វិស័យ SME

កំណែទម្រង់វិស័យ SME កម្ពុជា ចាំបាច់ត្រូវផ្តោតលើវិស័យ និងផលិតផលជាក់លាក់


អស់រយៈពេលជាងមួយទសវត្សរ៍មកនេះ កម្ពុជា មិនដែលខ្វះមហិច្ឆតាក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (SME) នោះឡើយ។ រៀងរាល់ប៉ុន្មានឆ្នាំម្តង យើងតែងឃើញមានគំនិតផ្តួចផ្តើម ស្ថាប័ន យន្តការហិរញ្ញប្បទាន កម្មវិធីបណ្តុះបណ្តាល ការពង្រីកវេទិកាឌីជីថល និងយុទ្ធសាស្ត្រថ្មីៗជាច្រើន ត្រូវបានប្រកាសឡើងដោយមានគោលបំណងរួមតែមួយ គឺធ្វើឱ្យ SME ក្លាយជាម៉ាស៊ីនចលករ ដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចជាតិ។
វិស័យ SME
ដោយ

ទោះជាយ៉ាងណា ទោះបីជាប្រព័ន្ធគោលនយោបាយ និងស្ថាប័នគាំទ្រត្រូវបានកសាងឡើងយ៉ាងទូលំទូលាយយ៉ាងណាក្តី សហគ្រិនជាច្រើននៅតែបន្តសួរសំណួរដ៏សាមញ្ញមួយថា ហេតុអ្វីបានជាការធ្វើអាជីវកម្មជាក់ស្តែងនៅតែមានអារម្មណ៍ថា លំបាកជាងអ្វីដែលគួរតែល្អប្រសើរជាងនេះ?

ការណែនាំដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលថ្មីៗនេះបានក្លាយជាចំណុចរបត់ដ៏សំខាន់។ សាររបស់សម្តេចលើកនេះមានលក្ខណៈខុសប្លែកពីមុន ដោយសម្តេចមិនបានអំពាវនាវឱ្យបង្កើតយុទ្ធសាស្ត្រ ឬស្ថាប័នថ្មីមួយទៀតឡើយ ប៉ុន្តែបានណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នផ្តោតលើការអនុវត្តជាក់ស្តែងតាមរយៈការពន្លឿនការចុះបញ្ជី សម្រួលបែបបទរដ្ឋបាល បង្កើនការសម្របសម្រួលរវាងស្ថាប័នឱ្យកាន់តែមានភាពល្អប្រសើរ និងសំខាន់បំផុត គឺ សម្តេច នឹងតាមដានវឌ្ឍនភាពដោយផ្ទាល់។ នេះជាសញ្ញាណបង្ហាញថា កម្ពុជាកំពុងផ្លាស់ប្តូរពីដំណាក់កាលរៀបចំគោលនយោបាយឆ្ពោះទៅ ដំណាក់កាលអនុវត្តឱ្យលេចចេញលទ្ធផលជាក់ស្តែង។

នៅមួយរយៈចុងក្រោយនេះប្រព័ន្ធអន្តរប្រតិបត្តិការ CAM-DX ទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរទិន្នន័យរវាងស្ថាប័នសាធារណៈ ដើម្បីកាត់បន្ថយបន្ទុកឯកសារស្ទួនសម្រាប់សហគ្រិន។ ប៉ុន្តែយើងត្រូវយល់ឱ្យច្បាស់ថា CAM-DX គ្រាន់តែជាស្ពានតភ្ជាប់មូលដ្ឋានទិន្នន័យ មិនមែនជាឱសថទិព្វដោះស្រាយបញ្ហារដ្ឋបាលគ្រប់យ៉ាងដោយខ្លួនឯងនោះឡើយ។ ភាពជោគជ័យពិតប្រាកដ នៃការធ្វើបរិវត្តកម្មឌីជីថលមិនមែនស្ថិតលើបច្ចេកវិទ្យាតែមួយមុខទេ ប៉ុន្តែស្ថិតលើឆន្ទៈនយោបាយ និងអភិបាលកិច្ចក្នុងការធ្វើសុខដុមនីយកម្មនីតិវិធី ការចែករំលែកព័ត៌មាន និងការរៀបចំដំណើរការការងារឡើងវិញ ដោយតម្រង់ទិសលើតម្រូវការធុរកិច្ចជាធំ។ បច្ចេកវិទ្យាអាចតភ្ជាប់ទិន្នន័យបាន ប៉ុន្តែមានតែអភិបាលកិច្ចល្អប៉ុណ្ណោះ ដែលអាចតភ្ជាប់ស្ថាប័នឱ្យធ្វើការជាមួយគ្នាបានយ៉ាងរលូន។

ជាច្រើនឆ្នាំមកនេះការពិភាក្សាតែងតែផ្តោតលើសំណួរថា តើត្រូវជួយ SME ដោយរបៀបណា? ប៉ុន្តែតាមពិត SME មិនមែនជាវិស័យសេដ្ឋកិច្ចឡើយ តែជាការកំណត់ទំហំសហគ្រាសតែប៉ុណ្ណោះ។ រោងចក្រកែច្នៃស្វាយចន្ទី ក្រុមហ៊ុនសូហ្វវែរ ប្រតិបត្តិករទេសចរណ៍ ឬរោងចក្រសាប៊ូ សុទ្ធតែជា SME ដូចគ្នា ប៉ុន្តែពួកគេប្រឈមមុខនឹងទីផ្សារ បច្ចេកវិទ្យា និងបទប្បញ្ញត្តិខុសគ្នាទាំងស្រុង។ ការដាក់សហគ្រាសទាំងអស់ក្រោម ឆ័ត្រគោលនយោបាយតែមួយ នាំឱ្យវិធានការគាំទ្រមានលក្ខណៈទូលំទូលាយពេករហូតមិនអាចឆ្លើយតបនឹងតម្រូវការជាក់លាក់ នៃវិស័យនីមួយៗបាន។

រាជរដ្ឋាភិបាលគួរផ្លាស់ប្តូរទិសដៅដោយផ្តោតលើវិស័យអាទិភាព និងផលិតផលយុទ្ធសាស្ត្រ ដែលកម្ពុជាមានសក្តានុពលប្រកួតប្រជែងពិតប្រាកដ។ ការប្រកួតប្រជែងសម័យទំនើបមិនមែនជាការប្រកួតរវាងសហគ្រាសទោលឡើយ តែជាការប្រកួតប្រជែង នៃខ្សែច្រវាក់តម្លៃ។ ជាឧទាហរណ៍ឧស្សាហកម្មកែច្នៃកសិផល មិនអាចជោគជ័យបានទេ បើខ្វះការស៊ីសង្វាក់គ្នារវាងកសិករ អ្នកដឹកជញ្ជូន រោងចក្រវេចខ្ចប់ មន្ទីរពិសោធន៍ ស្ថាប័នហិរញ្ញវត្ថុ និងនីតិវិធីគយ ហើយបើការតភ្ជាប់ណាមួយខ្សោយ នោះខ្សែច្រវាក់ទាំងមូលអាចនឹងដួលរលំ។

ដូច្នេះបញ្ហាប្រឈមមិនមែនជាការបង្កើតស្ថាប័នថ្មីបន្ថែមទៀតទេ ប៉ុន្តែគឺធ្វើឱ្យស្ថាប័នដែលមានស្រាប់ធ្វើការជាប្រព័ន្ធអេកូឡូស៊ីតែមួយ។ ក្នុងន័យនេះ តួនាទី និងលក្ខខណ្ឌយោង នៃគណៈកម្មាធិការសកម្មភាព SME គួរសិក្សាកំណត់ឡើងវិញ ដោយផ្តល់សិទ្ធិអំណាចច្បាស់លាស់ក្នុងការសម្រេចចិត្ត ដោះស្រាយភាពខ្វែងគំនិតរវាងក្រសួង និងជំរុញការអនុវត្តជាក់ស្តែងលើវិស័យអាទិភាព។

សញ្ញាណវិជ្ជមានមួយទៀត គឺការវិវត្ត នៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជន (G-PSF)។ ការសម្រេចចិត្តរបស់សភាពាណិជ្ជកម្មកម្ពុជា ក្រោមការដឹកនាំរបស់អ្នកឧកញ៉ា គិត ម៉េង ក្នុងការបើកទូលាយឱ្យសភាពាណិជ្ជកម្មបរទេស និងសមាគមធុរកិច្ចអន្តរជាតិចូលរួមក្នុងក្រុមការងារតាមវិស័យ គឺជាជំហានដ៏ឈ្លាសវៃ។ វាមិនត្រឹមតែបង្កើតបរិយាកាសប្រកួតប្រជែងស្មើភាព និងស្រូបយកបទពិសោធន៍អន្តរជាតិនោះទេ ប៉ុន្តែថែមទាំងរុញច្រាន G-PSF ពីវេទិកាពិគ្រោះយោបល់ឱ្យក្លាយជាវេទិកាផ្តោតលើការអនុវត្ត និងតាមដានលទ្ធផលពិតប្រាកដ។

ទោះជាយ៉ាងណាការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ SME នឹងមិនអាចជោគជ័យបានឡើយ ប្រសិនបើគ្មានភាពយុត្តិធម៌ក្នុងទីផ្សារ។ បញ្ហាប្រឈមធំបំផុតសម្រាប់ក្រុមហ៊ុនផលិតក្នុងស្រុកសុចរិត មិនមែនជាទំនិញនាំចូលស្របច្បាប់ទេ តែជាទំនិញរត់ពន្ធទំនិញក្លែងក្លាយ និងការជួញដូរខុសច្បាប់ ដែលវាយលុកទីផ្សារក្នុងតម្លៃថោកខុសប្រក្រតី។ ការបង្ក្រាបការជួញដូរខុសច្បាប់ និងការពង្រឹងប្រសិទ្ធភាពរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករមិនគួរត្រូវបានមើលឃើញត្រឹមជាការអនុវត្តច្បាប់ ឬការប្រមូលពន្ធនោះឡើយ ប៉ុន្តែត្រូវតែជាសសរស្តម្ភដ៏សំខាន់ នៃគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មជាតិ ដើម្បីការពារធុរកិច្ចដែលគោរពច្បាប់។

សូចនាករវាស់វែងភាពជោគជ័យ នៃយុទ្ធសាស្ត្រសេដ្ឋកិច្ចកម្ពុជា គឺនៅពេលដែលការផលិតក្នុងស្រុកក្លាយជាជម្រើសដែលមានភាពទាក់ទាញជាងការនាំចូល។ បច្ចុប្បន្នសហគ្រិនជាច្រើនយល់ថា ការនាំចូល និងចែកចាយទំនិញបរទេសមានហានិភ័យទាប និងងាយស្រួលជាងការបង្កើតរោងចក្រផលិតខ្លួនឯង ដែលត្រូវប្រឈមនឹងការគ្រប់គ្រងកម្លាំងពលកម្ម បច្ចេកវិទ្យា និងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏ស្មុគស្មាញ។

ទោះជាយ៉ាងណាប្រវត្តិសាស្ត្រសេដ្ឋកិច្ចពិភពលោកបានបញ្ជាក់រួចហើយថា គ្មានប្រទេសណាមួយអាចក្លាយជាប្រទេសឧស្សាហកម្មរឹងមាំ ឬមានវិបុលភាពប្រកបដោយចីរភាព ដោយផ្អែកតែលើការនាំចូល និងចែកចាយទំនិញបរទេសនោះឡើយ។ នៅថ្ងៃណា ដែលសហគ្រិនកម្ពុជាយល់ឃើញថា ការផលិតផលិតផលដែលមានម៉ាកសញ្ញា Made in Cambodia ផ្តល់ផលតបស្នងផ្នែកសេដ្ឋកិច្ចល្អជាងការនាំចូល នោះទើបគោលនយោបាយ SME របស់យើងបានវិវត្តទៅជាយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មជាតិពិតប្រាកដ។

ជារួមកម្ពុជាបានកសាងមូលដ្ឋានគ្រឹះស្ថាប័នបានយ៉ាងរឹងមាំរួចហើយ ហើយដំណាក់កាលបន្ទាប់ នៃកំណែទម្រង់សេដ្ឋកិច្ច មិនត្រូវវាស់វែងតាមចំនួនគោលនយោបាយ ឬស្ថាប័នថ្មីៗ ដែលបានបង្កើតឡើងនោះទេ តែត្រូវវាស់វែងតាមប្រសិទ្ធភាព នៃការអនុវត្ត។ សហគ្រិន និងវិនិយោគិននឹងមិនចងចាំថា ក្រសួងណាជាអ្នកបង្កើតកម្មវិធីអ្វីនោះឡើយ អ្វីដែលពួកគេចងចាំ និងរង់ចាំមើល គឺលទ្ធផលដែលអាចឆ្លើយតនឹងសំណួរសាមញ្ញៗចំនួន៤រួមមានតើការចាប់ផ្តើម និងប្រតិបត្តិការអាជីវកម្មកាន់តែងាយស្រួលជាងមុនដែរឬទេ? តើស្ថាប័នរដ្ឋអាចធ្វើការសម្របសម្រួលគ្នាបានលឿន និងរលូនជាងមុនដែរឬទេ? តើអ្នកផលិតដែលប្រកបអាជីវកម្មដោយសុចរិតទទួលបានការការពារពីការប្រកួតប្រជែងមិនស្មើភាពយ៉ាងពិតប្រាកដដែរឬទេ? និងតើកម្ពុជាបានក្លាយជាប្រទេសដែលផ្តល់តម្លៃខ្ពស់លើការផលិត ការបង្កើតនវានុវត្តន៍ និងការបង្កើតតម្លៃបន្ថែម" ជាងការនាំចូលទំនិញពីក្រៅប្រទេសហើយឬនៅ?

អត្ថបទដោយ៖ ដេវីដ វ៉ាន់




អត្ថបទបន្ទាប់


កង្កែបក្នុងស្រុកធ្លាក់ថ្លៃកសិករដាក់បន្ទុកលើការនាំចូល តែក្រសួងដាក់បន្ទុកលើផ្គត់ផ្គង់លើសតម្រូវការ

តម្លៃកង្កែបក្នុងស្រុកកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដោយកសិករនៅខេត្តព្រៃវែង និងខេត្តសៀមរាបបានអះអាងថា ការប្រកួតប្រជែងជាមួយកង្កែបនាំចូល និងការធ្លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ