រោងចក្រ​កែច្នៃ​ដំឡូង​មី

ក្រុមហ៊ុន​ចិន​ហុងកុង​មួយ​គ្រោង​បើក​រោងចក្រ​កែច្នៃ​ដំឡូង​មី ២០​កន្លែង​នៅ​កម្ពុជា


ក្រុមហ៊ុន Green Leader Holdings Group Limited ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​នឹង​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាល​ពី​ពេល​ថ្មីៗ​នេះ ដោយ​សន្យា​ថា នឹង​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូង​មី ឲ្យ​បាន​យ៉ាង​តិច ៣​កន្លែង​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៨​នេះ ហើយ​គ្រោង​ពង្រីក​រោងចក្រ​បន្ថែម​ឲ្យ​បាន​រហូត​ដល់ ២០​កន្លែង នៅ​ក្នុង​រយៈពេល​៥​ឆ្នាំ។
ក្រុមហ៊ុន Green Leader Holdings Group Limited ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង គ្រោង​សង់​រោងចក្រ​កែច្នៃ​ដំឡូង​មី ២០​កន្លែង នៅ​កម្ពុជា ក្នុង​ពេល ៥​ឆ្នាំ។
ដោយ

ទោះ​យ៉ាង​ណា បច្ចុប្បន្ន គម្រោង​រោងចក្រ​ទី១​របស់​ក្រុមហ៊ុន​នេះ បាន​ទិញ​ដី​និង​គ្រោង​សាងសង់​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់ កំពុង​ជាប់​វិវាទ​ក្ដីក្ដាំ ដោះស្រាយ​មិន​ទាន់​ចេញ​នៅ​ឡើយ។ ដ្បិតតែ​យ៉ាង​នេះ​ក៏​ដោយ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​នេះ​បង្កើត​រោងចក្រ​ទី១​របស់​ខ្លួន​ឲ្យ​បាន​ឆាប់ និង​ឈាន​ទៅ​ពង្រីក​រោងចក្រ​បន្ត​បន្ទាប់​ទៀត​ឲ្យ​បាន​៤​កន្លែង​នៅ​ឆ្នាំនេះ​។ 

ប៉ុន្ដែ ប្រធាន​ក្រុមហ៊ុន​ចិន​ហុងកុង​មួយ​នេះ ក៏​បាន​ស្នើ​នៅ​មុខ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ថា សុំ​បង្កើត​ត្រឹម​តែ ៣​រោងចក្រ​សិន​បាន​ហើយ​ក្នុង​ឆ្នាំ​២០១៨​នេះ ខណៈ​ដែល​រោងចក្រ​ទី១ នឹង​ត្រូវ​បង្វែរ​ទៅ​សាងសង់​នៅ​ខេត្ត​ត្បូងឃ្មុំ​វិញ ក្រោយ​ពី​ខាង​ក្រសួង​កសិកម្ម​បាន​ជួយ​ស្វែងរក​ទីតាំង​ជូន។ 

បើតាម​ការ​អះអាង​ពី​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Green Leader Holdings Group Limited គឺ​លោក Michael Tse បាន​ឲ្យ​ដឹង​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន នា​ពេល​កន្លង​មក ឃើញ​ថា កម្ពុជា​មាន​សមត្ថភាព​ក្នុង​ការ​ផលិត​ដំឡូង​មី​បាន​ក្នុង​បរិមាណ​ច្រើន ប៉ុន្ដែ កម្ពុជា​នៅ​មាន​ភាព​ខ្វះខាត​មួយ​ចំនួន​លើ​ផ្នែក​បច្ចេកទេស​ដាំដុះ។ ដូច្នេះ​ហើយ ទើប​ក្រុមហ៊ុន Green Leader នឹង​ជួយ​កសិករ​ខ្មែរ តាំង​ពី​ការដាំ​ដុះ ថែទាំ រហូត​ដល់​ការ​ប្រមូល​ផល​លក់​លើ​ទីផ្សារ ដោយ​មាន​ផ្ដល់​នូវ​ជំនួយ​បច្ចេកទេស និង​មាន​ការ​ផ្ដល់​ទុន​កម្ចី អត្រា​ការ​ប្រាក់​ទាប​សម្រាប់​កសិករ​ប្រមាណ​តែ ៦ ទៅ ៨% ប៉ុណ្ណោះ ក្នុង​មួយ​ឆ្នាំ។

លោក Michael បន្ថែម​ថា រោងចក្រ​ទី១​នឹង​ត្រូវ​សាងសង់​ឡើង​ឆាប់ៗ​នេះ នៅ​លើ​ទឹកដី​ខេត្ត​ត្បូងឃ្មុំ ដែល​រោងចក្រ​នីមួយៗ​ត្រូវ​បាន​សាងសង់​លើ​ផ្ទៃ​ដី​ប្រមាណ ២០​ហិកតា ជាមួយ​នឹង​ទុន​វិនិយោគ​ខ្ទង់ ២០​លាន​ដុល្លារ ខណៈ​ដែល​រោងចក្រ​បន្ទាប់​ទៀត អាច​នឹង​សាងសង់​ឡើង​នៅ​ខេត្ត​ត្បូងឃ្មុំ​ដដែល ហើយ​អាច​​នឹង​សាងសង់​នៅ​ស្រុក​ស្នួល ខេត្ត​ក្រចេះ ខេត្ត​ស្ទឹងត្រែង ពោធិ៍សាត់ និង​មណ្ឌលគិរី ជាដើម ក្រោម​ការ​ចង្អុល​បង្ហាញ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។ 

លោក​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ឥឡូវនេះ ក្រសួង​កសិកម្ម​បាន​ជួយ​រក​ទីតាំង​ឲ្យ​ក្រុមហ៊ុន​បាន​រួចរាល់​ហើយ គឺ​នៅ​ខេត្ត​ត្បូងឃ្មុំ ហើយ​ខាង​ក្រុមហ៊ុន​លោក​ក៏​បាន​​សម្រេច​ជ្រើស​យក​ទីតាំង​នោះ​ដែរ។ បច្ចុប្បន្ន ក្រុមហ៊ុន Green Leader កំពុង​ជីក​អណ្ដូង​ដើម្បី​រក​ប្រភព​ទឹក និង​ធ្វើ​ឲ្យ​ប្រាកដ​ថា ទីនោះ​មាន​ទឹក​គ្រប់គ្រាន់​ដើម្បី​ប្រើប្រាស់​លើ​ដំណើរការ​កែច្នៃ​របស់​រោងចក្រ។ បើ​សិន​ជា​ប្រភព​ទឹក​នៅ​ទីនោះ​មាន​គ្រប់គ្រាន់​តាម​តម្រូវការ នោះ​នឹង​ត្រូវ​ចាប់​ផ្ដើម​សាងសង់​រោងចក្រ​តែ​ម្ដង ពោល គឺ​អាច​ថា នឹង​ចាប់​ផ្ដើម​នៅ​ចុង​ខែ​កុម្ភៈ ឬ​ដើម​ខែ​មីនា ខាង​មុខនេះ។ 

បើ​តាម​ការ​គូស​បញ្ជាក់​​ពី​លោក Michael ការ​សាងសង់​រោងចក្រ​នេះ អាច​នឹង​ចំណាយ​ពេល​ប្រមាណ​តែ​៩​ខែ​ប៉ុណ្ណោះ ដូច្នេះ បើ​មិន​មាន​អ្វី​​ប្រែប្រួល​​ទេ រោងចក្រ​​កែច្នៃ​​ដំឡូង​​​មី​ទី១​នៅ​ខេត្ត​ត្បូងឃ្មុំ​នេះ នឹង​អាច​បើក​ដំណើរការ​រោងចក្រ​នៅ​ចុង​ឆ្នាំ​២០១៨ ខណៈ​ដែល​រោងចក្រ​ពីរ​ទៀត ក៏​នឹង​ត្រូវ​សាងសង់​នៅ​ឆ្នាំ​នេះ​ដែរ និង​បន្ត​ពង្រីក​ជា​បន្ត​បន្ទាប់​ឲ្យ​បាន​ដល់​ ២០​រោងចក្រ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ដែរ​ថា នៅពេល​ដែល​រោងចក្រ​ទាំង​២០​របស់​ក្រុមហ៊ុន​ចិន Green Leader ត្រូវ​បាន​បង្កើត​ឡើង​មែន​នោះ​ នឹង​ជួយ​សម្រួល​បាន​ច្រើន​ដល់​ទីផ្សារ​ដំឡូង​មី​កម្ពុជា ខណៈ​ដែល​​រោងចក្រ​នីមួយៗ​ក្នុង​មួយ​ឆ្នាំៗ អាច​មាន​សមត្ថភាព​បញ្ជា​ទិញ​ដំឡូង​មី​ស្រស់ ពី​កសិករ​បាន​ប្រមាណ​កន្លះ​លាន​តោន និង​អាច​កែច្នៃ​ធ្វើ​ម្សៅ​មី​បាន ១០​ម៉ឺន​តោន កែច្នៃ​ចំណី​សត្វ ៥​ម៉ឺន​តោន និង​កាក​សំណល់ ក៏​ត្រូវ​បាន​យក​ប្រើប្រាស់​ជា​ប្រយោជន៍​ផ្សេង​ទៀត​ផង​ដែរ។ 

បើតាម​ការ​គូស​បញ្ជាក់​ពី​ឯកឧត្តម វេង សាខុន មក​ទល់​ពេល​នេះ ក្រុមហ៊ុន​​នេះ​បាន​និង​កំពុង​ដឹក​ជញ្ជូន​គ្រឿង​យន្ដ​កសិកម្ម​ប្រមាណ ១០០​គ្រឿង​មក​ដល់​កម្ពុជា​រួច​ហើយ ព្រម​ជាមួយ​សម្ភារៈមួយ​​ចំនួន​សម្រាប់​សាងសង់ និង​ប្រើប្រាស់​ក្នុង​រោងចក្រ​ក៏​បាន​ដឹក​មក​ដល់​កម្ពុជា​រួច​ទៅ​ហើយ​ដែរ។ 

ឯកឧត្តម​​បាន​​បន្ថែម​​ទៀត​ថា ក្រុមហ៊ុន​នេះ​ក៏​បាន​ទទួល​កម្ចី​ពី​ធនាគារ​បរទេស​រួច​រាល់​ហើយ ដើម្បី​ត្រៀម​យក​​មក​ប្រើប្រាស់​លើ​ការ​សាងសង់​រោងចក្រ ដូច្នេះ ទោះបី​ពួកគេ​មិន​ទាន់​បាន​ធ្វើ​​រោងចក្រ ក៏​​ត្រូវ​​ខាង​​ធនាគារ​គិត​​ការ​ប្រាក់​រួច​ទៅ​ហើយ ដូច្នេះ ចង់ ឬ​មិន​ចង់ ពួកគេ​នឹង​ត្រូវ​ជំរុញ​ការ​អភិវឌ្ឍ​នូវ​ប្រព័ន្ធ​​ហេដ្ឋា​​រចនា​សម្ព័ន្ធ ពិសេស ការ​សាងសង់​​បង្កើត​​រោងចក្រ និង​​កែច្នៃ​ដំឡូង​​​មី​​នៅ​កម្ពុជា​ឲ្យ​បាន​លឿន​បំផុត។ 

សូម​​ជម្រាប​​ថា បើ​​តាម​​ការ​​អះអាង​​​ពី​រដ្ឋមន្ត្រី​​ក្រសួង​កសិកម្ម បច្ចុប្បន្ន ទីផ្សារ​ដំឡូង​មី​នៅ​ឆ្នាំ​នេះ មាន​ភាព​ល្អ​ប្រសើរ​ច្រើន​សម្រាប់​កសិករ ពោល​គឺ​តម្លៃ​ដំឡូង​មី​ស្រស់​មាន​ប្រមាណ ៣៤០​រៀល​ក្នុង​១​គីឡូក្រាម ខណៈ​ដែល​ឆ្នាំ​មុន​ មាន​តែ​ជាង ១០០​រៀល​ប៉ុណ្ណោះ។ ជាមួយ​គ្នា​នេះ ការ​ដាំដុះ​ដំឡូង​មី​របស់​កម្ពុជា មាន​ប្រមាណ​១៤​លាន​តោន​ក្នុង​មួយ​ឆ្នាំ លើ​ផ្ទៃ​ដី​ជាង ៧០​ម៉ឺន​ហិកតា ខណៈ​ដែល​រោងចក្រ​កែច្នៃ​ដំឡូង​មី​មាន​ប្រមាណ​តែ ៤​រោងចក្រ​ប៉ុណ្ណោះ ក្នុង​នោះ​ក៏​មាន​រោងចក្រ​ខ្លះ​ក៏​កំពុង​ប្រឈម​នឹង​ការ​ក្ស័យ​ធន​ផង​ដែរ។ ដូច្នេះ កម្ពុជា​ត្រូវការ​រោងចក្រ​កែ​ច្នៃ​ជាច្រើន​ទៀត​ដើម្បី​កែច្នៃ និង​នាំ​ចេញ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


បញ្ហា​ធំ​ពីរ​ដែល​អ្នក​ជំនាញ​មើល​ឃើញថា កំពុង​ប្រឈម​ដល់​ការអភិវឌ្ឍ​ទីក្រុង

ព័ត៌មាន
រាជ​ធានី​ភ្នំពេញ​ ក្នុង​ពេល​​១​ទសវត្សរ៍​ចុង​ក្រោយ​នេះ បាន​និង​កំពុង​ពង្រីក​ខ្លួន​យ៉ាង​លឿន ហើយ​ចំនួន​ប្រជាជន​សរុប​ត្រូវ​បាន​ព្យាករ​ថា …

១០​ឆ្នាំ​ចុង​ក្រោយ​នេះ ស្ដ្រី​ខ្មែរ​ចេះ​រក​ស៊ី​ច្រើន​ជាង​មុន

ព័ត៌មាន
ស្រ្តី​ខ្មែរ ដែល​ចូលចិត្ត​ធ្វើ​ស្រែ​ចម្ការ​និង​ការងារ​ថែទាំ​គ្រួសារ​នៅ​ពេល​កន្លង​មក បាន​​អភិវឌ្ឍ​ខ្លួន​ចេញ​មក​បង្កើត​អាជីវកម្មកាន់​តែ​​ច្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ