Advertisement
សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ

ការ​កក​ស្ទះ​ចរាចរណ៍​ជំរុញ​ឲ្យ​ពលរដ្ឋ​​​ងាក​មក​ប្រើ​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ


កន្លង​មក គេ​សង្កេត​ថា បុគ្គលិក​ក្រុមហ៊ុន​ឯកជន រដ្ឋ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន មាន​ទម្លាប់​វេច​ម្ហូប​អាហារ​ដើម្បី​ទៅ​ពិសា​នៅ​កន្លែង​ការងារ ប៉ុន្តែ ក្រោយ​មក និន្នាការ​នៃ​ការ​វេច​អាហារ​ទៅ​ញ៉ាំ​នៅ​កន្លែង​ធ្វើការ ហាក់​មាន​ការ​ថយ​ចុះ ខណៈ​សេដ្ឋកិច្ច​គ្រួសារ​មាន​ការ​រីក​ចម្រើន​និង​ភាព​រវល់​ការងារ​ខ្លាំង ស្រប​ពេល​ដែល​ភោជនីយដ្ឋាន​និង​អាហារដ្ឋាន​បាន​បង្កើត​ឡើង​ព្រោង​ព្រាត ជំរុញ​ឲ្យ​ពួកគេ​ងាក​ទៅ​ញ៉ាំ​អាហារ​នៅ​ភោជនីយ​ដ្ឋាន​និង​អាហារដ្ឋាន​ដែល​នៅ​ជិត​កន្លែង​ការងារ​វិញ។
បុគ្គលិក​ដឹក​ជញ្ជូន​ម្ហូប​អាហារ​របស់ក្រុមហ៊ុន Nham24។
ដោយ
Advertisement

ប៉ុន្តែ នៅ​មួយ​​រយៈ​ពេល​​ចុង​​ក្រោយ​​នេះ ពលរដ្ឋ​នៅ​ភ្នំពេញ​កាន់​តែ​មាន​ភាព​មមាញឹក ខណៈ​ចរាចរណ៍​កក​ស្ទះ​ខ្លាំង ពលរដ្ឋ​កាន់​តែ​ច្រើន​ឡើង​បាន​ងាក​មក​ប្រើ​ប្រាស់​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ដើម្បី​យក​មក​ហូប​ជុំ​គ្នា​នៅ​ការិយាល័យ ឬ​នៅ​ផ្ទះ ជា​ដើម។

លោក ប៉ែន វិសា នាយក​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ភ្នំពេញ បាន​ប្រាប់ ខេមបូណូមីស ថា លោក​និង​ភរិយា​បាន​ប្រើប្រាស់​សេវាកម្ម​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ជា​យូរ​មក​ហើយ ពីព្រោះ​ក្រុម​គ្រួសារ​របស់​លោក​ជាប់​រវល់​ការងារ​រៀងៗ​ខ្លួន គ្មាន​ពេល​ធ្វើ​ម្ហូប​ដោយ​ខ្លួន​ឯង​ឡើយ។ បើ​តាម លោក ប៉ែន វិសា ក្នុង​មួយ​សប្តាហ៍ លោក​ហៅ​(Call)​ឲ្យ​អ្នក​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ជា​មធ្យម​​ប្រហែល ១០​ដង ដើម្បី​កុម៉្មង់​ម្ហូប​អាហារ​មក​ញ៉ាំ​នៅ​កន្លែង​ការងារ និង​នៅ​ផ្ទះ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «វា​ងាយ​ស្រួល បើ​ចង់​ញ៉ាំ​ម្ហូប​អ្វី យើង​គ្រាន់​តែ បើក App ហើយ​ហៅ (Call) ប្រាប់​គេ​ទៅ គេ​នឹង​ដឹក​ឲ្យ​យើង​ដល់​កន្លែង​តែ​ម្តង ព្រោះ ខ្ញុំ​និង​ប្រពន្ធ​រវល់​ទាំង​ការងារ និង​មាន​កូន​តូច​ផង។ ម្យ៉ាង យើង​ងាយ​ស្រួល​ជ្រើស​រើស​ផង បើ​ចង់​ញ៉ាំ​ម្ហូប​ខ្មែរ ជប៉ុន កូរ៉េ… ដែល​ប្លែក​មាត់ គេ​ដឹក​ឲ្យ​ភ្លាម ព្រោះ បើ​ញ៉ាំ​ម្ហូប​នៅ​ផ្ទះ យើង​ញ៉ាំ​តែ​ម្ហូប​ណា​ដែល​យើង​ចេះ​ធ្វើ»។

លោក​និង​ភរិយា​មិន​ចង់​ចំណាយ​ពេល​ដើរ​ផ្សារ និង​ពេល​វេលា​ចម្អិន​ម្ហូប​នៅ​ផ្ទះ​នោះ​ទេ ព្រោះ លោក​ចង់​យក​ពេល​វេលា​ទៅ​រកស៊ី​បង្កើន​ប្រាក់​ចំណូល​វិញ។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក ប៉ែន វិសា ដោយ​បន្ត​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​ចង់​ធ្វើ​ដំណើរ​ទៅ​ហាង​ទេ ព្រោះ​មុខ​ផ្ទះ​ខ្ញុំ​ស្ទះ​ខ្លាំង ជា​ពិសេស ពេល​ល្ងាច ជួន​កាល​ជិះ​ឡាន​៣​ជុំ​ក៏​មាន​ដែរ ទម្រាំ​បាន​ចូលផ្ទះ»។

ប្រជាជន​កម្ពុជា​នា​ពេល​កន្លង​មក មាន​ទម្លាប់​ញ៉ាំ​អាហារ​ជុំ​គ្នា​និង​ជជែក​គ្នា​លេង ដោយ​ប្រើប្រាស់​ពេល​វេលា​យ៉ាង​ច្រើន ប៉ុន្តែ សម្រាប់​ប្រជាជន​នៅ​ប្រទេស​ជឿន​លឿន​មួយ​ចំនួន​វិញ ពួកគេ ​បាន​ប្រើប្រាស់​វេលា​យ៉ាង​ត្រឹមត្រូវ ពោល គឺ​នៅ​ពេល​ចេញ​ពី​ធ្វើការ ពួកគេ​សង្វាត​រក​កន្លែង​ញ៉ាំ​អាហារ​យ៉ាង​ប្រញាប់​ប្រញាល់ ដើម្បី​សល់​ពេល​វេលា​ខ្លះ ធ្វើ​កិច្ចការ​​ដទៃ​ទៀ​ត ដែល​អាច​ផ្តល់​ចំណូល​បន្ថែម​ជា​ប្រយោជន៍​សម្រាប់​ពួកគេ។

ដោយឡែក និស្សិត​វិញ ពួកគេ យក​ពេល​វេលា​ជា​ច្រើន​ក្នុង​ការ​អាន​សៀវភៅ និង​សិក្សា​ស្រាវជ្រាវ ប៉ុន្តែ ពេល​វេលា​ដែល​នៅ​សល់ ដូចជា ពេលយប់ ឬ​ថ្ងៃ​ចុង​សប្តាហ៍ ពួកគេ​ឆ្លៀត​យក​ពេល​វេលា​ដ៏​មាន​តម្លៃ​នេះ ធ្វើ​ការងារ​ដើម្បី​រក​ប្រាក់​ផ្គត់ផ្គង់​ការ​សិក្សា។ 

ដូចគ្នា​ដែរ កញ្ញា រស់ កែវ​ពេជ្រការ អ្នក​រស់នៅ​ភ្នំពេញ គឺ​ជា​ម៉ូយ​របស់​ក្រុមហ៊ុន Nham24 ដែល​មាន​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ។ កញ្ញា​បាន​​ប្រាប់ ខេមបូណូមីស ថា កញ្ញា​បាន​ប្រើប្រាស់​សេវា​ដឹក​ម្ហូប​អាហារ​នេះ ជា​ញឹក​ញាប់ បើ​ទោះ​បី​ត្រូវ​ចំណាយ​ថវិកា​ខ្លះ​លើ​ថ្លៃ​សេវា​ដឹក​ជញ្ជូន​ក៏​ដោយ។ 

Advertisement

ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ អ្នក​ភ្នំពេញ​រូប​នេះ អះអាង​ថា នាង​មិន​សូវ​រវល់​ខ្លាំង​នោះ​ទេ ប៉ុន្តែ នាង​មិន​ចូល​ចិត្ត​ភាព​អ៊ូអរ និង​ការ​រង់ចាំ​យូរ ខណៈ​ដែល​នាង​ចូល​ហាង​ម្តងៗ។

កញ្ញា​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​ចង់​ប្រើ​ពេល​យូរ​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​ហាង​ខ្លះ​មាន​មនុស្ស​ច្រើន ដែល​តម្រូវ​ឲ្យ​ខ្ញុំ​ត្រូវ​រង់ចាំ​យូរ ទម្រាំ​បាន​ញ៉ាំ​ខាត​ពេល​ច្រើន​ណាស់។ ម្យ៉ាង ខ្ញុំ​ចង់​យក​ពេល​វេលា​នេះ សិក្សា​រៀនសូត្រ​វិញ»។

បើ​តាម កែវពេជ្រការ ការ​ប្រើ​ប្រាស់​សេវាកម្ម​ដឹក​ជញ្ជូន​នេះ នាង​ត្រូវ​ចំណាយ​ថ្លៃ​សេវា​ដឹក​ជញ្ជូន​១​ដុល្លារ​ក្នុង​មួយ​ហាង ខណៈ​ថ្ងៃ​ខ្លះ​កញ្ញា​ត្រូវ​ហៅ​(Call) ពី ២ ទៅ ៣​ដង។ កញ្ញា កែវពេជ្រការ បន្ត​ថា បើ​ធៀប​នឹង​ការ​ចំណាយ​ពេល​វេលា​ធ្វើ​ដំណើរ និង​ចំណាយ​ពេល​រង់ចាំ តម្លៃ​១​ដុល្លារ​នេះ​ជា​តម្លៃ​មួយ​សមរម្យ។

និន្នាការ​ថ្មី​ដែល​ប្រជាជន​ងាក​មក​ប្រើ​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ​នេះ គឺ​ជា​ភាព​វិជ្ជមាន​មួយ ដែល​ពួក​គេ​អាច​យក​ពេល​វេលា​នេះ​ទៅ​ធ្វើ​កិច្ច​ការងារ​សម្រាប់​រក​ចំណូល​បន្ថែម ឬ​សិក្សា​ពង្រឹង​សមត្ថភាព​របស់​ខ្លួន។ នេះ​បើ​តាម​លោក ចាន់ បូរីម៉ា ស្ថាបនិក​ក្រុមហ៊ុន Nham24 ដែល​បាន​បង្កើត​ឡើង​នៅ​ដើម​ឆ្នាំ​២០១៦។ 

Advertisement

លោក​បាន​ប្រាប់ ខេមបូណូមីស ថា ក្រុមហ៊ុន​របស់​លោក​មិន​មាន​ភោជនីយដ្ឋាន​ផ្ទាល់​ខ្លួន​នោះ​ទេ ប៉ុន្តែ ក្រុមហ៊ុន​របស់​លោក​គ្រាន់តែ​មាន​បុគ្គលិក និង​មាន Website, App និង Facebook  Page  ដើម្បី​ឲ្យ​ភ្ញៀវ​កុម៉្មង់​ម្ហូប​លើ​អ៊ីនធើណែត។ 

បន្ទាប់​ពី​ទទួល​បាន​ការ​កុម៉្មង់​ពី​ភ្ញៀវ​រួច បុគ្គលិក​របស់​លោក​បាន​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ពី​ភោជនីយដ្ឋាន​ដែល​ជា​ដៃគូ​សហការ ជាង​៣០០​ភោជនីយដ្ឋាន​នៅ​ភ្នំពេញ យក​ទៅ​ឲ្យ​ភ្ញៀវ​ដល់​កន្លែង​តែ​ម្តង ដោយ​បាន​កម្រៃ​ជើងសារ​ពី​ភ្ញៀវ​១​ដុល្លារ​សម្រាប់​ទីតាំង​ក្នុង​ខណ្ឌ​ធំៗ​៤ រួមមាន៖ ខណ្ឌ​ដូនពេញ ៧មករា ចំការមន និង​​ទួលគោក ខណៈ​ខណ្ឌ​ក្រៅ​ពីនេះ មាន​កម្រៃ​ជើងសារ​ត្រឹម​២​ដុល្លារ​ប៉ុណ្ណោះ។

លោក ចាន់ បូរីម៉ា ដែល​មាន​វ័យ​៤២​ឆ្នាំ និង​បាន​បញ្ចប់​បរិញ្ញាបត្រ​ជំនាញ​ទីផ្សារ និង​បញ្ចប់​អនុបណ្ឌិត​ជំនាញ​គ្រប់គ្រង​ហិរញ្ញវត្ថុ​នៅ​ប្រទេស​អូស្រ្តាលី បាន​បន្ត​ថា​​ បច្ចុប្បន្ន អតិថិជន​របស់​លោក​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ ខណៈ​មនុស្ស​ជា​ច្រើន​ចាប់​ផ្តើម​មាន​ការងារ​មមាញឹក​ខ្លាំង និង​បញ្ហា​ចរាចរណ៍​កក​ស្ទះ បាន​ធ្វើ​ឲ្យ​អាជីវកម្ម​នេះ មាន​ភាព​ជោគជ័យ។

Advertisement

បើតាម​លោក ចាន់ បូរីម៉ា មនុស្ស​លែង​ចង់​ចំណាយ​ពេល​ធ្វើ​ដំណើរ​ទៅ​ភោជនីយដ្ឋាន និង​ធុញ​ទ្រាន់​ក្នុង​ការ​រង់ចាំ​យូរ ហើយ​ពួកគេ​ងាក​មក​ប្រើ​សេវា​របស់ Nham24 ដែល​ពួក​គេ​អាច​ជ្រើសរើស​ម្ហូប​ច្រើន​មុខ​និង​ច្រើន​ប្រភេទ​នៅ​ក្នុង App របស់​ក្រុមហ៊ុន Nham24។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «មនុស្ស​ត្រូវការ​ភាព​ងាយ​ស្រួល ដែល​ក្រុមហ៊ុន​សេវាកម្ម ត្រូវ​មាន​សេវាកម្ម​រហ័ស និង​មាន​ក្រុម​ការងារ​ដែល​មាន​ភាព​រួស​រាយ​រាក់ទាក់ ព្រមទាំង​ស្រឡាញ់​ការងារ​នេះ ទើប​អាច​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​បាន»។

ក្រៅពី​រាជ​ធានី​នៅ​ភ្នំពេញ ស្ថាបនិក​ក្រុមហ៊ុន Nham24 គ្រោង​ពង្រីក​សាខា​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ព្រះសីហនុ នៅ​ឆ្នាំ​២០១៨ និង​គ្រោង​ពង្រីក​ទីផ្សារ​របស់​ខ្លួន​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​ឡាវ នា​ថ្ងៃ​អនាគត​ ផង​ដែរ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម៖ ការងារ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​អាច​ផ្ដល់​​ប្រាក់​ខែ​ ១ម៉ឺន​៣​ពាន់​ដុល្លារ​ក្នុង​មួយឆ្នាំ

ព័ត៌មាន
អ្នក​សេដ្ឋកិច្ច និង​អ្នកច្បាប់​នៅ​វៀតណាម​កំពុង​ងាក​ទៅ​ផ្ដោត​លើ​ផែនការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​ទាំងវិ...

វិស័យ SME មាន​គោល​នយោយបាយ​ពី​រដ្ឋ​ហើយ តែ​នៅ​ឡើយ​ខ្វះ​អ្នក​ចូលរួម​ធ្វើ!

ព័ត៌មាន
អ្នក​ជំនាញ​ក្នុង​វិស័យ​សហគ្រាស​ធុន​តូច​និង​មធ្យម​នៅ​កម្ពុជា (SME) បាន​លើក​ឡើង​ថា វិស័យ​នេះ​ហាក់​​កំពុង​​មាន​​ដំណើរការ​លូត​លាស់​...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ