មេដឹកនាំបារាំងថា ច្បាប់អតិផរណារបស់អាមេរិកមានលក្ខណៈគឃ្លើនខ្លាំង!

ប្រធានាធិបតីបារាំងថា ច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិកមានលក្ខណៈ «ហួសហេតុពេកហើយ»


ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយទៅកាន់សមាជិកសភាអាមេរិកមកពីគណបក្សនយោបាយទាំងប្រជាធិបតេយ្យ និងសាធារណរដ្ឋកាលពីថ្ងៃពុធ ទី ៣០ វិច្ឆិកា ដោយបានវាយបក និងរិះគន់ចំៗថា ច្បាប់កាត់បន្ថយអតិផរណា ដែលពួកគេបានធ្វើឡើងមកនោះ បាននិងកំពុងធ្វើឱ្យមេដឹកនាំអឺរ៉ុបផ្សេងទៀតមានភាពតានតឹងជាមួយវ៉ាស៊ីនតោនមែនទែន ហើយលោកម៉ាក្រុង បាននិយាយទៀតថា ច្បាប់នេះ វាពិតជាមានចរិតហួសហេតុពេកហើយ។
ប្រធានាធិបតីបារាំងថា ច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិកមានលក្ខណៈ «ហួសហេតុពេកហើយ»

លោក Macron បានមកដល់ទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃទី ២៩វិច្ឆិកា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកទីពីររបស់ខ្លួន ទៅកាន់ដែនដីសហរដ្ឋអាមេរិក​ចាប់តាំងពីលោកចូលកាន់តំណែងក្នុងឆ្នាំ២០១៧។ បើតាមមន្ត្រីបារាំងបាននិយាយថា លោកបានជួបទល់មុខនឹងប្រធានាធិបតីលោក Joe Biden ដើម្បីពិភាក្សាគ្នាអំពីបញ្ហា​ ការឧបត្ថម្ភធនគាំទ្ររបស់​រដ្ឋាភិបាលអាមេរិក ដែលមានចែង​នៅក្នុង​ច្បាប់កាត់បន្ថយអតិផរណា (IRA) ដែលបានប្រកាសឡើងនាពេលថ្មីៗនេះ។

យោងតាម អ្នកចូលរួមម្នាក់នៅក្នុង​កិច្ចប្រជុំនោះ បានប្រាប់ទីភ្នាក់ងាររ៉យទ័រថា នៅក្នុង​កិច្ចប្រជុំ​ជាមួយនឹងសមាជិកសភាអាមេរិក លោក​ម៉ាក្រុង បាន​និយាយរិះគន់ចំៗ ចំពោះច្បាប់កាត់បន្ថយអតិផរណារបស់អាមេរិកថា វាមានលក្ខណៈ «ហួតហេតុខ្លាំងណាស់» សម្រាប់​ក្រុមហ៊ុនរកស៊ី​របស់សហភាពអឺរ៉ុបផ្សេងទៀត។

យ៉ាងណាមិញ មេដឹកនាំអឺរ៉ុបបានត្អូញត្អែរ ​និងបានសម្តែងការមិនសប្បាយចិត្តខ្លាំងមែនទែនក្រោយលោក​ បៃដិន បានចុះហត្ថលេខាចេញ​ច្បាប់ស្តី​ពីការកាត់បន្ថយ​អតិផរណា (IRA) កាលពីខែសីហាកន្លងទៅ ដែលក្នុងនោះមានការផ្តល់ការឧបត្ថម្ភធនដ៏ធំធេងសម្រាប់ផលិតផល ដែលផលិតដោយសហរដ្ឋអាមេរិក ដែលពួកគេនិយាយថា វាបានជះផលជាអវិជ្ជមានយ៉ាងអយុត្តិធម៌ដល់ក្រុមហ៊ុនដែលមិនមែនជារបស់អាមេរិក ពោលគឺក្រុមហ៊ុនអឺរ៉ុបជាពិសេស និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់ប្រទេសអឺរ៉ុបដូចគ្នា ស្របពេលដែលអឺរ៉ុបកំពុងដោះស្រាយនឹងអតិផរណា និងបញ្ហាថាមពលយ៉ាងសស្រាកសស្រាំ ដែលបណ្តាលមកពីការលុកលុយរបស់រុស្ស៊ីនោះ។

ដោយឡែក អ្នកនាំពាក្យ​សេតវិមាន លោកស្រី ខារីន ជីនភ័រ (Karine Jean-Pierre) បាននិយាយថា ច្បាប់នេះ «បង្ហាញពីឱកាសសំខាន់ៗសម្រាប់ក្រុមហ៊ុនអឺរ៉ុប ក៏ដូចជាអត្ថប្រយោជន៍ដល់សន្តិសុខថាមពលរបស់សហភាពអឺរ៉ុបទៅវិញទេ»។ លោកស្រីបានបន្ថែមថា ច្បាប់កាត់បន្ថយអតិផរណា (IRA) រួមបញ្ចូលបទបញ្ញត្តិដែលគាំទ្រដល់ការរីកលូតលាស់នៃវិស័យថាមពលស្អាតទូទាំងពិភពលោកផងដែរ។

ក្រៅតែពីជជែក​រឿងរ៉ាវដ៏ចម្រួងចម្រាសនេះ​ លោក Macron ក៏បានទៅទស្សនាទីស្នាក់ការកណ្តាលរបស់ទីភ្នាក់ងារអវកាសន៍អាមេរិក NASA ជាមួយអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ដោយលោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងបារាំងមានសារៈសំខាន់ណាស់ក្នុងការទប់ទល់នឹងហានិភ័យនៃជម្លោះក្នុងដែនលំហអាកាស។ ​គួរជម្រាបថា កាលពីឆ្នាំមុន មេដឹកនាំនៃប្រទេសទាំងពីរព្រមទាំងបាន​ប្រកាស​ពី​កិច្ច​សហប្រតិបត្តិការ​​ថ្មី​រវាង​សហរដ្ឋ​អាមេរិក ​និង​បារាំង​លើ​លំហ​អាកាស​ក្នុង​អំឡុង​ពេល​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ប៉ារីស​។

លោក ម៉ាក្រុង បានគូសបញ្ជក់ថា លំហរអាកាសគឺនឹងក្លាយជា «ទី​កន្លែងថ្មីនៃជម្លោះ» និងការប្រកួតប្រជែងគ្នារវាងប្រទេសធំៗ។ ដូច្នេះហើយវាមានសារៈសំខាន់សម្រាប់ប្រទេសបារាំង និងសហរដ្ឋអាមេរិកក្នុងការធ្វើការរួមគ្នាលើការកំណត់ច្បាប់ និងបទដ្ឋាននានា ពីព្រោះប្រទេសទាំងពីរអាចចែករំលែកការប្តេជ្ញាចិត្តចំពោះវិទ្យាសាស្ត្រ ក៏ដូចជាតម្លៃប្រជាធិបតេយ្យរួមគ្នាផងដែរ៕




អត្ថបទបន្ទាប់


រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកថា ការប្រកួតប្រជែងជាមួយចិនមិនមែនជារឿងងាយស្រួលទេ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោកស្រី ជីណា រៃមុនដូ (Gina Raimondo) បាននិយាយកាលពីថ្ងៃពុធ ទី ៣០ វិច្ឆិកា ថា ទីក្រុងវ៉ាស៊ីនតោនត្រូវត…

Nasdaq រំពឹងថា ការបោះផ្សាយលក់មូលបត្រ នឹងងើបឡើងវិញក្នុងឆ្នាំ២០២៣ និងអំពាវនាវឱ្យមានច្បាប់រឹតបន្តឹងបន្ថែមលើគ្រីបតូ

ព័ត៌មាន
លោកស្រី Adena Friedman ប្រធានប្រតិបត្តិក្រុមហ៊ុនផ្សារមូលបត្រដ៏ធំរបស់អាមេរិក Nasdaq Inc បាននិយាយថា ការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO នឹង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ