ចិន​នៅ​កម្ពុជា

ដឹង​ទេ​ថា បច្ចុប្បន្ន ជន​ជាតិ​ចិន​ប៉ុន្មាន​នាក់​កំពុង​រក​ស៊ី​នៅ​ស្រុក​ខ្មែរ?


ប្រទេស​ចិន​មិន​ត្រឹម​តែ​ជា​សម្ពន្ធ​មិត្ត​ដ៏​ស្អិត​ល្មួត​របស់​កម្ពុជា​នោះ​ទេ ប៉ុន្ដែ​ក៏​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ផង​ដែរ ពោល​គឺ​សេដ្ឋកិច្ច​កម្ពុជា​មួយ​ភាគ​ធំ ជា​ពិសេស​វិស័យ​អចលន​ទ្រព្យ និង​វាយន​ភណ្ឌ សុទ្ធ​តែ​ត្រូវ​បាន​វិនិយោគ​ភាគ​ច្រើន​ដោយ​​ចិន។
បុណ្យ​ចូលឆ្នាំ​ចិន
ដោយ

អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារ​កាណាឌីយ៉ា និង​ជា​ប្រធាន​សមាគម​ខ្មែរ​-ចិន​នៅ​កម្ពុជា លើក​ឡើង​ថា កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​-ចិន​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ហាក់បី​ដូច​ជា​មាន​ទំនាក់​ទំនង​កាន់​តែ​ជិត​ស្និទ្ធ ខណៈ​ដែល​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​ធ្វើ​ទស្សនកិច្ច​រវាង​គ្នា​កាន់​តែ​ច្រើន​ឡើង។ 

ក្នុងនោះ ក៏​ជំរុញ​ឲ្យ​មាន​ការ​ពង្រីក​នូវ​វិសាល​ភាព​វិនិយោគ​កាន់​តែ​ធំ​ទូលាយ ហើយ​អ្នក​ឧកញ៉ា​ជឿជាក់​ថា នៅ​អនាគត​ខាង​មុខ​នេះ វិនិយោគិន​ចិន​នឹង​បន្ត​ពង្រីក​នូវ​ការ​វិនិយោគ​លើ​វិស័យ​មួយ​ចំនួន​បន្ថែម​ទៀត​នៅ​កម្ពុជា ដូចជា វិស័យ​ហិរញ្ញវត្ថុ ទេសចរណ៍ និង​ជា​ពិសេស គឺ​វិស័យ​កសិកម្ម​តែ​ម្ដង ព្រោះ​ថា វិស័យ​មួយ​នេះ​កំពុង​ខ្វះ​ខាត​ដើម​ទុន​ក្នុង​ការ​វិនិយោគ ខណៈ​ដែល​ធនធាន​ក្នុង​ស្រុក​សម្រាប់​ការ​ផលិត​នៅ​មាន​ច្រើន ដូច្នេះហើយ វា​ជា​ឱកាស​សម្រាប់​វិនិយោគិន​ចិន​ចូល​មក​បណ្ដាក់​ទុន​រក​ស៊ី​ក្នុង​វិស័យ​នេះ។ 

ពាណិជ្ជករ​ដ៏​លេច​ធ្លោ​ដែល​ត្រូវ​បាន​មហាជន​ស្គាល់​ថា​ជា​«តារា​ជំនួញ​អាត់កឺ» ប្រចាំ​កម្ពុជា​រូប​នេះ លើក​ឡើង​ទៀត​ថា រហូត​មក​ទល់​ពេល​នេះ អណិកជន​ចិន​ក៏​ដូចជា​ប្រជាជន​ចិន​ដែល​រស់នៅ​កម្ពុជា​មាន​ប្រមាណ​ជាង ​១​លាន​នាក់ ក្នុងនោះមាន​អ្នក​រក​ស៊ី​ដែល​ជា​ជន​ជាតិ​ចិន​ប្រមាណ ២០​ម៉ឺន​នាក់

អ្នក​ឧកញ៉ា​បន្ត​ថា ស្ថិត​ក្នុង​កាលៈទេសៈ​នេះ សមាគម​ខ្មែរ​-ចិន​នៅ​កម្ពុជា នឹង​ក្លាយ​ជា​ខ្សែ​ក្រវាត់ និង​ជា​ស្ពាន​ឆ្លង​ដ៏​សំខាន់​សម្រាប់​ការ​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ចិន​កាន់​តែ​ប្រសើរ ខណៈ​ដែល​កម្ពុជា ​ជា​ទិសដៅ​ដ៏​សំខាន់​ ជា​ស្នូល​ដ៏​សំខាន់ និង​ពោរពេញ​ទៅ​ដោយ​សក្ដានុពល​សម្រាប់​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម ឈួន ដារា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​​ថា មាន​ហេតុផល​ជា​ច្រើន ដែល​វិនិយោគិន​បរទេស ក៏​ដូចជា​វិនិយោគិន​ចិន មិន​គួរ​ចោល​ភ្នែក​រំលង​នូវ​ឱកាស​វិនិយោគ​នៅ​កម្ពុជា៖ 

  1. កម្ពុជា​​មាន​​គោល​នយោបាយ​បើក​ចំហ​សម្រាប់​ការ​វិនិយោគ​ពី​ក្រៅ​ប្រទេស 
  2. មាន​​គោលការណ៍​គាំពារ​និង​បង្ក​នូវ​លក្ខណៈ​ងាយ​ស្រួល​ដល់​វិនិយោគទុន ដែល​ធានា​បាន​នូវ​សន្ដិសុខ​និងស្ថិរភាព។ 
  3. កម្ពុជា​មាន​ការ​បន្ធូរ​បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណេញ​ដោយ​កំណត់​មិន​លើស​ពី ២០% នោះ​ឡើយ ខណៈ​ដែល​នៅ​​ប្រទេស​មួយ​ចំនួន ដូចជា បង់ក្លាដេស​មាន​ការ​កំណត់​ពន្ធ​លើ​ប្រាក់​ចំណេញ​នេះ​រហូត​ដល់ ៣៥%។ 
  4. ពិសេស​ជាង​នេះ​ទៅ​ទៀត កម្ពុជា​ក៏​មាន​អនុគ្រោះ​ពន្ធ​សម្រាប់​ការ​នាំ​ចេញ​ទៅ​ប្រទេស​ប៉ែក​អឺរ៉ុប អាមេរិក និង​ប្រទេស​ផ្សេងៗ​ទៀត​ជា​ដើម។ 

សូម​បញ្ជាក់​ដែរ​ថា បើ​យោង​តាម​ប្រសាសន៍​របស់​សម្ដេច​តេជោ ហ៊ុន សែន ធ្លាប់​បាន​លើក​ឡើង​ថា ចិន​នៅ​តែ​ជា​ប្រទេស​ដែល​បាន​វិនិយោគ​ធំ​ជាង​គេ​នៅ​កម្ពុជា ដោយ​ឆ្នាំ​២០១៦ ការ​វិនិយោគ​របស់​ចិន បាន​កើន​ឡើងដល់ ៥១០០​លាន​ដុល្លារ​អាមេរិក។

ដោយ​ឡែក តាម​របាយការណ៍​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បើ​និយាយ​ពី​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​នៅ​ឆ្នាំ​២០១៦ មាន​ចំនួន​ប្រមាណ ២​ពាន់​លាន​ដុល្លារ  ក្នុងនោះ ប្រទេស​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា ឈរ​លំដាប់​លេខ​រៀង​ទី១​ជា​ប្រទេស​ដែល​បាន​វិនិយោគ​ផ្ទាល់​មក​កម្ពុជា​ច្រើន​ជាង​គេ ខណៈ​ដែល​ហុងកុង​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី​២ និង​វៀតណាម ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី៣៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Emirates រំពឹងថា នឹងមាន«​អ្នក​ដំណើរ​ជា​ធុរជន»កាន់​តែ​ច្រើន​​​ធ្វើ​ដំណើរ​មក​កាន់​​កម្ពុជា​

ព័ត៌មាន
រាជធានីភ្នំពេញ​បាន​ក្លាយ​ជា​ទិសដៅ​ហោះហើរ​ទី​១៥៧ របស់​ក្រុមហ៊ុន​អាកាសចរណ៍ អេមីរ៉ា (Emirates) បន្ទាប់​ពី​ក្រុមហ៊ុន​នេះ​បានចុះ​ចត​យន្…

តើ​វៀតណាម​ដោះស្រាយ​​បញ្ហា​និស្សិត​គ្មាន​ការងារធ្វើ​យ៉ាងដូចម្ដេច?

ព័ត៌មាន
ប្រទេស​វៀតណាម​កំពុង​ប្រឈម​នឹង​បញ្ហា​និស្សិត​កាន់​តែ​ច្រើន​ឡើង ដែល​បញ្ចប់​ការសិក្សា​ពី​មហាវិទ្យាល័យ និង​សាលា​វិជ្ជាជីវៈ​នានា ហើយ​គ្មាន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ