បំណុលសាធារណៈក្រៅប្រទេស

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ តាមផែនការបំណុលកម្ពុជាអាចនឹងកើនដល់ ៣៥% នៃ GDP នៅឆ្នាំ២០២២


មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាអះអាងថា កម្ពុជានៅតែធ្វើបានល្អលើការគ្រប់គ្រងកម្រិតបំណុលសាធារណៈក្រៅប្រទេសរបស់ខ្លួន ទោះបីប្រទេសបាននិងកំពុងក្នុងវិបត្តិនៃមេរោគរាតត្បាតក្ដី។ ជាក់ស្ដែង តាមតម្លៃសុទ្ធបច្ចុប្បន្ន (NPV) បំណុលសាធារណៈដែលកម្ពុជាជំពាក់បរទេសសរុបទើបតែមានប្រមាណ ២១% នៃ GDP ប៉ុណ្ណោះ ខណៈដែលតាមផែនការនៅឆ្នាំ២០២២នេះ កម្រិតបំណុលរបស់កម្ពុជាត្រូវបានគ្រោងទុកថានឹងកើនដល់ ៣៥%នៃ GDP។
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច៖ តាមផែនការបំណុលកម្ពុជាអាចនឹងកើនដល់ ៣៥% នៃ GDP នៅឆ្នាំ២០២២ (រូបភាព៖ Pixabay )
ដោយ

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអម​នាយកដ្ឋមន្ត្រី និងជា​រដ្ឋលេខាធិការប្រចាំ​ការ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​បានអះអាងថា បើទោះបីជា ការចំណាយ​​នៅអំឡុងពេលមេរោគ​រាតត្បាកូវីដ១៩​​រីកកាន់តែធំ និងចំណូល​ប្រឈម​នឹងការថមថយចុះក្ដី ប៉ុន្ដែ រាជរដ្ឋាភិបាល​កម្ពុជា នៅតែអាចគ្រប់គ្រង​​ស្ថានការណ៍នេះ​បាន​យ៉ាងល្អ​​នៅរយៈពេល​២ឆ្នាំកន្លងមកនេះ ហើយ​ក្នុងនោះ កម្រិតនៃការខ្ចីបំណុល​របស់​កម្ពុជាពីដៃគូក្រៅ​ប្រទេស គឺនៅធ្វើឡើងក្នុង​លក្ខណៈធម្មតា ពោលគឺ​ មិនមានការខ្ចីច្រើនខ្លាំង​នោះទេ។

នៅក្នុងអំឡុងវិបត្តិកូវីដ១៩​រីករាតត្បាតនេះ មានប្រទេស​ក្រីក្រ ក៏ដូចជាប្រទេស​កំពុងអភិវឌ្ឍ​ជាច្រើន​ មានការខ្ចីបំណុលកើនឡើងកាន់តែច្រើន ដើម្បីយកមកទប់ទល់​នឹងការចំណាយ​​ទ្រទ្រង់សេដ្ឋកិច្ច​សង្គម ដែលវាត្រូវបានគេមើលឃើញថា​ គឺជាកត្តាហានិភ័យ​មួយសម្រាប់ប្រទេសទាំងនោះ។ ប៉ុន្ដែ សម្រាប់​កម្ពុជា កម្រិតបំណុលដែលកម្ពុជា​មាននាពេលបច្ចុប្បន្ន គឺនៅក្រោម​កម្រិត​ហានិភ័យ​នៅឡើយទេ។ 

បើតាមឯកឧត្តម វង្សី វិស្សុត តាមការគ្រោងទុក​នៅឆ្នាំ២០២២នេះ បំណុល​សាធារណៈរបស់​កម្ពុជា​​​រំពឹងថា នឹងកើនឡើងដល់ប្រមាណ ៣៥% នៃទំហំផលិតផលក្នុងស្រុកសរុប ប៉ុន្ដែសម្រាប់​តម្លៃពិតបច្ចុប្បន្ន (Net Present Value) ទើបតែ​មាន​ជាង ២១%ប៉ុណ្ណោះនៃទំហំផលិតផលក្នុងស្រុកសរុប។ ការខ្ចីបំណុល​របស់​កម្ពុជា​នៅមានកម្រិត​ទាប នោះក៏ដោយសារតែ កម្ពុជាមាន​ធនធាន​ដែលជា​ប្រាក់សន្សំ​របស់រាជ​រដ្ឋាភិបាល ដែលអាចជួយបំពេញ​បង្គ្រប់សម្រាប់​ការចំណាយ។ តួយ៉ាង នៅឆ្នាំ២០២០ កម្ពុជា​បាន​ដកសាច់ប្រាក់សន្សំ​មកប្រើប្រាស់ជាង ២៤០លានដុល្លារ ខណៈ​នៅឆ្នាំ២០២១ បានដកមក​ចំណាយ​ដល់ទៅជិត​ ១ពាន់៤រយលានដុល្លារអាមេរិក ហើយ​នៅឆ្នាំ២០២២នេះគ្រោងនឹង​ចំណាយ​​ប្រមាណ ៥០០លាន​ដុល្លារអាមេរិក។ នេះបើតាម​ការគូសបញ្ជាក់ របស់​ឯកឧត្តម វង្សី វិស្សុត។

រដ្ឋលេខាធិការប្រចាំការ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរូបនេះ បានគូសបញ្ជាក់ទៀតថា នៅឆ្នាំ២០២២នេះ ហាក់ដូចជាឆ្នាំមួយលំបាក​សម្រាប់​កម្ពុជា​ ដោយសារតែរដ្ឋាភិបាល​ត្រូវមានការចំណាយ​កាន់តែច្រើនជាងមុន ស្របពេល​ធនធានដែលមាន ​ក៏បានថយចុះផងដែរ។ តួយ៉ាង ក្រៅតែពីគ្រោង​​ចំណាយលើការស្ដារ និងជំរុញ​សេដ្ឋកិច្ច​​ពីវិបត្តិកូវីដ១៩ ប្រហែល​ជាង ១ពាន់លានដុល្លារនៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល​ក៏នៅមានការចំណាយ​ផ្សេងទៀតដែរ ពិសេស​ការចំណាយលើ​ការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន ដោយ​គ្រោងចំណាយប្រហែល​៤០ ទៅ៥០លានដុល្លារ និងការចំណាយលើការរៀបចំការបោះឆ្នោត​ប្រមាណ​​៧០លានដុល្លារអាមេរិកផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម វង្សី វិស្សុត ក៏បានព្រមានផងដែរ អំពី​ការបន្ដ​រីករាលដាល​កូវីដ១៩​ និងមេរោគបំប្លែងថ្មី ប្រសិនបើ​នៅតែបន្ដអូសបន្លាយ វាក៏អាចជា​កត្តាមួយ​ទាញឲ្យ​ការចំណាយ​របស់រាជរដ្ឋាភិបាល​កាន់តែរីកធំ តាមរយៈការ​ផ្ដល់អន្តរាគមន៍​លើ​វិស័យសុខភាពសាធារណៈ និងសេដ្ឋកិច្ចសង្គមជាដើម ហើយការខ្ចីបំណុលបរទេស​ក៏មិនជាការងាយស្រួលប៉ុន្មាននោះដែរ ស្ថិតនៅក្នុងកាលៈទេសៈបច្ចុប្បន្ននេះ។ ដូច្នេះហើយ ឯកឧត្តម ក៏បាន​ជំរុញឲ្យការចំណាយទាំងអស់នោះ គឺបានធ្វើឡើង​ត្រឹមត្រូវចំគោលដៅ កុំឲ្យចាយខុសគោលដៅ ធ្លុះធ្លាយ​ ខាតបង់នូវ​ថវិកាជាតិ។

សូមបញ្ជាក់ថា តាមរបាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមដំណាច់ឆ្នាំ២០២១​កម្ពុជាមានសន្និធិបំណុលសាធារណៈក្រៅប្រទេស​ជាង ៩ពាន់​៥រយលានដុល្លារអាមេរិក ក្នុងនោះជំពាក់ប្រទេសចិន​ជាង​៤០% បំណុលពហុភាគីមាន ៣០% បំណុលជំពាក់ប្រទេសជប៉ុន មាន​៩% និងកូរ៉េខាងត្បូងមាន​៥% បំណុល​ទ្វេភាគីផ្សេងទៀតមាន ៦% និងបំណុល​មរតក ដែលកំពុង​ចរចាដោះស្រាយ​មាន​៧%។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏មានគោលដៅ ងាកមករក​ការខ្ចីបំណុល​ក្នុងស្រុកផងដែរ ដោយ​នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាល​ គ្រោងនឹង​បោះផ្សាយលក់មូលបត្រ​បំណុលរដ្ឋ​ជាលើកដំបូង ក្នុងតម្លៃប្រមាណ​៣០០លានដុល្លារអាមេរិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច បង្កើនការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាដល់ ៥,៨%នៅឆ្នាំ២០២២

ព័ត៌មាន
សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២២នេះ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុព្យាករថា នឹងអាចវិលមករកកម្រិតពេញលេញឡើងវិញ ដូចនៅអំឡុងមុនពេលកូវីដ១៩រ…

កម្ពុជាបន្ដរង់ចាំកូរ៉េខាងត្បូងផ្ដល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី

ព័ត៌មាន
ប្រទេសកម្ពុជាកំពុងទន្ទឹងរង់ចាំការផ្ដល់សច្ចាប័នពីសភានៃប្រទេសកូរ៉េខាងត្បូងលើកិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-កូរ៉េខាងត្បូង ដើម្បីអាចឲ្យកិច្ចព្រម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ