កម្ពុជា-ថៃ

តើការបិទច្រកទ្វារព្រំដែនកម្ពុជា និងថៃ អាចវិលមកប្រក្រតីឡើងវិញឆាប់ៗ ឬបន្តអូសបន្លាយពេលយូរបន្ថែមទៀត?


ភាពតានតឹងនៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ដែលជំរុញឱ្យមានការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីពីយោធាថៃ បានអូសបន្លាយពេលអស់ជាង១ខែហើយ ដោយបានបង្កឱ្យការជួញដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរត្រូវបានរាំងស្ទះ។ ទោះបីការជួញដូរពាណិជ្ជកម្មនៅមួយរយៈចុងក្រោយនេះពុំសូវល្អប្រសើរក៏ពិតមែន ប៉ុន្តែទំហំដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅក្នុងរយៈពេល៦ខែកន្លងមកនេះ មានការកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំ២០២៤។ តើការបិទច្រកទ្វារព្រំដែនរវាងកម្ពុជា និងថៃ អាចវិលមកប្រក្រតីឡើងវិញក្នុងពេលឆាប់ៗ ឬបន្តអូសបន្លាយពេលយូរបន្ថែមទៀត?
កម្ពុជា-ថៃ
ដោយ

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អ៊ិចប្រេស យល់ឃើញថា ការបិទច្រកទ្វារព្រំដែនដោយឯកតោភាគីពីយោធាថៃ ទំនងមិនអាចអូសបន្លាយយូរទៀតបានឡើយ ដោយសារពលរដ្ឋនៃប្រទេសទាំងពីនៅតែមានទំនាក់ទំនងក្នុងការដោះដូរពាណិជ្ជកម្មជាមួយគ្នា ខណៈភាគីថៃ ហាក់បង្ហាញបំណងចង់ឱ្យមានការបើកច្រកព្រំដែនជាប្រក្រតីឡើងវិញផងដែរ។ បើតាមអ្នកជំនាញក្នុងវិស័យដឹកជញ្ជូនរូបនេះ នៅក្នុងអំឡុងពេលនៃការបិទច្រកព្រំដែននេះ អ្នកជំនួញរបស់ថៃ បានបង្វែរការដឹកជញ្ជូនទំនិញដែលមិនមានការហាមឃាត់ពីផ្លូវគោក មកដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាស។ តែការដឹកជញ្ជូនតាមមធ្យាបាយនេះត្រូវចំណាយពេលយូរ ហើយការចំណាយមានការកើនឡើងទ្វេដង។

​ដោយឡែក លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា ការបិទច្រកទ្វារព្រំដែនរវាងកម្ពុជា និងថៃ អាចនឹងបន្តបន្លាយពេលយូរបន្ថែមទៀត ដោយសារបញ្ហានយោបាយផ្ទៃក្នុងរបស់ថៃ និងបណ្ដឹងរបស់កម្ពុជា ពាក់ព័ន្ធខ្សែបន្ទាត់ព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ។ អ្នកជំនាញរូបនេះ បានវាយតម្លៃថា ការបន្តអូសបន្លាយពេលនៃការបិទច្រកព្រំដែននេះ វានឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ថៃ ខ្លាំងជាងកម្ពុជា ដោយសារថៃ ជាអ្នកលក់ ឯកម្ពុជា ជាអ្នកទិញ។

​បើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានទំហំជិត២ពាន់២រយលានដុល្លារ មានការកើនឡើង៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ក្នុងនោះ កម្ពុជា នាំចេញទៅថៃ មានទំហំ៤៤៨លានដុល្លារ ខណៈថៃ នាំចូលមកកម្ពុជាវិញ មានទំហំជាង១ពាន់៧រយលានដុល្លារ។ នៅពេញមួយឆ្នាំ២០២៤ កន្លងទៅ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរសម្រេចបានទំហំជាង៤ពាន់២៨៨លានដុល្លារ កើនឡើងជាង១៥% ក្នុងនោះ កម្ពុជា នាំចេញទៅថៃ មានទំហំ៨៤៤លានដុល្លារ ហើយថៃ នាំចូលមកម្ពុជាវិញ មានទំហំជាង៣ពាន់៤៤៣លានដុល្លារ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ជនអាថ៌កំបាំងដែលជាអ្នកបង្កើត Bitcoin ពេលនេះក្លាយជាកំពូលមហាសេដ្ឋីមានបំផុតទី១១ក្នុងពិភពលោក

ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល Bitcoin បានលេចវត្តមាននៅអំឡុងឆ្នាំ២០០៨ និងត្រូវបានដាក់ឱ្យដំណើរការជួញដូរនៅឆ្នាំ២០០៩ ហើយពិភព…

គម្រោងអាកាសយានដ្ឋានអន្តរជាតិ តេជោ កំពុងជំរុញការអភិវឌ្ឍន៍ និងតម្លៃអចលនទ្រព្យនៅតំបន់ជុំវិញ

បើគ្មានការប្រែប្រួលទេ អាកាសយានដ្ឋានអន្តរជាតិ តេជោ នឹងបើកឱ្យប្រើប្រាស់នៅថ្ងៃទី៩ ខែកញ្ញា ខាងមុខនេះ ដែលវានឹងរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ច…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ