ពាណិជ្ជកម្ម​កម្ពុជា​-បង់ក្លាដេស

កម្ពុជា-​បង់ក្លាដេស រំពឹង​ថា បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ឲ្យ​បាន​ដល់​១០០​លាន​ដុល្លារ​នៅ​ត្រឹម​ឆ្នាំ​២០២០


រដ្ឋាភិបាល​កម្ពុជា​និង​បង់ក្លាដេស កាល​ពី​ពេល​ថ្មីៗ​នេះ បាន​អះអាង​ថា នឹង​ប្តេជ្ញា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​បាន​ដល់​១០០​លាន​ដុល្លារ​អាមេរិក​នៅ​ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ ខណៈ​ដែល​កាល​ពីឆ្នាំ​២០១៧​កន្លង​ទៅ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ មាន​ត្រឹម​តែ ៦​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។
កម្ពុជា​និង​បង់ក្លាដេសកំពុង​​ចរចា​កិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី
ដោយ

ទំនាក់ទំនង​រវាង​កម្ពុជា​និង​បង់ក្លាដេស បាន​និង​កំពុង​តែ​បង្ហាញ​ពី​ភាព​កាន់តែ​ល្អ​ប្រសើរ​ឡើង ទាំង​ផ្នែក​នយោបាយ និង​ទាំង​ផ្នែក​សេដ្ឋកិច្ច​ពាណិជ្ជកម្ម តួយ៉ាង កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៧​កន្លង​ទៅ​នេះ ថ្នាក់​ដឹកនាំ​ប្រទេស​ទាំង​ពីរ បាន​សម្រេច​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ចំនួន​៩ និង​កិច្ច​ព្រមព្រៀង​ចំនួន១ ស្ដី​ពី កិច្ច​សហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម ទេសចរណ៍ និង​ព័ត៌មាន​វិទ្យា​ជាដើម។ ហើយ​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជក​ម្ម​ប្រទេស​ទាំង​ពីរ​ក៏​បាន​ប្តេជ្ញា​ចិត្ត​នឹង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឲ្យ​បាន​ដល់ ១០០​លាន​ដុល្លារ​អាមេរិក នៅ​ត្រឹម​ឆ្នាំ​២០២០ ខាង​មុខ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា​និង​បង់ក្លាដេស ពិត​ជា​មាន​សក្ដានុពល​ធំ​ណាស់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ផ្នែក​វិនិយោគ ក៏​ដូចជា ការ​ដោះដូរ​ពាណិជ្ជកម្ម។ ឯកឧត្តម បន្ថែម​ថា រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​នឹង​ជួប​ពិភាក្សា​បន្ថែម​ទៀត​លើ​កិច្ច​ព្រមព្រៀង​សំខាន់ៗ​នានា ពិសេស ការ​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី Free Trade Agreement ផង​ដែរ។ 

ឯកឧត្តម Tofail Ahmed រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បង់ក្លាដេស បាន​លើក​ឡើង​ថា គិត​មក​ទល់​ពេល​នេះ ពាណិជ្ជកម្ម​ទ្វេ​ភាគី​របស់​កម្ពុជា​និង​បង់ក្លាដេស មាន​ការ​រីក​លូត​លាស់​គួរ​ឲ្យ​កត់​សម្គាល់ ប៉ុន្ដែ នៅ​មាន​សក្ដានុពល​ធំ​ធេង​បន្ថែម​ទៀត​សម្រាប់​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​បង្កើន​ទំហំ​ពាណិជ្ជកម្ម។

ឯកឧត្តម​បន្ថែមថា ទាក់ទង​នឹង​ការ​ពង្រីក​ទីផ្សារ​សេរី​ទ្វេភាគី​ដែល​រដ្ឋាភិបាល​ទាំង​ពីរ​កំពុង​ជំរុញ​នេះ គឺ​នឹង​ជួយ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ប្រយោជន៍​កាន់​តែ​ច្រើន។ 

បច្ចុប្បន្ន រដ្ឋាភិបាល​​បង់ក្លាដេស​​កំពុង​តែ​គិតគូរ​​ក្នុង​​ការ​ពង្រីក​ការ​តភ្ជាប់​បន្ថែម​ទៀត​ជាមួយ​កម្ពុជា ពិសេស គឺ​ការ​ជំរុញ​ឲ្យ​មាន​ជើង​ហោះហើរ​ពី​បង់ក្លាដេស​មក​កាន់​កម្ពុជា នៅ​ពេល​ខាង​មុខ​នេះ។  

តាម​ការ​លើក​ឡើង​ពី​លោកជំទាវ Saida Muna Tasneem ឯកអគ្គរដ្ឋទូត​បង់ក្លាដេស​ប្រចាំ​ប្រទេស​កម្ពុជា​និង​ថៃ បាន​លើក​ឡើង​ថា គិត​ត្រឹម​ឆ្នាំ​២០១៧ កន្លង​ទៅ​នេះ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​បង់ក្លាដេស សម្រេច​បាន​ជាង ៦​លាន​ដុល្លារ​អាមេរិក ខណៈ​ដែល​ឆ្នាំ​២០១៨​នេះ រំពឹង​ថា នឹង​កើន​ឡើង​ដល់ ៨​លាន​ដុល្លារ​អាមេរិក។ ត្បិតថា ចំនួន​ទំហំ​ពាណិជ្ជកម្ម​នេះ ហាក់​ដូចជា​នៅ​តិច​តួច​ក្ដី ប៉ុន្ដែ បើតាម​ការ​អះអាង​ពី​ឯកឧត្តម ប៉ាន សូរស័ក្ដិ នៅ​ត្រឹម​ឆ្នាំ​២០២០​ខាង​មុខ ប្រទេស​ទាំង​ពីរ​ប្តេជ្ញា​សម្រេច​ឲ្យ​បាន​ទំហំ​ពាណិជ្ជកម្ម​រហូត​ដល់​១០០​លាន​ដុល្លារ​អាមេរិក។

ជាមួយ​គ្នា​នេះ ឯកឧត្តម​ក៏​បាន​ស្នើ​ឲ្យ​ខាង​ភាគី​បង់ក្លាដេស ជួយ​បញ្ជា​ទិញ​កសិផល​ពី​កម្ពុជា ពិសេស គឺ​ដំឡូងមី​តែ​ម្ដង និង​ការ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគ​លើ​វិស័យ​ភោជនីយដ្ឋាន​ហាឡាល់ នៅ​កម្ពុជា ផង​ដែរ។  

បើតាម​ការ​គូស​បញ្ជាក់​ពី​ឯកឧត្តម ប៉ាន សូរស័ក្ដិ ក៏​មាន​ក្រុមហ៊ុន​ពី​បង់ក្លាដេស​​មួយ​​ចំនួន កំពុង​​ចាប់​អារម្មណ៍​ខ្លាំង​លើ​ការ​វិនិយោគ​បង្កើត​រោង​ម៉ាស៊ីន​​កិន​ស្រូវ​នៅ​កម្ពុជា ដែល​វា​គឺ​ជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​មួយ​ក្នុង​ការ​ជួយ​ពង្រីក​សមត្ថភាព​ក្នុង​ការ​នាំ​ចេញ​អង្ករ​របស់​កម្ពុជា។ 

សូម​ជម្រាប​ថា កាលពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៧​កន្លង​ទៅ កម្ពុជា​និង​បង់ក្លាដេស​ក៏​បាន​ចុះ​អនុស្សរណៈ​យោគ​យល់​គ្នា​លើ​ការ​នាំចេញ​អង្ករ​ទៅ​បង់​ក្លាដេស ១​លាន​តោន​ក្នុង​រយៈពេល​៥​ឆ្នាំ ប៉ុន្ដែ គិត​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​បាន​នាំ​ចេញ​ទៅ​នៅ​ឡើយ​ទេ ដោយសារ​តែ​បញ្ហា​បច្ចេកទេស។ យ៉ាង​ណាក៏​ដោយ អនុស្សរណៈ​នៅតែ​បន្តសុពលភាព​របស់​ខ្លួន​ដដែល មិន​មាន​ការ​លុប​ចោល​នោះ​ឡើយ ប៉ុន្ដែ ភាគី​ទាំងពីរ​ត្រូវ​មាន​ការ​ធ្វើ​ការងារ​ជាមួយ​គ្នា​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​រាំង​ស្ទះ​ដំណើរការ​នាំ​ចេញ​អង្ករ​នេះ។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​ពី​ឯកឧត្តម ប៉ាន សូរស័ក្ដិ៕




អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន ស្ដី​បន្ទោស​អ្នក​រិះគន់​លើ​វិនិយោគិន​ចិន​នៅ​កម្ពុជា ថា​ជា​«មតិ​អគតិ»

ព័ត៌មាន
ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្ដេច​តេជោ ហ៊ុន សែន បាន​ស្ដី​បន្ទោស​ខ្លាំងៗ​ដល់​អ្នក​រិះគន់​លើ​ជន​ជាតិ​ចិន និង​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា ថា​…

7-Eleven គ្រោង​ពង្រីក​ខ្លួន​ក្នុង​ទីផ្សារ​តំបន់​បន្ថែម​ទៀត ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ!

ព័ត៌មាន
ហាង​លក់​ទំនិញ 7-Eleven ដែល​មាន​សាខា​រាប់​ម៉ឺន​កន្លែង​នៅ​ទូទាំង​ពិភព​លោក​នោះ នឹង​ធ្វើការ​ពង្រីក​សាខា​របស់​ខ្លួន​បន្ថែម​ទៀត នៅ​ក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ