អាស៊ាន-អាមេរិក-ចិន

តើហេតុអ្វីតំបន់អាស៊ីអាគ្នេយ៍ក្លាយជាសង្វៀនប្រជែងឥទ្ធិពលគ្នាដ៏ខ្លាំងក្លារវាងមហាយក្សអាមេរិកនិងចិន?


នៅតំបន់អាស៊ីអាគ្នេយ៍កំពុងតែទទួលបានការចាប់អារម្មណ៍រីកសាយភាយកាន់តែខ្លាំងក្លា នៅពេលដែលការប្រកួតប្រជែងរវាងមហាយក្សចិន និងសហរដ្ឋអាមេរិកកាន់តែក្តៅគគុកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
រូបតំណាង៖​ ទង់ជាតិអាស៊ាន
ដោយ

អ្នកវិភាគព្រឹត្តការណ៍ភូមិសាស្ត្រនយោបាយអន្តរជាតិ បានលើកឡើងថា តំបន់ដ៏ធំទូលំទូលាយ និងទីផ្សារចម្រុះ ដែលកំពុងរីកចម្រើនមួយនេះ កំពុងក្លាយជាសមរភូមិ ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់រវាងមហាអំណាចធំៗនៅលើពិភពលោកទាំងពីរចិននិងអាមេរិក ប៉ុន្តែវាក៏អាចផ្តល់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងចិន សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅក្នុងតំបន់នេះដូចគ្នាដែរ។ នេះបើតាមការចុះផ្សាយមួយដោយសារព័ត៌មានជប៉ុន Nikkei។

ទាំងនៅក្នុងតំបន់អាស៊ាន ដែលមានឥណ្ឌូនេស៊ីដែលជាបងធំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃទំនាក់ទំនងនយោបាយការទូតក្នុងតំបន់របស់ប្រទេសចិន។ ប្លុកទាំង១០ប្រទេស គឺជាផ្លូវទឹកយុទ្ធសាស្ត្រតភ្ជាប់អាស៊ីបូព៌ា ជាមួយមជ្ឈិមបូព៌ា និង អាហ្រ្វិកផងដែរ។ អាស៊ានបានក្លាយជាបណ្តុំសេដ្ឋកិច្ចដែលទំហំធំលំដាប់ទីបីនៅក្នុងទ្វីបអាស៊ី និងធំជាងគេលំដាប់គេទី៥ លើពិភពលោក។ អាស៊ានប្រមូលផ្ដុំប្រជាជន៧០០ លាននាក់ ជាមួយនឹងសក្តានុពលនៃកំណើនយ៉ាងខ្លាំងក្លា។

យើងក្រឡេកមកមើលនៅក្នុងឆ្នាំ២០២២នេះ តំបន់អាស៊ាននឹងរឹតតែទទួលបានការចាប់អារម្មណ៍ជាងនេះទៅទៀត ដោយសារតែនឹងមានរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗចំនួនបី ដោយក្នុងនោះរួមមាន កិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសកម្ពុជា កិច្ចប្រជុំកំពូលG20 នៅប្រទេសឥណ្ឌូនេស៊ី និងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ឬហៅកាត់ថា APEC នៅប្រទេសថៃ ដែលមានប្រទេសចំនួន ២១ចូលរួមផងដែរ។

ឥឡូវនេះពិភពលោកកំពុងសម្លឹងបាញ់ក្រសែភ្នែកមកកាន់តំបន់មួយនេះ ដោយមើលពីរបៀបដែលអាស៊ាន នឹងដើរតួនាទីដ៏មានសក្តានុពលរបស់ខ្លួន ធ្វើជាស្ពានក្នុងការសន្ទនាការទូតកម្រិតខ្ពស់ជាមួយប្រទេសដទៃទៀត ជាពិសេសរវាងប្រទេសចិន និងសហរដ្ឋអាមេរិក ក្នុងបរិបទនៃភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងកើនឡើង ពិសេសភាពតានតឹងចុងក្រោយរវាងសង្គ្រាមអូសបន្លាយរបស់រុស្ស៊ីនៅអ៊ុយក្រែននេះតែម្តង។

នាយករង និងជាសាស្ត្រាចារ្យស្រាវជ្រាវនៃវិទ្យាស្ថានសិក្សាអាស៊ីអាគ្នេយ៍ និងមហាសមុទ្រនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិសហសម័យរបស់ចិន មានទីតាំងនៅទីក្រុងប៉េកាំង លោកលូ យ៉ុងគុន (Luo Yongkun) បាននិយាយថា ចំពេលដែលមានភាពតានតឹងផ្នែកសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ផង និងដោយសង្រ្គាមផង បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលមានឥណ្ឌូនេស៊ីជាបងធំ មិនចង់ចូលរួមក្នុងជម្លោះណាមួយឡើយ ហើយក៏មានការព្រួយបារម្ភអំពីការបរាជ័យនៃយន្តការពហុភាគីនិយម សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិដែរ។

អ្នកជំនាញរូបនេះបានឲ្យដឹងថា ការផ្តោតលើការងើបឡើងវិញនៃសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព និងការដោះស្រាយជម្លោះតាមរយៈវិធានការការទូត បានក្លាយជាការឯកភាពទូទៅក្នុងចំណោមបណ្តាប្រទេសអាស៊ី រួមទាំងប្រទេសចិន និងអាស៊ានផងដែរ។

ប៉ុន្តែលោកលូ យ៉ុងគុន កត់សម្គាល់ថា ការប្រជែងគ្នារវាងចិន និងសហរដ្ឋអាមេរិក ដើម្បីកសាងឥទ្ធិពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នឹងកាន់មានកាន់តែខ្លាំង នៅពេលដែលការប្រកួតប្រជែងរវាងប្រទេសមហាអំណាចទាំងពីរកាន់តែក្តៅឡើងៗ។

អ្នកជំនាញទំនាក់ទំនងអន្តរជាតិមួយរូបទៀតមកពីសកលវិទ្យាល័យជាតិសិង្ហបុរីបានកត់សម្គាល់ថា ទោះបីជាប្រជាជាតិអាស៊ីភាគច្រើនខំបញ្ចៀសការឈរនៅមហាអំណាចម្ខាងណាមួយក៏ពិតមែន ហើយព្យាយាមរក្សាទំនាក់ទំនងល្អជាមួយប្រទេសទាំងពីរក៏ដោយ ក៏បរិយាកាសសន្តិភាព និងសណ្តាប់ធ្នាប់នៅអាស៊ីអាគ្នេយ៍ ដែលមានក្នុងរយៈពេល៣០ឆ្នាំចុងក្រោយនេះ បានមកដល់ទីបញ្ចប់ហើយដែរ។ ឥឡូវនេះ ប្រទេសក្នុងតំបន់នឹងប្រឈមមុខដោយចៀសមិនរួចក្នុងការជ្រើសរើស ឬមានទំនោរទៅរកភាគីម្ខាងៗ។

យ៉ាងណាមិញការប្រកួតប្រជែង និងឈរនៅម្ខាងណាមួយ វាមិនមែនអាក្រក់ទាំងអស់ឡើយ។ នៅពេលដែលប្រទេសចិន និងសហរដ្ឋអាមេរិកប្រជែងគ្នាដើម្បីចូលរួមជាមួយតំបន់ តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងការទូត វាក៏អាចមានឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងមហាអំណាចទាំងពីរនៅអាស៊ីអាគ្នេយ៍ផងដែរ។

ប្រទេសនៅអាស៊ានចំនួន៧ ទើបទទួលបានប្រយោជន៍សេដ្ឋកិច្ចបន្ថែមទៀតតាមរយៈ ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដែលអាមេរិកដាក់ចេញថ្មីថ្មោងនេះ។ ប៉ុន្តែជាយូរណាស់មកហើយ ដែលប្លុកទាំង១០ បានទទួលប្រយោជន៍ច្រើនអនេក ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយនឹងមហាយក្សចិន។ ប្រទេសភាគច្រើននៅក្នុងតំបន់ចាត់ទុកចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ពួកគេ។

គូររម្លឹកកន្លែងនេះបន្តិចដែរ នៅឆ្នាំ ២០២១ ពាណិជ្ជកម្មរវាងចិន និងអាស៊ានឈានដល់ជិត ៩០០ពាន់លានដុល្លារ ច្រើនជាងប្រហែលពីរដង នៃតម្លៃពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក ហើយនិងអាស៊ាន។ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្លុកអាស៊ានចាប់តាំងពីឆ្នាំ២០០៩មកម្ល៉េះ ហើយនៅឆ្នាំ២០២០ អាស៊ានបានវ៉ាដាច់សហភាពអឺរ៉ុបដើម្បីក្លាយទៅជាដៃគូពាណិជ្ជកម្មកំពូលតែម្តងរបស់ប្រទេសចិន៕




អត្ថបទបន្ទាប់


ផ្លូវក្រវាត់ក្រុងខ្សែទី៣តម្លៃជាង ២៦៧លានដុល្លារដំណើរការសាងសង់ដល់ណាហើយ?

ព័ត៌មាន
«ផ្លូវក្រវាត់ក្រុងខ្សែទី៣» តម្លៃជាង២៦៧លានដុល្លារ របស់កម្ពុជា បានសម្រេចការសាងសង់ជិត ៧៧% ហើយ ដែលគ្រោងនឹងបញ្ចប់នាដើមខែកញ្ញា ឆ្នាំ២០២៣ខាងមុខ…

ប្រមុខ UN ព្រមានពីមហន្តរាយនុយក្លេអ៊ែរបើប្រទេសធំៗនិយាយមិនយល់គ្នា

ព័ត៌មាន
អ្នកការទូតមកពីប្រទេសតូចធំជាច្រើន ដែលជាប្រទេសហត្ថលេខី បានមកប្រមូលផ្តុំគ្នានាទីក្រុងញូវយក សហរដ្ឋអាមេរិក ដើម្បីចូលរួមសន្និសីទរបស់អង្គការសហប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ