Advertisement
អង្ករកម្ពុជាក្នុងទីផ្សារអឺរ៉ុប

កម្ពុជាត្រៀមខ្លួនរួចហើយ ដើម្បីតតាំងនឹងបណ្ដឹងរបស់អ៊ីតាលី ជុំវិញរឿងអង្ករកម្ពុជាក្នុងទីផ្សារអឺរ៉ុប


អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសកាលពីពេលថ្មីៗនេះថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយទាក់ទងនឹងឯកសារផ្លូវច្បាប់ ក៏ដូចជាការជួលមេធាវី សម្រាប់ការតតាំងនឹងការតវ៉ារបស់ប្រទេសអ៊ីតាលី ជុំវិញការស្នើឲ្យសហភាពអឺរ៉ុប ចាត់វិធានការណ៍មកលើអង្ករកម្ពុជា ដែលបាននាំចូលទៅកាន់ទីផ្សារអឺរ៉ុប ខណៈដែលគណៈកម្មាធិការអឺរ៉ុបក៏នឹងបើកការស៊ើបអង្កេតផ្លូវការលើវិស័យស្រូវអង្ករកម្ពុជាជាលើកដំបូង នៅក្នុងខែកក្កដា ខាងមុខនេះដែរ។
អង្ករ​កម្ពុជា នៅឆ្នាំ​២០១៧​នេះ រក្សា​តំណែង​លេខ​២​ជា​អង្ករ​ល្អ​បំផុត​នៅ​លើ​ពិភព​លោក បន្ទាប់​ពី​អង្ករ​ថៃ​ដែល​ជាប់​លេខ​១។
ដោយ

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា ឲ្យដឹងថា ការតវ៉ា​របស់​ប្រទេស​អ៊ីតាលី ដែល​ស្នើឲ្យ​អឺរ៉ុប​ ចាត់វិធាន​ការណ៍​លើការ​នាំចូល​អង្កររបស់​កម្ពុជា ទៅកាន់​សហភាពអឺរ៉ុប​នេះ គឺជា​រឿងយូរ​ឆ្នាំមក​ហើយ ដោយ​សារតែ អ៊ីតាលី មាន​ការថ្នាំងថ្នាក់​នឹងអង្ករ​កម្ពុជា ​ដែលចូល​ប្រកួត​ប្រកួត​ប្រជែង​ក្នុងទីផ្សារ​របស់ខ្លួន។ 

Advertisement

លោក​ឧកញ៉ា បាន​រំឭកយ៉ាងថា «កាលពីមុន អង្ករ​អ៊ីតាលី លក់បាន​ថ្លៃក្នុង​ទីផ្សារ​អឺរ៉ុប និងមានបំណង​ពង្រីកទីផ្សារ​ទៅកាន់​ប្រទេស​ក្នុងតំបន់​អឺរ៉ុប​ផ្សេងទៀត​ ប៉ុន្ដែនៅ​ពេលអង្ករ​កម្ពុជា​ចូលទៅ​កាន់​អឺរ៉ុប​ដែរនោះ បានធ្វើ​ឲ្យប៉ះពាល់​ដល់ទីផ្សារ​អង្ករ​របស់​អ៊ីតាលី ព្រោះ​ក្នុងមួយ​ឆ្នាំៗអង្ករកម្ពុជា​នាំចូល​ទៅកាន់​សហភាព​អឺរ៉ុបមាន​ប្រមាណ​ជាង ២សែន​តោន។ ដូច្នេះ​ហើយ បាន​ជាអ៊ីតាលី​ ដាក់ពាក្យ​ប្ដឹងតវ៉ា​ទៅកាន់​សភា​សហគមន៍​អឺរ៉ុប ជំទាស់​ការ​នាំចូល​អង្ករ​របស់​កម្ពុជា​»។

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា

ទោះយ៉ាង​ណា លោកឧកញ៉ា ហ៊ុន ឡាក់ បានគូស​បញ្ជាក់​ថា មិនមាន​អ្វីគួរឲ្យ​ព្រួយបារម្ភ​នោះឡើយ​ជុំវិញការ​តវ៉ានេះ ព្រោះថា បើពិនិត្យ​ទៅមើល​ប្រភេទ​អង្ករ​របស់​កម្ពុជា និងអ៊ីតាលី គឺមិន​ដូចគ្នា​នោះឡើយ ពោលគឺ​ប្រភេទអង្ករ​កម្ពុជាមាន​គ្រាប់​តូចៗ និងបាយ​ទន់ ប៉ុន្ដែ​អង្ករ​របស់​អ៊ីតាលី អង្ករ​គ្រាប់ធំៗ និង​បាយ​រឹង។ ដូច្នេះ បើគិត​ក្នុងផ្នែក​បច្ចេកទេស​នៃការធ្វើ​ពាណិជ្ជ​កម្ម កម្ពុជា​មិនបាន​ចូលទៅ​វាយ​បំបែកឆ្នាំង​បាយរបស់​គេនោះ​ទេ តែវា​គឺជាការ​ផ្ដល់ជម្រើស​សម្រាប់​អ្នកប្រើប្រាស់ រួមទាំង​តម្លៃ និងគុណភាព​អង្ករ ខណៈដែល​អង្ករកម្ពុជា​ក៏មានលក់​ក្នុងតម្លៃទាប​ជាង​អង្ករ​របស់​អ៊ីតាលី​ដែរ។

លោកឧកញ៉ា បន្ថែមទៀត​ថា កម្ពុជា​យើងមាន​ជំនឿចិត្តខ្ពស់​ក្នុងការឈ្នះ​លើការ​តវ៉ានេះ ព្រោះយើង​មានអំនះ​អំនាង​គ្រប់គ្រាន់ ហើយ​ក៏បានត្រៀម​នូវមេធាវី​ពាក់ព័ន្ធ​នឹងផ្នែក​ច្បាប់រួច​រាល់ហើយ​ដែរ។

សូមជម្រាបថា ការប្ដឹង​តវ៉ា​ពីសំនាក់​កសិករ​ប្រទេស​អ៊ីតាលី មកលើ​អង្ករកម្ពុជា​ដែលបាន​នាំចូល​ទៅកាន់​ទីផ្សារ​អឺរ៉ុបនេះ គឺមាន​ចាប់តាំង​ពីឆ្នាំ២០១៤​មកម្លេះ ប៉ុន្ដែនៅ​មិនទាន់​ត្រូវបាន​គណៈ​កម្មាធិការ​សហភាព​អឺរ៉ុបបើក​ការស៊ើប​អង្កេតនៅ​ឡើយទេ ទើបតែ​កាលពី​ពេលថ្មី​នេះ សហភាព​អឺរ៉ុបបាន​ប្រកាស​ថា នឹងបើក​ការស៊ើប​អង្កេត​ផ្លូវការមួយ​មកលើ​ស្រូវអង្ករ​កម្ពុជា ដែលនឹងប្រព្រឹត្ត​ទៅនៅ​ក្នុងខែ​កក្កដា​ខាងមុខ​នេះ។

សូមជម្រាបថា សហភាពអឺរ៉ុប​ គឺជាទីផ្សារ​នាំចេញអង្ករ​ដ៏ធំមួយ​​របស់​​កម្ពុជា ដែលមានចំនួន​ប្រមាណ​​៤០% នៃទីផ្សារ​នាំចេញអង្ករ​សរុប។ បើតាម​របាយការណ៍ ការនាំចេញ​អង្ករ​របស់​កម្ពុជា​នៅក្នុងរយៈ​ពេល​ ៣ខែ ដើមឆ្នាំ​នេះ សម្រេចបាន​​ជាង ១៦ម៉ឺន ៦ពាន់​តោន បានថយ​ចុះប្រមាណ​ជាង ៣% ធៀប​នឹងគ្រា​ដូចគ្នា​កាលពី​ឆ្នាំ២០១៧៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទីផ្សារដីធ្លីផ្ទះសម្បែងនៅកម្ពុជា នឹងដាំក្បាលចុះ នៅមុនថ្ងៃបោះឆ្នោតជាតិ ២០១៨ យ៉ាងណាខ្លះ?

ព័ត៌មាន
ដូចដែលដឹងទំាងអស់គ្នាហើយថា វិស័យសំណង់ និង អចលនទ្រព្យ គឺជាឆ្អឹងកងដ៏សំខាន់មួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើននៅកម្ពុជា។ បច្ចុប្បន្នបើផ្អែកទ...

ពលរដ្ឋ​សាទរ​ចំពោះ​ការ​ដក​«បង្គោល​ភ្លើង​ពិឃាដ»​ចេញ​ពី​ផ្លូវ​ហាណូយ (វីដេអូ)

ព័ត៌មាន
ក្រោយ​ពី​មាន​ការ​រិះគន់​របស់​ពលរដ្ឋ និង​អ្នក​ដំណើរ​ជុំវិញ​រឿង​បង្គោល​ភ្លើង​នៅ​ចំ​កណ្ដាល​ផ្លូវ​ហាណូយ ឥឡូវ​នេះ អាជ្ញាធរ​អគ្គិសនី​កម្ពុ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ