Advertisement
វិនិយោគ​អចលនទ្រព្យ

គម្រោង​វិនិយោគ​"មហាយាន" ទិញ​ដី​ដាំ​ឈើ​ប្រណីត​​បង្កើត​រមណីយដ្ឋាន​ធម្មជាតិ​នៅ​ជាយ​ភ្នំពេញ


លោក ង៉ែត ជូ អ្នក​ជំនាញ​សេដ្ឋកិច្ច បាន​បង្កើត​គម្រោង​ទិញ​ដី​មួយ​កន្លែង​ទំហំ​១០​ហិកតា នៅ​ជាយ​រាជ​ធានី​ភ្នំពេញ ដើម្បី​ដាំ​ដើម​ឈើ​ប្រណីត​ប្រមាណ ៣​ម៉ឺន​ដើម បង្កើត​ទៅ​ជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ។
អ្នក​ជំនាញ​សេដ្ឋកិច្ច​មួយ​រូប បាន​បង្កើត​គម្រោង​វិនិយោគ​"មហាយាន" ទិញ​ដី​ដាំ​ឈើ​ប្រណីត​និង​បង្កើត​រមណីយដ្ឋានធម្មជាតិ។
ដោយ
Advertisement

លោក ង៉ែត ជូ បាន​បញ្ជាក់​ថា គម្រោង​វិនិយោគ​"មហាយាន" ដែល​សំដៅ​លើ​ការ​នាំ​យុវជន​ឲ្យ​មាន​សេរីភាព​ហិរញ្ញ​វត្ថុ​នេះ នឹង​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ខែ​ធ្នូ​ខាង​មុខ ហើយ​គ្រោង​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ១០​ម៉ឺន​ដុល្លារ។

អ្នក​​ជំនាញ​​សេដ្ឋកិច្ច​​រូប​​នេះ បាន​អត្ថាធិប្បាយ​ថា៖ «យើង​នឹង​ទិញ​ដី​នៅ​ស្រុក​ឧដុង្គ ១០​ហិកតា ដើម្បី​ប្រមូល​ឈើ​ប្រណីត យក​មក​ដាំ​បង្កើត​ជា​រមណីយដ្ឋាន​ធម្មជាតិ ដែល​ជា​កន្លែង​លម្ហែ​នៅ​ជិត​ក្រុង ក្នុង​នោះ​មាន​សួន​បន្លែ​ធម្មជាតិ និង​លក់​ដី​ឡូតិ៍​នៅ​តំបន់​នោះ ដើម្បី​បំពេញ​បំណង​អ្នក​ចង់​រស់នៅ​ជាយ​ក្រុង​ជាមួយ​ធម្មជាតិ»។

លោកបន្ថែមថា គម្រោងនេះ​នឹង​ចាប់​ផ្តើម​លក់​១០០​ហ៊ុន​នៅ​ខែ​ធ្នូ ខាង​មុខ​នេះ ដោយ​ក្នុង​មួយ​ហ៊ុន​មាន​តម្លៃ ១​ពាន់​ដុល្លារ ខណៈ​ម្នាក់​មាន​សិទ្ធិ​ទិញ​តែ​៣​ហ៊ុន​ប៉ុណ្ណោះ។ បើតាម លោក ង៉ែត ជូ គម្រោង​នេះ​នឹង​ដាំ​ដើម​ឈើ​ដូចជា ប្រភេទ បេង នាងនួន ប៉ុន្តែ ឈើ​ភាគ​ច្រើន​បំផុត គឺ​ដើម​ច័ន្ទ​គិរី ព្រោះ ឈើ​នេះ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​គ្រឿង​សង្ហារិម។ 

អ្នក​ជំនាញ​សេដ្ឋកិច្ច លោក ង៉ែត ជូ ជាអ្នក​ផ្ដួច​ផ្ដើម​គម្រោង​វិនិយោគ​"មហាយាន"​។

«បច្ចុប្បន្ន​នេះ ព្រៃ​ឈើ​កាន់​តែ​ថយចុះ និង​ដី​នៅ​ជាយ​ក្រុង​កាន់​តែ​ឡើង​ថ្លៃ ដែល​ធ្វើ​ឲ្យ​គម្រោង​នេះ​កាន់​តែ​មាន​ប្រជាប្រិយ​ភាព ព្រោះ​មាន​មនុស្ស​ជា​ច្រើន​កំពុង​មក​ទាក់ទង​ខ្ញុំ»។ នេះ​ជា​ការ​អះអាង​របស់​លោក ង៉ែត ជូ ដោយ​លម្អិត​ថា ដី​នៅ​តំបន់​សក្តានុពល​ពង្រីក​ជាយ​ក្រុង​នៅ​១០​ឆ្នាំ​ទៀត នឹង​ឡើង​ថ្លៃ​យ៉ាង​តិច ៥​ដង​នៃ​តម្លៃ​ដី​បច្ចុប្បន្ន ហើយ​ក្នុង​ដី​មួយ​ហិកតា ដែល​គ្រោង​ដាំ​ដើម​ច័ន្ទគិរី ៣០០​ដើម នៅ ១០​ឆ្នាំ​ទៀត ដី​មួយ​ហិកតា​នេះ នឹង​ឲ្យ​ផល​ច័ន្ទគិរី​គិត​ជា​ទឹក​ប្រាក់​ប្រហែល ២​ម៉ឺន​៧​ពាន់​ដុល្លារ​សហរដ្ឋ​អាមេរិក (គិត​តាម​តម្លៃ​ទីផ្សារ​ឈើ​បច្ចុប្បន្ន)។

លោក​បន្ត​ថា គម្រោង​នេះ​គឺ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​យុវជន និង​លើក​ទឹក​ចិត្ត​ពួកគេ​ចូលរួម​ជា​ភាគហ៊ុន ដើម្បី​ចូលរួម​សកម្ម​ជាមួយ​គ្នា ដើម្បី​ទទួល​ប្រយោជន៍​ច្រើន រួមទាំង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​មួយ​ចំនួន​ស្តីពី​ចំណេះ​ដឹង​ហិរញ្ញវត្ថុ​ជាដើម។

ក្រៅពី​ផ្តល់​ប្រយោជន៍​ដល់​ម្ចាស់​ភាគហ៊ុន លោក ង៉ែត ជូ បាន​អះអាង​ថា គម្រោង​នេះ​នឹង​ផ្តល់​ចំណូល​ដល់​កសិករ​នៅ​តំបន់​នេះ ពីព្រោះ គម្រោង​នេះ​នឹង​សហការ​ជាមួយ​អ្នក​ជំនាញ​កសិកម្ម ដើម្បី​បណ្តុះ​បណ្តាល​ផ្តល់​បច្ចេកទេស​ដល់​កសិករ ដែល​ជា​ការ​ជំរុញ​ពួកគេ​ចូល​មក​ដាំ​បន្លែ​សរីរាង្គ​នៅ​តំបន់​ដើម​កូន​ឈើ​ប្រណីត​នេះ។

បើតាម​អ្នក​ជំនាញ​សេដ្ឋកិច្ច​វ័យ​ក្មេង​រូប​នេះ នៅ​ឆ្នាំ​២០១៨​នេះ គម្រោង​នេះ​នឹង​ចាប់​ផ្តើម​ទិញ​ដី​១០​ហិកតា និង​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០១៨ នឹង​ចាប់​ផ្តើម​ដាំ​ដើម​ឈើ​ជា​ផ្លូវការ៕ 

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិក-​វៀតណាម​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តម្លៃ​ ១២ប៊ីលាន​ដុល្លារ

ព័ត៌មាន
ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ទីក្រុង​ហាណូយ ប្រទេស​អតីតសត្រូវ​ដ៏​ជូរចត់​នឹង​គ្នា​នេះ បា...

មហា​សេដ្ឋី លី យ៉ុងផាត់ វិនិយោគ​សួន​ទឹក​កម្សាន្ត​ធំ​ជាង​គេ​បង្អស់​នៅ​តំបន់​អាស៊ី

ព័ត៌មាន
សួន​ទឹក​កម្សាន្ត​ដ៏​ទំនើប​និង​ធំ​ជាង​គេ​បង្អស់​នៅ​កម្ពុជា ហើយ​ក៏​ធំ​ជាង​គេ​បង្អស់​នៅ​ក្នុង​តំបន់​អាស៊ី ដែល​វិនិយោគ​ក្នុង​ទឹកប្រាក់...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ