ទោះជាយ៉ាងណាសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាបានភាពធន់ដោយសារមានការគាំទ្រពីកំណើននៃការនាំចេញ លំហូរទិនវិនិយោគផ្ទាល់ពីបរទេស និងការកើនឡើង នៃផលិតកម្មក្នុងស្រុក។ ធនាគារជាតិ បានព្យាករថា នៅពេញមួយឆ្នាំ២០២៦ សេដ្ឋកិច្ចកម្ពុជានឹងសម្រេចបានកំណើនក្នុងរង្វង់៣,៩% និង៥% នៅឆ្នាំ២០២៧។
លោកជំទាវ ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ការអូសបន្លាយនៃជម្លោះព្រំដែន និងឥទ្ធិពលនៃការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញនឹងបន្តក្លាយជាឧបសគ្គនៃការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា នៅឆមាសទី២ឆ្នាំនេះ។ ទោះជាយ៉ាងណាកំណើនសេដ្ឋកិច្ចត្រូវបានរំពឹងថា នឹងរក្សាបានភាពធន់របស់ខ្លួន ដែលគាំទ្រដោយការធ្វើពិពិធកម្មការនាំចេញ កំណើនផលិតកម្មក្នុងស្រុក ការអនុវត្ត ការកែទម្រង់ស៊ីជម្រៅ និងការដាក់ចេញនូវកម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល។ ថ្នាក់ដឹកនាំរូបនេះបានសង្កត់ធ្ងន់ថា ធនាគារជាតិនៃកម្ពុជានឹងបន្តអនុវត្តនយោបាយរូបិយវត្ថុ និងហិរញ្ញវត្ថុដោយប្រុងប្រយ័ត្ន ស្ថិរភាពអត្រាប្តូរប្រាក់ និងពង្រឹងភាពធន់នៃប្រព័ន្ធធនាគារ ដើម្បីរក្សាការរួមចំណែកជួយគាំទ្រស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ភាពប្រែប្រួលនៃកត្តាខាងក្រៅពិតជាបានបង្កផលប៉ះពាល់ដល់ចលនាសេដ្ឋកិច្ចកម្ពុជាមែន ប៉ុន្តែសេដ្ឋកិច្ចក្នុងឆមាសទី១ នៅតែបង្ហាញពីភាពរឹងមាំ ដោយទំហំពាណិជ្ជកម្មសរុបសម្រេចបានជាង៣៦,៨ពាន់លានដុល្លារកើនឡើងប្រមាណជិត២១% និងអាចទាក់ទាញគម្រោងវិនិយោគសរុបបានរហូតដល់២៧៦គម្រោងជាមួយទុនវិនិយោគ៤,៧ពាន់លានដុល្លារ។ លោកបណ្ឌិត បានវាយតម្លៃថា តួលេខទាំងនេះបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីគ្រឹះសេដ្ឋកិច្ចដ៏រឹងមាំ និងទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា។ ទោះជាយ៉ាងណា លោកយល់ថា ដើម្បីរក្សាភាពធន់នេះឱ្យបានយូរអង្វែង កម្ពុជា ត្រូវបន្តពង្រឹងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច ជំរុញឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ បង្កើនផលិតភាពការងារ និងបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជាដើម។
ធនាគារជាតិនៃកម្ពុជា បានព្យាករថា សេដ្ឋកិច្ចកម្ពុជា សម្រេចបានកំណើនក្នុងរង្វង់៣,៥% នៅឆាមាសទី១ ខណៈបញ្ហាខាងក្រៅ និងខាងក្នុងនឹងបន្តក្លាយជាឧបសគ្គធ្វើឱ្យរាំងស្ទះដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចនៅឆមាសទី២ នៅឆ្នាំនេះ។ យ៉ាងណាមិញនៅពេញមួយឆ្នាំ២០២៦ ធនាគារជាតិព្យាករថា កម្ពុជានឹងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៣,៩% និងបន្តកើនឡើងដល់៥% នៅឆ្នាំ២០២៧ ដែលគាំទ្រជាចម្បងដោយសារការកើនឡើងនៃការនាំចេញ ជាពិសេសផលិតផលមិនមែនកាត់ដេរ និងកំណើនលំហូរទុនវិនិយោគផ្ទាល់ពីបរទេស៕
អត្ថបទ៖ បូ ដូឡា