EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញឧស្ម័ន

EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញឧស្ម័នជាមួយអ៊ីស្រាអែលនិងអេហ្ស៊ីប ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងទៅលើរុស្ស៊ី


នៅទីបំផុត សហភាពអឺរ៉ុប ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីបបានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងនាំចេញឧស្ម័នធម្មជាតិត្រីភាគីហើយ ខណៈដែលសហភាពអឺរ៉ុបកំពុងតែខិតខំប្រឹងប្រែងធ្វើពិពិធកម្មងាកចេញពីការពឹងផ្អែកទាំងស្រុងទៅលើថាមពលរបស់ប្រទេសរុស្ស៊ីដែលបានឈ្លានពានទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមទីភ្នាក់ងារព័ត៌មាន អាល់ហ្សាហ្ស៊ីរ៉ា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះ។
EU ចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញឧស្ម័នជាមួយអ៊ីស្រាអែលនិងអេហ្ស៊ីប ដើម្បីកាត់បន្ថយការពឹងផ្អែកទាំងស្រុងទៅលើរុស្ស៊ី

កិច្ចព្រមព្រៀងដែលបានសម្រេចកាលពីថ្ងៃ១៥មិថុនា នៅឯសន្និសីទស្ដីពីថាមពលតំបន់សមុទ្រមេឌីទែរ៉ាណេខាងកើត នៅទីក្រុងគែរប្រទេសអេហ្ស៊ីបនេះ នឹងអនុញ្ញាតឱ្យមានការនាំចេញឧស្ម័ន "ដ៏សំខាន់" របស់ប្រទេសអ៊ីស្រាអែលទៅកាន់តំបន់អឺរ៉ុបជាលើកដំបូង។ នេះបើតាមការឱ្យដឹងពីក្រសួងថាមពលរបស់ប្រទេសអ៊ីស្រាអែល។

ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី អ៊ឺស៊ូឡា វ៉ុន ឌឺឡេយ៉េន (Ursula von der Leyen) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីថាមពលអេហ្ស៊ីប និងអ៊ីស្រាអែលថា នេះជាពេលវេលាដ៏ពិសេសមួយ ហើយលោកស្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ ហើយវាក៏នឹងរួមចំណែកដល់សន្តិសុខថាមពលរបស់អឺរ៉ុបផងដែរ។

កាលពីឆ្នាំមុន សហភាពអឺរ៉ុបបាននាំចូលប្រហែល ៤០ ភាគរយនៃឧស្ម័នរបស់ខ្លួនពីប្រទេសរុស្ស៊ី ហើយពេលនេះប្រទេសនានាកំពុងប្រឹងប្រែងកាត់បន្ថយការពឹងផ្អែកឧស្ម័នពីរុស្ស៊ី ដើម្បីដាក់ទណ្ឌកម្មលើប្រទេសនេះ ជុំវិញការលុកលុយជាបន្តបន្ទាប់របស់ខ្លួនលើអ៊ុយក្រែន។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហភាពអឺរ៉ុប អ៊ីស្រាអែល និងអេហ្ស៊ីបនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីលោកស្រី ឡេយ៉េន និងនាយករដ្ឋមន្ត្រីអ៊ីតាលីលោក ម៉ារីអូ ដ្រាហ្គី (Mario Draghi) បានចាប់ផ្តើមកិច្ចពិភាក្សាថាមពលជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក យ៉ៃ ឡាភីត (Yair Lapid)។

ប្រធានគណៈកម្មការសហភាពអឺរ៉ុប លោកស្រី អ៊ឺស៊ូឡា វ៉ុន ឌឺឡេយ៉េន បានសង្កត់ធ្ងន់ថា អនុស្សរណៈនៃការយោគយល់គ្នានេះនឹងបង្កើន "ឯករាជ្យភាព" របស់ប្លុកអឺរ៉ុបដោយឆ្លុះបញ្ចាំងពីការពឹងផ្អែកដែលទើបរកឃើញថ្មីរបស់ខ្លួនទៅលើទីក្រុងគែរ និងទីក្រុងតេអាវី (Tel Aviv) ដែលទីក្រុងទាំង២នេះបានរងការចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងឧក្រិដ្ឋកម្មសង្គ្រាម។

កិច្ចព្រមព្រៀងថ្មីនេះនឹងតម្រូវឱ្យអ៊ីស្រាអែលបង្ហូរឧស្ម័នតាមបំពង់ទៅកាន់ស្ថានីយឧស្ម័នរបស់អេហ្ស៊ីបនៅលើសមុទ្រមេឌីទែរ៉ាណេ ជាទីដែលឧស្ម័នមួយចំនួននឹងត្រូវបានពង្រាវ ហើយដឹកជញ្ជូនតាមនាវាដឹកប្រេងបន្តទៅកាន់ឆ្នេរសមុទ្រនៅតំបន់អឺរ៉ុប។

កាលពីខែមករា សហភាពអឺរ៉ុបបានគ្រោងទុកថវិកាប្រហែល ៧៣៦ លានដុល្លារសម្រាប់ការសាងសង់ខ្សែអគ្គិសនីក្រោមបាតសមុទ្រ ដែលមានកម្លាំង ២ ពាន់មេហ្គាវ៉ាត់ដែលនឹងតភ្ជាប់បណ្តាញអគ្គិសនីរបស់អ៊ីស្រាអែល ប្រទេសអេហ្ស៊ីប និងប្រទេសក្រិក ដែលលោកស្រី ឡេយ៉េន បាននិយាយថានឹងក្លាយជាខ្សែដែលកប់ជ្រៅជាងគេបំផុត និងវែងបំផុតមិនធ្លាប់មានពីមុនមក៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទឹកប្រាក់នាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាមបន្តធ្លាក់ចុះ ៤៤% នៅរយៈពេល៥ខែឆ្នាំ២០២២

ព័ត៌មាន
ទីផ្សារគ្រាប់ស្វាយចន្ទី នៅឆ្នាំនេះ ហាក់មិនសូវល្អប្រសើរនោះទេ ទាំងតម្លៃ និងទិន្នផល ខណៈបញ្ហាអាកាសធាតុ ក៏ជាបញ្ហាមួយទៀតសម្រាប់វិស័យកសិកម្ម នាព…

រោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Ford តម្លៃជាង២០លានដុល្លារ នៅខេត្តពោធិ៍សាត់បើកសម្ពោធដាក់ដំណើរការជាផ្លូវការហើយ

ព័ត៌មាន
រោងចក្រផ្គុំ និងដំឡើងរថយន្តម៉ាក Ford តម្លៃជាង២០លានដុល្លារ នៅខេត្តពោធិ៍សាត់បានសម្ភោធដាក់ឲ្យដំណើរការជាផ្លូវការហើយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ