វិស័យសេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ី ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើងក្នុងឆ្នាំ២០២៤ ជំរុញដោយវិស័យកម្មន្តសាល និង ទេសចរណ៍


ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបង្ហាញរបាយការណ៍ចុងក្រោយនៅថ្ងៃទី ១១ ខែមេសា នេះថា សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ ២០២៤ និង ៦% ក្នុងឆ្នាំ ២០២៥ ដែលជំរុញដោយការរំពឹងទុកជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។
វិស័យសេដ្ឋកិច្ច
ដោយ

លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជា បាននិយាយថា ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកយ៉ាងណាក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជា កាលពីឆ្នាំ២០២៣ នូវតែមានដំណើរការល្អ ។ លោកស្រីរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ។

សម្រាប់ឆ្នាំ ២០២៤-២០២៥ សេដ្ឋកិច្ចកម្ពុជា នឹងមានការគាំទ្រកាន់តែខ្លាំងពីផលិតកម្មវិស័យកម្មន្តសាលសម្រាប់ការនាំចេញ។ អតិផរណាត្រូវបានព្យាករថានឹងបន្តនៅក្នុងរង្វង់ ២% នៅក្នុងរយៈពេល២ឆ្នាំខាងមុខ ខណៈរាជរដ្ឋាភិបាល គ្រោងអនុវត្តន៍ពង្រឹងការគ្រប់គ្រងថវិកាជាបណ្តើរៗចាប់ ពីឆ្នាំ ២០២៤ ដើម្បីស្តារឡើងវិញនូវទុនបម្រុងដែលបានស្រកចុះដោយសារការរីករាលដាលជំងឺកូវីដ១៩កន្លងមក។

ទោះបីបែបនេះក្តី បញ្ហាប្រឈមដូចជា និន្នាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល កំណើនបំណុលឯកជន ការប្រែប្រួលតម្លៃថាមពល និងភាពងាយរងគ្រោះនឹងអាកាសធាតុ អាចនឹងជះឥទ្ធិពលដល់ទស្សនវិស័យរយៈពេលវែង។

ជុំវិញបញ្ហានេះ លោកស្រី Jyotsana Varma លើកឡើងថា បញ្ហាប្រឈមទាំងនេះ នឹងបន្ថែមភាពស្មុគស្មាញ ដល់ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា។តែយ៉ាងណា លោកស្រី បានគូសបញ្ជាក់ថា កម្ពុជាកំពុងឈានទៅមុខ ជាមួយនឹងសុទិដ្ឋិនិយមប្រកបដោយ ភាពប្រយ័ត្នប្រយែង។

នៅក្នុងរបាយការណ៍ ADB ក៏បានបង្ហាញពីការរៀបចំជាយុទ្ធសាស្ត្រសម្រាប់កម្ពុជា ដើម្បីឆ្លងផុត ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច របស់អង្គការសហប្រជាជាតិ នៅឆ្នាំ ២០២៧។ ការឆ្លងផុតនេះនឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពកម្ពុជា លើឆាក អន្តរជាតិ និងភាពទាក់ទាញផ្នែកវិនិយោគរបស់ខ្លួន។ ប៉ុន្តែស្របពេលជាមួយគ្នា ការឆ្លងផុតនេះ ក៏នឹងបង្កើតបញ្ហាប្រឈមមួយចំនួន ដែលនឹងកើតចេញពីការថយចុះនៃលទ្ធភាពទទួលបានកម្ចីសម្បទាន និងការអនុគ្រោះផ្នែកពាណិជ្ជកម្មនានាដល់វិស័យមួយចំនួន ដែលបានរួមចំណែកដល់ការបង្កើតការងារ និងកំណើនសេដ្ឋកិច្ចខ្ពស់។

ដើម្បីឆ្លងផុតការផ្លាស់ប្តូរនេះប្រកបដោយប្រសិទ្ធភាព ADB បានសង្កត់ធ្ងន់ លើសារសំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការបង្កើនសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងពិភពលោក ការធ្វើពិពិធកម្ម ទីផ្សារដោយផ្តោតលើផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយ និរន្តរភាព ការវិនិយោគលើធនធានមនុស្ស និងការពង្រឹងការកៀរគរធនធានវិនិយោគក្នុងស្រុក។

បើតាមការគូសបញ្ជាក់របស់ធនាគារអភិវឌ្ឍន៍អាស៊ី វិស័យទេសចរណ៍ និងកម្មន្តសាលមិនមែនវាយនភ័ណ្ឌ គឺជាកម្លាំងចលករសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ២០២៣។ ការធ្លាក់ចុះ នៃតម្លៃប្រេងឥន្ធនៈនាំចូលបានរួមចំណែកដល់ការថមថយនៃសម្ពាធអតិផរណា។ សេដ្ឋកិច្ចត្រូវបានរំពឹងថានឹងបន្តងើបឡើងវិញ នៅក្នុងឆ្នាំនេះ និងឆ្នាំបន្ទាប់ ជាមួយការបន្តងើបឡើងវិញនៃវិស័យទេសចរណ៍ និងកំណើនដ៏រឹងមាំនៃវិស័យកម្មន្តសាល។ វិស័យកសិកម្ម សំណង់ និងអចលនទ្រព្យ ក៏ត្រូវបានរំពឹងដែរថានឹងកើនឡើងក្នុងកម្រិតមធ្យម ខណៈអតិផរណាអាចនឹងបន្តនៅទ្រឹងដោយសារតម្លៃប្រេងឥន្ធនៈសកលមានស្ថិរភាព​៕

អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេចធិបតី អះអាងថា រាជរដ្ឋាភិបាលកំពុងជួយដោះស្រាយបញ្ហាក្នុងវិស័យអចលនទ្រព្យជូនពលរដ្ឋ

ព័ត៌មាន
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្ហាញជំនឿចិត្តថា វិស័យអចលនទ្រព្យរបស់កម្ពុជានឹងមានស្ថានភាពល្អប្រសើរឡើងវិញនាពេលខាងមុខនេ…

ធនាគារ ADB លើកឡើងថា ប្រទេសចិន ដើរតួនាទីក្នុងការកំណត់កំណើននៅតំបន់ដែលកំពុងអភិវឌ្ឍន៍នៅអាស៊ីក្នុងឆ្នាំ២០២៤

ព័ត៌មាន
ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករថា កំណើននៅក្នុងតំបន់កំពុងអភិវឌ្ឍន៍នៅអាស៊ីនឹងថយចុះនៅឆ្នាំនេះ ទោះបីជាតម្រូវការក្នុងស្រុកមានភាពប្រសើរជាងមុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ