ការទូទាត់សងសំណងធានារ៉ាប់រងកូវីដ-១៩

ការទូទាត់សងសំណងធានារ៉ាប់រងកូវីដ-១៩ នៅថៃ បានកើនឡើងដល់ជិត២ ពាន់លានដុល្លារនៅចុងខែមីនា


សមាគមធានារ៉ាប់រងទូទៅថៃ (TGIA) រំពឹងថាតម្លៃ ការទូទាត់សងសំណងសរុបនៃសេវាធានារ៉ាប់រងកូវីដ១៩សរុបនៅក្នុងប្រទេសថៃ គិតត្រឹមដំណាច់ខែមីនាកន្លងទៅនេះ នឹងមានដល់ជាង១ពាន់៧រយលានដុល្លារ ខណៈដែលនៅដំណាច់ខែមិថុនា សមាគមរំពឹងថា ទំហំនៃការទូទាត់សំណងនឹងកើនដល់ជាង៣ពាន់លានដុល្លារអាមេរិក ដែលជាថ្ងៃត្រូវផុតកំណត់សម្រាប់គោលនយោបាយធានារ៉ាប់រងកូវីដទាំងអស់ នៅក្នុងប្រព័ន្ធបង់ប្រាក់សំណងធានារ៉ាប់រងនៅក្នុងប្រទេសថៃ។
តើថៃនឹងបន្ធូរបន្ថយវិធានការកូវីដ១៩អ្វីខ្លះ សម្រាប់អ្នកដំណើរអន្តរជាតិ ចាប់ពីខែក្រោយនេះតទៅ?

យោង​តាម​ទិន្នន័យ​ពី​ការិយាល័យ​គណៈកម្មាធិការ​ធានា​រ៉ាប់រង (OIC)​របស់​ថៃ បាន​ឲ្យ​ដឹង​ដែរ​ថា តម្លៃ​ទូទាត់​សំណង​សេវា​ធានា​រ៉ាប់រង​កូ​វី​ដ បាន​កើនឡើង​ពី ប្រមាណ​១​ពាន់​៥​រយ​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃ​ទី ១៥ ខែមីនា ទៅ​ដល់​ជិត​ដល់​ជាង​១​ពាន់​៧​រយ​លាន​ដុល្លារ​នៅ​ចុងខែ​មីនា ដោយសារ​តែ​កូ​វី​ដ​១៩​បំប្លែង​ថ្មី អូ​មី​ក្រុង​នៅ​តែ​បន្ត​អូស​បន្លាយ​វាយលុក បន្ទាប់​ពី​សកម្មភាព​សេដ្ឋកិច្ច​ភាគច្រើន​ត្រូវ​បាន​ចាប់ផ្ដើម​ដំណើរការ​ឡើង​វិញ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​បាងកក​ប៉ុស្ដិ៍​។

ក្រសួង​សុខា​ភិ​បា​លា​ថៃ​បាន​ប្រកាស​អំពី ចំនួន​មធ្យម​នៃ​ការ​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ រួម​ទាំង​ការ​រក​ឃើញ​តាម​រយៈ​ឧបករណ៍​ធ្វើតេស្ដ​រហ័ស លើស​ពី ៤​ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃ​ក្នុង​អំឡុង​ខែមីនា​។

លោក អា​ផា​កន ផា​ន​ឡឺ​ដ (Arpakorn Panlerd) ជំនួយការ​អគ្គលេខាធិការ​នៃ​ការិយាល័យ​គណៈកម្មាធិការ​ធានា​រ៉ាប់រង (OIC) បាន​និយាយ​ថា បុព្វលាភ​ធានា​រ៉ាប់រង​ដែល​បាន​មក​ពី​សេវា​ធានា​រ៉ាប់រង​កូ​វី​ដ មាន​តម្លៃ​ប្រហែល ជាង​៣០០​លាន​ដុល្លារ គិត​ត្រឹម​ថ្ងៃ​ទី ១៥ ខែមីនា​។ លោក​បាន​និយាយ​ថា ចំនួន​អ្នក​ដែល​បាន​ទិញ​ធានា​រ៉ាប់រង កូ​វី​ដ​១៩ ឬ​ហៅ​ថា ម្ចាស់​បណ្ណ​ធានា​រ៉ាប់រង សរុប​មាន​ចំនួន ៤២ លាន​នាក់​។

ដោយឡែក លោក អាន​ន់ វ៉ា​ន់​វ៉ា​សូ (Anon Vangvasu) ប្រធាន​ក្រុមហ៊ុន ធានា​រ៉ាប់រង​ទូទៅ​ថៃ (TGIA) រំពឹង​ថា​ចំនួន​ទំហំ​នៃ​ការ​ទូទាត់​សំណង​ធានា​រ៉ាប់រង​កូ​វី​ដ​សរុប នឹង​កើនឡើង​ដល់​២​ពាន់​លាន ជាង​២​ពាន់​៣​រយ​លាន​ដុល្លារ នៅ​ចុង​ខែមេសា​នេះ និង​កើន​លើស​ជាង​៣​ពាន់​លាន​ដុល្លារ​នៅ​ចុងខែ​មិថុនា​។

លោក អាន​ន់ បន្ថែម​ថា វិបត្តិ​សាច់ប្រាក់​ងាយស្រួល (liquidity Crisis) នា​ពេល​បច្ចុប្បន្ន បាន​ផ្ដល់​នូវ​មេរៀន​ដ៏​មាន​តម្លៃ​សម្រាប់​ឧស្សាហកម្ម​ធានា​រ៉ាប់រង ដើម្បី​ត្រៀមខ្លួន​សម្រាប់​ជំងឺឆ្លង និង​ជំងឺ​រាតត្បាត​នានា​។

យ៉ាងណាមិញ នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សរុប​ចំនួន ៥២ មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ចំនួន​១៦ ដែល​បាន​ផ្ដល់​ចូ​ន​សេវា​ធានា​រ៉ាប់រង​កូ​វី​ដ ជាមួយនឹង​ការ​ទូទាត់​ប្រាក់​សំណង​ទៅ​ឲ្យ​ពលរដ្ឋ​ជា​ច្រើន​ផង​ដែរ​។

អ្នកជំនាញ​ក្នុង​ឧស្សាហកម្ម​នេះ បញ្ជាក់​ថា ក្រុមហ៊ុន​ធានា​រ៉ាប់រង កំពុង​ទទួល​បាន​នូវ​ការ​ស្នើ​សុំ​ទាមទារ​សំណង​ពី​អ្នកទិញ​ធានា​រ៉ាប់រង​កូ​វី​ដ​១៩​កាន់តែ​ច្រើន​ឡើង ប៉ុន្ដែ ក្រុមហ៊ុន​នឹង​ខំ​ស្វែងរក​ដំណោះស្រាយ តាម​រយៈ​ការ​បង្កើន​ដើមទុន និង​រក​ដៃគូ​សហការ​ថ្មី​ៗ​។

បញ្ហា​ខ្វះ​សាច់ប្រាក់​ងាយស្រួល ដើម្បី​ប្រើប្រាស់​ទូទាត់​ថ្លៃ​សំណង​ធានា​រ៉ាប់រង នេះ គឺ​កើតឡើង​បន្ទាប់​ពី​ការ​សម្រេច​របស់​និយ័ត​ករ​ថៃ ហាមឃាត់​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ពី​ការ​លុប​ចោល​គោលការណ៍​របស់​ខ្លួន​ទាក់ទង​នឹង​សេវា​ធានា​រ៉ាប់រង​កូ​វី​ដ​។ ទោះ​យ៉ាងណា អ្នកជំនាញ​ជឿជាក់​ថា ការ​ទូទាត់​ប្រាក់​សំណង​ដល់​ទៅ​ជាង​៣​ពាន់​លាន​ដុល្លារ​នៅ​ត្រឹម​ខែមិថុនា​ខាង​មុខ​នេះ នឹង​អាច​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​ថៃ​។

អត្ថបទ៖ ម៉ុ​ន សុ​កែវ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ផ្សារទំនើប The Bridge កំពុងស្វាគមន៍បណ្ដាក្រុមហ៊ុន និងអាជីវកម្មជួលឡើងវិញ ក្រោយវិបត្តិកូវីដ១៩ធូរស្បើយ

ព័ត៌មាន
ផ្សារទំនើប The Bridge Mall ដែលស្ថិតនៅក្នុងអគារដ៏ខ្ពស់ស្កឹមស្កៃ The Bridge បច្ចុប្បន្នក៏កំពុងបើកទទួលស្វាគមន៍បណ្ដាក្រុមហ៊ុន និងអាជីវកម្មដែល…

ហេតុអ្វីចិនត្រូវប្រយ័ត្នចំពោះផលប៉ះពាល់ នៃផែនការហេដ្ឋារចនាសម្ព័ន្ធដ៏ធំសម្បើមរបស់អាមេរិក?

ព័ត៌មាន
អ្នកជំនាញសិក្សាផ្នែកសេដ្ឋកិច្ចនយោបាយរបស់ចិន និយាយថា ប្រទេសចិន ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ជាប់ខ្ជួន ចំពោះផែនការដ៏ធំសម្បើមដែលដឹកនាំដោយសហ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ