សេវាកម្ម​សម្អាត

ឧកញ៉ា ហ៊ុន ឡាក់៖ អាជីវកម្ម​សម្អាត​មើល​ទៅ​ឃើញ​តូច តែ​ជា​សេវា​គ្មាន​ព្រំដែន


អាជីវកម្ម​សម្អាត ស្ដាប់​ទៅ​ហាក់​បី​ដូច​ជា​អាជីវកម្ម​មួយ​ដែល​តូច​ទាប មិន​សូវ​មាន​សហគ្រិន​ច្រើន​ចង់​ធ្វើ​នោះ​ឡើយ ប៉ុន្ដែ​សហគ្រិន​ដែល​កំពុង​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​កម្ពុជា លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​លើក​​ឡើង​ថា អាជីវកម្ម​នេះ​មើល​ជា​រួម​ឃើញ​ត្រឹមតែ​ជា​អាជីវកម្ម​សាមញ្ញ​មួយ​ប៉ុណ្ណោះ ប៉ុន្ដែ បើ​យើង​គិត​ឲ្យ​ស៊ី​ជម្រៅ អាជីវកម្ម​នេះ​ជា​អាជីវកម្ម​មួយ​ដែល​ផ្ដល់​សេវា​កម្ម​គ្មាន​ព្រំដែន​នោះ​ឡើយ។
បុគ្គលិក​ក្រុមហ៊ុន​សេវា​កម្ម​សម្អាត EnviroCam (បៃតង​កម្ពុជា) សម្អាត​អគារ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។
ដោយ

តើ​ហេតុអ្វី​បាន​ជា​អាជីវកម្ម​នេះ អាច​ផ្ដល់​សេវា​កម្ម​ដោយ​គ្មាន​ព្រំដែន? 

មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ ខេមបូណូមីស លោក​ឧកញ៉ា ហ៊ុន ឡាក់ ជា​អគ្គនាយក​ក្រុមហ៊ុន​រហូត​ដល់​ទៅ ៦​ក្រុមហ៊ុន ដែល​ក្នុង​នោះ​ក៏​មាន​ក្រុមហ៊ុន​សម្អាត​មួយ​ផង​ដែរ បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​សម្អាត EnviroCam ឬ​ហៅ​ជា​ភាសា​ខ្មែរ​ថា បៃតង​កម្ពុជា បាន​ចាប់​កំណើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៩៧​មក​ម្ល៉េះ ដែល​គិត​មក​ទល់​ពេល​នេះ មាន​រយៈពេល​ប្រមាណ​២០​ឆ្នាំ​ហើយ។

លោក​​ឧកញ៉ា ហ៊ុន ឡាក់ បាន​លើក​ឡើង​ថា ពី​ដើម​ឡើយ លោក​បាន​ចាប់​ផ្ដើម​អាជីវកម្ម​នេះ​ឡើង​ក្នុង​រូបរាង​គ្រាន់​តែ​ជា​សេវាកម្ម​ធម្មតា​មាន​បុគ្គលិក​ជាង​១០​នាក់​ប៉ុណ្ណោះ តែ​ក្រោយ​មក​ក៏​បាន​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​​ក្រុមហ៊ុន​មាន​វិជ្ជាជីវៈ​ច្បាស់​លាស់ ដោយសារ​តែ​លោក​មើល​ឃើញ​ពី​ឱកាស​នៃ​តម្រូវការ​ទីផ្សារ​ខ្លាំង ខណៈ​ដែល​ប្រទេស​កម្ពុជា​បាន​និង​កំពុង​មាន​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ។ 

លោក​បន្ត​ថា អតិថិជន​របស់​លោក ដំបូង​ឡើយ មាន​ត្រឹម​តែ​សណ្ឋាគារ លំនៅដ្ឋាន និង​អគារ​ពាណិជ្ជកម្ម​មួយ​ចំនួន​ប៉ុណ្ណោះ។ ប៉ុន្ដែ ក្រោយ​មក លោក​ក៏​ដេញ​ថ្លៃ​បាន​ព្រលាន​យន្ដហោះ​អន្តរជាតិ​ភ្នំពេញ​សម្រាប់​ផ្ដល់​​សេវា​សម្អាត និង​មើល​ថែទាំ និង​បន្ត​ដេញ​ថ្លៃ​បាន​ព្រលាន​យន្ដហោះ​ខេត្ត​សៀមរាប​ទៀត។ 

ឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន Mekong Oryza Trading និង​ក្រុមហ៊ុន​ផ្សេង​ទៀត​យ៉ាង​ហោច ៦ ត្រូវ​បាន​ចាត់ទុក​ជា​ធុរជន​មួយ​រូប​ដែល​ទទួល​បាន​ជោគជ័យ និង​លេច​ធ្លោ​គួរសម នៅ​ក្នុង​ប្រទេស​កម្ពុជា។

គិត​មក​ទល់​ពេល​នេះ ក្រុមហ៊ុន​លោក​មាន​ចំណែក​ទីផ្សារ​ធំ​ជាង​គេ​នៅ​កម្ពុជា​លើ​សេវាកម្ម​សម្អាត​នេះ ដោយ​ទទួល​បាន​អតិថិជន​ដែល​សុទ្ធ​តែ​ជា​ទីតាំង​សំខាន់ៗ ដូចជា ព្រលាន​យន្ដហោះ អគារ​ពាណិជ្ជ​កម្ម ផ្សារ​ទំនើប ស្ថានទូត សណ្ឋាគារ ទីតាំង​របស់​រដ្ឋ​សំខាន់ៗ​មួយ​ចំនួន និង​មាន​សម្អាត​នៅ​តាម​លំនៅដ្ឋាន​ផង​ដែរ ជាមួយ​នឹង​ចំនួន​បុគ្គលិក​សរុប​មាន​ជិត​១​ពាន់​នាក់។

ឆ្លង​តាម​បទ​ពិសោធន៍​កន្លង​មក​នេះ លោក​យល់​ឃើញ​ថា អាជីវកម្ម​សម្អាត​ដែល​ធ្លាប់​មនុស្ស​ជា​ច្រើន​មើល​ឃើញ​ថា ជា​របរ​តូច​ទាប ឬ​មិន​សូវ​អស្ចារ្យ ឡូយ​ឆាយ​នោះ គឺ​ជា​របរ​មួយ​ដែល​ផ្ដល់​សេវាកម្ម​គ្មាន​ព្រំដែន​ឡើយ។ គ្មាន​ព្រំដែន ព្រោះ​ថា សេវាកម្ម​នេះ​មិនមែន​ធ្វើ​ឡើង​តែ​ម្ដង​ហើយ​ចប់​នោះ​ទេ តែ​ទាមទារ​ឲ្យ​មាន​ការ​មើល​ថែទាំ និង​សម្អាត​ជា​ប្រចាំ ខណៈ​ដែល​ប្រជាជន​ដែល​មាន​ប្រាក់​ចំណូល​កាន់​តែ​ខ្ពស់​ក៏​មាន​តម្រូវការ​សេវា​កម្ម​នេះ​កាន់​តែ​ខ្លាំង​ផង​ដែរ។ ហើយ​បើ​និយាយ​ពី​សម្អាត​នេះ​ទៀត​សោត ក៏​មិនមែន​សម្ដៅ​តែ​លើ​ការ​បោស​ជូត តែ​មួយ​មុខ​នោះ​ដែរ ក្នុង​នោះ​ក៏​ទាមទារ​ឲ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់​ក្នុង​កម្ចាត់​មេរោគ និង​​សម្លាប់​សត្វ​ល្អិត​ចង្រៃ ជាដើម ដោយ​ការងារ​ទាំង​អស់​នេះ ទាមទារ​បុគ្គលិក​ កម្មករ​ជំនាញ​ដែល​មាន​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការ​បំពេញ​ការងារ។ 

មិន​តែ​ប៉ុណ្ណោះ ក្រៅ​ពី​សេវា​កម្ម​សម្អាត​តាម​ទីតាំង​និង​អគារ​សំខាន់ៗ​នានា ការ​សម្អាត​ទៅ​លើ​កសិផល​និង​មុខ​ទំនិញ​នានា ក្នុង​ការ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​ក៏​ជា​តម្រូវការ​មួយ​ខ្ពស់​ផង​ដែរ ដូច្នេះ អាជីវកម្ម​សម្អាត​នេះ គឺ​​មាន​ភាព​ប្រទាក់​ក្រឡា​ជាមួយ​នឹង​ការ​អភិវឌ្ឍ​ធំៗ​របស់​ប្រទេស​នីមួយៗ ហើយ​វា​ក៏​ជា​សេវា​កម្ម​មួយ​ដែល​មិន​អាច​ខ្វះ​បាន​សម្រាប់​ការ​រស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន និង​អនាគត។

សេវា​សម្អាត​និង​កម្ចាត់​សត្វ​ល្អិត​ចង្រៃ និង​ផ្សិត​របស់​ក្រុមហ៊ុន EnviroCam។

ដោយឡែក អត្ថប្រយោជន៍​នៃ​សេវា​កម្ម​សម្អាត​នេះ​សម្រាប់​ប្រទេស​កម្ពុជា​វិញ លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​គូស​បញ្ជាក់​ថា វា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្ហាញ​ពី​មុខ​មាត់​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​កម្ពុជា​ទៅ​​កាន់​ពិភព​លោក និង​ជា​ផ្នែក​មួយ​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​កាន់​តែ​ច្រើន ហើយ​ក៏​បាន​បង្កើត​ការងារ​និង​ជំនាញ​សម្រាប់​ប្រជាជន​ផង​ដែរ បើ​ទោះ​បី​ជា​អាជីវកម្ម​នេះ​គឺ​ជា​អាជីវកម្ម​មួយ​ដែល​ចំណាយ​កម្លាំង​ពលកម្ម​ច្រើន តែ​ចំណេញ​តិច​ក៏​ដោយ។

លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​លើក​ឡើង​ពី​ទស្សនៈ​ចំពោះ​របរ​មួយ​នេះ​យ៉ាង​ដូច្នេះ​ថា «បើ​យើង​និយាយ​ពី​អាជីវកម្ម ជា​ការ​ពិត​ណាស់ គេ​ធ្វើ គឺ​រំពឹង​ចង់​បាន​ប្រាក់​ចំណេញ តែ​សម្រាប់​ការងារ​សម្អាត​នេះ ចំណេញ​ច្រើន ឬ​តិច គឺ​ខ្ញុំ​នៅ​តែ​ពេញ​ចិត្ត​នឹង​ធ្វើ​វា ព្រោះ​វា​ជា​ការងារ​មួយ​ដែល​អាច​ជួយ​លើក​ស្ទួយ​មុខមាត់​របស់​ប្រទេស​ជាតិ​របស់​ខ្ញុំ»។ 

យ៉ាង​ណា​ក៏​ដោយ លោក​ឧកញ៉ា បាន​លើក​ឡើង​ពី​កត្តា​ប្រឈម​នៃ​របរ​មួយ​នេះ​ថា ប្រជាជន​កម្ពុជា​ភាគ​ច្រើន​នៅ​ខ្វះ​ការ​យល់​ដឹង និង​ស្មារតី​ក្នុង​ការ​ចូលរួម​ថែ​រក្សា​សណ្ដាប់​ធ្នាប់​ទាក់ទង​នឹង​បញ្ហា​នេះ ដូចជា ការ​ចោល​​សំរាម​ពាស​វាល​ពាស​កាល​ជាដើម។ ហេតុនេះ ទាមទារ​ឲ្យ​មាន​ការ​បំផុស​អប់រំ​ណែនាំ​ពួក​គាត់​បន្ថែម​ទៀត។ 

សេវា​សម្អាត​និង​កម្ចាត់​សត្វ​ល្អិត​ចង្រៃ និង​ផ្សិត​របស់​ក្រុមហ៊ុន EnviroCam។

ទន្ទឹម​នឹង​នេះ បច្ចុប្បន្ន ក៏​មាន​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​នេះ មាន​ខ្លះៗ​ហើយ​ដែរ ហើយ​ក៏​មាន​ក្រុមហ៊ុន​មក​ពី​ក្រៅ​ប្រទេស​ទៀត​ផង តែ​យ៉ាង​ណា ដើម្បី​អាច​ប្រកួត​ប្រជែង​បាន លោក​ឧកញ៉ា ហ៊ុន ឡាក់ លើក​ឡើង​ថា​ក្រុមហ៊ុន​លោក​មិន​ត្រឹមតែ​ផ្ដោត​លើ​ការ​ពង្រីក​ខ្លួន​នោះ​ទេ តែ​ក៏​ត្រូវ​ពង្រឹង​សមត្ថភាព​និង​គុណភាព​ជំនាញ​វិជ្ជាជីវៈ​ច្បាស់​លាស់​សម្រាប់​ក្រុមហ៊ុន​និង​បុគ្គលិក កម្មករ​ផង​ដែរ។ លោកថា វត្តមាន​នៃ​ក្រុមហ៊ុន​ផ្ដល់​សេវា​កម្ម​​សម្អាត មាន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ព្រោះ​វា​ផ្ដល់​ជម្រើស​កាន់​តែ​ប្រសើរ​សម្រាប់​អ្នក​ប្រើ​ប្រាស់ ប៉ុន្ដែ ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ មាន​វិជ្ជាជីវៈ​បំផុត​ទើប​អាច​ប្រកួត​ប្រជែង​បាន និង​ឈរ​ជើង​រឹងមាំ​លើ​ទីផ្សារ។

ដើម្បី​រក្សា​បាន​នូវ​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន លោក​ឧកញ៉ា ហ៊ុន ឡាក់ បាន​លើក​ឡើង​ថា ទាមទារ​ឲ្យ​មាន​ការ​ផ្ដល់​សេវាកម្ម​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ មាន​ការ​ពង្រីក​សមត្ថភាព​បន្ថែម​តាម​ឲ្យ​ទាន់​តម្រូវការ​ទីផ្សារ និង​មាន​​ការ​ចូលរួម​ពី​បុគ្គលិក​កម្មករ​ជំនាញ ផ្សារ​ភ្ជាប់​ទៅ​នឹង​សីលធម៌ និង​ត្រូវ​គិតគូរ​សន្ដិសុខ​ សុវត្ថិភាព​សម្រាប់​ទីតាំង​របស់​អតិថិជន។

សូម​ជម្រាប​ដែរ​ថា សេវាកម្ម​សម្អាត​នេះ​បាន​និង​កំពុង​មាន​ភាព​ពេញ​និយម​ខ្លាំង​បំផុត​នៅ​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ដោយ​ប្រភេទ​អាជីវកម្ម​នេះ​ក៏​មាន​អភិវឌ្ឍ​ខ្លួន​ជា​អាជីវកម្ម Franchise បន្ត​លក់​សិទ្ធិ​អាជីវកម្ម​នៅ​ទូទាំង​​ពិភព​លោក ផង​ដែរ។​ បើ​តាម​លោក​ឧកញ៉ា ហ៊ុន ឡាក់ ទីផ្សារ​នៃ​របរ​នេះ​នៅ​តែ​មាន​ឱកាស​សម្រាប់​សហគ្រិន​ក្នុង​ការ​ចាប់​ផ្ដើម តែ​ទាមទារ​ឲ្យ​មាន​ការ​គិតគូរ​ខ្ពស់​បំផុត​ពី​ជំនាញ​វិជ្ជាជីវៈ​និង​គុណភាព​សេវា​កម្ម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុអ្វី​គួរ​ចូលរួម​ពិព័រណ៍​អចលន​ទ្រព្យ​កម្ពុជា​លើក​ទី២?

ព័ត៌មាន
ទើប​តែ​បាន​រៀបចំ​ពិព័រណ៍​អចលន​ទ្រព្យ​លើក​ទី១ កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​នេះ ក្រុមហ៊ុន Realestate.com.kh បាន​សម្រេច​ប្រារព្ធ​ពិព័រណ៍​អច…

ការ​ហូរចូល​ជន​ជាតិ​ចិន​ដ៏​គំហុក​នៅ​ខេត្ត​ព្រះសីហនុ​​ជំរុញ​ឲ្យ​ទំនិញ​និង​សេវាកម្ម​ឡើង​ថ្លៃ

ព័ត៌មាន
អ្វី​ដែល​ជា​របស់​ខ្មែរ​ពី​មុន ឥឡូវ​​នេះ​គឺ​គ្រប់គ្រង​ដោយ​ចិន។ ក្នុង​រយៈពេល​ប្រហែល​១ឆ្នាំ ឬ​ ២ឆ្នាំ​ចុង​ក្រោយ​នេះ សណ្ឋាគារ​ ផ្ទះ​សំណាក់ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ