Advertisement
បន្លែ​នាំ​ចូល​សម្លាប់បន្លែ​ក្នុង​ស្រុក?

កម្ពុជា​ត្រូវការ​បន្លែ​ជិត​១​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ ប៉ុន្តែ ភាគ​ច្រើន​នាំចូល​ពី​វៀតណាម​និង​ថៃ


ក្នុង១ឆ្នាំ ពលរដ្ឋ​កម្ពុជា​១​នាក់​បរិភោគ​បន្លែ​អស់​ប្រមាណ​១០០​គីឡូក្រាម។ ក្នុង​មួយ​ឆ្នាំៗ កម្ពុជា​មាន​តម្រូវការ​ប្រើប្រាស់​បន្លែ​ជាង ៩៣​ម៉ឺន​តោន ក្នុងនោះ​កម្ពុជា​មាន​សមត្ថភាព​ផលិត​បន្លែ​បាន​ដោយ​ខ្លួន​ឯង​ប្រមាណ​តែ​៤២​ម៉ឺន​តោន ដែល​ចំនួន​នេះ​មិន​អាច​ផ្គត់ផ្គង់​គ្រប់​គ្រាន់​ទៅនឹង​តម្រូវការ​ចំាបាច់ និង​ការ​កើន​ឡើង​នៃ​ការ​ប្រើ​ប្រាស់​ប្រចំា​ថ្ងៃ​នៅ​កម្ពុជា​នោះ​ទេ។
កម្ពុជា​នៅ​តែ​បន្ត​នាំ​បន្លែ​ចូលដើម្បី​បំពេញ​តម្រូវការ​ក្នុង​ស្រុក
អំពី កសិកម្ម 758

ដូច្នេះ​ហើយ កម្ពុជា​នំាចូល​បន្លែ​ប្រមាណ​ជាង ៥០​ភាគរយ​ពី​ក្រៅ​ប្រទេស ភាគ​ច្រើន​មក​ពី​ប្រទេស​វៀតណាម ថៃ និង​មួយ​ផ្នែក​ទៀត​នាំចូល​មក​ពី​ប្រទេស​ចិន ​ដើម្បី​បម្រើ​ឲ្យ​សេចក្តី​ត្រូវការ​ចាំបាច់​ក្នុង​ទីផ្សារ​កម្ពុជា។ 

នេះ​បើ​យោង​តាម​របាយការណ៍​អង្គការ​ស្បៀង​អាហារ​និង​កសិកម្ម (FAO) ដែល​លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​សរសេរ​នៅ​លើ​ហ្វេកប៊ុក​របស់​លោក។ 

របាយការណ៍ដដែល​បាន​បង្ហាញ​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​មាន​ចំនួន​ប្រមាណ ១៥,៨​លាន​នាក់ ក្នុង​ម្នាក់ៗ​​បរិភោគ​បន្លែ​ប្រមាណ ៧៣​គីឡូក្រាម​ក្នុង​មួយ​ឆ្នាំ។ 

លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម

បើយោង​តាម​ការ​អង្កេត​ពី​គម្រោង​ជំរុញ​ផលិត​កម្ម​ស្បៀង កម្ពុជា​បាន​នាំចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង​ដែល​មាន​តម្លៃ ១៥០​លាន​ដុលា្លរ​អាមេរិក​ក្នុង​មួយ​ឆ្នាំ ដែល​មាន​បរិមាណ​បន្លែ ២០០​តោន ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ លោក ហ៊ាន វណ្ណហន បាន​លើក​ឡើង​ថា បរិមាណនេះ​មាន​ការ​ថយចុះ​នៅ​ពេល​ដែល​បន្លែ​ផលិត​បាន​ច្រើន​ក្នុង​ស្រុក ពិសេស​នៅ​រដូវ​រំហើយ។ 

យោងតាមការស្ទាបស្ទង់​បាន​បង្ហាញ​ថា នៅ​ពេល​ដែល​ផលិតផល​មាន​បរិមាណ​ច្រើន​នៅ​ក្នុង​ស្រុក ឈ្មួញ​នំាចូល​តែងតែ​អុកឡុក​ទម្លាក់​តម្លៃ ធ្វើ​ឲ្យ​ផលិត​ផល​កសិករ​ខ្មែរ​ជន​ជោរ​នៅ​លើ​ផ្សារ ដាក់​គំនាប​លើ​កសិករ​ដោយ​ដាក់​តម្លៃ​ទាប។ កសិករ​ក៏​ដូចជា​អាជីវករ​ខ្មែរ​ ជារឿយៗ​ ​ទទូច​ស្នើសុំដល់​រដ្ឋាភិបាល​ឲ្យ​មាន​ការ​រឹត​បន្តឹង​ការ​នំាចូល​បន្លែ​ពី​ប្រទេស​ជិត​ខាង ដោយ​តម្រូវ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​លើ​គុណភាព ដែល​បន្លែ​នាំចូល​ភាគ​ច្រើន​ប្រើ​ប្រាស់​សារធាតុ​គីមី។ 

លោក ហ៊ាន វណ្ណហន បាន​បញ្ជាក់​ថា បន្លែ​ភាគ​ច្រើន​ដែល​នាំចូល​មក​ពី​ប្រទេស​វៀតណាម ថៃ និង ចិន មាន​ដូចជា ដំឡូង​បារំាង ការ៉ុត មើម​ខ្ទឹម​បារំាង ខ្ទឹមស ប៉េង​បោះ ស្ពៃ​ក្តោប ជាដើម។ បន្លែ​ទំាង​អស់​នេះ ភាគ​ច្រើន​មិន​សមស្រប​នឹង​អាកាស​ធាតុ​នៅ​កម្ពុជា ហើយ​ចំណាយ​ដើម​ទុន​ផលិត​ខ្ពស់។ 

បន្លែ​ក្នុង​ស្រុក​គ្មាន​ជាតិ​គីមី ប៉ុន្តែ ផលិត​មិន​គ្រប់ការ​​ផ្គត់ផ្គង់​តម្រូវការ។

​បន្លែ​នំាចូល​ពី​ប្រទេស​ក្រៅ​ទាំង​អស់​នេះ នាំចូល​ច្រើន​ចាប់​ពី​ខែ​មេសា ដល់​ខែតុលា ហើយ​ភាគ​ច្រើន​សំដៅ​មក​ទីក្រុង​ភ្នំពេញ ពិសេស​ផ្សារ​ដើមគរ ផ្សារ​នាគ​មាស និង ​ចែក​ចាយ​បន្ត​នៅ​តាម​សណ្ឋាគារ ភោជនីយដ្ឋាន និង​បន្ត​ទៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត។

ដោយឡែក​កម្ពុជា​វិញ ខេត្ត​ដែល​ដាំ​បន្លែ​ផ្គត់ផ្គង់​ក្នុង​ស្រុក​ជាង​ច្រើន​គេ មាន​ដូចជា ខេត្ត​កណ្តាល កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង សៀមរាប កំពត កំពង់ស្ពឺ ស្វាយរៀង និង តាកែវ ដែល​មាន​ផ្ទៃដី​ដាំដុះ​បន្លែ​ប្រមាណ ៥៧​ភាគរយ នៃ​ផ្ទៃដី​សរុប​ទូទំាង​ប្រទេស​កម្ពុជា។ 

តើមូលហេតុ​អ្វី​បាន​ជា​ប្រទេស​កសិកម្ម​មួយ​នេះ នាំចូល​បន្លែ​ផ្លែ​ឈើ ពី​ប្រទេស​ជិត​ខាង​ច្រើន​សន្ធឹក​សន្ធាប់​យ៉ាង​ដូច្នេះ? ពលរដ្ឋ​ខ្មែរ​ខ្ជិល​មែន​ទេ? តើ​ដំា​មិន​បាន​ផល​មែន​ឬ​ទេ? ដំា​ហើយ​គ្មាន​ទីផ្សារ​មែន​ឬ​ទេ? រដ្ឋាភិបាល​គ្មាន​ការ​គាំទ្រ​ផ្នែក​បច្ចេក​ទេស​ស្វែង​រក​ទីផ្សារ​មែន​ឬ​ទេ? 

សំណួរ​ទាំង​អស់​នេះ សារព័ត៌មាន​អេឡិចត្រូនិក ខេមបូណូមីស នឹង​ធ្វើការ​សាកសួរ​អ្នក​ជំនាញ​ក្នុង​វិស័យ​កសិកម្ម និង​មន្ត្រី​ជាន់​ខ្ពស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ចុះ​ផ្សាយ​ជា​បន្ត​បន្ទាប់​ពេល​ក្រោយ​ទៀត៕




អត្ថបទបន្ទាប់


៧ចំណុច​ដែល​អ្នក​គួរ​ដឹង​អំពី​សេដ្ឋកិច្ច​មហាយក្ស​ចិន

ព័ត៌មាន
ប្រទេសចិនគឺជាមិត្ត​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​របស់​កម្ពុជា។ ចិន​គឺ​ជា​អ្នក​វិនិយោគ​ដ៏​ធំ​បំផុត​មួយ​នៅ​កម្ពុជា ហើយ​ចិន​ក៏​ជា​អ្នក​ផ្...

អ្នក​កាសែត​ស៊ើប​អង្កេត ម៉ៃ ទិត្យថារ៉ា បើក​សាលា​ជួយ​ក្មេង​ជាង​៥០០​នាក់

ព័ត៌មាន
លោក ម៉ៃ ទិត្យថារ៉ា ដែលគេស្គាល់ថា ជា​អ្នក​កាសែត​ស៊ើប​អង្កេត​ដែល​សរសេរ​រឿង​កាប់​បំផ្លាញ​ព្រៃ​ឈើ​និង​អំពើ​ពុករលួយ​ធំៗ​នៅ​កម្ពុជា ក្រៅ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ