ចូលឆ្នាំខ្មែរ

ជិត​ចូល​ឆ្នាំ​ខ្មែរ រដូវ​រថយន្ត​ឈ្នួល​ដំឡើងថ្លៃ​ក៏​ចូល​មក​ដល់! តើ​ឆ្នាំ​នេះ​មាន​អ្វី​ប្រែប្រួល?


វា​ក្លាយ​ជា​ប្រពៃណី​ទៅ​ហើយ ដែល​មុន​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែររៀងរាល់​ឆ្នាំ រថយន្ត​ឈ្នួល​តែង​ដំឡើង​ថ្លៃ​សំបុត្រ​ ខណៈ​ដែល​ប្រជាជន​នាំ​គ្នា​សម្រុក​ធ្វើ​ដំណើរ​ទៅ​តាម​បណ្ដា​ខេត្ត​នានា​ទូទាំង​ប្រទេស​ដើម្បី​ជួប​ជុំ​ក្រុម​គ្រួសារ។ កន្លង​មក ទោះ​បី​មាន​ការ​អំពាវនាវ​ពី​អាជ្ញាធរ​រដ្ឋាភិបាល​​កុំ​ឲ្យ​រថយន្ត​ឈ្នួល​-តាក់ស៊ីដំឡើង​ថ្លៃ​ក្ដី វិធានការ​បែប​នេះ​ហាក់​គ្មាន​ប្រសិទ្ធភាព​សោះ។ ចុះ​ឆ្នាំ​នេះ​វិញ តើ​ស្ថានភាព​នឹ​ង​ប្រសើរ​ឡើង​ទេ?
រៀង​រាល់ឆ្នាំ ក្នុង​អំឡុង​​ពេល​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ប្រជាជន​រាប់​សែន​នាក់​សម្រុក​ធ្វើ​ដំណើរ​ចេញ​ពី​រាជ​ធានី​ទៅ​កាន់​បណ្ដា​ខេត្ត​ក្រុង​នានា​ដើម្បី​ទៅជួប​ជុំគ្រួសារ។ រូបភាព៖ ហេង ភារម្យ
ដោយ

ប្រទេស​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ក្នុង​អំឡុង​ពាក់កណ្ដាល​ខែមេសា។ ឆ្នាំ​នេះ បុណ្យ​ចូលឆ្នាំ​ខ្មែរ​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃ​ទី១៦ ខែ​មេសា។ នា​ឱកាស​នេះ ប្រជាពលរដ្ឋខ្មែរ​នាំ​គ្នា​សម្រុក​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​រាជ​ធានី​ភ្នំពេញ ទៅកាន់​ស្រុក​កំណើត​កើត​ជា​នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ជិត​ឆ្ងាយ​ទូទាំង​ប្រទេស និង​ខ្លះ​ដែល​មាន​ទីកំណើត​នៅ​ភ្នំពេញ ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ​តាម​ទីរមណីយដ្ឋាន​នានា​ផង​ដែរ។ ស្រប​ពេល​នេះ ក៏​ជា​ឱកាស​ដែល​អ្នក​រកស៊ី​ដឹក​អ្នក​ដំណើរ​ដំឡើង​ថ្លៃ​សំបុត្រ ផង​ដែរ។

ការដំឡើងថ្លៃ​សំបុត្រ​ធ្វើ​ដំណើរ​នា​ពេល​បុណ្យ​ចូលឆ្នាំ​នេះ ស្ទើរតែ​ក្លាយ​ជា​ប្រពៃណីទៅ​ហើយ។ ចំពោះ​ប្រជាជន​ដែល​មាន​ជីវភាព​មធ្យម ឬ​ធូរ​ធារ ការឡើង​ថ្លៃ​ធ្វើ​ដំណើរ​ពេល​ឱកាស​បុណ្យ​នេះ អាច​មិន​ជា​បញ្ហា​ចោទ​ទេ ប៉ុន្តែ វា​ជា​បន្ទុក​ធ្ងន់​សម្រាប់​ពលរដ្ឋ​ភាគច្រើន ដែល​ជា​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ដែល​មាន​ប្រាក់​ឈ្នួល​តិច។ 

កត្តា​នេះ​បាន​បង្ខំ​ឲ្យ​អ្នក​ខ្លះ​បង្ខំ​ចិត្ត​ជិះបញ្ជ្រៀត​គ្នា​ណែនណាន់​តាន់តាប់ លើ​រថយន្ត​ឈ្នួល​ដែល​យក​តម្លៃ​ថោក​ជាង ប៉ុន្តែ ដឹក​អ្នក​ដំណើរ​ញាត់​ឲ្យ​បាន​ច្រើន ដូច​ក្នុង​រូប​ភាព​ខាង​ក្រោមស្រាប់។ 

តើ​ឆ្នាំ​នេះ​នឹង​ដូច​បណ្ដា​ឆ្នាំ​មុនៗ ដែរ ឬទេ ?

ប្រហែល​ជា​គ្មាន​អ្វី​ប្លែក​ទេ នៅ​ជិត​ចូល​ឆ្នាំ​មក​ដល់ ប្រមុខ​រដ្ឋាភិបាល​​អាច​នឹង​ចេញ​សេចក្ដី​អំពាវនាវ​សូម​កុំ​ឲ្យ​រថយន្ត​ឈ្នួល-តាក់ស៊ី ដំឡើង​ថ្លៃ​ធ្វើ​ដំណើរ ដូច​រាល់​ឆ្នាំ។ ប៉ុន្តែ វិធានការ​បែប​នេះ នា​ពេល​កន្លង​មក បង្ហាញ​ថា មិន​មាន​ប្រសិទ្ធភាព​ទេ។ អំពាវនាវ​ចេះ​តែ​អំពាវ​នាវ​ទៅ រីឯ​ថ្លៃ​ធ្វើ​ដំណើរ​នៅ​តែ​ឡើង​ដដែល ព្រោះ​ថា អ្នក​ប្រកប​របរ​ដឹកអ្នក​ដំណើរ​មាន​ហេតុផល​របស់​គាត់​ក្នុង​ការ​ដំឡើង​ថ្លៃ។ ពួកគាត់​ថា ពេល​ចូលឆ្នាំ​ ឬ​បុណ្យ​ជាតិ​ធំៗ​ម្ដងៗ ប្រជាជន​សម្រុក​ធ្វើ​ដំណើរ​តែ​ក្នុង​ទិសដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត ដោយ​មិន​មាន​អ្នក​ធ្វើ​ដំណើរ​ពី​ខេត្ត​ចូល​មក​ភ្នំពេញ​វិញទេ ដូច្នេះ​ បើ​ពួកគេ​មិន​ដំឡើង​ថ្លៃ​ គឺ​មិន​ចំណេញ​ទេ។ 

ដូច្នេះ​ ឆ្នាំ​នេះ គេ​អាច​ទាយទុក​មុន​បានថា រឿង​រថយន្តឈ្នួល​-តាក់ស៊ី​ឡើង​ថ្លៃ​នេះ នឹង​គ្មាន​អ្វី​ប្រែប្រួល​ទេ។ លើក​លែង​តែ​អាជ្ញាធរ​រដ្ឋាភិបាល​​មាន​វិធានការ​អ្វី​ផ្សេង​ក្រៅ​តែ​ពី​អំពាវនាវ​កុំ​ឲ្យ​ដំឡើង​ថ្លៃ។

ឆ្នាំ​នេះ ​វិស័យ​ឯកជន​ចូលរួម​ជួយ​សម្រាល​បន្ទុក​អ្នក​ធ្វើ​ដំណើរ​ទៅ​ចូលឆ្នាំ​

ក្រុមហ៊ុនស្រាបៀ Ganzberg (ហ្គេនស៍បឺគ) បាន​ស្ម័គ្រចិត្ត​ប៉ាវ​រថយន្ត​ក្រុង​ចំនួន ១០០គ្រឿង ដើម្បី​ផ្ដល់​ការ​ដឹក​ជញ្ជូន​ដោយ​ឥត​គិត​ថ្លៃ ដល់​ប្រជាពលរដ្ឋ ជាពិសេស កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ ទៅ​តាម​បណ្ដា​ខេត្ត​ ក្នុង​ពេល​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ខាង​មុខ​នេះ។ 

ក្រុមហ៊ុន​ស្រាបៀរ​ ហ្គេនស៍បឺគ ផ្ដល់​រថយន្ត​ក្រុង​១០០​គ្រឿង​ដឹក​អ្នក​ដំណើរ​ទៅ​ស្រុក​កំណើត​ពេល​ចូលឆ្នាំ​ខ្មែរ។

តំណាង​ក្រុមហ៊ុន​ស្រាបៀរ​ហ្គេនស៍បឺគ បាន​លើក​ឡើង​ថា៖ «ដើម្បី​ចូលរួម​អបអរ​សាទរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ ជាមួយ​ពលរដ្ឋ​កម្ពុជា នៅ​ទូទាំង​ប្រទេស​នា​ពេល​ខាង​មុខ ក្រុមហ៊ុន​ស្រាបៀរ​ហ្គេនស៍បឺគ ​បាន​បង្កើត​កម្មវិធី​ពិសេស​មួយ​ពុំ​ធ្លាប់​មាន​ពី​មុន​មក ដោយបាន​រៀបចំ​រថយន្ត​ក្រុង​ចំនួន ១០០​គ្រឿង ហៅ​ថា GANZBERG UBER BUS ដើម្បី​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដោយ​សុវត្ថិភាព​ទៅ​ជួប​ជុំ​ញាតិ​មិត្ត​បង​ប្អូន​និង​ក្រុម​គ្រួសារ​នៅ​ស្រុក​កំណើត​ ចំនួន​​១៥​ខេត្ត​-ក្រុង ដោយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ជាតិ​ចំនួន ៨​ខ្សែ​ទូទាំង​ប្រទេស»។ 

សូម​បញ្ជាក់​ថា ខេត្ត​ក្រុង​ទាំង​១៥​ដែល​រថយន្ត GANZBERG UBER BUS ធ្វើ​ដំណើរ​ទៅ​ដល់​មាន​ដូចជា ខេត្ដ​ស្វាយរៀង ខេត្ត​តាកែវ ខេត្ត​កំពត ក្រុង​ព្រះសីហនុ ខេត្ត​កំពង់​ឆ្នាំង ខេត្ត​ពោធ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយ​មាន​ជ័យ ខេត្ត​កំពង់ធំ ខេត្ត​សៀមរាប ខេត្ត​កំពង់ចាម ខេត្ត​ត្បូង​ឃ្មុំ ខេត្ត​ក្រចេះ និង​ខេត្ដ​ព្រៃវែង។ 

អាស្រ័យ​ហេតុ​នេះ សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវ​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ ឆ្ពោះ​ទៅ​កាន់​បណ្តា​ខេត្ត​ក្រុង​នានា​ទាំង​១៥​នេះ សូម​អញ្ជើញ​មក​ទទួល​សំបុត្រ​ដោយ​ឥត​គិត​ថ្លៃ ពី​ស្តង់ GANZBERG UBER BUS នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ចាប់​ពី​ថ្ងៃ​ទី​៩ ខែ​មេសា ម៉ោង​២​រសៀល​ត​ទៅ និង​ចែក​ជូន​រហូត​ដល់​អស់​សំបុត្រ៕




អត្ថបទបន្ទាប់


តើ​ដឹង​ទេ អង្ករ​ខ្មែរ​នាំ​ចេញ​ទៅ​ប្រទេស​ណា​ច្រើន​ជាង​គេ​បំផុត?

ព័ត៌មាន
រយៈពេល​ចាប់​ផ្ដើម​នៃ​ឆ្នាំ​២០១៧​នេះ ហាក់ដូច​ជា​វិជ្ជមាន​សម្រាប់​ការនាំ​ចេញ​អង្ករ​កម្ពុជា ទៅ​កាន់​ទីផ្សារ​ពិភព​លោក។ តួលេខ​ថ្មី​បំផុត …

បី​ខែ​ចោរ​គាស់​បន្ទប់​ជួល​​លោក​សាស្ត្រាចារ្យ​បីដង ! មក​ពី​គាត់​ស៊យ ឬ​មក​ពី​អសន្តិសុខ?

ព័ត៌មាន
អាច​រាប់​ថា​ជារឿង​មហាស៊យ​ដែល​ក្នុង​ពេល​បី​ខែ លោកសាស្ត្រាចារ្យ ស៊ិន គង់ សាស្ត្រាចារ្យ​នៅ​ពុទ្ធិក​សាកលវិទ្យាល័យ ព្រះសីហនុរាជ ត្រូវ​«លោកចោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ