លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានគូសបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍អមសំខាន់ៗរយៈពេល៣ថ្ងៃនេះបាននាំមកនូវលទ្ធផលផ្លែផ្កា និងភាពជោគជ័យដ៏ត្រចះត្រចង់។ បើតាមអ្នកជំនាញរូបនេះ វិស័យការទូត និងនយោបាយ កម្ពុជាបានពង្រីកវិសាលភាពការទូតជាយុទ្ធសាស្រ្តរបស់ខ្លួនជាមួយសមាជិកប្រទេសហ្វ្រង់កូហ្វូនី ខណៈវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មកម្ពុជាបានបើកទ្វារទីផ្សារសកលដោយទាក់ទាញបាននូវការវិនិយោគជាយុទ្ធសាស្ត្រមួយចំនួន។
យ៉ាងណាមិញ តាមរយៈវត្តមានរបស់ថ្នាក់ដឹកនាំកំពូលៗនៅកម្ពុជា ពិសេសការដើរថ្មើរជើងរបស់ប្រធានាធិបតីបារាំង បានជួយលើកកម្ពស់វិស័យទេសចរណ៍ និងមុខមាត់ទីក្រុងរបស់កម្ពុជា ដែលប្រៀបបានជាវិញ្ញាបនបត្របញ្ជាក់សុវត្ថិភាព និងបង្កើនទំនុកចិត្តដល់ភ្ញៀវទេសចរ។ យ៉ាងណាមិញការប្រើប្រាស់មរតកអង្គរធ្វើជាស្ពានតភ្ជាប់មិត្តភាព គឺជាអំណាចទន់ដ៏សំខាន់ ដែលបង្ហាញពីអត្តសញ្ញាណដ៏រឹងមាំ និងសេចក្តីថ្លៃថ្នូររបស់កម្ពុជាទៅកាន់ឆាកអន្តរជាតិ។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិតនិងការស្រាវជ្រាវបានវាយតម្លៃថា ការរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរយៈពេល៣ថ្ងៃនេះបានពាំនាំមកនូវអត្ថប្រយោជន៍ និងការកសាងទំនុកចិត្តយ៉ាងច្រើន ជាពិសេសការគាំទ្រពីបណ្តាប្រទេសសមាជិកហ្វ្រង់កូហ្វូនីលើការបើកផ្លូវឱ្យកម្ពុជាប្រើប្រាស់ច្បាប់អន្តរជាតិក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយសន្តិវិធី។ ជាមួយគ្នានេះ ព្រឹត្តិការណ៍នេះ ក៏បានជួយឱ្យកម្ពុជាទទួលបានផលចំណេញផ្នែកសេដ្ឋកិច្ច និងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងការចុះកិច្ចព្រមព្រៀងវិស័យសំខាន់ៗជាមួយប្រទេសមានឥទ្ធិពលក្នុងសហភាពអឺរ៉ុប ដូចជាបារាំងជាដើមផងដែរ។
តែយ៉ាងណាអ្នកជំនាញរូបនេះយល់ថា ដើម្បីធានាឱ្យបាននូវនិរន្តរភាព និងប្រសិទ្ធភាពពេញលេញពីការអនុវត្តកិច្ចព្រមព្រៀងទាំងនេះ កម្ពុជាចាំបាច់ត្រូវត្រៀមខ្លួនឱ្យបានរួចរាល់ទាំងផ្នែកធនធានមនុស្ស សេដ្ឋកិច្ច និងប្រព័ន្ធផ្លូវច្បាប់ ព្រមទាំងទាមទារឱ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធ។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបានគូសបញ្ជាក់ថា ផ្អែកតាមសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រួមជាមួយដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំងនៅកម្ពុជាបានឆ្លុះបញ្ចាំងពីជ័យជម្នះការទូតដ៏ធំធេងរបស់កម្ពុជា ពិសេសការបង្កើនទម្ងន់ការទូតលើវិវាទព្រំដែនជាមួយថៃ និងលុបបំបាត់នូវរបាំងខ្មៅ ដែលថៃតែងតែលាបពណ៌កម្ពុជាកន្លងមក។ បន្ថែមលើនេះ កិច្ចប្រជុំកំពូលនេះ ក៏បានបញ្ជាក់ឡើងវិញនូវតួនាទីស្នូលនៃច្បាប់អន្តរជាតិក្នុងការការពារអធិបតេយ្យភាពកម្ពុជា និងទប់ស្កាត់រាល់ការបំពាន ឬការប្រមាថពីភាគីថៃ។
បើតាមអ្នកជំនាញរូបនេះ វត្តមានផ្ទាល់របស់គណៈប្រតិភូជាង៨០ប្រទេស រួមទាំងមហាអំណាចបារាំងមិនត្រឹមតែពង្រីកវិសាលភាពការទូតប៉ុណ្ណោះទេ ប៉ុន្តែជាសក្ខីភាពរស់រវើក ដែលបង្ហាញដល់ពិភពលោកពីការពិត អំពីសុវត្ថិភាព និងស្ថិរភាពពេញលេញរបស់កម្ពុជា ជាពិសេសតាមរយៈសកម្មភាពដើរកម្សាន្តដោយផ្ទាល់របស់មេដឹកនាំបារាំងនៅទីក្រុងភ្នំពេញ។
គួរជម្រាបថា កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកដំបូងជាប្រវត្តិសាស្រ្ត ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ចប់ទៅដោយភាពជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្លាជាច្រើន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ អង្គការហ្វ្រង់កូហ្វូនី បានសម្ដែងការព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា ដោយអំពាវនាវឱ្យភាគីកម្ពុជា និងថៃ បន្តគោរពបទឈប់បាញ់ និងចៀសវាងការប៉ះទង្គិចជាថ្មី និងធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋស៊ីវិល ដើម្បីអាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព។ ទន្ទឹមនេះ អង្គការហ្វ្រង់កូហ្វូនី បានសម្រេចបង្កើតការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ច ហ្វ្រង់កូហ្វូនី នៅប្រទេសកម្ពុជា៕