Advertisement
វិស័យសំណង និងការបោះឆ្នោត

ទីផ្សារដីធ្លីផ្ទះសម្បែងនៅកម្ពុជា នឹងដាំក្បាលចុះ នៅមុនថ្ងៃបោះឆ្នោតជាតិ ២០១៨ យ៉ាងណាខ្លះ?


ដូចដែលដឹងទំាងអស់គ្នាហើយថា វិស័យសំណង់ និង អចលនទ្រព្យ គឺជាឆ្អឹងកងដ៏សំខាន់មួយក្នុងចំណោមវិស័យសំខាន់ៗជាច្រើននៅកម្ពុជា។ បច្ចុប្បន្នបើផ្អែកទៅលើការស្រាវជ្រាវ របាយការណ៍ផ្សេងៗ និង ការពិនិត្យជាក់ស្តែងរបស់ក្រុមអ្នកជំនាញបានធ្វើការកត់សម្គាល់ឲ្យដឹងថា វិស័យនេះ នៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់ ដែលមិនអាចខ្វះបានក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចជាតិជារៀងរាល់ឆ្នាំ បន្ទាប់ពីវិស័យឧស្សាហកម្ម កាត់ដេរ ទេសចរណ៍ និងកសិកម្ម។
រូបឯកឧត្តម ជា សុផារ៉ា (រូបធំ) និងរូបអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ
ដោយ

ក្នុងរយៈ​ពេលបីខែ​ដំបូងដើម​​​ឆ្នាំ២០១៨ នេះ របាយ​ការណ៍​របស់ក្រសួង​រៀបចំ​ដែនដី នគរូបនីយ​កម្ម និងសំណង់ បង្ហាញថា មានប្រទេស​ចំនួន ៥ ដែលបាន​បោះទុន​វិនិយោគ​នៅក្នុង​សំណង់​កម្ពុជាច្រើន​ជាងគេ ក្នុងនោះ មាន​ដូចជា ប្រទេសន័រវែស ចិន ចិនតៃវ៉ាន ជប៉ុន សឹង្ហបុរី និង បារាំង។

ក្នុង​​រយៈ​ពេល​៣ខែដំបូង​​ឆ្នាំ​នេះ​ដដែល ក្រសួងគ្រប់គ្រង​ដែនដី ​បាន​​បន្ត​ផ្តល់​លិ​ខិត​​អនុញ្ញាត​សាងសង់ ​ដល់​អ្នកវិនិយោគ និង ​ប្រជាពលរដ្ឋ សរុប ប្រមាណ ៨៧៩  គម្រោង  ជាមួយ​នឹងទុន​វិនិយោគ ៥០០លាន​​ដុល្លារ​ ក្នុងនោះ នៅរាជ​ធានីភ្នំពេញ ៥៥ គម្រោង ជាមួយទុន​វិនិយោគ ៣៧៦ លានដុល្លារ និង ​នៅ​តាម​បណ្តាខេត្ត​មានគម្រោង​សរុប ៨២៤ គម្រោង ជាមួយទុន ១២៩ លានដុល្លារ​អាមេរិក។

Advertisement

ទន្ទឹមនឹង​នេះដែរ ប្រមុខដឹក​នាំកម្ពុជា ក្រុមអ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន អ្នកបម្រើ​សេវាកម្ម​អចលនទ្រព្យ​នៅកម្ពុជា សុទ្ធតែបាន​ប្រកាសជា​សាធារណៈ​ថា គ្មានសញ្ញា​អ្វីដែល​ធ្វើឲ្យរាំង​ស្ទះដល់ការ​វិនិយោគ​នៅកម្ពុជា​ឡើយ ពិសេស​វិស័យ​សំណង់ និងអចលន​ទ្រព្យនៅ​កម្ពុជា​ មិនមាន​សញ្ញាអ្វីប្រែប្រួល​នោះទេ ពិសេស​រិតតែ​បង្ហាញពីសញ្ញា​ល្អនៃការ​កើនឡើង​ជាងបណ្តា​ឆ្នាំ​កន្លង​ទៅនេះថែមទៀត​ផង។

 រីឯអ្នកវិនិយោគ​អភិវឌ្ឍន៍ ទៅលើ​សំណង់​លំនៅដ្ឋាន ក៏នៅ​តែសម្រុក ការសាង​សង់​ឥតឈប់​ឈរ ដោយមិនអើ​ពើរពីរឿង​ស្ថានភាព​បោះឆ្នោត​ជាតិ ឬក៏មាន​វិបត្តិនយោបាយ​អ្វីនោះ​ឡើយ។ ចុះសួរ​ថា ហេតុអ្វី​បានជា ពួក​អ្នកវិនិយោគ​គ្រាក់ៗទាំង​អស់នោះ មានទំនុក​ចិត្តកាន់តែ​ខ្លាំងទៅលើ​ការ​វិនិយោគនៅ​កម្ពុជា? ចម្លើយ គឺ មិនមាន​អ្វីជាតឹកតាង​ធំដុំ ដែល​​ធ្វើឲ្យអ្នក​​វិនិយោគ​​ទុក​ចិត្ត​​វិនិយោគ​​​កាន់តែខ្លាំង​នៅ​ប្រទេសកម្ពុជា​នៅពេល​នេះ និង ពេលក្រោយ លើសពី​ចម្លើយ ដែលលើក​​ឡើង​ថា ដោយសារ​ភាពជឿ​ជាក់ ស្ថេរភាព​នយោបាយ គួបផ្សំនឹង​កំណើនសេដ្ឋកិច្ច​ល្អជារៀងរាល់​ឆ្នាំ និង ភាព​ចាស់ទុំរបស់​អ្នកនយោបាយ​ខ្មែរ នោះ​ឡើយ។

គេនៅចាំ​បានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ធ្លាប់មាន​ប្រសាសន៍ នៅក្នុង​​កម្មវិធីបើក ដាក់ឲ្យ​​ដំណើរការ​សណ្ឋាគារ​ផ្កាយ៥ នៅលើ​កោះរុង នាពេល​កន្លងទៅថ្មីៗ​នេះថា កម្ពុជា​មិនមានវិបត្តិ​នយោ​បាយ​​ណាមួយកើត​ឡើងនោះទេ កម្ពុជា​កំពុងបន្ត​លើផ្លូវ​អភិវឌ្ឍន៍​របស់​ខ្លួនឆ្ពោះ​ទៅមុខ ជាមួយ​នឹង​កំណើន​​សេដ្ឋកិច្ច​ដ៏រឹងមាំ និង ការវិនិយោគ​បន្តយ៉ាង​រលួន ពិសេស​ឆ្នាំ២០១៨​នេះគឺជា​​ឆ្នាំដែលខុស​​ប្លែក​ពី​ឆ្នាំមុនៗ ពោលគឺ​តម្លៃដីធ្លី​មិនមាន​ការធ្លាក់ថ្លៃ​នោះឡើយ បើទោះបី ជាឆ្នាំបោះ​ឆ្នោត​ក៏​ដោយ។

ពាក់ព័ន្ធ​ទៅនឹងបញ្ហា​ខាងលើនេះ​ដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួងរៀប​ចំដែន​ដី នគរូប​​នីយ​កម្ម និងសំណង់ ក៏បានលើក​ឡើងនៅក្នុង​ពិធីបើក​ការដ្ឋាន​សាងសង់​គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន ឌឹផាម របស់​លោក ឧកញ៉ា សៀ ឫទ្ធី នាពេល​ថ្មីៗ​នេះថា តម្លៃ​ដីធ្លីនៅ​ឆ្នាំ២០១៨​នេះ មានស្ថានភាព​ល្អប្រសើរ ដោយនៅ​បន្តកើន​ឡើងជាគំហុក​នៅក្នុងរាជ​ធានីភ្នំពេញ និង​បណ្តា​​ខេត្ត​គោលដៅទេសចរ​សំខាន់ៗ​ ពិសេស​គឺខេត្តព្រះសីហនុ​តែម្តង។

ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់។

អ្នក​ជំនួញ ​និង ​អ្នក​វិនិយោគ​ធំៗ​​ក្នុង​ស្រុក​​មួយ​ចំនួន ក៏បាន​​អះអាង​ថា នៅក្នុង​​ឆ្នាំ​២០១៨​​ ​នេះ ស្ថាន​ភាព​​និង​ដំណើរ​ការ​សកម្មភាព​​មុខ​ជំនួញ​​របស់​ពួកគេ នៅតែ​​ដំណើរការ​​ដោយ​មិន​មាន​​ការ​ភ័យ​​ព្រួយ​ពីរឿង​ជិតបោះឆ្នោត​ជាតិនោះ​​ឡើយ គឺនៅតែ​អភិវឌ្ឍន៍​ដើម្បី​ជំរុញ​​ឲ្យ​ដំណើរ​ការ​​សេដ្ឋកិច្ច​ជាតិ​​មាន​ការ​​រីក​លូត​លាស់។

លោក​​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​​ក្រុមប្រឹក្សា​ភិបាល និង​ជា​អគ្គ​នាយក​​ក្រុមហ៊ុន WorldBridge Group បាន​​លើក​​ឡើង​ថា សម្រាប់​កម្ពុជា ការបោះឆោ្នត​ជាតិ​​នេះ​គឺ​​មិនមែន​ជា​​លើក​ទី១​​នោះ​ទេ ដូច្នេះ កម្ពុជា​មាន​ភាព​​ចាស់ទុំ​នៅ​​ក្នុង​ការ​​បោះឆោ្នត តាមរយៈ​​បទ​ពិសោធន៍​​នា​ពេល​​កន្លង​មក។ មិន​តែ​​ប៉ុណ្ណោះ តាមរយៈ​សុខ​​សន្ដិភាព​​នា​ពេល​​បច្ចុប្បន្ន លោកឧកញ៉ា​​យល់​ឃើញ​​យ៉ាង​ច្បាស់​​ថា ការ​បោះ​ឆ្នោត​ជាតិ​​លើក​ក្រោយ​​នេះ ក៏​មិន​​អាច​​ធ្វើ​ឲ្យ​មាន​​ផល​ប៉ះពាល់​​អ្វី​ធំ​ដុំ​ដល់​​វិស័យ​ជំនួញ​​នៅ​កម្ពុជា​​ដែរ។ 

លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន Worldbridge Group។

លោក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​​អះអាង​ថា តួយ៉ាង ដូចជា កាល​​ពី​ការ​បោះ​ឆ្នោត​ជាតិ​​អាណតិ្ត​​មុនៗ​ កម្ពុជា​​នៅ​តែ​រក្សា​​បាន​កំណើន​​សេដ្ឋកិច្ច​​របស់​ខ្លួន​​ដដែល ខណៈ​​វិនិយោគិន​​បរទេស​នៅ​តែ​​បាន​បន្ត​​ហូរ​ចូល​​មក​បណ្ដាក់​ទុន​​រកស៊ី​​កាន់​តែ​​ច្រើន​ឡើងៗ​​នៅ​កម្ពុជា។

លោក​​ឧកញ៉ា​​បន្ថែម​ថា ក្នុងនាម​​ជា​វិនិយោគិន​​ក្នុង​ស្រុក​​មួយ​រូប លោក​ជឿជាក់​​លើ​ការ​ដឹកនាំ​​របស់​​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​មាន​​សម្តេច​​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​ដឹកនាំ​​ប្រទេស និង ជាពិសេស ការ​ផ្ដល់​​ឱកាស​​និង​លើក​ទឹកចិត្ត​​ដល់​​​វិនិយោគិន។

ជាការអះអាង​ដូចគ្នាដែរ គឺ អ្នកអភិវឌ្ឍន៍​​គម្រោងលំនៅ​ដ្ឋានធំៗ​នៅកម្ពុជា មានដូចជា គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​របស់​ឯកឧត្តម អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលមាន​ឈ្មោះថា ឌឹ ព្រីមមៀ​ លែន សែនសុខ បាន​បោះទុន​វិនិយោគ​ជិត ១០០លានដុល្លារ​កំពុង​ដំណើរ​ការសាង​សង់ និង មានគម្រោង​វិនិយោគ​ធំៗជា​ច្រើនទៀត​កំពុងតែ​ដំណើរ​ការយ៉ាង​សស្រាក់​សស្រាំ​ផងដែរ។

ជាមួយគ្នានេះដែរ លោកឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នកអភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា និង ជាអ្នកវិនិយោគ​គម្រោង​លំនៅដ្ឋាន​ដ៏ល្បីល្បាញ​មួយនៅកម្ពុជា​ក៏ធ្លាប់អះអះ​ប្រាប់ខេម​បូណូមីស​ដែរថា មិនមានសញ្ញា​អាក្រក់ឡើយ​សម្រាប់​សុខ​ភា​ព​​​វិស័យ​​​អចលន​ទ្រព្យ​​​នៅ​ក្នុងឆ្នាំ​នេះ និងឆ្នាំក្រោយ។ ល្អត្រង់​ថា អ្នក​វិនិយោគ​​មាន​​ទំនុក​ចិត្ត​លើស្ថិរភាព​នយោបាយ និងកំណើន​​សេដ្ឋកិច្ច ​គួបផ្សំនឹង ការជឿជាក់​​លើភាព​​ចាស់​​ទុំ​នៃ​អ្នក​នយោ​បាយ​នៅកម្ពុជា។

ឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ គ្រុប (រូបថត៖ ហេង ភារម្យ)

ហើយបើ​យើងក្រឡេក​ទៅមើល​គម្រោង​អភិវឌ្ឍន៍​បុរី ប៉េង ហួត បុរីពិភពថ្មី និង គម្រោងអភិវឌ្ឍន៍​បុរីជាច្រើនទៀត​នៅកម្ពុជា ឃើញថា ដូចមិន​ចាប់អារម្មណ៍​រឿងវិបត្តិ នយោបាយ វិបត្តិសង្គម​អីនោះទេ ពួកគេ​នៅតែបន្ថែម​គម្រោង​សាងសង់ និង បន្ថែម​ល្បឿនសាងសង់​ជាបន្ត​បន្ទាប់ៗ​ដដែល។ ទាំងអស់នេះគឺបង្ហាញ​ពីទំនុកចិត្ត​នៅក្នុង​ប្រទេស​របស់ខ្លួន ដែលបាន​ថ្នាក់ដឹកនាំ​ត្រួសត្រាយ​ផ្លូវ និង រក្សាសុខ​សុវត្តិភាព និងស្ថិរភាព​​ជូនអ្នក​វិនិយោគ​ទាំងអស់​នៅកម្ពុជា មិនថា ខ្មែរ មិនថា បរទេសនោះទេ។

លោក​ឧកញ៉ា ចេង ខេង ស្ថាបនិក​ និង​ជា​អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL។

អ្នកជំនាញ​នៅក្នុងវិស័យ​អចលនទ្រព្យ​កម្ពុជា​លោក​ឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន អចលនទ្រព្យ ស៊ីភីអិល បានគូស​បញ្ជាក់​ដែរថា ក្នុងឆ្នាំ​២០១៨ នេះ មាន​សញ្ញានៃការ​កើនឡើង​នៅក្នុង​វិស័យសំណង់​ជាច្រើន​ជាពិសេស​ក្នុងរាជធានី​ភ្នំពេញ និង ខេត្តព្រះ​សីហនុ សៀមរាប និង ខេត្តផ្សេងៗនេះ។ ហើយពិសេស​ជាងនេះទៅ​ទៀតនោះ ឧកញ៉ា ចេង ខេង ដែលជា​ប្រធានក្រុម​ប្រឹក្សាភិបាល​សមាគម​អ្នកវាយ​តម្លៃនិង ភា្នក់ងារ​អចលនទ្រព្យ​កម្ពុជា បានបន្តថា នៅដើម​​ឆ្នាំនេះ គេសង្កេត​​ឃើញ​ថា ការអភិវឌ្ឍ​​វិស័យ​សំណង់​ ​​​និង​អចលន​ទ្រព្យ​​មានសន្ទុះ​កើនឡើង​​គួរឲ្យកត់​សម្គាល់​នៅ​តំបន់​ជាយៗ​រាជ​ធានីភ្នំពេញ និងទី​ប្រជុំជន​​តាម​បណ្តា​ខេត្ត​នានា។

លោកឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​សេវា​អចលនទ្រព្យ KFA។

ដោយឡែក​លោកឧកញ៉ា នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន អចលន​ទ្រព្យ KFA ក៏បាន​​ឲ្យ​ដឹងដែរ​ថា សំណង់​លំនៅ​​ដ្ឋានថ្មីៗ​កំពុងរីក​ចម្រើនខ្លាំង ស្របនឹង​​កំណើន​​សេដ្ឋកិច្ច​ខ្ពស់ ក៏អាស្រ័យ​​ដោយ​គោល​នយោបាយ​លើកទឹកចិត្ត​​របស់​រាជរដ្ឋាភិបាល​​ក្នុងការ​ជំរុញឲ្យ​មាន​ការ​អភិវឌ្ឍ សំណង់​​អគារ​ថ្មីៗ​ឲ្យបានកាន់​តែច្រើន។

លោកឧកញ៉ា បន្ថែមថា នៅឆ្នាំ​២០១៨នេះ និងឆ្នាំ​បន្តបន្ទាប់​ទៀត វិស័យសំណង់​​នៅកម្ពុជា​នឹងនៅ​តែ​បន្ត​រីកចម្រើន​ខ្លាំងក្លា​ដដែល។ យើងហ៊ាន​​អះអាង​ដូច្នេះដោយសារ​តែកម្លាំង​​ទិញ​លំនៅដ្ឋាន ការជួលអគារ​ស្នាក់នៅ និងការជួល​អគារការិយាល័យ​មានច្រើន ហើយ​តម្រូវការ​ច្រើនទាំង​អស់​នេះក៏ដោយ​សារ​តែកម្ពុជា​មានស្ថិរភាព​នយោបាយ និង​សេដ្ឋកិច្ច​​រឹងមាំដែរ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ក្ដុកក្ដួល​ចំពោះ​ការ​បណ្ដេញ​និពន្ធ​នាយក

ព័ត៌មាន
បុគ្គលិក​កាសែត​ភ្នំពេញ​ប៉ុស្ដិ៍​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហាញ​អារម្មណ៍​សោក​ស្ដាយ​ជា​ខ្លាំង បន្ទាប់​ពី​ស្ថាប័ន​របស់​ខ្លួន បាន​ប...

កម្ពុជាត្រៀមខ្លួនរួចហើយ ដើម្បីតតាំងនឹងបណ្ដឹងរបស់អ៊ីតាលី ជុំវិញរឿងអង្ករកម្ពុជាក្នុងទីផ្សារអឺរ៉ុប

ព័ត៌មាន
អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងប្រាប់ខេមបូណូមីសកាលពីពេលថ្មីៗនេះថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយទាក់ទងនឹងឯកសារផ្លូវច្បាប់ ក៏ដ...

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ