​ធ្លាប់​តែ​ឃើញ​ស្បែក​ជើង​កង់ឡាន​ត្រូវ​បាន​គេ​ពាក់​ក្នុង​របប​ខ្មែរ​ក្រហម ៣​ឆ្នាំ​៨ខែ​២០ថ្ងៃ ប៉ុន្តែ សម័យ​បច្ចុប្បន្ន ស្បែក​ជើង​កង់ឡាន​មិនមែន​មាន​តែ​ក្នុង​ការិយាល័យ​លោក​ឧកញ៉ា ម៉ុង ឫទ្ធី​នោះ​ទេ។ វត្តមាន​ស្បែកជើង​កង់ឡាន​ចាប់​ផ្តើម​មាន​ច្រើន​នៅ​រាជ​ធានី​ភ្នំពេញ និង​បណ្តាល​ខេត្ត​មួយ​ចំនួន​យូរ​ហើយ គ្រាន់តែ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​មិន​ទាន់​បាន​ដឹង​ប៉ុណ្ណោះ។

ទោះ​បី​មាន​វ័យ​ចាស់​ណាស់​ទៅ​ហើយ​មែន តែ​លោកតា​ហាក់​មាន​សុខភាព​រឹងមាំ​នៅ​ឡើយ។ ក្នុង​មួយ​ថ្ងៃៗ លោកតា​ជិះកង់​ជាច្រើន​គីឡូម៉ែត្រ ដើម្បី​លក់​ស្បែក​ជើង​កង់ឡាន។ 

លោកតា​​ប្រាប់ ខេមបូណូមីស ថា៖ «សម័យ​យើង​ឥឡូវ យើង​ដឹង​ស្រាប់​ហើយ យើង​មិន​អាច​ពឹង​កូន ១០០​ភាគរយ​នោះ​ទេ។ យើង​នៅ​រក​បាន ចេះ​តែ​រក​ទៅ»។

ក្នុង​មួយ​ខែ លោកតា​ត្រូវ​ជិះកង់​មក​ភ្នំពេញ ៣ ទៅ​៤​ដង ដោយ​ស្នាក់នៅ​ផ្ទះ​ជួល​ជាមួយ​កូន​នៅ​ក្បែរ​វត្ត​អង្គតាមិញ ជិត​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ។ ក្នុង​មួយ​ជើង លោកតា​អាច​ឌុប​ស្បែក​ជើង​កង់ឡាន​បាន​ពី ៦០ ទៅ ៧០​គូ។ លោកតា​អាច​ផលិត​ស្បែកជើង​បាន​ពី​ ២០ ទៅ ៣០​គូ ក្នុង​មួយ​ថ្ងៃ។

ស្បែក​ជើង​ទាំង​នេះ មិនមែន​លោកតា​ធ្វើ​តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ កូនចៅ​របស់​លោកតា​បាន​ជួយ​ធ្វើ​ទាំង​អស់​គ្នា។ បច្ចុប្បន្ន លោកតា​មាន​វ័យ​ជរា​ហើយ ការ​ផលិត​ស្បែកជើង​ទុក​ឲ្យ​កូន​ជា​អ្នក​ធ្វើ​ម្តង ចំណែក​ការ​ដើរ​លក់ លោកតា​ជា​អ្នក​រ៉ាប់រង​ការងារ​នេះ។ 

ស្បែកជើងកង់ឡាន ដែលច្នៃ​ដោយ​លោកតា​អាយុ​៨៥​ឆ្នាំ អ៊ុន សំរិទ្ធ។

ស្បែក​ជើង​កង់​ឡាន បាន​រចនា​ម៉ូដ​ជាច្រើន​ប្រភេទ ដូចជា ស្បែង​ជើង​ផ្ទាត់ និង​ស្បែក​ជើង​ស៊ក​ជា​ដើម។ ក្នុង​មួយ​គូ លោក​តា​លក់​ក្នុង​តម្លៃ​ពី ១៥.០០០​រៀល ទៅ ២០.០០០​រៀល។ ផ្ទះ​នៅ​ខេត្ត​តាកែវ តែ​លោកតា​ជិះកង់​ដើរ​លក់​នៅ​ភ្នំពេញ ខេត្ត​កំពង់ចាម កំពង់ធំ និង​ដល់​ខេត្ត​ព្រៃវែង​ទៀត​ផង។  

កំពុង​ផ្តល់​បទ​សម្ភាសន៍​ជាមួយ ខេមបូណូមីស ក៏​មាន​អតិថិជន​ហៅ (Call) មក ដើម្បី​ឲ្យ​លោកតា​ជិះកង់​យក​ស្បែកជើង​ដែល​គេ​បាន​កម៉្មង់​ទៅ​គេហដ្ឋាន​របស់​គេ ខណៈ​នៅ​ក្បែរ​កង់​លោកតា មាន​ចាស់ៗ​ដែល​កំពុង​ធ្វើ​ចរាចរណ៍​លើ​ដង​ផ្លូវ បាន​ឈប់​ទិញ​ស្បែក​ជើង​របស់​លោកតា​ជា​បន្ត​បន្ទាប់។

លោកតា​មាន​អតិថិជន​ជា​ប្រចាំ​(ម៉ូយ) ដែល​ចាំទិញ​ពេល​លោកតា​ផលិត​ស្បែកជើង​បាន។ លោក​តា​ប្រាប់​ថា មាន​ម៉ូយ​មួយ​ចំនួន​នៅ​ភ្នំពេញ និង​បណ្តា​ខេត្ត​ផ្សេង​ទៀត ដោយ​ខ្លះ​យក​ច្រើន​រហូត​ម្តង ៥០​គូ​ក៏​មាន​ដែរ ព្រោះ​ម៉ូយ​នោះ គេ​យក​ទៅ​លក់​បន្ត​ទៀត។ ចំណែក អតិថិជន​ខ្លះ​ទៀត ពួកគេ​ទិញ​គ្រាន់​តែ​សម្រាប់​ខ្លួន​ឯង និង​ផ្ញើ​ឲ្យ​សមាជិក​គ្រួសារ​ជាដើម។   

លោកតា​បញ្ជាក់​ថា៖ «រាល់​ថ្ងៃ តា​ធ្វើ​ស្បែក​ជើង​ឲ្យ​គេ​មិន​ទាន់​ទេ ព្រោះ​ជួនកាល រក​កង់​ឡាន​មិន​បាន ព្រោះ​ត្រូវ​កុម៉្មង់​គេ​មក​ពី​ភ្នំពេញ ឬ​មក​ពី​ប្រទេស​ថៃ​ដែល​ល្អៗ ព្រោះ តា​មិន​និយាយ​ពី​តម្លៃ​ទេ តា​និយាយ​ពី​គុណភាព។ នេះ​នែ៎ តា​ពាក់​បី​បួន​ឆ្នាំ​ហើយ​អាចៅ»៕ បើ​លោក​អ្នក​ចាប់​អារម្មណ៍​ចង់​ទិញ​ស្បែក​ជើង​កង់ឡាន​របស់​លោកតា អ៊ុន សំរិទ្ធ អាច​ទំនាក់​ទំនង​លេខ​ទូរស័ព្ទ​លោក​តា អ៊ុន សំរិទ្ធ៖ ០៩៦ ៦៩២ ៥៧៦២!!!

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារ​មូលបត្រ! វិស័យ​ថ្មី​សម្រាប់​កម្ពុជា តែ​ជា​និន្នាការ​ធុរកិច្ច​សាកល

ព័ត៌មាន
ការ​ឡើង​ផ្សារ​មូលបត្រ ឬ​ហៅ​ថា បោះ​ផ្សាយ IPO គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​ពង្រីក​វិសាលភាព​អាជីវកម្ម​ដ៏​ពេញ​និយម​មួយ ដែល​ក្រុមហ៊ុន​ជា​ច្រ…

នៅ​វៀតណាម រដ្ឋរឹបអូស​អគារ​៤២​ជាន់​មួយ​ដោយសារ​​ជំពាក់​បំណុល

ព័ត៌មាន
អគារ​កម្ពស់​ ៤២​ជាន់​មួយ នៅ​កណ្ដាល​ទីក្រុង​ហូជីមិញ ត្រូវបាន​ក្រុមហ៊ុន​គ្រប់គ្រង​ទ្រព្យ​របស់​រដ្ឋាភិបាល​ រឹបអូស​ធ្វើជាទ្រព្យ​ធានា​សម្រាប់​ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ