នាំចេញនាំចូល

ឱនភាពពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០១៨ កើនលើសឆ្នាំ ២០១៧ មួយពាន់លានដុល្លារអាមេរិក


ឱនភាពពាណិជ្ជកម្មរបស់កម្ពុជា នៅឆ្នាំ ២០១៨ កន្លងទៅនេះ ត្រូវបានរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជា បង្ហាញឲ្យដឹងថា មានជាង ៥.២០០លានដុល្លារអាមេរិក ដែលចំនួននេះ គឺមានខ្ពស់ជាងឆ្នាំ២០១៧ ប្រមាណ ១ពាន់លានដុល្លារអាមេរិក។ តែយ៉ាងណា បើពិនិត្យលើរបាយការណ៍ ឃើញថា អត្រា កំណើននៃការនាំចេញ និងការនាំចូលរបស់កម្ពុជា គឺមានមិនខ្ពស់ទាបជាងគ្នាណាស់ណានោះទេ ពោលគឺមានកំណើន ក្នុងរង្វង់ជាង ២០% ដូចគ្នា។
កំពង់ផែ​ទំនិញ​នៅ​កម្ពុជា
ដោយ

របាយការណ៍​ពីធនាគារ​ជាតិ បានបង្ហាញថា នៅឆ្នាំ២០១៨នេះ ការនាំចេញ​​របស់​កម្ពុជា សម្រេច​បានជាង ១៣.៥០០ លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​ ២១% ធៀបនឹង​ឆ្នាំ​២០១៧ ខណៈការនាំ​ចូល​វិញ គឺមាន​ប្រមាណ​ជាង ១៨.៧០០ លាន​ដុល្លារ​អាមេរិក ដែលមាន​កំណើន​​ជាង ២១%។ តាម​តួលេខនេះ សបញ្ជាក់​​ឲ្យ​ឃើញថា ឱនភាព​ពាណិជ្ជកម្ម​ ឬការនាំចូល​របស់​កម្ពុជា​មានលើស​​ការ​នាំចេញ រហូតដល់ជាង ៥.២០០ លាន​ដុល្លារ​អាមេរិក ខ្ពស់ជាង​ឆ្នាំ​២០១៧ប្រមាណ ១ពាន់​លានដុល្លារអាមេរិក។  

ក្នុងនោះ កម្ពុជា បាននាំ​ចេញ​​ផលិតផល​ភាគច្រើន​បំផុត​ គឺសម្លៀកបំពាក់ និង​ស្បែកជើង ដែលមាន​តម្លៃជាទឹកប្រាក់​​ប្រមាណ ១០ពាន់​លាន​ដុល្លារអាមេរិក ផលិតផល​កសិកម្ម​​មាន​​ប្រមាណ ៦៣០​លានដុល្លារអាមេរិក និងផលិតផល​ផ្សេងៗ​ទៀត មាន​ជិត ​៣ពាន់​លាន​ដុល្លារ​អាមេរិក។ 

ដោយឡែក ក្នុងចំណោម​ការនាំចូល​ជាង ១៨ពាន់​លាន​ដុល្លារ​អាមេរិកវិញ កម្ពុជាបា​ននាំចូលភាគ​ច្រើន គឺជា​​វត្ថុធាតុដើម​​សម្រាប់​​វិស័យ​កាត់ដេរ ប្រេងឥន្ធនៈ សម្ភារ​សំណង់ យានយន្ដ អាហារ និងភេសជ្ជៈ និងផលិតផល​ផ្សេងៗ​ទៀត។

របាយការណ៍​​ដដែល បានឲ្យ​ដឹង​​ទៀតថា សហភាព​​អឺរ៉ុប​នៅ​តែ​ជា​​​ចំណែក​​ទីផ្សារ​​ធំ​សម្រាប់​​ការ​នាំ​ចេញ​​របស់កម្ពុជា ពោល​គឺមាន ​២៩% នៃចំណែក​ទីផ្សារ​នាំចេញ​សរុប​ ខណៈ​អាមេរិក​​មាន​​២៤% អង់គ្លេស​មាន​ ៩% និងជប៉ុន មាន​៨%។ រីឯប្រទេស​​ដែល​នាំចូល​មក​កម្ពុជា​ ឃើញថា​ ចិនឈរ​​លំដាប់​​មុខគេ​មានជិត​​៣០% នៃការនាំ​ចូល​សរុប​ ថៃ មានជាង​ ១៥% វៀតណាម មានជិត១២% និងជប៉ុន​​មាន ​៤%។ ​

ទាក់ទង​ទៅនឹង​ទីផ្សារ​​នាំចេញ​នេះដែរ នៅក្នុងរបាយការណ៍​​ក៏បាន​គូសបញ្ជាក់​​ពីកត្តា​​ប្រឈម​មួយចំនួន​ ​ក្នុងការ​​អភិវឌ្ឍ​កំណើន​សេដ្ឋកិច្ច​​របស់​​កម្ពុជា​ផងដែរ ពិសេស គឺ​ការប្រឈម​នឹងការ​បាត់បង់​​ប្រព័ន្ធ​អនុគ្រោះពន្ធ​​ពីសហភាព​អឺរ៉ុប។ តែយ៉ាងណា បើតាម​ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការ​ប្រចាំ​ការ ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានអះអាង​ថា កម្ពុជា​ត្រូវពង្រឹង​​ឯករាជ្យភាព​​ពាណិជ្ជកម្ម​របស់​ខ្លួន ជាជាងការ​រស់ដោយ​ការពឹងតែ​លើការ​អនុគ្រោះ​ពន្ធនេះ។ ឯកឧត្តម គូសបញ្ជាក់​ទៀត បើ​អត់​​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ កម្ពុជា​​ក៏មិន​ស្លាប់​នោះដែរ គ្រាន់តែអាច​បាត់បង់​​នូវតម្លៃ​​បន្ថែម​​នៃការ​នាំចេញ​ខ្លះ​ប៉ុណ្ណោះ​។

ឯកឧត្តមថា បើ​សិន​សហគម​អឺរ៉ុប​បន្ត​អនុគ្រោះ កម្ពុជា​រឹតតែ​ចំណេញ តែបើ​គេដក​ចេញ ក៏យើង​នៅតែចំណេញ គ្រាន់តែ​ចំណេញ​តិចជាង​មុន​ប៉ុណ្ណោះ។   

ទោះយ៉ាងណា បើ​ពិនិត្យ​មើលទៅ​លើ​ទុន​បម្រុង​​អន្តរជាតិ​វិញ​ឃើញថា មានការកើន​ឡើង​​រហូត​ដល់ ១០ ពាន់​លាន​ដុល្លារ​អាមេរិក ដែលអាច​ធានា​នូវការ​នាំចូល​​បាន​រហូត​ដល់​​រយៈពេល ៦ខែ​ឯណោះ។

បើតាម​ការវាយ​តម្លៃ​របស់​ធនាគារ​ជាតិ បានឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១៨នេះ សម្រេច​បាន​​កំណើន​​ដល់ ៧,៣% ដែលជា​កម្រិត​មួយខ្ពស់​​ធៀប​នឹង​ប៉ុន្មាន​ឆ្នាំចុង​ក្រោយនេះ ខណៈដែល​នៅឆ្នាំ​២០១៩នេះ រំពឹងថា នឹង​នៅតែរក្សា​បានកំណើន​​ក្នុង​រង្វង់​​៧% ដដែល៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឆ្នាំ២០១៨ ចំណូលពន្ធដារមាន ២,២ ពាន់លានដុល្លារ កើនឡើងជាង ១៣%

ព័ត៌មាន
នៅពេញមួយឆ្នាំ ២០១៨ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលពន្ធ-អាករគ្រប់ប្រភេទ តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាយ សរុបមានប្រមាណ ២,២ ព…

ប្រទេសតំបន់អាស៊ីអាគ្នេយ៍ជា «កូនក្រមុំដ៏ស្រស់សោភា» ក្នុងក្រសែភ្នែកវិនិយោគិនចិន និងអាមេរិក

ព័ត៌មាន
គិតមកទល់ពេលនេះ ជម្លោះពាណិជ្ជកម្មរវាងចិន និងអាមេរិក នៅតែមិនទាន់បានដោះស្រាយនៅឡើយទេ ទោះបីជា កន្លងមកមានការចរចាគ្នាខ្លះៗទៅហើយក្ដី។ សម្ពាធន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ