Advertisement
ទេសចរណ៍

Emirates រំពឹងថា នឹងមាន«​អ្នក​ដំណើរ​ជា​ធុរជន»កាន់​តែ​ច្រើន​​​ធ្វើ​ដំណើរ​មក​កាន់​​កម្ពុជា​


រាជធានីភ្នំពេញ​បាន​ក្លាយ​ជា​ទិសដៅ​ហោះហើរ​ទី​១៥៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ អេមីរ៉ា (Emirates) បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បានចុះ​ចត​យន្តហោះ​ប្រភេទ Boeing 777 លើក​ដំបូង​បង្អស់​របស់​ខ្លួន នៅ​​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ថ្ងៃទី១ ខែ​កក្កដា ឆ្នាំ​២០១៧។
អាកាសចរណ៍ អេមីរ៉ាត សម្ពោធ​ជើងហោះហើរ​ដំបូង​បង្អស់​របស់ខ្លួន​ពី​ទីក្រុង​ឌូបៃ មក​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី១ កក្កដា ២០១៧។ រូបភាព៖ ហេង ភារម្យ
ដោយ
Advertisement

ជាមួយ​នឹង​ជើងហោះហើរ​ថ្មី​នេះ​ អេមីរ៉ាត ក៏ក្លាយ​ជាក្រុមហ៊ុន​អាកាសចរណ៍ទី៣៧ហើយ ដែល​ប្រតិបត្តិការ​ជើងហោះហើរ​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា។ ហើយជាមួយ​នឹង​ជើងហោះហើរ​ពីទីក្រុង ឌូបៃ មក​កាន់​រាជធានីភ្នំពេញ ដោយ​សំចត​មួយ​រយៈពេល​ខ្លីនៅទីក្រុង​យ៉ាំងហ្គូន ប្រទេស​មីយ៉ាន់ម៉ា អាកាសចរណ៍ អេមីរ៉ាត បាន​ពង្រីក​គោលដៅ​ហោះហើរ​ទៅ​ ១៣ទីក្រុង នៅ​ក្នុង ៨​ប្រទេស​ នៃ​​តំបន់​អាស៊ី​អាគ្នេយ៍។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅក្រោយ​ការសម្ពោធ​ជើង​ហោះហើរ​ទីមួយ​មក​កាន់​រាជ​ធានី​ភ្នំពេញ លោក Badr Abbas អនុប្រធាន​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន អេមីរ៉ាត ថ្លែងថា ជើងហោះហើរ​ថ្មី​នេះ នឹង​ផ្ដល់​ជម្រើស​និង​ភាព​ងាយស្រួល​បន្ថែម​ទៀត សម្រាប់​អ្នក​ទេសចរ​ធ្វើ​ដំណើរពី​ភ្នំពេញ​ទៅទីក្រុង​ឌូបៃ និង​ប្រទេស​ជា​ច្រើន​ទៀត ដែលស្ថិត​នៅ​ក្នុង​បណ្ដាញ​ជើងហោះហើរ​ជាង ១៥០​ទិសដៅ​ជុំវិញ​ពិភព​លោក។ 

លោក Abbas ថ្លែង​ផង​ដែរ​ថា សេវា​ថ្មី​នេះ​ក៏​តភ្ជាប់​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​យ៉ាំងហ្គូន ប្រទេស​មីយ៉ាន់ម៉ា ផង​ដែរ សម្រាប់​បម្រើ​កំណើន​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​អាស៊ាន​ទាំងពីរ​នេះ។

ពី​ឆ្វេងទៅស្ដាំ៖ លោក Badr Abbas អនុប្រធាន​ជាន់ខ្ពស់នៃ​ក្រុមហ៊ុន​អាកាសចរណ៍ អេមីរ៉ាត ឯកឧត្តម ម៉ៅ ហាស់វណ្ណាល់ រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា និង​លោក Eric Delobel អគ្គនាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា។ (រូបភាព​៖ ហេង ភារម្យ)
Advertisement

បន្ថែមលើ​នេះ អនុប្រធាន​ជាន់ខ្ពស់​នៃ​អាកាសចរណ៍ អេមីរ៉ាត ដដែល រំពឹងថា តាមរយៈ​ជើងហោះហើរ​​ ឌូបៃ-ភ្នំពេញនេះ កម្ពុជា​នឹង​ទទួល​បាន​​អ្នកដំណើរ​ជា​ធុរជន​​ច្រើន​ថែមទៀត​មកពី​ អារ៉ាប់ អេមីរ៉ាត មជ្ឈិមបូព៌ា និង​ប្រទេស​ជា​ច្រើន​ទៀត​នៅ​អឺរ៉ុប។ 

ឯកឧត្តម ម៉ៅ ហាស់វណ្ណាល់ រដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ជើងហោះហើរ​ ឌូបៃ-​ភ្នំពេញ​ គឺ​ជា​លទ្ធផល​នៃ​ការចរចា​គ្នា​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុមហ៊ុន​អាកាសចរណ៍ អេមីរ៉ាត ដែល​ចាប់​ផ្ដើម​តាំងពី​ឆ្នាំ​២០១៤​មក​ម្ល៉េះ។ ឯកឧត្ដម​បន្ថែម​ថា ការ​តភ្ជាប់​ជើង​ហោះហើរ​ថ្មី​របស់​ អេមីរ៉ាត នឹង​ជួយ​បំពេញ​តម្រូវការ​នៃ​កំណើន​វិស័យ​ទេសចរណ៍ និងផ្ដល់​ជម្រើស​ច្រើន​ថែមទៀតដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែលធ្វើ​ដំណើរទៅ​កាន់​ប្រទេស​នានា​នៅ​ទូទាំងពិភព​លោក។ 

នៅក្នុង​សន្និសីទ​សារព័ត៌មានដដែល លោក Eric Delobel អគ្គនាយក​ប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋាន​កម្ពុជា (Cambodia Airports) ដែល​គ្រប់គ្រង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ប្រសាសន៍ថា យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ អេមីរ៉ាត ដែល​បាន​ចុះ​ចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​នាំ​មក​នូវ​ឱកាស​ជាច្រើន តាមរយៈ​ការតភ្ជាប់ព្រលានយន្តហោះ និង​កិត្តិយស​របស់​ប្រទេស​កម្ពុជា។ 

Advertisement

លោកថា នេះ​ជា​ផ្លែ​ការ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​អាកាសចរណ៍ អេមីរ៉ាត ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដែល​បាន​ចាប់​ផ្ដើម​ជាច្រើន​ឆ្នាំ​មក​ហើយ។

គួរបញ្ជាក់ថា ក្រុមហ៊ុន​អាកាសចរណ៍ អេមីរ៉ាត ត្រូវបាន​ចាត់ថ្នាក់​ជា​អាកាសចរណ៍​ល្អ​បំផុត​នៅ​លើ​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០១៧ ដោយ​ក្រុមហ៊ុន TripAdvisor ហើយ​ក្រុមហ៊ុន​ អេមីរ៉ាត ជា​អាកាស​ចរណ៍​ដំបូង​គេ​បង្អស់​ហើយ​ដែល​ប្រើ​យន្តហោះ​ប្រភេទ Boeing 777 នៅ​កម្ពុជា។

នៅឆ្នាំ២០១៦ ចំនួន​អ្នក​ដំណើរ​តាម​អាកាស​ឆ្លងកាត់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​សរុប ៧លាន​នាក់។ ហើយ​នៅ​កម្ពុជា មាន​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន ៣ គឺ​នៅ​ភ្នំពេញ នៅ​ខេត្ត​សៀមរាប និង​នៅ​ខេត្ត​ព្រះសីហនុ៕




អត្ថបទបន្ទាប់


វៀតណាម​នាំ​ចេញ​ផ្លែ​ស្រកា​នាគ​​ជិត ១ពាន់​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ

ព័ត៌មាន
ផ្លែស្រកា​នាគ​ ជា​ផ្លែ​ឈើ​ពេញ​និយម​ដាំ​និង​ហូប នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​ផ្លែ​ឈើ​នេះ​មាន​បរិមាណ​ស្មើ​នឹង​ពាក់​កណ្ដាល​​នៃ​ការនាំចេ...

ដឹង​ទេ​ថា បច្ចុប្បន្ន ជន​ជាតិ​ចិន​ប៉ុន្មាន​នាក់​កំពុង​រក​ស៊ី​នៅ​ស្រុក​ខ្មែរ?

ព័ត៌មាន
ប្រទេស​ចិន​មិន​ត្រឹម​តែ​ជា​សម្ពន្ធ​មិត្ត​ដ៏​ស្អិត​ល្មួត​របស់​កម្ពុជា​នោះ​ទេ ប៉ុន្ដែ​ក៏​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ផ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ