ហិរញ្ញវត្ថុ-បំណុល

ពលរដ្ឋខ្មែរជាង៨០%​ខ្វះ​ចំណេះដឹងហិរញ្ញវត្ថុ ជាដើមចមនៃបំណុលវ័ណ្ឌក


ពលរដ្ឋកម្ពុជាប្រមាណតែ១៨ភាគរយប៉ុណ្ណោះ ដែលមានចំណេះដឹងផ្នែកហិរញ្ញវត្ថុ ពោល ចេះប្រើប្រាស់កម្ចីដើម្បីឲ្យមានភាពរីកចម្រើន ខណៈជាង៨០ភាគរយទៀត គ្មានចំណេះដឹងផ្នែក ហិរញ្ញវត្ថុ ដែលអ្នកជំនាញអះអាងថា នេះ គឺជាមូលហេតុចម្បងដែលធ្វើឲ្យមានបំណុលវ័ណ្ដក។ សូមអានបទសម្ភាសរវាងលោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់គេហទំព័រ ខេមបូណូមីស ជាមួយ លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍ក្រុមហ៊ុនពិគ្រោះយោបល់ Emerging Markets Consulting ដូចតទៅ៖
ឆ្នាំ​២០១៦ ពលរដ្ឋ​ខ្មែរ​ជំពាក់​បំណុល​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ ប្រមាណ ១៧​ពាន់​លាន​ដុល្លារ

រ៉ឹម ភារី៖ ជំរាបសួរលោក ង៉ែត ជូ! ខ្ញុំចង់ឲ្យលោកជួយជម្រាបអ្នកអាន អំពីស្ថានភាពនៃការខ្ចីបុលរបស់ពលរដ្ឋខ្មែរនៅពេលបច្ចុប្បន្ន។  

ង៉ែត ជូ៖  ការប្រើប្រាស់កម្ចីរបស់មីក្រូហិរញ្ញវត្ថុ មានកំណើនខ្លាំងគួរឲ្យព្រួយបារម្ភ។ គិតត្រឹមត្រីមាសទី៤ ក្នុងឆ្នាំ២០១៧ពលរដ្ឋខ្មែរយ៉ាងតិច១លាន ៨សែនគ្រួសារ បានជាប់បំណុលមីក្រូហិរញ្ញវត្ថុ ដែលមានផលប័ត្រឥណនាសរុបជាង៤ពាន់លានដុល្លារសហរដ្ឋអាមេរិក។  

រ៉ឹម ភារី៖ តើពលរដ្ឋនៅពេលបច្ចុប្បន្ន ប្រើប្រាស់កម្ចីបានត្រឹមត្រូវដែរទេ? ហេតុអ្វី?

ការស្រាវជ្រាវពីរដាច់ដោយឡែកពីគ្នា បានបង្ហាញថា ពលរដ្ឋខ្មែរតិចតួចដែលមានចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ។ តាមការស្រាវជ្រាវរបស់ស្ថាប័ន Standard&Poor របស់សហរដ្ឋ អាមេរិក បានបង្ហាញថា ពលរដ្ឋខ្មែរប្រមាណត្រឹម១៨ភាគរយប៉ុណ្ណោះដែលមានចំណេះដឹងមូលដ្ឋានផ្នែកហិរញ្ញវត្ថុ ហើយនេះជាមូលហេតុនៃបំណុលវ័ណ្ដក។ 

យោងតាមរបាយការណ៍សិក្សាបំណុលវ័ណ្ដករបស់ស្ថាប័នវិនិយោគក្នុងវិស័យមីក្រូហិរញ្ញវត្ថុ Blue Orchard, Incofin IM, Oikocredit នៅឆ្នាំ២០១៣ ចំនួនចន្លោះ៥១ភាគរយទៅ៥៦ភាគរយ នៃអតិថិជនដែលជាកូនបំណុល បានបញ្ជាក់ថា មានការលំបាកក្នុងការសង ត្រឡប់មកម្ចាស់បំណុលវិញ។ របាយការណ៍ដដែល បានបញ្ជាក់ទៀតថា អតិថិជន ២១ភាគរយ មានបំណុលច្រើនជាង១ស្ថាប័ន។    បើតាមរបាយការណ៍ខាងលើ ៦៦ភាគរយនៃអតិថិជន មិនបានខ្ចីប្រាក់យកទៅប្រកបរបរ ដើម្បីរកចំណូលនោះទេ ៣៩ភាគរយ ខ្ចីប្រាក់ដើម្បីចំណាយលើអាហារ និង២៧ភាគរយ ខ្ចីប្រាក់ដើម្បីចំណាយលើសុខភាព។

រ៉ឹម ភារី៖ តើការប្រើប្រាស់កម្ចីមិនបានត្រឹមត្រូវ ហុចផលអវិជ្ជមានយ៉ាងដូចម្តេចខ្លះ?

ង៉ែត ជូ៖ នេះជាសញ្ញាមិនល្អនោះទេ ពីព្រោះ វាមិនបានឆ្លុះបញ្ចាំពីបេសកកម្មស្នូលរបស់គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុនោះទេ។ បេសកកម្មស្នូលរបស់មីក្រូហិរញ្ញវត្ថុ គឺលើកកម្ពស់ជីវភាពពលរដ្ឋក្រីក្រ តាមរយៈការវិនិយោគលើមុខរបរនានា។

រ៉ឹម ភារី៖ តើគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ អ្នកពាក់ព័ន្ធ ត្រូវធ្វើដូចម្តេច ដើម្បីធ្វើឲ្យពលរដ្ឋចេះប្រើប្រាស់កម្ចីឲ្យបានត្រឹមត្រូវ និងមានភាពរីកចម្រើនទាំងអស់គ្នា? 

ង៉ែត ជូ៖ កន្លងមក សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលមានសមាជិក៩៤ស្ថាប័ន បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីធ្វើយុទ្ធនាការអប់រំពលរដ្ឋ តាមរយៈកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុតាមវិទ្យុ និងបណ្ដុះបណ្ដាលគ្រូបង្គោលដល់បុគ្គលិកនៃគ្រឹះស្ថានមីក្រូហិញ្ញវត្ថុ ដែលជាសមាជិករបស់សមាគម។ 

លោក ង៉ែត ជូ ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍ក្រុមហ៊ុនពិគ្រោះយោបល់ Emerging Markets Consulting (EMC)

យ៉ាងណាក៏ដោយ មានគ្រឹះស្ថានជាច្រើន មានបេសកកម្មសង្គមតែលើក្រដាសប៉ុណ្ណោះ។ គ្រឹះស្ថានក្នុងវិស័យនេះ គួរតែសហការគ្នាបែងចែកប្រាក់ចំណេញរបស់ខ្លួនត្រឹមតែ១ភាគរយប៉ុណ្ណោះ ដើម្បីសមាគមមានប្រាក់រាប់លានដុល្លារ សម្រាប់អនុវត្តន៍កម្មវិធីអប់រំហិរញ្ញវត្ថុ ឲ្យបានទូលំទូលាយ។ 

យោងតាមរបាយការណ៏របស់ធនាគារជាតិនៃកម្ពុជា នៅឆ្នាំ២០១៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និង ធនាគារអេស៊ីលីដា ទទួលបានប្រាក់ចំណេញជាង២៥៧លានដុល្លាអាមេរិក។ ដូច្នេះ គ្រឹះស្ថានទាំងនោះ ភាគច្រើនមានម្ចាស់ភាគហ៊ុនបរទេស ហេតុអ្វីបានជាយើងមិនឆ្លាតបន្តិចដោយតម្រូវឲ្យគ្រឹះស្ថានទាំងនោះ បង់វិភាគទាន១ភាគេយនៃប្រាក់ចំណេញដែលទទួលបាន (ប្រហែល ២លានដុល្លាកន្លះ) សម្រាប់មូលនិធិគាំទ្រកម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុដល់ពលរដ្ឋ? ១ភាគរយមិនច្រើននោះទេ។ 

បើមិនធ្វើដូច្នេះទេ ប្រាក់ចំណេញ នឹងត្រូវបានអ្នកវិនិយោគដែលភាគច្រើនជាជនបរទេសវេចចេញពីកម្ពុជា ដោយបន្សល់ទុកអ្នកបង់ការប្រាក់(អតិថិជន)នៅបន្តភាពអវិជ្ជមានក្នុងវិស័យហិរញ្ញវត្ថុដដែល៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នក​រស់នៅ​ក្បែរ​ភ្នំ​សំពៅ ដាំ​ផ្កា​ចង្ក្រង​ស្វា ដើម្បី​ឲ្យ​ដី​មាន​ជី​ជាតិ តែ​ភ្ញៀវ​ទេសចរ​មក​ថតរូប​ភ្លូក​ទឹក​ភ្លូក​ដី

ព័ត៌មាន
ចម្ការ​ចង្រ្កង​ស្វា នៅ​ក្បែរ​ភ្នំ​សំពៅ តាម​ផ្លូវ​ជាតិ​ពី​ខេត្ត​បាត់ដំបង​ឆ្ពោះ​ទៅកាន់​ខេត្ត​ប៉ៃលិន បាន​ទាក់ទាញ​អ្នក​ទេសចរ​ជា​ច្រើន ដោយ​ពួ…

អាជីវកម្ម​៤​វិស័យ​ដែល​ប្រជាជន​ខ្មែរ​មិន​គួរ​មើល​រំលង​នៅ​ទីក្រុង​យ៉ាងហ្គូន

ព័ត៌មាន
បច្ចុប្បន្ន មាន​ប្រជាជន​ខ្មែរ​ជា​ច្រើន​ដែល​មាន​របរ​រកស៊ី​​ចំណេញ​កាក់​កប ប៉ុន្តែ បែរ​ជា​មិនដឹង​ថា​យក​លុយ​របស់​ពូកគេ​ទៅ​វិនិយោគ​លើ​វិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ