ការវិនិយោគពីចិន

ចិន ជួលដីកំពង់ផែស្វយ័តភ្នំពេញ ក្នុង​ខណ្ឌឬស្សីកែវ សង់មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ១ពាន់លានដុល្លារ


នៅឆ្នាំ២០១៩ខាងមុខនេះ គេនឹងបានឃើញអគារពាណិជ្ជកម្មចម្រុះដ៏ធំមួយ ដែលមានការវិនិយោគដោយក្រុមហ៊ុនចិន នឹងលេចរូបរាងឡើងនៅក្នុងទឹកដីសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ បើតាមអ្នកគ្រប់គ្រងគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម TRIUMPH (ថ្រាយ អ៊ឹម) នេះបានឲ្យដឹងថា គម្រោងនេះ​គ្រោង​នឹង​ចំណាយទឹកប្រាក់សរុបប្រមាណ ១ពាន់លានដុល្លារអាមេរិក ដោយជួលដីពីកំពង់ផែស្វយ័តភ្នំពេញ​សម្រាប់​ការសាងសង់​។
រូបគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម TRIUMPH
ដោយ

តាមផែនការ គម្រោងនេះ ដំណាក់​កាល​ដំបូង​​នឹងសាង​សង់​រួចនៅ​ចុងឆ្នាំ ២០១៩ និងគ្រោង​សាង​សង់​បញ្ចប់​រួច​រាល់ នៅចុង​ឆ្នាំ២០២០។

ឯកឧត្តម ហ៊ឺ បាវី ប្រតិភូ​រាជរដ្ឋា​ភិបាល​​ទទួល​បន្ទុក​​ជាប្រធាន​​អគ្គនាយក​​កំពង់ផែ​ស្វយ័ត​ភ្នំពេញ ​បាន​លើកឡើងថា គម្រោង​អភិវឌ្ឍន៍​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ ត្រូវបាន​ចូលរួមគាំទ្រ​​ដោយ​កំពង់ផែស្វយ័ត​ភ្នំពេញ​ ដោយ​ទីតាំង​គម្រោង​ដែល​មាន​ផ្ទៃដី ១០ហិកតា និងចម្ងាយ​៤គីឡូ​​ម៉ែត្រ​ពីរាជ​ធានី​ភ្នំពេញនេះ​ ដើម​ឡើយជាទីតាំង​សម្រាប់​ស្ដុកទុក​សម្បក​កុងតឺន័រ​​របស់​កំពង់ផែ​ស្វយ័ត​​ភ្នំពេញ ប៉ុន្ដែ តាំងពី​ឆ្នាំ២០១៣មក​ ទីតាំងនេះ ពុំមាន​ការប្រើប្រាស់​ច្រើន​នោះទេ ដោយសារ​តែកំពង់​ផែស្វយ័ត​ភ្នំពេញ បានផ្ទេរ​ប្រតិបត្តិការ​លើក​ដាក់កុងតឺនឺ​របស់​ខ្លួនស្ទើរ​តែទាំង​ស្រុង ​ទៅចំណត​នៅស្រុក​កៀន​ស្វាយ ខេត្ត​កណ្ដាល​វិញ។ 

ឯកឧត្តម បន្ថែមថា លុះក្រោយមក ខាងកំពង់ផែ​ស្វយ័ត​ភ្នំពេញ​បានចាប់ដៃគ្នា​ជាមួយ​នឹងក្រុមហ៊ុន​ចិន YUNNAN SHENGMAO INVESTMENT ដោយបានជួល​ទីតាំង​​ដែល​មាន​ទំហំដី ១០ហិកតានេះ ទៅឲ្យ​ក្រុមហ៊ុន​ចិន ដើម្បីអភិវឌ្ឍ​​គម្រោង​​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏ធំ​​នៅ​កម្ពុជា។

បើតាម​ប្រធាន​អគ្គនាយក​​កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ដដែល​រូបនេះ បានបញ្ជាក់​ឲ្យដឹងថា គម្រោងនេះ គឺបាន​សិក្សា​​អស់​រយៈពេល​ ២ឆ្នាំមក​ហើយ ទើបឈាន​ដល់​ការបើក​សាងសង់​នៅពេល​នេះ ហើយ​ឯកឧត្តមសង្ឃឹមថា វានឹងផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​ពាណិជ្ជករ ក្នុងស្រុក ក៏ដូចជា​ពលរដ្ឋ​ទូទៅ​​តាមរយៈ​ការផ្ដល់​ការងារ និងមុខរបរ​ ដែល​មាននៅ​ក្នុង​គម្រោងនេះ។ 

រូបគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម TRIUMPH

លោក Chen TAI AN ប្រធាន​អគ្គនាយក​ក្រុមហ៊ុន YUNNAN SHENGMAO INVESTMENT បានឲ្យដឹងថា គម្រោង​អភិវឌ្ឍន៍​មជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​ TRIUMPH នេះ ត្រូវបាន​សម្រេចចាប់ផ្ដើម​​សាងសង់​​ឡើង ក្រោយ​ពីមាន​កិច្ចព្រមព្រៀង​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន និង​កំពង់ផែស្វយ័ត​ភ្នំពេញ កាលពី​ឆ្នាំ​២០១៦ មកម្លេះ ហើយគម្រោង​នេះ គឺធ្វើឡើង​ស្របតាម​គម្រោង​យុទ្ធសាស្ត្រ​​ខ្សែ​ក្រវាត់​មួយ ផ្លូវមួយ​របស់​រដ្ឋា​ភិបាល​ចិន​ផងដែរ។  

រូបគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម TRIUMPH

តាម​ការអះអាងពី ប្រធាន​អគ្គនាយក​ក្រុមហ៊ុនចិន​​ដដែល​នេះ បាន​គូសបញ្ជាក់​ទៀតថា គម្រោងនេះ នឹងក្លាយជា​មជ្ឈមណ្ឌល​​បោះដុំ​អន្តរជាតិ​​ដ៏ធំមួយ​នៅកម្ពុជា និងជាមជ្ឈ​មណ្ឌល​ទេសចរណ៍ និងកម្សាន្ត​​ខ្នាតអន្តរ​ជាតិ​ដ៏ធំ​មួយ​ផងដែរ ខណៈដែល​គម្រោង​នេះ នឹងមាន​ក្រុមហ៊ុន​​ជាង ១ម៉ឺន​ក្រុមហ៊ុន និង​មុខទំនិញ​ជាង ១០ម៉ឺនមុខ នឹងមាន​ប្រតិបត្តិការ​លក់​នៅក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ។ 

បើតាមព័ត៌មាន​ពីក្រុមហ៊ុន​អភិវឌ្ឍន៍​គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម TRIUMPH នេះ បានឲ្យដឹងថា ការជួលដីពី​កំពង់ផែស្វយ័តភ្នំពេញ​មានរយៈពេល ៥០​ឆ្នាំ​​ ប៉ុន្ដែ តម្លៃនៃការជួលប៉ុន្មាននោះ មិនមានព័ត៌មានបង្ហាញនៅឡើយទេ។ 

រូបគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម TRIUMPH
រូបគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម TRIUMPH

ប៉ុន្ដែ កាលពីពេល​កន្លង​ទៅថ្មីៗ​នេះដែរ កំពង់ផែ​ស្វយ័ត​ភ្នំពេញ ដែលមាន​ចុះបញ្ចី​ក្នុងផ្សារ​ហ៊ុនកម្ពុជា​នោះ ក៏ទើបតែ​បានចុះកិច្ច​ព្រមព្រៀង​ជួលដី តាម​បណ្ដោយ​បឹង​ទន្លេសាប ដែល​មានទំហំ ជិត១០ហិកតា ទៅឲ្យក្រុមហ៊ុន​ចិន​មួយ​ផងដែរ ដែលមាន​កុងត្រា​រយៈពេល​ ​៥០ឆ្នាំ ក្នុងតម្លៃ​ជាទឹក​ប្រាក់ ១៦,៥លាន​ដុល្លារ​អាមេរិក​។ ហើយ​បើតាម ការដាក់​ស្លាកប៉ាណូ​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន ដែល​ដាក់​ព័ទ្ធជុំវិញ​ដីនោះ ក្រុមហ៊ុន​ចិន​ដែលបានជួលដីនេះ ទំនង​​នឹងធ្វើការ​សាងសង់​​អគារ​សណ្ឋាគារ​​លំដាប់​ផ្កាយ​៥ នៅទីនោះ។

គួរបញ្ជាក់ដែរថា កាលពីខែ​មេសា​កន្លងទៅនេះ បើតាម​ការផ្សព្វផ្សាយ​របស់​គណៈកម្មា​ធិការ​​វិនិយោគ​​កម្ពុជា នៃ​​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍​កម្ពុជា ក្រុមហ៊ុន YUNNAN SHENGMAO INVESTMENT (CAMBODIA) CO.,LTD ត្រូវបាន​​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ បាន​​សម្រេច​​​ចេញ វិញ្ញាប​នប័ត្រ​​​ចុះ​បញ្ជី​​ជា​​ស្ថាពរ សម្រាប់​​គម្រោង​​សំណើ​សុំ​​វិនិយោគ​​មជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម TRIUMPH កម្ពុជា។ គម្រោង​​នេះ មាន​​ទីតាំង​​វិនិយោគ​​ស្ថិតនៅ​​ភូមិ​​បឹង​​សាឡាង សង្កាត់​​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ មាន​ទុន​​វិនិយោគ​​ចំនួន ៩៩​​​លាន​​ដុល្លារ​​អាមេរិក និង​អាច​​​បង្កើត​​​ការងារ​​​បាន​​ចំនួន ១.១០១​កន្លែង៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការលក់ដូរតាមអនឡាញ កំពុងពេញនិយមខ្លាំងនៅកម្ពុជា

ព័ត៌មាន
បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក ដែលជាប្រព័ន្ធទំនាក់ទនងដ៏មានប្រជាប្រិយភាពរបស់ពិភពលោក បានចូលមកដល់កម្ពុជា ការលក់ដូរតាមហ្វេសប៊ុក ក៏បានចាប់ផ្ត…

ស្ដាប់​អ្នក​រស់នៅក្នុងបុរី ប៉េង ហួត និយាយ​ពី​បញ្ហា​សន្តិសុខ​និង​សុវត្ថិភាព​នៅក្នុង​បុរី!

ព័ត៌មាន
គម្រោង បុរី ប៉េង ហួត នីមួយៗ តែងមានសន្ដិសុខគ្រប់ច្រកល្ហក ដើម្បីរៀបចំសណ្តាប់ធ្នាប់នៅក្នុងបុរី និងការពារសុវត្ថិភាពរបស់អ្នករស់នៅក្នុងបុរីទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ