កសិកម្ម

ហេតុផល ៤ យ៉ាង ដែលធ្វើឲ្យកសិករខ្មែរខ្ជិលដាំបន្លែ រង់ចាំតែបន្លែនាំចូល


កម្ពុជា គឺជាប្រទេសដែលពិភពលោកទទួលស្គាល់ និង បានផ្តល់ងារឲ្យថា«ប្រទេសកសិកម្ម» ដោយសារតែប្រជាពលរដ្ឋប្រមាណ ជាង១៥លាននាក់ ក្នុងប្រទេសមួយនេះ មាន៨៥ភាគរយ ប្រកបរបរកសិកម្ម។ ថ្វីត្បិតតែប្រទេសកម្ពុជា មានកសិករប្រមាណ ៨៥ ភាគរយប្រកបរបរកសិកម្មក៏ពិតមែន ប៉ុន្តែ បើក្រឡេកទៅមើលភាពជាក់ស្តែង ផលដំណាំដែលបានមកពីកសិករខ្មែរធ្វើស្រែចម្ការហាក់បីដូចជាមានចំនួនតិចតូចនៅឡើយ មិនអាចនឹងផ្គត់ផ្គង់ទៅនឹងតម្រូវការចំាបាច់នៅក្នុងប្រទេសកម្ពុជានោះឡើយ។
កម្ពុជានាំចូលស្លឹកគ្រៃពីវៀតណាម៥០តោនក្នុងមួយថ្ងៃ(រូបថត៖សេដាក)
ដោយ

ការដែលមិនគ្រប់គ្រាន់ទៅតាមតម្រូវការទីផ្សារក្នុងស្រុកនេះហើយ បានជំរុញឲ្យ ប្រទេសកម្ពុជាយើង នាំចូលបន្លែគ្រប់ប្រភេទ ប្រមាណ៥៥ភាគរយពីក្រៅប្រទេស ជាពិសេស ប្រទេសជិតខាងកម្ពុជា មាន៖ វៀតណាម និងថៃ ខណៈដែលកសិករខ្មែរមានសមត្ថភាពផលិតបន្លែបានប្រហែល៤៥ភាគរយតែប៉ុណ្ណោះ 

នេះបើយោងតាមរបាយការណ៍របស់អង្គការស្បៀងអាហារ និង កសិកម្ម(FAO) ដែលត្រូវបានលើកឡើងដោយ លោក សម វិទូ ប្រធានអង្គការសេដាក។ 

លោក សម វិទូ បានបញ្ជាកប្រាប់ សារព័ត៌មានអេឡិចត្រូនិច ខេមបូណូមីស ថា ប្រទេសកម្ពុជាយើងសព្វថ្ងៃ កុំថាឡើយបន្លែសំខាន់ៗ ដែលកម្ពុជាធ្វើមិនបាន សូម្បីតែស្លឹកគ្រៃក៏កម្ពុជាយើងនាំចូលពីប្រទេសវៀតណាមដែរ។ 

លោកបានអះអាងថា ក្នុងមួយថ្ងៃៗកម្ពុជាបានធ្វើការនាំចូលស្លឺកគ្រៃពីប្រទេសវៀតណាម ប្រមាណ ៥០តោន និង នាំចូល ក្រូចឆ្មាប្រមាណ ១០តោនយ៉ាងតិចក្នុងមួយថ្ងៃផងដែរ។  

បន្លែនាំចូលពីប្រទេសជិតខាង កំពុងចរាចរណ៍លើទីផ្សារកម្ពុជាយ៉ាងសន្ធឹកសន្ធាប់

សួរថាតើ បើប្រទេសកម្ពុជាយើងនាំចូលបន្លែរាប់សិបតោនក្នុងមួយថ្ងៃៗ កម្ពុជានឹងខាតបង់ទឹកប្រាក់ប៉ុន្មានរយលានដុល្លារអាមេរិកក្នុង១ឆ្នាំៗ? 

បើយោងតាមរបាយការណ៍របស់អង្គការ(FAO) បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជាមានចំនួនប្រមាណ ១៥,៨លាននាក់ ដោយក្នុងម្នាក់ៗបរិភោគបន្លែប្រមាណ ៧៣គីឡូក្រាមក្នុងមួយឆ្នាំ។ 

ហើយបើយោងតាមការអង្កេតពីគម្រោងជំរុញផលិតកម្មស្បៀងបានបង្ហាញថា កម្ពុជាបាននាំចូលបន្លែពីប្រទេសជិតខាង មានបរិមាណ ២០០តោន ក្នុងមួយថ្ងៃ និង ចំណាយទឹកប្រាក់ប្រមាណ ១៥០លានដុលា្លរអាមេរិកក្នុងមួយឆ្នាំ។  

ប៉ុន្តែបើយោងទៅលើការសិក្សាពីក្រុមអ្នកជំនាញមកពីមជ្ឈមណ្ឌលសិក្សាគោលនយោបាយ បានបង្ហាញថា កម្ពុជាត្រូវចំណាយទឹកប្រាក់ជាង ២០០លានដុល្លារក្នុងមួយឆ្នាំៗ ទៅលើការនាំចូលបន្លែពីប្រទេសជិតខាង គឺប្រទេសវៀតណាម និង ថៃ។

បន្លែនាំចូលភាគច្រើនសុទ្ធតែត្រូវបានប្រើប្រាស់សារធាតុគីមី ដើម្បីធ្វើឲ្យស្រស់ទុកបានយូរមិនរលួយ។ 

បញ្ហានេះត្រូវគេមើលឃើញថា បានជះឥទ្ធិពលយ៉ាងខ្លាំងលើអ្នកប្រើប្រាស់ និងអ្នកបរិភោគជាច្រើននៅកម្ពុជា ដែលទាមទារឲ្យរាជរដ្ឋាភិបាលកម្ពុជារឹតបន្តឹងការហូរចូលបន្លែពីប្រទេសវៀតណាម និងថៃ ដែលគ្មានការត្រួតពិនិត្យគុណភាពឲ្យបានច្បាស់លាស់ ជាហេតុធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្មែរ។

ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះ រដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា ២០លានដុល្លារក្នុងកម្មវិធីជំរុញផលិតកម្មស្បៀងឆ្នាំ២០១៦–២០១៨ ដំណាក់កាលទី១ ដែលក្នុងនោះថវិកាមួយចំនួននឹងផ្ដោតទៅលើការពង្រឹងផលិតកម្មបន្លែក្នុងប្រទេសកម្ពុជាតែម្តង។ នេះបើយោងតាមមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (CPS)។ 

ជុំវិញទៅនឹងបញ្ហានេះ លោក ហ៊ាន វណ្ណហន អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ធ្លាប់បានលើកឡើងថា បរិមាណនេះមានការថយចុះនៅពេលដែលបន្លែផលិតបានច្រើនក្នុងស្រុក ពិសេសនៅរដូវរំហើយ។

លោក ហ៊ាន វណ្ណហន បន្ថែមថា បន្លែភាគច្រើននាំចូលមកពីប្រទេសវៀតណាម ថៃ និង ចិន មានដូចជា ដំឡូងបារំាង ការ៉ុត មើមខ្ទឹមបារំាង ខ្ទឹមស ប៉េងបោះ និងស្ពៃក្តោប ជាដើម។ បន្លែទំាងអស់នេះ ភាគច្រើនមិនសមស្របនឹងអាកាសធាតុនៅកម្ពុជា ហើយចំណាយដើមទុនផលិតខ្ពស់។ 

មូលហេតុសំខាន់ៗ ៤យ៉ាង ដែលធ្វើឲ្យកសិករខ្មែរខ្ជិលដាំដុះ រង់ចាំតែបន្លែនាំចូល 

លោក សម វិទូ ប្រធានអង្គការសេដាក បានលើកឡើងនូវមូលហេតុ៤ចំណុច ដែលធ្វើឲ្យកសិករខ្មែរខ្វះសមត្ថភាពក្នុងការដាំដុះ៖   

  1. កសិករខ្មែរមិនទាន់ទទួលបានការបណ្តុះបណ្តាលបច្ចេកទេសត្រឹមត្រូវ និងគ្រប់គ្រាន់ក្នុងការដាំដុះ ដោយកសិករភាគច្រើន ពួកគេប្រើជីកសិកម្មទាំងខុសបច្ចេកទេស។

  2. កង្វះទឹក ព្រោះប្រព័ន្ធធារាសាស្រ្តរបស់យើងមិនទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់ ជាពិសេស ដំណាំដែលដាំដុះនៅរដូវប្រាំ ព្រោះកសិករខ្លះ គាត់ពឹងផ្អែកទៅលើទឹកភ្លៀង។ 

  3. សេវាកម្មផ្សព្វផ្សាយសាធារណៈ មិនបានផ្សព្វផ្សាយទូលំទូលាយទៅដល់កសិករផ្ទាល់ (នៅមានតិចតួចនៅឡើយ)។ 

  4. កសិករខ្មែរនិយមដាំដំណាំតាមគ្នា ពោល គឺបើសិនមានកសិករមួយក្នុងភូមិដែលដាំដំណាំណាបានល្អ ធ្វើឲ្យកសិករផ្សេងទៀត នាំគ្នាមើល និងអនុវត្តន៍តាម ដែលពេលខ្លះពួកគេជួបបញ្ហាលើសតម្រូវការទីផ្សារ ជាពិសេសទីផ្សារក្នុងតំបន់របស់ពួកគាត់តែម្តង។ ដូច្នេះ ពួកគាត់ត្រូវមានផែនការច្បាស់លាស់ក្នុងការផលិត ដើម្បីផ្គត់ផ្គង់ឲ្យចំតម្រូវទីផ្សារ។  

បើតាម លោក សម វិទូ បច្ចុប្បន្ន អង្គការសេដាក កំពុងបង្រៀនបច្ចេកទេសដល់កសិករឲ្យដាំស្លឹកគ្រៃ ល្មៀត ខ្ជាយ និងបន្លែជាច្រើនប្រភេទទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលកំពុងខ្វះខាតផងដែរ។

កសិករដាំបន្លែម្នាក់នៅស្រុកកៀនស្វាយខេត្តកណ្តាល លោក ជា វុទ្ធី បានរអ៊ូរទាំជុំវិញ ការនាំចូលបន្លែពីប្រទេសជិតខាង ដែលធ្វើឲ្យតម្លៃបន្លែក្នុងស្រុកធ្លាក់ចុះ។  

លោកបញ្ជាក់យ៉ាងដូច្នេះថា៖«តម្លៃទីផ្សារ វាអត់នឹង ពេលយើងដាំបានផ្លែផ្កាល្អហើយ ដល់ពេលយើងយកទៅលក់ វាថោក ជួនកាលថោកហើយ សឹងតែគេអត់ទិញទៀត។ កាលមុន ខ្ញុំជំពាក់ថ្លៃជីច្រើនពេក ក៏រត់ធ្វើការនៅប្រទេសថៃ ដើម្បីរកលុយសងគេ»។ 

បើតាមកសិកររូបនេះ លោកចង់ឲ្យរដ្ឋាភិបាល ជួយផ្តល់បច្ចេកទេសក្នុងការដាំដុះ ទប់ស្កាត់តម្លៃជីកុំឲ្យថ្លៃពេក ដែលធ្វើឲ្យថ្លៃដើមក្នុងការផលិតខ្ពស់ និងជួយស្វែងរកទីផ្សារផងដែរ។       

នៅកម្ពុជា មានខេត្តមួយចំនួនដែលដាំបន្លែផ្គត់ផ្គង់ក្នុងស្រុកច្រើនជាងគេ មានដូចជា៖ ខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ កំពង់ឆ្នាំង សៀមរាប កំពត កំពង់ស្ពឺ ស្វាយរៀង និង តាកែវ ដែលមានផ្ទៃដីដាំដុះបន្លែប្រមាណ ៥៧ភាគរយ នៃផ្ទៃដីសរុបទូទំាងប្រទេស៕         

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កិច្ចសន្យាកសិកម្ម ត្រូវបានរាជរដ្ឋាភិបាលជំរុញឲ្យអនុវត្តសម្រាប់ការផលិតដំឡូងមី

ព័ត៌មាន
កសិផលរបស់កម្ពុជាមិនថា ម្រេច ដំឡូងមី ពោត ស្រូវនោះទេ តែងតែមានការប្រែប្រួលតម្លៃទីផ្សារ នៅពេលដែលមានការប្រមូលផលម្ដងៗ។ តួយ៉ាង ឆ្នាំខ្លះលក់បាន…

កូនស្រី​ប្រធានាធិបតី​អាមេរិក​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ បើក​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក​លើក​ទី៨

ព័ត៌មាន
នេះ​ជា​លើក​ទីមួយ​ហើយ ដែល​កិច្ច​ប្រជុំកំពូល​សហគ្រិន​ភាព​ពិភព​លោក (Global Entrepreneurship Summit) ប្រារព្ធ​ធ្វើ​នៅ​តំបន់​អាស៊ី​ខាង​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ