សារព័ត៌មាន Vietnam News បានរាយការណ៍ថា បន្ទាប់ពីផែនការមេជំរុញកំណើនសេដ្ឋកិច្ចជាមធ្យមជាង៨%ក្នុងមួយឆ្នាំសម្រេចបានលទ្ធផលជាបន្តបន្ទាប់ រដ្ឋាភិបាលវៀតណាមបានដាក់ចេញនូវផែនការមេថ្មីមួយទៀត ដោយកំណត់មហិច្ឆតាជំរុញកំណើនសេដ្ឋកិច្ចឱ្យបានយ៉ាងហោចណាស់១០% ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០។ យោងតាមផែនការសកម្មភាពថ្មីនេះ វៀតណាមបានកំណត់គោលដៅលើកកម្ពស់ជីវភាពពលរដ្ឋ ដោយជំរុញប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗឱ្យកើនឡើងដល់ប្រមាណ៨,៥០០ដុល្លារនៅត្រឹមឆ្នាំ២០៣០។
តាមរយៈសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រី ផាម ជៀធុច (Phạm Gia Túc) កាលពីថ្ងៃទី២១ ខែវិច្ឆិកា រដ្ឋាភិបាលវៀតណាមបានដាក់គោលដៅជំរុញវិស័យសេវាកម្មឱ្យរីកធំធាត់ និងគ្របដណ្តប់ជាង៥០% នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈវិស័យឧស្សាហកម្ម និងសំណង់ត្រូវគ្របដណ្តប់ជាង៤០% នៃ GDP ដោយក្នុងនោះវិស័យផលិតកម្មតែមួយមុខត្រូវរួមចំណែកប្រមាណ ២៨%។ ចំណែកវិស័យកសិកម្ម រដ្ឋាភិបាលវៀតណាមនឹងកាត់បន្ថយសមាមាត្រឱ្យនៅតិចជាង១០% នៃ GDP ដើម្បីងាកទៅរកសេដ្ឋកិច្ចបែបឧស្សាហកម្ម និងសេវាកម្មទំនើប។
ទន្ទឹមនឹងនេះផលិតភាពការងាររបស់ពលរដ្ឋវៀតណាមត្រូវបានកំណត់ឱ្យកើនឡើងជាង៨% ក្នុងមួយឆ្នាំ ដើម្បីធានាថាកម្លាំងផលិតកម្មសរុបអាចរួមចំណែកដល់ទៅជាង៥៥% នៃកំណើនសេដ្ឋកិច្ចជាតិទាំងមូល។ ក្រៅពីសសរស្តម្ភសេដ្ឋកិច្ច វៀតណាមក៏ផ្តោតខ្លាំងលើការពង្រឹងសមត្ថភាព វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ផងដែរ ដោយដាក់គោលដៅបណ្តុះបណ្តាលអ្នកស្រាវជ្រាវ និងអ្នកជំនាញបច្ចេកវិទ្យាឱ្យបាន១២នាក់ក្នុងចំណោមប្រជាជន១ម៉ឺននាក់ ព្រមទាំងបង្កើតស្ថាប័នវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឱ្យបានពី៤០ទៅ៥០អង្គភាព ដែលមានការទទួលស្គាល់ជាលក្ខណៈតំបន់ និងអន្តរជាតិ។
ជាមួយគ្នានេះ កត្តាប្រជាសាស្រ្តក៏ជាចំណុចយុទ្ធសាស្ត្រមិនអាចខ្វះបានដែរ ដោយរដ្ឋាភិបាលវៀតណាមលើកទឹកចិត្តឱ្យរក្សាអត្រាកំណើតឱ្យនៅថេរក្នុងកម្រិត២,១នាក់ក្នុងស្ត្រីម្នាក់ ដើម្បីធានាឱ្យមានកម្លាំងពលកម្មគ្រប់គ្រាន់ និងមានចំនួនប្រជាជនសរុបប្រមាណ១០៥លាននាក់នៅត្រឹមឆ្នាំ២០៣០៕
ដោយៈ សរ សុជាតិ