ហាង​បញ្ចាំ

កុងស៊ី​បញ្ចាំ​ជាង​៥០​ទីតាំង​នៅ​ភ្នំពេញ ត្រូវ​អាជ្ញាធរ​បិទ​ចោល


មន្ត្រី​ជាន់​ខ្ពស់​នៃ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ថ្លែង​ប្រាប់ ខេមបូណូមីស ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ បាន​សម្រេច​បិទ​អាជីវកម្ម​កុងស៊ី​បញ្ចាំ​​និង​ដក​ហូត​យក​អាជ្ញាប័ណ្ណ​ហាង​កុងស៊ី​បញ្ចាំ​ជាង​៥០​ទីតាំង នៅ​រាជ​ធានី​ភ្នំពេញ ក្រោយ​ពី​រក​ឃើញ​ថា កុងស៊ី​បញ្ចាំ​ទាំង​នោះ​មិន​មាន​អាជ្ញា​ប័ណ្ណ​ប្រកប​អាជីវកម្ម​ច្បាស់​លាស់ និង​ខ្លះ​ទៀត មាន​អាជ្ញា​ប័ណ្ណ​ហើយ តែ​ការ​អនុវត្ត​ក្នុង​ការ​ទទួល​ទ្រព្យ​ដាក់​បញ្ចាំ​មិន​មាន​បញ្ជាក់​ពី​ប្រភព​ឯកសារ​ច្បាស់​លាស់។
ហាង​បញ្ចាំ​របស់​នៅ​ភ្នំពេញ
ដោយ

ការ​សម្រេច​ចុះ​បង្រ្កាប​លើ​កុងស៊ី​បញ្ចាំ​ដែល​មិន​មាន​ភាព​ស្រប​ច្បាប់​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ប្រកាស​និង​ចាត់​វិធាន​ការ​ក្ដៅ​ចុះ​ត្រួត​ពិនិត្យ​ទៅ​លើ​កុងស៊ី​បញ្ចាំ​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​នេះ។

លោក ម៉េត មាស​ភក្ដី អ្នក​នាំពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ បាន​លើក​ឡើង​ថា អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​បាន​ចុះ​ត្រួត​ពិនិត្យ​លើ​កុងស៊ី​បញ្ចាំ​ជាង​១០០​កន្លែង នៅ​ទូទាំង​រាជ​ធានី​ភ្នំពេញ ហើយ​ក្នុង​នោះ អាជ្ញាធរ​បាន​រក​ឃើញ និង​សម្រេច​បិទ​អាជីវកម្ម​កុងស៊ី​បញ្ចាំ​ប្រមាណ​ជាង​៥០​ទីតាំង ដែល​មិន​មាន​អាជ្ញា​ប័ណ្ណ​ប្រកប​អាជីវកម្ម​និង​កុងស៊ី​បញ្ចាំ​មួយ​ចំនួន​ទៀត មាន​ទទួល​ទ្រព្យ​ដាក់​បញ្ចាំ​ដោយ​គ្មាន​ឯកសារ​បញ្ជាក់​ច្បាស់​លាស់។ 

លោក​បន្ថែម​ថា ការ​សម្រេច​ចិត្ត​បិទ​កុងស៊ី​បញ្ចាំ​ជាង​៥០​ទីតាំង​នេះ គឺ​ដើម្បី​ធានា​រក្សា​នូវ​សន្ដិសុខ និង​សណ្ដាប់​ធ្នាប់​សង្គម ពោល​គឺ​បញ្ជៀស​នូវ​ការ​ទទួល​ផល​ចោរកម្ម​ពី​សេវា​បញ្ចាំ ដែល​វា​ជា​ក្ដី​កង្វល់​មួយ​របស់​ប្រជាពលរដ្ឋ​ក៏​ដូចជា​អាជ្ញាធរ​តែង​តែ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ផង​ដែរ។

ជាមួយ​គ្នា​នេះ នាយក​គ្រប់គ្រង​ក្រុមហ៊ុន​បញ្ចាំ Cash U Up លោក គុជ សេដ្ឋា បាន​លើក​ឡើង​ដែរ​ថា លោក​គាំទ្រ​ទាំង​ស្រុង​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ក្នុង​ការ​ចុះ​ត្រួត​ពិនិត្យ​គ្រប់​កុងស៊ី​បញ្ចាំ​នេះ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យ​នេះ មាន​ភាព​ល្អ​ប្រសើរ និង​ស្មើ​ភាព​គ្នា​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ វា​ក៏​ជួយ​ឲ្យ​អ្នក​ប្រើប្រាស់​សេវា​នេះ មាន​ភាព​កក់​ក្ដៅ​ជាង​មុន​និង​បញ្ជៀស​ការ​ទទួល​ផល​ចោរកម្ម​ដោយ​ចេតនា ឬ​អចេតនា ដែល​នឹង​បង្ក​ឲ្យ​មាន​អសន្ដិសុខ​សង្គម។ 

លោក គុជ សេដ្ឋា បាន​គូស​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​រវាង​ក្រុមហ៊ុន ឬ​ហាង​បញ្ចាំ​ស្រប​ច្បាប់ និង​ហាង​បញ្ចាំ​មិន​មាន​ភាព​ស្រប​ច្បាប់​យ៉ាង​ដូច្នេះ​ថា «ជា​ទូទៅ អាជីវកម្ម​ហាង​បញ្ចាំ​អាច​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម ពី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ ហើយ​ក្រោយ​ពី​បាន​អាជ្ញាប័ណ្ណ​ហើយ ខាង​ក្រសួង​ក៏​មាន​ការ​ចុះ​អប់រំ​ណែនាំ​ដើ​​ម្បី​ឲ្យ​​ការ​អនុវត្ត​លើ​ការ​ទទួល​បញ្ចាំ​មាន​ប្រសិទ្ធភាព និង​ស្រប​ទៅ​តាម​នីតិ​វិធី​ច្បាប់ ដូចជា នីតិវិធី​ក្នុង​ការ​ទទួល​បញ្ចាំ ការ​កត់​ត្រា​​បញ្ចាំ និង​លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បញ្ចាំ​ឲ្យ​បាន​ត្រឹមត្រូវ​ជាដើម។ ពិសេស​ជាង​នេះ​ទៀត ខាង​ក្រុមហ៊ុន​ទទួល​បញ្ចាំ ក៏​មាន​កាតព្វកិច្ច​ក្នុង​ការ​ប្រកាស​ពន្ធ និង​បង់​ពន្ធ​ជូន​រដ្ឋ​ផង​ដែរ។ ប៉ុន្ដែ អ្វី​ដែល​ភាព​មិន​ស្រប​ច្បាប់​នៃ​ហាង​បញ្ចាំ​មួយ​ចំនួន​នោះ គឺ​ដោយសារ​តែ​ពួកគាត់​ខ្លះ​មិន​បាន​សុំ​អាជ្ញា​ប័ណ្ណ​ត្រឹមត្រូវ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​មាន​មួយ​ចំនួន​ទៀត មាន​អាជ្ញា​ប័ណ្ណ​ហើយ តែ​មិន​បាន​ប្រកាស​ពី​ទ្រព្យ​ដែល​ទទួល​បញ្ចាំ និង​បង់​ពន្ធ​ជូន​រដ្ឋ​ជាដើម»។

សូម​បញ្ជាក់​ដែរ​ថា គិត​រហូត​មក​ទល់​ពេល​នេះ ហាង​បញ្ចាំ​ដែល​មាន​អាជ្ញា​ប័ណ្ណ​ប្រកប​អាជីវកម្ម នៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​ជាង ៤០០​ហាង​បញ្ចាំ ខណៈ​ដែល​សេវាកម្ម​នេះ​ហាក់​បី​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​សាច់​ប្រាក់​ក្រោយ​ពី​ការ​ដាក់​បញ្ចាំ​ទ្រព្យ​សម្បត្តិ ដូចជា ឡាន ម៉ូតូ និង​សម្ភារៈ​មាន​តម្លៃ​ផ្សេងៗ​ទៀត៕  




អត្ថបទបន្ទាប់


កម្ពុជា​ស្នើ​សភាព​អឺរ៉ុប​ដក​កាត​ក្រហម​ហាម​ឃាត់​ការ​នាំ​ចូល​ផល​នេសាទ​សមុទ្រ​កម្ពុជា

ព័ត៌មាន
មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​នឹង​នៅ​តែ​បន្ត​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប ដក​ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ