កសិកម្មកម្ពុជា

កម្ពុជាកំពុងជំរុញការនាំចេញពោតគ្រាប់ទៅចិន ខណៈទីផ្សារថៃដាក់លក្ខខណ្ឌតម្រូវថ្មីលើការនាំចូលគ្រាប់ពោត


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា បានអះអាងថា ក្រសួងបានចុះបញ្ជីឈ្មោះក្រុមហ៊ុននាំចេញគ្រាប់ពោតទៅកាន់ប្រទេសចិន និងបានធ្វើការត្រួតពិនិត្យស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញគ្រាប់ពោតកម្ពុជាទៅកាន់ប្រទេសចិនតាមរយៈអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនរួចរាល់ ដោយនៅរង់ចាំតែការអនុម័តពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការនាំចេញតែប៉ុណ្ណោះ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម។
ដោយ

ការជំរុញ​ការនាំចេញ​គ្រាប់ពោត​ទៅកាន់ទីផ្សារចិននេះដែរ គឺធ្វើឡើង នៅគ្រាដែល​ទីផ្សារ​ប្រទេសថៃ ដែលជា​ទីផ្សារធំ​សម្រាប់​ការនាំចេញ​គ្រាប់ពោត​​របស់​កម្ពុជានោះ នាពេលនេះ កំពុង​តែ​ដាក់លក្ខខណ្ឌ​តម្រូវ​ថ្មី លើការនាំចូល​ពោតពីកម្ពុជា ដែលកត្តានេះ ត្រូវបានក្រសួង​កសិកម្មអះអាងថា នឹងធ្វើឱ្យតម្លៃគ្រាប់ពោតកើនឡើងមួយកម្រិតទៀត ហើយវាក៏អាចប៉ះពាល់ដល់ការនាំចេញពោតរបស់​កម្ពុជា​ទៅកាន់ប្រទេសថៃផងដែរ។ នេះបើតាម​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នាថ្ងៃទី ២១ ខែកក្កដា ឆ្នាំ​២០២២។

ការនាំចេញគ្រាប់ពោតទៅកាន់ប្រទេសថៃ ត្រូវបានភាគីថៃដាក់លក្ខខណ្ឌតម្រូវថ្មី ដោយតម្រូវឱ្យស្នើសុំលិខិតអនុញ្ញាតនាំចូលជាមុន និងគ្រាប់ពោតត្រូវធ្វើធូបនកម្ម (Fumigation) នៅមុនពេលនាំចេញដោយប្រើថ្នាំ មែសុល ប្រូម៉ាយ (Methyl bromide) ដែលថ្នាំប្រភេទនេះ​មានតម្លៃថ្លៃ និងស្ថិតក្នុងបញ្ជីថ្នាំកសិកម្ម ដែលអាចអនុញ្ញាតឱ្យប្រើប្រាស់​ដោយមានលក្ខខណ្ឌជាក់លាក់​ណាមួយតែប៉ុណ្ណោះ ដោយក្រោមការត្រួតពិនិត្យផ្ទាល់​ពីសមត្ថកិច្ចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពីព្រោះវាជាប្រភេទថ្នាំធ្វើឱ្យប៉ះពាល់ដល់ស្រទាប់អូហ្សូនផងដែរ។នេះបើតាម​ការគូសបញ្ជាក់​របស់​ក្រសួងកសិកម្ម​កម្ពុជា។

បើតាមក្រសួងកសិកម្ម បច្ចុប្បន្ននៅប្រទេសកម្ពុជា ក៏មានក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងមានលទ្ធភាពផ្តល់សេវាធូបនកម្ម (Fumigation) លើថ្នាំប្រភេទនេះផងដែរ ប៉ុន្តែដោយសារថ្នាំនេះមានតម្លៃថ្លៃ នោះ វានឹង​ធ្វើឱ្យតម្លៃគ្រាប់ពោតនាំចេញ​នឹងត្រូវ​កើនឡើងមួយកម្រិតទៀត ហើយវាអាចនឹងធ្វើឲ្យប៉ះពាល់ដល់ការនាំចេញគ្រាប់ពោតទៅកាន់ទីផ្សារប្រទេសថៃ។ ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានធ្វើការចរចាជាមួយភាគីថៃជាច្រើនលើកច្រើនសាដោយស្នើសុំភាគីថៃដកលក្ខខណ្ឌប្រើប្រាស់ថ្នាំ មែសុល ប្រូម៉ាយ ចេញនិងជំនួសវិញដោយថ្នាំ ផូសភីន (Phosphine)វិញ។ ប៉ុន្តែភាគីថៃមិនយល់ព្រមតាមការស្នើសុំរបស់ភាគីកម្ពុជាឡើយ ដោយបញ្ជាក់ថា លក្ខខណ្ឌនេះត្រូវបានដាក់ចំពោះគ្រប់ប្រទេសនាំចូលគ្រាប់ពោតទៅកាន់ប្រទេសថៃ ពោលគឺមិនចំពោះតែប្រទេសកម្ពុជាទេ។ ទោះជាយ៉ាងនេះក្តី កម្ពុជា​ក៏នៅតែ​បន្ដ​មានការនាំចេញគ្រាប់ពោតជាផ្លូវការទៅកាន់ប្រទេសថៃជាហូរហែរដែរ ក្រោមការគោរពតាមលក្ខខណ្ឌតម្រូវថ្មីនេះ បានចំនួន ៣៧.៥០០តោន បើគិតត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

ដោយឡែក ចំពោះដំណាំពោតដែលបានធ្វើការដាំដុះសម្រាប់នាំចេញធ្វើជាចំណីសត្វ គឺមិនតម្រូវឱ្យមានការចុះបញ្ជីជាចម្ការអនុវត្តកសិកម្មល្អ (GAP) ឡើយ។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចុះបញ្ជីឈ្មោះក្រុមហ៊ុននាំចេញគ្រាប់ពោតទៅកាន់ប្រទេសចិន និងបានធ្វើការត្រួតពិនិត្យស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញគ្រាប់ពោតកម្ពុជាទៅកាន់ប្រទេសចិនតាមរយៈអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនរួចរាល់ផងដែរ ដោយនៅរង់ចាំតែការអនុម័តពីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនសម្រាប់ការនាំចេញតែប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា ពោតក្រហម គឺជាដំណាំឧស្សាហកម្មមួយប្រភេទ ដែលមានសក្តានុពលទីផ្សារខ្ពស់សម្រាប់យកទៅកែច្នៃធ្វើជាចំណីសត្វសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ផ្អែកតាមការស្រង់ស្ថិតិដោយក្រុមការងាររបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បច្ចុប្បន្នផ្ទៃដីដាំដុះពោតក្រហមមានចំនួនប្រមាណជាង ១៤ម៉ឺន ហិកតា និងមានទីផ្សារនាំចេញ​ទៅក្រៅប្រទេស ដូចជាប្រទេស ថៃ វៀតណាម កូរ៉េ និងបង់ក្លាដេស ដោយនាំចេញទៅតាមច្រករបៀងទៅប្រទេសជិតខាង។ ដោយឡែក តាមរយៈពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុនស៊ី ភី ខេមបូឌា ចំកាត់ និងតំណាងសៃឡូនៅប៉ៃលិនកាលពីពេលថ្មីៗនេះ ពោតក្រហមជាច្រើនរយពាន់ហិតតាត្រូវបានប្រជាកសិករត្រៀមដាំដុះដោយហេតុថា ក្រុមហ៊ុននឹងដាក់ការបញ្ជារទិញពោតក្រហម ក្នុងតម្លៃប្រមាណ ៦៣៦ រៀលក្នុងមួយគីឡូក្រាម សម្រាប់ពោតស្នូលសំណើម៣០% និងតម្លៃ ៦៤៧ រៀលក្នុងមួយគីឡូក្រាម សម្រាប់ពោតស្នូលសំណើម ២៩%។ នេះបើតាមបាយការណ៍បង្ហាញរបស់ក្រសួងពាណិជ្ជកម្ម៕




អត្ថបទបន្ទាប់


បណ្ឌិត អ៊ិន ចាន់នី ពន្យល់ហេតុផល ដែលធនាគារអេស៊ីលីដានៅតែបន្ដពង្រីកឥណទានក្នុងវិស័យកសិកម្ម

ព័ត៌មាន
វិស័យកសិកម្មត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ហើយនៅពីក្រោយការរីកចម្រើននៃវិស័យនេះ ក៏មានការចូលរួមជំ…

ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឲ្យភាគីពាក់ព័ន្ធជួយផ្តល់ធាតុចូលក្នុងផែនការមេអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនកម្ពុជា

ព័ត៌មាន
ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើឲ្យអ្នកជំនាញ និងភាគីពាក់ព័ន្ធជួយផ្តល់មតិយោបល់ និងធាតុចូលបន្ថែមក្នុងការរៀបចំផែនការមេ ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ