Advertisement
បញ្ហា​អត្រា​ការប្រាក់

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​ឈាន​ទៅ​រក​ការ​ក្ស័យធន?


ក្រុម​អ្នក​ជំនាញ​នៅ​ក្នុង​វិស័យ​ធនាគារ ហិរញ្ញវត្ថុ​និង​ប្រតិបត្តិករ​ហិរញ្ញ​វត្ថុ បាន​​លើក​ឡើង​ប្រហាក់​ប្រហែល​គ្នា​ថា ការ​ធ្វើ​អន្តរាគមន៍​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា តាមរយៈ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ដែល​ជា​សេនាធិការ​នៅ​ពេល​ថ្មីៗ​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប្រតិបត្តិករ​នៅ​ក្នុង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ឬ​អាច​ឈាន​ទៅ​ដល់​ការ​បញ្ឈប់​ប្រតិបត្តិការ​អាជីវកម្ម​របស់​ខ្លួន ឬ​ហៅ​ម្យ៉ាង​ទៀត​ថា ក្ស័យធន។
ចាប់​ពី​ខែ​មេសា ឆ្នាំ​២០១៧​នេះ អត្រា​ការប្រាក់​សម្រាប់​កម្ចី មិន​អាច​លើស​ពី ១៨% ក្នុង​មួយ​ឆ្នាំ ដែល​កំហិត​ដោយ​ធនាគារ​ជាតិ​កម្ពុជា។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​តូចៗ​ភាគ​ច្រើន ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ​ពាណិជ្ជ​ធំៗ​នៅ​ក្នុង​ស្រុក ឬ​ក្រៅ​ស្រុក ជាមួយ​នឹង​អត្រា​ការ​ប្រាក់​កម្ចី​ខ្ពស់ ដើម្បី​យក​ទៅ​ប្រតិបត្តិការ​ផ្តល់​ប្រាក់​កម្ចី​ដល់​អតិថិជន​ជាមួយ​នឹង​អត្រា​ការ​ប្រាក់​ខ្ពស់​ជាង​ខ្លួន​ខ្ចី​ពី​ធនាគារ។

👉 គួរអាន ! ថៅកែ​ហាង​ Brown Coffee បង្ហើប​ពី​រូបមន្ដ​​៤​យ៉ាង​ដើម្បី​ជោគជ័យ

ដូច្នេះ ការ​ដែល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចេញ​ប្រកាស​ភ្លាមៗ ដាក់​កំហិត​បន្ទាប​អត្រា​ការ​ប្រាក់​កម្ចី​មក​ត្រឹម​១៨ ភាគរយ​ក្នុង​១ឆ្នាំ​ (ប្រហាក់​ប្រហែល​ទៅ​នឹង​ធនាគារ​ពាណិជ្ជ) នោះ​វា​នឹង​ធ្វើ​ឲ្យ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ មិន​អាច​ឈរ​ជើង​ប្រកួត​ប្រជែង​ជាមួយ​នឹង​ធនាគារ​ធំៗ​បាន​ទេ។ ដូច្នេះ ពួកគេ​នឹង​ក្ស័យ​ធន​ជាក់​ជា​មិន​ខាន។

ការ​ប្រកាស​ដាក់​កំហិត​លឿន​បែប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ធ្វើ​អន្តរាគមន៍​លើ​អត្រា​ការ​ប្រាក់​កម្ចី​ជា​លើក​ដំបូង​មិន​ធ្លាប់​មាន ដោយ​បាន​កំណត់​មិន​ឲ្យ​មាន​អត្រា​ការ​ប្រាក់​កម្ចី​លើស​ពី​១៨ ភាគ​រយ​ក្នុង​មួយ​ឆ្នាំ សម្រាប់​កម្ចី​ចេញ​ពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ និង​ប្រតិបត្តិករ​ឥណទាន។

ក៏​ប៉ុន្តែ ធនាគារ​ជាតិ​បាន​អះអាង​ថា ដើម្បី​បង្ការ​និង​ទប់​ស្កាត់​មិន​ឲ្យ​មាន​ករណី​បំណុល​វ័ណ្ឌក កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ធនាគារ​ជាតិ​ត្រូវតែ​សម្រេច​ធ្វើការ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​លើ​ប្រាក់​កម្ចី​តាម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​និង​ប្រតិបត្តិករ​ឥណទាន​ជនបទ ដោយ​កំហិត​អត្រា​ការ​ប្រាក់​មិន​លើស​ពី​១៨​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ ដោយ​នឹង​ផ្តើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ត​ទៅ។ 

គោលដៅ​នៃ​ការ​កំណត់​ថ្មី​នេះ​ដែរ ក៏​ដើម្បី​ការពារ​អតិថិជន​ពីការ​ទទួល​កម្ចី​ដែល​មាន​ការ​ប្រាក់​ខ្ពស់​ពេក និង​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​កម្ចី​ប្រកប​ដោយ​ប្រសិទ្ធភាព។

អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​បារម្ភ​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល អាច​នឹង​បង្ក​វិបត្តិ​ដល់​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា !

Advertisement

លោក យុន សុវណ្ណា អគ្គលេខាធិការ​នៃ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ការ​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​នា​ពេល​នេះ អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រតិបត្តិការ​របស់​គ្រឹះស្ថាន​ដែល​ជា​សមាជិក ប៉ុន្តែ យើង​មិន​ទាន់​មាន​ការ​សន្និដ្ឋាន ឬ​ការ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​ណា​មួយ​នៅ​ឡើយ​ទេ។

អគ្គលេខាធិការ​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​រូប​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា បញ្ហា​ការ​បន្ទាប​អត្រា​ការ​ប្រាក់​មិន​ឲ្យ​លើស​ពី​១៨​ភាគរយ​នេះ វា​មិន​មែន​ជា​រឿង​ថ្មី​នោះ​ទេ ពោល​គឺ​ខាង​សមាគម​តែងតែ​បាន​ធ្វើការ​ពិភាក្សា​ជាមួយ​សមាជិក និង​ថ្នាក់​ដឹកនាំ​សមាគម​យ៉ាង​មមា​ញឹក​នៅ​ឆ្នាំ​២០១៦ កន្លង​ទៅ ប៉ុន្តែ សម្រាប់​ប្រកាស​ថ្មី​នេះ​ហាក់​ដូចជា​វា​លឿន​បន្តិច ខណៈ​ពួកគេ​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ថា នឹង​មាន​គោល​នយោបាយ​ពិដាន​អត្រា​ការ​ប្រាក់​នៅ​ក្នុង​ដំណាក់​កាល​នេះ​ទ។

បច្ចុប្បន្ន អត្រា​ការ​ប្រាក់​ជា​មធ្យម​សម្រាប់​ទំហំ​កម្ចី​ចន្លោះ​ពី​១០០០​ដុល្លារ ទៅ ១៥០០​ដុល្លារ មាន​ប្រមាណ​ពី ២៥​ភាគ​រយ ទៅ ៣០​ភាគរយ ក្នុង​មួយ​ឆ្នាំ។

យោង​តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា បង្ហាញ​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០១៦ កម្ពុជា​មាន​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ទទួល​ប្រាក់​បញ្ញើ ៧​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ៦៣ និង​ប្រតិបត្តិករ​ឥណទាន​ជនបទ​១៧០។ ហើយ​នៅ​ដំណាច់​ឆ្នាំ​២០១៦ ទំហំ​កម្ចី​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ បាន​កើន​ឡើង​ដល់ ៣​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​មាន​អតិថិជន​ខ្ចី​ប្រាក់​ប្រមាណ​ជិត​២​លាន​នាក់៕




អត្ថបទបន្ទាប់


ព្រឹត្តិការណ៍​សេដ្ឋកិច្ច​ពិភពលោក​ពីរ​ដែល​ជំរុញ​កម្ពុជា​បោះ​ជំហាន​ទៅ​មុខ​កាន់​តែ​លឿន

ព័ត៌មាន
ក្រុម​អ្នក​វិនិយោគ​បាន​មើល​ឃើញ​ថា ក្នុង​ឆ្នាំ​២០១៧​នេះ ជា​ឆ្នាំ​ដែល​ប្រទេស​កម្ពុជា​បាន​រៀបចំ​ព្រឹត្តការណ៍​សេដ្ឋកិច្ច ​ពាណិជ្ជ​កម្ម​ជា​ល...

កម្ពុជា​នាំ​​ចូល​សរសៃ​សូត្រ​៣០០​តោន​ក្នុង​១​ឆ្នាំ​ពី​ប្រទេស​ជិត​ខាង

ព័ត៌មាន
ការ​នាំ​ចេញ​ផលិតផល​ដែល​ធ្វើ​ពី​សូត្រ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​មាន​ការ​កើន​ឡើង ប៉ុន្តែ ការ​ផលិត​សរសៃ​សូត្រ​ក្នុង​ស្រុក​សម្រាប់​ផ្គត់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ