
ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ កត់សម្គាល់ឃើញថា ភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរកម្សាន្តមករមណីយដ្ឋានអង្គរសៀមរាប មានការប្រែប្រួលគួរឱ្យកត់សម្គាល់នៅប៉ុន្មានឆ្នាំកន្លងមកនេះ ពោលគឺមុនវិបត្តិកូវីដ-១៩ ចំនួនភ្ញៀវទេសចរបរទេសមកពីប៉ែកអឺរ៉ុប មានក្នុងរង្វង់៤៥% និងមកពីតំបន់អាស៊ីមាន៥៥% តែក្រោយផ្ទុះវិបត្តិកូវីដ-១៩ មកទល់ពេលនេះចំនួនភ្ញៀវទេសចរបរទេសមកពីអឺរ៉ុប មានចំនួន៧០% ខណៈមកពីអាស៊ី មានត្រឹមតែ៣០% ប៉ុណ្ណោះ។ ទោះបីភ្ញៀវទេសចរមកពីប៉ែកអឺរ៉ុប ចំណាយច្រើនជាងភ្ញៀវមកពីអាស៊ី ក៏ដោយ តែអគ្គនាយករូបនេះ អះអាងថា ទំហំប្រាក់ចំណូលបច្ចុប្បន្ននៅតែទាបជាងទំហំប្រាក់ចំណូលមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ ដែលកត្តានេះបង្ហាញឱ្យឃើញថា ការចំណាយរបស់ភ្ញៀវទេសចរមានការធ្លាក់ចុះ។
យ៉ាងណាមិញ ឯកឧត្តម លី សែ រំពឹងថា រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរនឹងស្រូបទាញភ្ញៀវទេសចរអន្តរជាតិ បានប្រមាណ១លាន២សែននាក់ ជាមួយចំណូលជាង៦០លានដុល្លារនៅឆ្នាំនេះ មានការកើនឡើងចន្លោះពី១៥ ទៅ១៨% បើធៀបនឹងឆ្នាំមុន។ ជាមួយគ្នានេះ ឯកឧត្តម រំពឹងផងដែរថា នៅក្នុងរដូវកាលបៃតង ឬ green season រមណីយដ្ឋានអង្គរនឹងទទួលបានភ្ញៀវទេសចរមកពីប៉ែកអារ៉ាប់ និងឥណ្ឌាមកកម្សាន្តបានច្រើន។
គួរបញ្ជាក់ថា នៅក្នុងរយៈពេល៤ខែ ឆ្នាំ២០២៥ គ្រឹះស្ថានអង្គរលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជូនភ្ញៀវទេសចរបានចំនួនជាង៤៧ម៉ឺននាក់ ដោយរកចំណូលបានជាង២២លានដុល្លារមានការកើនឡើងជាង១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ៕