Advertisement
GES2017

កូនស្រី​ប្រធានាធិបតី​អាមេរិក​និង​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ បើក​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក​លើក​ទី៨


នេះ​ជា​លើក​ទីមួយ​ហើយ ដែល​កិច្ច​ប្រជុំកំពូល​សហគ្រិន​ភាព​ពិភព​លោក (Global Entrepreneurship Summit) ប្រារព្ធ​ធ្វើ​នៅ​តំបន់​អាស៊ី​ខាង​ត្បូង គឺ​នៅ​ទីក្រុង​ Hyderabad (ហៃដ្រាបាដ) ប្រទេស​ឥណ្ឌា។
លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី និង​លោកស្រី អ៊ីវ៉ាន់កា ត្រាំ ទីប្រឹក្សា​និង​ជា​កូនស្រី​ប្រធានាធិបតី​អាមេរិក បើក​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក​លើក​ទី៨ នៅ​ទីក្រុង​ Hyderabad ឥណ្ឌា។
ដោយ
Advertisement

កិច្ច​ប្រជុំ​ GES លើក​ទី៨ ចាប់​ផ្ដើម​​នា​ល្ងាច​ថ្ងៃ​ទី២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ នៅទីក្រុង Hyderabad ដែល​ជា​ទីក្រុង​​ថ្មី​បំផុត​របស់​ប្រទេស​ឥណ្ឌា ដោយ​មាន​ការចូលរួម​សម្ពោធ​បើក​ដោយ​លោកស្រី អ៊ីវ៉ាន់កា ត្រាំ (Ivanka Trump) ជាទីប្រឹក្សា និង​ជា​កូន​ស្រី​ប្រធានាធិបតី​អាមេរិក និង​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី (Narendra Modi)។ 

កិច្ច​ប្រជុំ​កំពូល​សហគ្រិនភាព​ពិភព​លោក ដែល​ជា​គំនិត​ផ្ដួច​ផ្ដើម​របស់សហរដ្ឋ​អាមេរិក ប្រារព្ធ​ធ្វើ​រៀងរាល់ឆ្នាំ ដោយ​ឆ្នាំ​នេះ​ជា​លើក​ទី៨ហើយ និង​ជា​លើក​ដំបូង​បង្អស់ ដែល​រៀបចំ​ធ្វើ​រួម​គ្នា​នៅ​តំបន់​អាស៊ី​ខាង​ត្បូង ដោយ​ឥណ្ឌា​ និង​សហរដ្ឋ​អាមេរិក​។

សហគ្រិន​ និង​វិនិយោគិន​ប្រមាណ ១៥០០នាក់​មក​ពី ១៥០​ប្រទេស ​ជុំវិញ​ពិភព​លោក ចូលរួម​នៅ​ក្នុង​វេទិកា​ដ៏​សំខាន់​មួយ​នេះ ហើយ​ក្នុង​នោះ​ មាន​សមាសភាព​ជា​សហគ្រិន​ស្ត្រី​ជាង ៥២%។ 

លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនដ្រា ម៉ូឌី និង​លោកស្រី អ៊ីវ៉ាន់កា ត្រាំ ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក ឆ្នាំ​២០១៧។

ថ្លែង​ក្នុង​ពិធី​បើក​​​​កិច្ច​ប្រជុំ​ លោកស្រី អ៊ីវ៉ាន់កា ត្រាំ បាន​ថ្លែង​កោត​សរសើរ​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា លោក​ ណារិនដ្រា ម៉ូឌី ដោយ​ផ្ទាល់ ថា «សូម​ថ្លែង​អំណរ​គុណ​ដល់​លោក​នាយករដ្ឋមន្ត្រី ម៉ូឌី ដែល​ចូលរួម​នៅ​ថ្ងៃ​នេះ និង​​អរគុណ​ចំពោះ​អ្វីៗ​ទាំងអស់​ដែល​លោក​កំពុង​ធ្វើ ដើម្បី​កសាង​ឥណ្ឌា​ឲ្យ​ក្លាយ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន ជា​ប្រទេស​ប្រជាធិបតេយ្យ និង​ជា​និមិត្តរូប​នៃ​ក្ដី​សង្ឃឹម​ថ្មី​របស់​ពិភព​លោក»។

នៅ​ក្នុងសុន្ទរកថា លោកស្រី អ៊ីវ៉ាន់កា ដែល​ជា​ទីប្រឹក្សា​និងជាកូនស្រី​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏​បាន​លើក​ឡើង​ជា​ថ្មី​ម្ដង​ទៀត​អំពី​សារសំខាន់​នៃ​ទំនាក់​ទំនង​និង​ភាព​ជា​ដៃគូ​រវាង​សហរដ្ឋ​​អាមេរិក និង​ឥណ្ឌា ដោយ​លោកស្រី​បាន​រំឭក​ឡើង​វិញ​នូវ​ពាក្យ​សម្ដី​របស់​ឪពុក​របស់​លោកស្រី ដែលថា «ឥណ្ឌាមាន​មិត្តភក្ដិ​ដ៏​ពិត​ប្រាកដ​មួយ​នៅ​សេតវិមាន»។ 

កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក លើកទី៨នេះ ធ្វើ​ឡើង​ក្រោម​ប្រធាន​បទ​សំខាន់៖​ "ស្ត្រី​ជា​អាទិភាព វិបុលភាព​សម្រាប់ទាំងអស់​គ្នា" និង​ផ្ដោត​ជុំវិញវិស័យធំៗ​ចំនួន ៤ គឺ ១) ការគាំពារសុខភាព និង​​វិទ្យាសាស្ត្រ​ជីវិត ២) សេដ្ឋកិច្ច​ឌីជីថល និង​បច្ចេកវិទ្យា​ហិរញ្ញ​វត្ថុ ៣) ថាមពល​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង ៤) ប្រព័ន្ធ​ផ្សព្វផ្សាយ​និងការកម្សាន្ត។ 

លោកស្រី Ivanka Trump ថ្លែង​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​សហគ្រិន​ភាព​ពិភព​លោក ២០១៧។

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នៅក្នុង​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​របស់​លោក ថ្លែងថា «ព្រឹត្តិការណ៍​នេះ មិនត្រឹម​តែ​ភ្ជាប់ទំនាក់ទំនង​ Silicon Valley [តំបន់​បច្ចេកវិទ្យាដ៏​ល្បីល្បាញ​បំផុត​នៅ​អាមេរិក] និងទីក្រុង​ Hyderabad ប៉ុណ្ណោះ​នោះ​ទេ ប៉ុន្តែ ថែមទាំង​បង្ហាញ​ពី​ចំណង​ទាក់ទង​ជិត​ស្និទ្ធ​រវាង​សហរដ្ឋ​អាមេរិក និង​ឥណ្ឌា។ កិច្ច​ប្រជុំ​កំពូល​នេះ ក៏​គូស​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​រួមគ្នា​របស់​ប្រទេស​ទាំងពីរ ក្នុង​ការ​លើក​ទឹកចិត្ត​ដល់​សហគ្រិនភាព​ និង​នវានុវត្តភាព ផង​ដែរ»។

គួរកត់សម្គាល់ថា ឥណ្ឌា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​បំផុត​មួយ​ ដែល​មានប្រជាជន​សរុបជាង ១៣០០លាន​នាក់ ហើយ​បច្ចុប្បន្ន បន្ទាប់ពី​ការ​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ដែល​​ត្រូវ​បាន​គេ​មើល​ឃើញថា ជា​អ្នក​កែទម្រង់​ ប្រទេស​ឥណ្ឌា​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការរីកលូត​លាស់​លឿន​នៃ​ប្រជាជន​ថ្នាក់​កណ្ដាល ពោល​ប្រជាជន​ដែល​មាន​ជីវភាព​មធ្យម។

កត្តា​ទីផ្សារ​ធំ និង​សេដ្ឋកិច្ច​លូតលាស់​លឿន​នេះ​ហើយ ទើប​គេ​គិត​ថា ជាការទាក់ទាញ​សហគ្រិន​និង​វិនិយោគិន​អាមេរិក​ ឲ្យ​ក្រឡេក​មក​មើល​ប្រទេស​ឥណ្ឌា និង​ម្យ៉ាង​ទៀត ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​បំផុត​របស់​សហរដ្ឋ​​អាមេរិក ដូចជា Google, Microsoft, Facebook ជាដើម បាន​មាន​វត្តមាន​រួច​ហើយ នៅ​ក្នុង​ទីផ្សារ​ដ៏ធំ​បំផុត​នៅ​អាស៊ី​ខាង​ត្បូង​នេះ៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ហេតុផល ៤ យ៉ាង ដែលធ្វើឲ្យកសិករខ្មែរខ្ជិលដាំបន្លែ រង់ចាំតែបន្លែនាំចូល

ព័ត៌មាន
កម្ពុជា គឺជាប្រទេសដែលពិភពលោកទទួលស្គាល់ និង បានផ្តល់ងារឲ្យថា«ប្រទេសកសិកម្ម» ដោយសារតែប្រជាពលរដ្ឋប្រមាណ ជាង១៥លាននាក់ ក្នុងប្រទេសមួយនេះ មា...

ការបោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​នេះ តើ​ស្ថានភាព​មុខ​ជំនួញ​នឹង​មាន​អ្វី​ប្រែប្រួល ក្ដៅ ឬ​ត្រជាក់?

ព័ត៌មាន
ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨ កាន់​តែ​ខិត​ជិត​ចូល​មក​ដល់ ធ្វើ​ឲ្យ​ក្ដី​កង្វល់​របស់​អ្នក​រកស៊ី​ក្នុង​ស្រុក​មួយ​ចំនួន នៅតែ​មាន​ភាព​ស្រព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ