រថភ្លើងលើអាកាស

ស៊ុន ចាន់ថុល៖ ផ្លូវរថភ្លើងលើអាកាស ខ្សែដំបូងនឹងតភ្ជាប់ចេញពីផ្សារថ្មី ទៅព្រលានយន្ដហោះ


ផ្លូវរថភ្លើងលើអាកាសដំបូងបង្អស់នៅកម្ពុជា នឹងត្រូវសាងសង់ក្នុងពេលខាងមុខនេះ ក្រោយពីការសិក្សារបស់ JICA ជប៉ុន នឹងត្រូវបានបញ្ចប់ នៅឆ្នាំនេះ ឬឆ្នាំក្រោយ។ នេះបើតាមការអះអាងដោយផ្ទាល់មាត់ ពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។ បើតាមការបញ្ជាក់ពីឯកឧត្តម រដ្ឋមន្ត្រី ផ្លូវរថភ្លើងលើអាកាសដំបូងបំផុតមួយនេះ នឹងត្រូវតភ្ជាប់ពីម្ដុំផ្សារថ្មី ទៅកាន់ព្រលានយន្ដហោះអន្តរជាតិភ្នំពេញ។
រថភ្លើងលើអាកាស (រូបតំណាង) (www.railway-technology.com)
ដោយ

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានលើក​ឡើងកាល​ពីពេលថ្មីៗ​នេះថា ផ្លូវ​រថភ្លើង​លើអាកាស​នេះ បច្ចុប្បន្ន​​កំពុងត្រូវបាន​សិក្សាដោយ​អង្គការ JICA របស់​ជប៉ុន ដែល​អាចនឹង​ប្រើប្រាស់​រយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ ទើប​អាចបញ្ចប់​ការសិក្សា​នេះ។

ទោះ​យ៉ាងណា ឯកឧត្ដម ស៊ុន ចាន់ថុល មិនទាន់​បានបញ្ជាក់​ពីពេលវេលា​ច្បាស់លាស់​ក្នុងការ​សាងសង់​ផ្លូវរថភ្លើង​លើអាកាស​នេះនៅ​ឡើយទេ។ ប៉ុន្ដែ ឯកឧត្តម​បានបង្ហើប​ឲ្យដឹង​ថា ផ្លូវរថភ្លើងនេះ មានប្រវែង ១៨គីឡូ​ម៉ែត្រ ដែលមាន​ការផ្ដល់​ជំនួយពី​រាជរដ្ឋាភិបាល​ជប៉ុន ជាមួយ​នឹងទំហំ​ទឹកប្រាក់​សាងសង់​ប្រមាណ៨០០​​លាន​ដុល្លារ ទៅ ១ពាន់​ដុល្លារអាមេរិក។ 

ឯកឧត្តម ស៊ុន ចាន់ថុល ទេស​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន។ (រូបភាព៖ ហេង ភារម្យ)

ជាមួយ​គ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បាន​ច្រាន​ចោល ចំពោះ​ព័ត៌មាន​ដែលបាន​លើក​ឡើង​ថា គម្រោង​ផ្លូវរថភ្លើង​នេះ ត្រូវបាន​លុបចោល​ដោយសារតែ​ជប៉ុន​មិនបាន​ផ្ដល់​ជំនួយ។ ការលើក​ឡើងបែប​នេះ គឺការ​ផ្សាភ្ជាប់​ទៅនឹង​រឿង​នយោបាយ និងខុស​ពីការពិត ព្រោះរាជ​រដ្ឋាភិបាល​ជប៉ុន បានយល់​ព្រម​ជាមួយ​ប្រមុខ​រាជរដ្ឋា​ភិបាលកម្ពុជា​រួចហើយក្នុងការសាងសង់​ផ្លូវ​រថភ្លើង​លើអាកាស​នេះ​។ រាជរដ្ឋាភិបាល​ប្រទេស​ទាំងពីរ កម្ពុជា និងជប៉ុន ក៏បាន​ជួបគ្នា​ពិភាក្សា​រឿងនេះ ពីរដង​រួចមក​ហើយ និងគ្រោង​នឹងជួប​ពិភាក្សា​គ្នាម្ដងទៀត នៅខែ​មិថុនានេះ ដើម្បី​ជជែក និងសិក្សា​លម្អិតពីរឿង​សាងសង់​ផ្លូរថភ្លើង​លើ​អាកាសនេះ។ នេះបើតាម​ប្រសាសន៍លើក​ឡើងរបស់​ឯកឧត្តម ស៊ុន ចាន់ថុល។

បើតាម​ការគូស​បញ្ជាក់ពី រដ្ឋមន្ត្រី​ដ៏មាន​ប្រជាប្រិយ​ភាពរូបនេះ បានឲ្យដឹង​ទៀតថា សម្រាប់​ផ្លូវរថភ្លើង​លើអាកាស​ប្រវែង ១៨គីឡូ​ម៉ែត្រនេះ ក៏មាន​ទីតាំងមួយ​ចំនួនត្រូវ​សាងសង់​ទម្លុះ​ចូលទៅ​ក្រោមដី​​ផងដែរ ពោលគឺទីតាំង​នៅក្បែរ​ព្រលាន​យន្ដហោះ ប្រវែង​៤គីឡូម៉ែត្រ នឹងត្រូវ​សាងសង់​នៅក្រោមដី ដោយសារ​តែនៅ​ក្បែរព្រលាន​យន្ដហោះ ជាទីតាំង​មិនសូវ​អំណោយ​ផលសម្រាប់​ការសាងសង់​នៅ​លើ​អាកាស។ ដូច្នេះ ផ្លូវ​រថភ្លើង​លើអាកាស​​នេះ មាន​ប្រវែង​ ១៤​គីឡូម៉ែត្រ នឹងសាងសង់​ឡើងនៅ​លើអាកាស និង ៤គីឡូ​ម៉ែត្រ​ផ្សេងទៀត នឹងសង់​នៅក្រោម​ដី។ 

ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង​សាធារណការ និងដឹកជញ្ជូន បានបង្ហើប​ឲ្យដឹងទៀត​ថា ក្រៅពី​គម្រោង​រថភ្លើង​លើអាកាស ដែល​ជប៉ុនគ្រោង​នឹងសាងសង់​នេះ ក៏មាន​ក្រុមហ៊ុនចិន​មួយទៀត ក៏ចង់​ស្នើសុំ​រាជរដ្ឋាភិបាល​ ក្នុងការ​សិក្សា​សាងសង់​ផ្លូវរថភ្លើង​លើអាកាស​នេះដែរ ដោយប្រើ​បច្ចេកទេស​ថ្មីប្លែក​ពីជប៉ុន ពោល​គឺជា​ផ្លូវរថភ្លើង​ដែលមាន​ផ្លូវថ្ពក់​ជាប់​នៅខាង​លើរថភ្លើង​តែម្ដង ហើយខាង​រាជរដ្ឋាភិបាល​កម្ពុជា នឹងពិនិត្យ​បន្ថែម​ទៅលើការ​ស្នើសុំ​នេះ។ គម្រោងស្នើ​សុំសិក្សា​របស់​ក្រុមហ៊ុនចិន​នេះ គឺជាការ​វិនិយោគ​ឯកជន​សុទ្ធ​សាធ មិនមាន​ជំនួយ ឬការផ្ដល់​កម្ចីផ្លូវ​រដ្ឋនោះ​ឡើយ។

គួរជម្រាបថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន កាលពី​ពេលថ្មីៗ​នេះ ក៏បានត​ភ្ជាប់ផ្លូវ​រថភ្លើង​ឡើងវិញ​ ពីរាជធានី​ភ្នំពេញ ទៅបណ្ដា​ខេត្តនានា​ផងដែរ។ មិនតែ​ប៉ុណ្ណោះ ផ្លូវរថភ្លើង​កាត់ពាក់​កណ្ដាល​ផ្លូវ (Tramway) តភ្ជាប់​ពីរាជធានី​ភ្នំពេញ ទៅព្រលាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ ក៏ទើប​បានដាក់​ឲ្យ​ដំណើរការ​នៅកម្ពុជា​ ជាលើក​ដំបូង ដែល​វាជាបទ​ពិសោធន៍ថ្មី​មួយសម្រាប់​ប្រជាពលរដ្ឋ។  

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Grab និង UNDP ផ្ដល់មូលនិធិ ៥០ម៉ឺនដុល្លារ ដើម្បីដោះស្រាយបញ្ហាចរាចរណ៍​ក្នុង​រាជធានីភ្នំពេញ

ព័ត៌មាន
ក្រុមហ៊ុន Grab និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP បានសម្រេចចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយ ដើម្បីគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋ…

ប៉េង ហួត គ្រុប ដាំដើមឈើជាង១ពាន់ដើមសង​ខាង​ផ្លូវ អបអរ​ទិវា​បរិស្ថាន​ជាតិ​​និង​ពិភព​លោក

ព័ត៌មាន
ថ្នាក់ដឹកនាំ និងបុគ្គលិកគ្រប់ជាន់ថ្នាក់របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ជាង២រយនាក់ បានរួមគ្នាដាំដើមឈើប្រមាណ១៤០០ដើម នៅអមសងខាងផ្លូវបេតុង៧០B…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ