Advertisement
សហគ្រិនភាព

ជា ឡង់ដា សហគ្រិន​វ័យ​ក្មេង​នៅ​ពីក្រោយ​សេវា​ទិញ​​​សំបុត្រ​ឡាន​​តាម​​អនឡាញ


ក្នុង​វ័យ​២៧​ឆ្នាំ លោក ជា ឡង់ដា បាន​ក្លាយ​ជា​សហគ្រិន​ជោគជ័យ​ម្នាក់ ក្នុង​ពិភព​ជំនួញ​នៅ​កម្ពុជា។ លោក​បាន​ក្លាយ​ជា​ស្ថាបនិក​ក្រុមហ៊ុន BOOKMEBUS.COM ដែល​ជា​ក្រុមហ៊ុន​ទទួល​កក់​សំបុត្រ​ឡាន​ក្រុង និង​ទូក​តាម​អនឡាញ ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក។
សហគ្រិន​វ័យ​ក្មេង ជា ឡង់ដា ជា​ស្ថាបនិក​គេហ​ទំព័រ​កក់​សំបុត្រ​ឡាន​ក្រុង​និង​ទូក​តាម​អនឡាញ BookMeBus.com។
ដោយ
Advertisement

ក្នុង​បទ​សម្ភាសន៍​ជាមួយ ខេមបូណូមីស លោក ជា ឡង់ដា បាន​ឲ្យ​ដឹង​ថា ចាប់តាំង​ពី​ឆ្នាំ​២០១៥ រហូត​ដល់​ពេល​នេះ BOOKMEBUS.COM  លក់​សំបុត្រ​បាន​ជាង ៦​ម៉ឺន​សំបុត្រ ក្នុង​នោះ ៩៥​ភាគរយ គឺ​ជា​ភ្ញៀវ​បរទេស។ លោក​ចាត់​ទុក​ថា នេះ​ជា​ភាព​ជោគជ័យ​មួយ ខណៈ​ក្រុមហ៊ុន​របស់​លោក​ទើបតែ​ដំណើរការ​រយៈពេល​ជាង​២​ឆ្នាំ​ប៉ុណ្ណោះ។

គំនិត​អាជីវកម្ម​ដំបូង បណ្តាល​មក​ពី​លោក​ធុញ​ទ្រាន់​ការ​រង់ចាំ​រថយន្ត​ក្រុង​នៅ​ខេត្ត​បាត់ដំបង   

យុវជន ជា ឡង់ដា បាន​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ឪពុក​ម្តាយ​នៅ​ខេត្ត​បាត់ដំបង​រៀង​រាល់​ពេល​ដែល​មាន​ពិធី​បុណ្យ​ធំៗ ដែល​តម្រូវ​ឲ្យ​លោក​ជិះ​រថយន្ត​ក្រុង​ពី​ភ្នំពេញ​ទៅ​កាន់​ខេត្ត​បាត់ដំបង។ កាល​នោះ លោក​បាន​ចាំ​រថយន្ត​ក្រុង​ទាំង​អារម្មណ៍​ធុញ​ទ្រាន់ និង​ជា​វេលា​ដំបូង ដែល​លោក​បាន​ពិចារណា​រក​ដំណោះស្រាយ ដើម្បី​សម្រួល​ដល់​អតិថិជន​លើ​សេវា​ដឹក​ជញ្ជូន​មួយ​នេះ។

លោក​បញ្ជាក់​យ៉ាង​ថា៖ «ពេល​ចង់​ជិះ​ឡាន​ម្តងៗ ត្រូវ​ជិះ​ទៅ​បេន (ចំណត) ទិញ​សំបុត្រ ជួន​កាល​ទៅ ពេល​យើង​ជិះ​ឡាន​ឈ្នួល យើង​ត្រូវ​តេ​ទៅ​គាត់​ថា ដល់​ណា​ហើយ។ អ៊ីចឹង យើង​ត្រូវ​ចាំ​គាត់ ហើយ​ជួនកាល​គាត់​ចង់​បាន​ម៉ូយ គាត់​ថា សល់​ម៉ូយ​មួយ​ទៀត ចេញ​ដំណើរ​ហើយ ប៉ុន្តែ ពេល​យើង​ទៅ​ដល់​មាន​តែ​យើង​ម្នាក់​ហ្នឹង អ្នក​ផ្សេង​ទៀត​អត់​មាន​ផង អ៊ីចឹង​ចាំ​ពីរ​បី​ម៉ោង​ខាត​ពេល​អត់​ប្រយោជន៍។ ហើយ​ក៏​បែកគំនិត ថា ហេតុ​អ្វី​ឲ្យ​អតិថិជន​ត្រូវ​មក​ចាំ​តាក់ស៊ី?»។

នៅ​លើ​ឡាន​ពី​បាត់ដំបង​មក​ភ្នំពេញ ប្រហែល​ ៤ ទៅ​៥​ ​ម៉ោង លោក​បាន​ជជែក​ជាមួយ​តៃកុង​ឡាន​អំពី​គំនិត​របស់​ខ្លួន ដែល​ចង់​ធ្វើ​វេបសាយ​មួយ ឲ្យ​អតិថិជន​ទិញ​សំបុត្រ​ដោយ​មិន​បាច់​ជួប​មុខ​គ្នា និង​មាន​ពេល​វេលា​ចេញ​ដំណើរ​ច្បាស់​លាស់​ជាដើម។

ក្រោយ​ជជែក​គ្នា​ជាមួយ​តៃកុង​ឡាន និស្សិត​ជំនាញ​ព័ត៌មាន​វិទ្យា (IT) រូប​នេះ ត្រូវ​បាន​ទទួល​ការ​ស្វាគមន៍​ពី​តៃកុង​ឡាន ដែល​ជា​វេលា​ធ្វើ​ឲ្យ ឡង់ដា មាន​អារម្មណ៍​ត្រេកអរ និង​មាន​ចំណង់​កាន់​តែ​ខ្លាំង ក្នុង​ការ​បង្កើត​អាជីវកម្ម​កក់​សំបុត្រ​ឡាន​លើ​អនឡាញ​នេះ។

បោះបង់​ប្រាក់​ខែ​ជិត​១​ពាន់​ដុល្លារ ស្រវា​អាជីវកម្ម​កក់​សំបុត្រ​ឡាន​ក្រុង

លោក ជា ឡង់ដា បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ព័ត៌មាន​វិទ្យា​ក្នុង​ឆ្នាំ​២០១១ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​បរិញ្ញា​បត្រ​អក្សរសាស្រ្ត​អង់គ្លេស​នៅ​វិទ្យាស្ថាន​ភាសា​បរទេស (IFL) ក្នុង​ឆ្នាំ​២០១៣។ អំឡុង​ពេល​កំពុង​សិក្សា លោក​បាន​ចងក្រង​ក្រុម ធ្វើ​វេបសាយ​លក់​ទៅ​ឲ្យ​ស្ថាប័ន​ផ្សេងៗ។ បន្ទាប់​មក លោក​បាន​ប្រឡូក​ការងារ​ជាមួយ​ក្រុមហ៊ុន​ម៉ាឡេស៊ី និង​ក្រុមហ៊ុន​ជប៉ុន ដែល​ជា​ឱកាស​ដក​ស្រង់​បទ​ពិសោធន៍​ថ្មីៗ តាមរយៈ​ការ​ផ្លាស់​ប្តូរ​ការងារ​ទៅ​ក្រៅ​ប្រទេស។

លោក ជា ឡង់ដា ទទួល​បាន​ប្រាក់​ខែ​ជិត​១​ពាន់​ដុល្លារ ប៉ុន្តែ លោក​មិន​ស្តាយ​នឹង​បោះបង់​ការងារ​នេះ​ឡើយ។ ក្នុង​ឆ្នាំ​២០១៥ លោក​ក៏​បើក​ក្រុមហ៊ុន BOOKMEBUS.COM ដើម្បី​បម្រើ​សេវា​កម្ម​កក់​សំបុត្រ​ឡាន​ក្រុង និង​ទូក ដែល​មាន​អ្នក​ចូល​ហ៊ុន​ដំបូង​ចំនួន​៤​នាក់ ដោយ​ប្រើប្រាស់​ដើម​ទុន​ដំបូង​ចំនួន​២​ម៉ឺន​ដុល្លារ។

លោក​និយាយ​ថា៖ «ពីមុន គេ​កក់​សំបុត្រ​ដោយ​កត់​តាម​សៀវភៅ​លើ​ក្រដាស អ៊ីចឹង​បើ​មាន​ភ្ញៀវ​បរទេស​ចង់​ទិញ​សំបុត្រ​មុន​មួយ​អាទិត្យ ឬ​មួយ​ខែ ធម្មតា បរទេស​គេ​តែង​មាន Plan ធ្វើ​ដំណើរ​មុន អ៊ីចឹង​គាត់​មិន​ដឹង​កត់​ទុក​នៅ​ឯ​ណា ហើយ​ក៏​ដេញ​ភ្ញៀវ​ទៅ​វិញ រង់ចាំ​ជិត​ដល់​ថ្ងៃ​ចេញ​ដំណើរ​បាន​ឲ្យ​ភ្ញៀវ​មក​ម្តង​ទៀត។ ដោយ​ឡែក បើ​យើង​ប្រើ​បច្ចេកវិទ្យា មាន​ប្រព័ន្ធ​គ្រប់គ្រង​ត្រឹមត្រូវ ទោះ​ទិញ​មុន​១​ឆ្នាំ ក៏​អាច​លក់​សំបុត្រ​យក​លុយ​ពី​ភ្ញៀវ​បាន​ដែរ»។

លោក​បន្ត​ថា ការ​ទិញ​សំបុត្រ​តាម​អនឡាញ អតិថិជន​មិន​ចាំបាច់​មក​ទិញ​សំបុត្រ​ដល់​ក្រុមហ៊ុន​ទេ គឺ​គ្រាន់​តែ​មាន​ទូរស័ព្ទ​ទំនើប និង​កុំព្យូទ័រ​ដែល​អាច​ដំណើរការ​អ៊ីនធឺណែត​បាន។ ពួកគេ​អាច​ពិនិត្យ​មើល​ជើង​ចេញ​ដំណើរ ពេល​វេលា និង​បង់​លុយ​លើ​វេបសាយ តាមរយៈ Wing, Smart Luy, Visa Card ឬ​ប្រព័ន្ធ​ដទៃ​ទៀត ដែល​អាច​វេរ​លុយ​តាម​អ៊ីនធឺណែត​បាន។

គេហ​ទំព័រ BookMeBus.com ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​កក់​សំបុត្រ​ឡាន​ក្រុង​និង​ទូក​តាម​អនឡាញ​បាន។

ដ្បិត​​នៅ​វ័យ​ក្មេង​មែន តែ​លោក ជា ឡង់ដា ក្លាយ​ជា​សហគ្រិន​ជោគជ័យ​ម្នាក់ ដែល​មាន​បុគ្គលិក​១៧​នាក់ ក្នុង​នោះ​មាន​បរទេស​២​នាក់​ផង​ដែរ។ សព្វ​ថ្ងៃ​នេះ ក្រុមហ៊ុន​របស់​លោក បាន​សហការ​ជាមួយ​ក្រុមហ៊ុន ឡាន​ក្រុង​៤០​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​តាម​ទូក ហើយ​គ្រោង​បង្កើត​សេវា​កក់​សំបុត្រ​យន្តហោះ​បន្ថែម​ទៀត​ផង​ដែរ។ លោក​ថា ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន គឺ​បាន​មក​ពី​ប្រាក់​កម្រៃ​ជើង​សារ (លុយ​កុំមីស្យុង)។ 

ក្រៅ​ពី​ពង្រីក​អាជីវកម្ម​ក្នុង​ស្រុក លោក ជា ឡង់ដា ក៏​គ្រោង​ពង្រីក​អាជីវកម្ម​មួយ​នេះ នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​ឡាវ​នៅ​ពេល​ខាង​មុខ​ទៀត​ផង។

ទន្ទឹម​នឹង​ភាព​ជោគជ័យ លោក ជា ឡង់ដា បាន​ចែក​រំលែក​បទ​ពិសោធន៍​និង​ចំណេះដឹង​មួយ​ចំនួន​ដល់​អ្នក​អាន​សារព័ត៌មាន ខេមបូណូមីស ផង​ដែរ។ លោក​អះអាង​ថា ការ​ផ្តោត​លើ​អាជីវកម្ម​របស់​ខ្លួន ជា​ចំណុច​សំខាន់ ដែល​ជំរុញ​អាជីវកម្ម​ឲ្យ​រីក​ធំធាត់​លឿន និង​ជោគជ័យ​ខ្លាំង។

លោក​អត្ថាធិប្បាយ​ថា៖ «នៅ​ពេល​ចាប់​ផ្តើម​អាជីវកម្ម​ដំបូង កាល​នោះ ខ្ញុំ​បាន lost focus (បាត់បង់​ការ​ផ្ដោត​) លើ​អាជីវកម្ម ដោយ​ចង់​ទទួល​គម្រោង​ពី​ក្រុមហ៊ុន​មួយ​មាន​ទឹក​ប្រាក់​១​ម៉ឺន​ដុល្លារ។ វា​ច្រើន​ដែរ ព្រោះ​យើង​កំពុង​ខ្វះខាត​លុយ​ផង ប៉ុន្តែ ក្រោយ​ពេល​ពិភាក្សា​ជាមួយ​ក្រុម យើង​ក៏​សម្រេច​ថា មិន​យក​វិញ ព្រោះ បើ​យើង​រវល់​តែ​បង្កើត​គម្រោង​ឲ្យ​គេ នឹង​គ្មាន​ពេល​អភិវឌ្ឍន៍ និង​ផ្តោត​លើ​អាជីវកម្ម​យើង​នោះ​ទេ។ នេះ​ជា​បទ​ពិសោធន៍​មួយ​សម្រាប់​ខ្ញុំ»។

លោក​បន្ថែម​ថា សហគ្រិន​ជោគជ័យ គឺ​មិន​ត្រូវ​មាន​ត្រចៀក​ស និង​កុំ​ក្បាល​រឹង មាន​ន័យ​ថា មិន​ត្រូវ​ជឿ​លើ​គេ​ផ្តេសផ្តាស ប៉ុន្តែ​ក៏​មិន​ត្រូវ​រឹង​ទទឹង​ដែរ ពោល គឺ​ត្រូវ​ចេះ​ស្តាប់​អ្នក​ដទៃ និង​បើក​ចិត្ត​ឲ្យ​ទូលាយ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វីដេអូ៖ តើ​ហេតុ​អ្វី​បាន​ជា​គេ​ចូលចិត្ត​រស់​នៅ​ក្នុង​បុរី?

ព័ត៌មាន
បច្ចុប្បន្ន ខណៈ​ដែល​គ្រួសារ​មាន​ជីវភាព​មធ្យម​និង​ធូរធារ​កាន់​តែ​កើន​ចំនួន គេ​ឃើញ​និន្នាការ​នៃ​បែបផែន​រស់នៅ​ក៏​ប្រែប្រួល​គួរ​ឲ្យ​កត់...

លោក សយ សុភាព ចង់​ស្វែងរក​ដំណោះស្រាយ​​បញ្ជៀស​ការ​បិទ​កាសែត​ខេមបូឌាដេលី

ព័ត៌មាន
ខណៈ​ដែល​កាសែត ខេមបូឌាដេលី អាច​នឹង​បើក​ប្រាក់​ខែ​ជា​លើក​ចុង​ក្រោយ​សម្រាប់​បុគ្គលិក​របស់​ខ្លួន​សម្រាប់​ខែ​សីហា​នេះ​​​ លោក សយ សុភាព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ