Advertisement
កសិកម្ម-​ដំឡូង​មី

តម្លៃ​ដំឡូង​មី​ឆ្នាំ​នេះ​ហាក់​ផ្ដល់​ក្ដី​សង្ឃឹម​ឡើង​វិញ​សម្រាប់​កសិករ


ផលិតផល​ដំឡូងមី ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កសិផល​សំខាន់ និង​មាន​ការ​ដាំដុះ​ច្រើន​ជាង​គេ​លំដាប់​ទី​២​នៅ​កម្ពុជាប​ន្ទាប់​ពី​ស្រូវ។ យ៉ាង​ណា​មិញ ទីផ្សារ​ដំឡូង​មី​សម្រាប់​រយៈពេល​៩​ខែ​នៅ​ឆ្នាំ​នេះ បាន​បង្ហាញ​នូវ​សញ្ញា​ល្អ​សម្រាប់​ប្រជា​កសិករ ខណៈ​ដែល​តម្លៃ​មាន​ភាព​សម​ប្រកប​ជាង​ឆ្នាំ​ទៅ​មិញ។
កសិករ​ដាំ​ដំឡូង​មី​ជួប​បញ្ហា​ធំ​ដោយសារ​តែ​តម្លៃ​ដំឡូងមី​ស្រស់​ចុះ​ថោក​ខ្លាំង។ រូបភាព៖ Facebook
ដោយ
អំពី ដំឡូងមី 139
Advertisement

របាយការណ៍​ពី​អគ្គនាយដ្ឋាន​កសិកម្ម បាន​បង្ហាញ​ថា គិត​ចាប់​ពី​​ខែ​មករា ដល់​ខែ​កញ្ញា ឆ្នាំ​២០១៧​នេះ ការនាំចេញ​ផលិតផល​ចំណិត​ដំឡូង​មី​ក្រៀម ទៅ​កាន់​ទីផ្សារ​បរទេស​មាន​ប្រមាណ​ជាង ២,៣​លាន​តោន ខណៈ​ដែល​ការ​នាំចេញ​ដំឡូង​មី​ស្រស់​វិញ​មាន​រហូត​ដល់​ជាង ៧៥​ម៉ឺន​តោន។ ក្នុង​នោះ ប្រទេស​ថៃ​និង​វៀតណាម ត្រូវ​បាន​ចាត់​ទុក​ថា ជា​ទីផ្សារ​ធំ​បំផុត​ក្នុង​ការ​នាំចេញ​ផលិត​ផល​ដំឡូង​មី​របស់​កម្ពុជា ខណៈ​ដែល​ទីផ្សារ​នាំចេញ​ទៅ​ចិន​ផ្ទាល់​ហាក់​នៅ​មាន​តិចតួច​នៅ​ឡើយ។ 

យ៉ាង​ណា​ក៏​ដោយ ទីផ្សារ​ចិន​គឺ​ជា​អ្នក​បញ្ជា​ទិញ​កសិផល​ដំឡូង​មី​ច្រើន​ជាង​គេ​បង្អស់​នៅ​ទូទាំង​ពិភពលោក។ ជាមួយគ្នា​នេះ​ដែរ នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ផលិតផល​ដំឡូងមី ក៏​ត្រូវ​បាន​ទទួល​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​សំណាក់​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ តួយ៉ាង កាល​ពី​ពេល​ថ្មីៗ​នេះ ការ​បង្កើត​វេទិកា​ផ្សព្វផ្សាយ​ស្ដីពី​ផលិតផល​ដំឡូង​មី ត្រូវ​បាន​ក្រសួង​ពាណិជ្ជកម្ម​ប្រារព្ធ​ឡើង​ជា​បន្ត​បន្ទាប់។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ក៏​ធ្លាប់​បាន​លើក​ឡើង​ដែរ​ថា នៅ​ឆ្នាំ​នេះ ផ្ទៃ​ដី​ដាំដុះ​ដំឡូង​មី​មាន​ប្រមាណ ៦០​ម៉ឺន​ហិកតា ហើយ​ផលិត​ផល​ដំឡូង​មី​នេះ​ទៀត​សោត គឺ​ជា​ផលិតផល​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ និង​កំពុង​មាន​តម្រូវការ​ច្រើន​លើ​ទីផ្សារ​ពិភពលោក។ 

ឯកឧត្ដម​បាន​គូស​បញ្ជាក់​ថា ដំឡូង​មី អាច​យក​ទៅ​ផលិត​សម្រាប់​ធ្វើ​ជា​អាហារ​សម្រាប់​មនុស្ស ចំណីសត្វ អេតាណុល និង​ផលិត​ជា​សម្ភារៈ​ប្រើប្រាស់​ផ្សេង​ទៀត ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ លើស​ពី​នេះ ផលិតផល​​នេះ អាច​​រក្សា​​ទុក​​បាន​​យូរ​​មិន​ងាយ​ខូច​​ដូច​បន្លែ ផ្លែ​ឈើ ឬ​កសិផល​​ផ្សេង​​ទៀត​​នោះ​​ទេ។

បើតាម​អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​កសិកម្ម លោក ច័ន្ទ សុផល បាន​លើក​ឡើង​ថា ទីផ្សារ​ដំឡូង​មី​ឆ្នាំ​នេះ ហាក់​បង្ហាញ​នូវ​សញ្ញា​ល្អ​សម្រាប់​កសិករ ដោយសារ​តម្លៃ​ដំឡូង​មី​ស្រស់​១​គីឡូក្រាម មាន​តម្លៃ​ជុំវិញ​៣០០​រៀល ខណៈ​ដែល​កាល​ពី​ឆ្នាំ​មុន មាន​តម្លៃ​ប្រមាណ​តែ​១៥០​រៀល​ប៉ុណ្ណោះ។ 

លោក ច័ន្ទ សុផល បាន​លើក​ឡើង​ទៀត​ថា លោក​គាំទ្រ​ចំពោះ​គោល​នយោបាយ​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការ​ជំរុញ​ទីផ្សារ​ដំឡូងមី​នេះ ព្រោះ​ផលិតផល​ដំឡូង​មី​សម្រាប់​កម្ពុជា គឺ​ជា​ដំណាំ​ឧស្សាហកម្ម​យុទ្ធសាស្ត្រ​មួយ ដែល​មាន​សក្ដានុពល​ខ្ពស់​ក្នុង​ការ​បង្កើន​តម្លៃ​បន្ថែម ក៏​ដូចជា​ការ​ផលិត​បន្ថែម​ទៀត។ យ៉ាង​ណា​ក៏​ដោយ លោក​ថា ជា​ទូទៅ ទីផ្សារ​ផលិតផល​កសិកម្ម​តែង​មាន​ការ​ប្រែប្រែល​ទៅ​តាម​រលក​នៃ​ទីផ្សារ​សកល ដូច្នេះ កសិករ​ត្រូវ​មាន​ការ​​ត្រៀម​ខ្លួន ឲ្យ​បាន​មុន​ឈាន​ទៅ​រក​ការ​ដាំដុះ ដូចជា​ប្រភពទុន​និង​ព័ត៌មាន​ទីផ្សារ​ជាដើម។

តួយ៉ាង នៅពេល​ដែល​ទទួល​បាន​ផល​ចំណេញ​ពី​ទិន្នផល កសិករ​គួរ​តែ​ប្រមូល​ទុន​នោះ សម្រាប់​ទុក​ធ្វើការ​ដាំដុះ​បន្ថែម​នៅ​រដូវកាល​ក្រោយ​ទៀត ព្រម​ជាមួយ​ការ​សិក្សា​ពី​ព័ត៌មាន​ទីផ្សារ​ក្នុង​ស្រុក និន្នាការ​ទីផ្សារ​សកល និង​ព័ត៌មាន​បច្ចេកទេស​ដាំដុះ​ជាដើម។ បន្ទាប់​មក យក​ព័ត៌មាន​ទាំង​អស់​នោះ មក​ធ្វើការ​វិភាគ​ឲ្យ​បាន​ល្អិតល្អន់​មុន​សម្រេច​ចិត្ត​រើស​មុខ​កសិផល​ណា​មួយ មក​ធ្វើការ​ដាំដុះ។

សូម​ជម្រាប​ដែរ​ថា ការ​ដាំដុះ​ដំឡូង​មី មាន​ការ​រីក​ចម្រើន​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ ចាប់​ពី ១៦​ពាន់​ហិកតា នៅ​ក្នុង​ឆ្នាំ​២០០០ កើន​ដល់​ទៅ​ជាង ៦០​ម៉ឺន​ហិកតា​នៅ​ឆ្នាំនេះ។ 

ហើយ​កាល​ពី​ឆ្នាំ​២០១៦ ទិន្នផល​ដំឡូងមី​សរុប​មាន​ប្រមាណ ១៣​លាន​តោន ក្នុង​នោះ ការ​ដាំដុះ​ដំឡូងមី​មាន​នៅ​ទូទាំង​២៥​ខេត្ត​ក្រុង​របស់​ប្រទេស​កម្ពុជា ខណៈ​ដែល​ខេត្ត​ដែល​មាន​ដាំដុះ​ច្រើន​ជាង​គេ គឺ​ខេត្ត​បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន ក្រចេះ និង​កំពង់ធំ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​ជំនួយ​អាមេរិក​នៅ​កម្ពុជា​ផ្ដល់​ទៅ​លើ​វិស័យ​អ្វី​ខ្លះ?

ព័ត៌មាន
វិស័យ​សុខភាព​និង​ការ​ការពារ​បរិស្ថាន​គឺ​ជា​វិស័យ​ធំ​ពីរ​ដែល​ជំនួយ​របស់​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៦ ភាគ​ច្រើន បា...

អ្នកជំនាញ​ផ្នែក​ធនធាន​មនុស្ស​ប្រាប់​គន្លឹះ​សំខាន់ៗ​សម្រាប់​ការ​ជ្រើសរើស​បុគ្គលិក

ព័ត៌មាន
លោក លន់ បូរី គឺ​ជា​ប្រធាន​ក្រុមហ៊ុន 3G Agent Co., Ltd ដែល​ផ្តល់​សេវា​ជ្រើសរើស​បុគ្គលិក​និង​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ឲ្យ​ក្រុមហ៊ុន​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ