ទីក្រុង​ពាណិជ្ជកម្ម​ចិន

ផ្សារ​ទំនើប​បោះដុំ ទីក្រុង​ពាណិជ្ជ​កម្ម​កម្ពុជា-ចិន​ដ៏​ធំ​ថ្មី​មួយ​ទៀត នឹង​បើក​សម្ពោធ​ចុង​ខែ​មិថុនា


បន្ទាប់​ពី​បើក​សម្ពោធ​ឲ្យ​ដំណើរការ​ផ្សារ​ទំនើប អ៊ីអន​ទី២ (AEON 2) សែន​សុខ ដែល​ជា​ការ​វិនិយោគ​របស់​ជប៉ុន មិន​បាន​មួយ​សប្តាហ៍​ផង ចិន​ក៏​ប្រកាស​បើក​សម្ពោធ​ជា​ផ្លូវការ ផ្សារ​ទំនើប​បោះ​ដុំ​ទំនិញ ទីក្រុង​ពាណិជ្ជកម្ម ចិន-​កម្ពុជា ដ៏​ធំ​ថ្មី​មួយ​ទៀត នៅ​ចុង​ខែ​មិថុនា ឆ្នាំ​២០១៨ ខាង​មុខ​នេះ​ហើយ។ នេះ​បើ​តាម​ការអះអាង​ពី​អ្នក​តំណាង​ផ្សារ​ទំនើប​បោះដុំ ទីក្រុង​ពាណិជ្ជកម្ម កម្ពុជា-​ចិន ដែល​បាន​ប្រាប់ សារព័ត៌មាន ខេមបូណូមីស ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ។
ផ្សារ​ទំនើប​បោះដុំ ទីក្រុង​ពាណិជ្ជ​កម្ម​កម្ពុជា-ចិន​ដ៏​ធំ​ថ្មី​មួយ​ទៀត នឹង​បើក​សម្ពោធ​ចុង​ខែ​មិថុនា ២០១៨។
ដោយ

តំណាង​ផ្សារ​ទំនើប​បោះ​ដុំ​​ទំនិញ​ដដែល​រូប​នេះ បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ ”ផ្សារ​ទំនើប​បោះដុំ​ទំនិញ​នេះ​មាន​កម្ពស់​២​ជាន់ ២​អគារ គ្រោង​នឹង​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២១ ចុង​ខែ​នេះ​ហើយ ដោយ​មាន​ការ​ចូលរួម​សម្ពោធ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា”។ 

ផ្សារ​ទំនើប​បោះដុំ នៅ​ក្នុង​ទីក្រុង​ពាណិជ្ជកម្ម កម្ពុជា-ចិន ជា​តំបន់​អភិវឌ្ឍន៍​ថ្មី​មួយ​ដែល​មាន​ការ​សាងសង់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ប្រមាណ ៥៤​ហិកតា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ត្រង់​ចំណុច គីឡូម៉ែត្រ​លេខ​២៣ សង្កាត់​ចោមចៅ រាជ​ធានី​ភ្នំពេញ។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ ពិសេស ខុស​ប្លែក​ពី​ផ្សារ​ទំនើប​ដទៃ​ទៀត​នៅ​កម្ពុជា គឺ​នៅ​ផ្សារ​ទំនើប​បោះដុំ​នេះ មាន​លក់​ផលិតផល​បោះដុំ​ដ៏​ធំ​ តែផ្ដោត​ទៅ​លើ​គ្រឿង​សង្ហារិម គ្រឿង​សំណង់ និង​គ្រឿង​តុបតែង​បំពាក់​សម្ភារៈ​គេហដ្ឋាន​តែ​ប៉ុណ្ណោះ ដែល​ទំនិញ​ទាំង​អស់​នឹង​នាំចូល​ពី​ប្រទេស​ចិន​ផ្ទាល់​តែ​ម្តង។

រូបភាព​តំណាង​នៃ​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​កម្ពុជា-​ចិន នៅ​ចោមចៅ។

យ៉ាងណា​ក៏​ដោយ តំណាង​ផ្សារ​​ទំនើប​ខាង​លើ មិន​បាន​ប្រាប់​ពី​ទំហំ​ទឹក​ប្រាក់​នៃ​ការ​វិនិយោគ​ច្បាស់​លាស់​នោះ​ទេ ដោយ​គាត់​បាន​បញ្ជាក់​ថា ការ​វិនិយោគ​សាងសង់​មិនមែន​មាន​តែ​ផ្សារ​ទំនើប​នោះ​ទេ ក៏​មាន​ដែរ នូវ​គម្រោង​វិនិយោគ​សាងសង់​ផ្ទះ​ល្វែង​នៅ​ក្នុង​គម្រោង​ទីក្រុង​ពាណិជ្ជកម្ម​កម្ពុជា-​ចិន ខាង​លើ​នេះ​ដែរ ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​រយៈពេល​ពីរ​-បី​ឆ្នាំ​ចុង​ក្រោយ​នេះ ប្រទេស​កម្ពុជា​ទទួល​បាន​ការ​ទាក់ទាញ​វិនិយោគិន​ពី​ក្រៅ​ប្រទេស​ជាច្រើន ដែល​បាន​មក​បោះទុន​វិនិយោគ​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​ក្នុង​វិស័យ​សំខាន់ៗ​មួយ​ចំនួន ដូចជា វិស័យ​ឧស្សាហកម្ម សេវាកម្ម សំណង់ អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ  និង វិស័យ​លក់​រាយ ជាដើម។

នៅក្នុង​ចំណោម​វិនិយោគ​ទាំង​អស់​នៅ​កម្ពុជា ចិន​នាំ​មុខគេ​ក្នុង​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ពិសេស វិនិយោគ​ទៅ​ក្នុង​វិស័យ​សំណង់។

តើ​សំណង់​ចិន និង​ការ​វិនិយោគ​របស់​ចិន​ក្នុង​វិស័យ​នេះ មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​អ្វី​ខ្លះ?

តាម​ពិត​ទៅ ចិន​គឺ​ជា​វិនិយោគិន​ធំ​ជាង​គេ​បំផុត​ក្នុង​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​រយៈពេល​១៧​ឆ្នាំ​មកនេះ ពោល គឺ​មាន​គម្រោង​ជាង ១២១​គម្រោង ដែល​គិត​ជា​ទឹក​ប្រាក់​មាន​ប្រមាណ​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក។ នេះ​បើ​យោង​តាម​របាយការណ៍ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅកាត់​ថា ស៊ី ឌី ស៊ី។

ក្រុម​អ្នក​ជំនាញ​តាមដាន​សង្គម​និង​សេដ្ឋកិច្ច បាន​អះអាង​ថា ការ​រីក​លូតលាស់​នៃ​វិស័យ​សំណង់​របស់​ចិន​នៅ​កម្ពុជា ដូចជា អគារ​ខ្ពស់ បុរី ខុនដូ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ ​ទាំងនៅ​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហនុ បាន​បង្កើត​ការងារ​ដល់​កម្មករ​ខ្មែរ​ប្រមាណ​​ជាង ២៥​ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃ។ 

យ៉ាង​នេះ​ក្តី ការ​វិនិយោគ​របស់​ចិន​ក៏​បាន​ផ្តល់​ផល​អវិជ្ជមាន​មួយ​ចំនួន​ផង​ដែរ ដែល​ទាមទារ​ឲ្យ​មាន​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់ ទៅ​លើ​ច្បាប់ បទ​បញ្ជា​ផ្ទៃក្នុង​ផ្សេងៗ​របស់​ប្រទេស​កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នគរបាលចរាចរណ៍នឹងរឹតបន្តឹងឲ្យអ្នកដំណើរពាក់មួកសុវត្ថិភាពមានស្តង់ដារ

ព័ត៌មាន
បន្ទាប់ពីរឹតបន្តឹងច្បាប់ចរាចរណ៍ បច្ចុប្បន្ន អ្នកដំណើរនៅកម្ពុជាពី៨៥ទៅ៩០% បានពាក់មួកសុវត្ថិភាពហើយ តែមួកដែលកំពុងចរាចរណ៍នៅក្នុងទីផ្សារ គឺភា…

ការប្រកួតប្រជែងពានរង្វាន់បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានកម្ពុជា ឆ្នាំ២០១៨ ពន្យាពេលទទួលពាក្យដល់ថ្ងៃទី ៧ ខែមិថុនា

ព័ត៌មាន
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសថា កម្មវិធីប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មានកម្ពុជា ២០១៨ (Cambodia ICT …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ