ប្រេងសាំង​ឡើងថ្លៃ​វិញ​ស្ងាត់ៗ...

ស្ងាត់ៗ តម្លៃ​ប្រេង​ឥន្ធនៈ​ហក់​ឡើង​ថ្លៃ​ខ្ពស់​វិញ​ហើយ!


តម្លៃ​ប្រេង​សាំង​ក្នុង​នៅ​រយៈពេល​ថ្មីៗ​នេះ បាន​ហក់​ឡើង​ថ្លៃ​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់ ពោល​ចាប់​តាំង​ពី​ដើម​ខែ​មេសា រៀង​មក តម្លៃ​ប្រេង​ឥន្ធនៈ​បាន​កើន​ឡើង​ក្រឺតៗ តួយ៉ាង គិត​មក​ទល់​ថ្ងៃ​ទី​២៣ ខែ​មេសា​នេះ តម្លៃ​ប្រេង​សាំង​ធម្មតា​នៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ បាន​កើន​ឡើង​ដល់ ៤.០០០ រៀល​ហើយ ក្នុង​មួយ​លីត្រ ចំណែក​ឯ​តម្លៃ​ប្រេង​សាំង​ស៊ុបពែរ​វិញ​ក៏​បាន​ឡើង​​ថ្លៃ​រហូត​ដល់​ប្រមាណ ៤.៣០០​រៀល ក្នុង​មួយ​លីត្រ។
តម្លៃប្រេងឥន្ធនៈនៅកម្ពុជា បន្តឡើងថ្លៃជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះរូបភាព៖ ហេង ភារម្យ
ដោយ

ការ​ឡើង​ថ្លៃ​នេះ​ហាក់​ដូច​ជា​មាន​តម្លៃ​ខ្ពស់ បើ​ប្រៀប​ជាមួយ​នឹង​តម្លៃ​ប្រេង​ឥន្ទនៈ​កាល​ពី​ឆ្នាំ​មុន ដែល​តម្លៃ​ស្ថិត​ក្នុង​រង្វង់​ប្រមាណ ៣.៥០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​លីត្រ។

តម្លៃ​ប្រេង​ឆៅ​នៅ​តាម​បណ្តា​ទីផ្សារ​អន្តរជាតិ គេ​សង្កេត​ឃើញ​ថា ក៏​មាន​ការ​ងើប​ឡើង​បណ្តើរៗ​ដែរ។ តម្លៃ​ប្រេង​ឆៅ​នៅ​ពេល​បច្ចុប្បន្ន​នេះ ស្ថិត​ក្នុង​តម្លៃ​ប្រហែល​ប្រមាណ​ជិត ៧០​ដុល្លារ​ក្នុង​មួយ​បារែល។ ដូច្នេះ ការ​ងើប​ឡើង​ថ្លៃ​វិញ​នៃ​តម្លៃ​ប្រេងឆៅ​នេះ​ក៏​ជា​កត្តា​ពាក់ព័ន្ធ​នឹង​មូលហេតុ​នៃ​ការ​ឡើង​ថ្លៃ​តម្លៃ​ប្រេង​ឥន្ធនៈ​របស់​កម្ពុជា​ផង​ដែរ។

បើយោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​ស្តីពី​តម្លៃ​លក់​រាយ​សម្រាប់​ស្ថានីយ​ប្រេង​ឥន្ធនៈ​​បង្ហាញ​ថា តម្លៃ​ប្រេង​សាំង​ដែល​ត្រូវ​លក់​រាយ​សម្រាប់​ថ្ងៃ​ទី២២ ខែ​មេសា ដល់​ថ្ងៃ​ទី០១ ខែ​ឧសភា មាន​តម្លៃ​៤​ពាន់​រៀល ក្នុង​មួយ​លីត្រ និង​ប្រេង​ម៉ាស៊ូត​មាន​តម្លៃ​ប្រមាណ ៣.៨៥០​រៀល។

ប្រជាពលរដ្ឋ​ដែល​កំពុង​ប្រកប​របរ​រត់​ម៉ូតូ​ឌុប និង​រ៉ឺម៉ក​ដឹក​អ្នក​ដំណើរ បាន​លើក​ឡើង​ថា តម្លៃ​ប្រេង​សាំង​ឡើង​ថ្លៃ​នា​រយៈពេល​ថ្មីៗ​នេះ បាន​និង​កំពុង​ធ្វើ​ឲ្យ​ពួកគាត់​បាន​ថយ​ចុះ​ចំណូល​ជាង​មុន ត្បិត​ថា ត្រូវ​ចំណាយ​លើ​ថ្លៃ​សាំង​ខ្ពស់​ជាង​រាល់​ដង។

ពួកគាត់​ក៏​បាន​សំណូមពរ​ផង​ដែរ ដល់​រាជ​រដ្ឋាភិបាល​ឲ្យ​ជួយ​គិតគូរ ធ្វើ​យ៉ាង​ណា​សម្រួល​ឲ្យ​ថ្លៃ​សាំង​អាច​ធ្លាក់​ចុះ​មក​នៅ​ទាប​វិញ ពោល​គឺ​ប្រមាណ ៣៥០០​រៀល​ក្នុង​១លីត្រ ក៏​ជា​ការ​សមរម្យ​ដែរ។

គួរ​បញ្ជាក់​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០១៧ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​បែង​ចែក​ផលិតកម្ម​ជាមួយ​ក្រុមហ៊ុន KrisEnergy ដើម្បី​អភិវឌ្ឍ​អណ្ដូង​ប្រេង​លើក​ដំបូង​របស់​ប្រទេស​កម្ពុជា ដោយ​រំពឹង​ថា កម្ពុជា​នឹង​ទទួល​បាន​តំណក់​ប្រេង​ដំបូង​របស់​ខ្លួន នៅ​ក្នុង​ឆ្នាំ​២០១៩ ឬ​ឆ្នាំ​២០២០​ខាង​មុខ។

មន្ត្រី​ជាន់​ខ្ពស់​របស់​ក្រសួង​រ៉ែ​និង​ថាមពល​ធ្លាប់​បាន​បញ្ជាក់​ថា ទិសដៅ​ដំបូង​នៃ​ការ​ទទួល​បាន​តំណក់​ប្រេង​ដំបូង​កម្ពុជា​នឹង​ធ្វើការ​នាំប្រេង​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ នៅពេល​ដែល​ខ្សែ​សង្វាក់​ឧស្សាហកម្ម​ដំណើរការ កាន់តែ​ល្អ​សម្រាប់​រយៈពេល​វែង នោះ​កម្ពុជា​អាច​នឹង​កសាង​បាន​នូវ​ឧស្សាហកម្ម​ផ្នែក​កណ្តាល​និង​ក្រោម​មធ្យម ដែល​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​នៃ​ការ​ដឹកជញ្ជូន​ទិន្នផល ផលិតផល​ប្រេង​និង​រោងចក្រ​ឧស្សាហកម្ម​កែ​ច្នៃ​ប្រេងកាត ពេល​នោះ​កម្ពុជា​នឹង​មាន​ខឿន​សេដ្ឋកិច្ច​មួយ​មាន​លក្ខណៈ​ពេញ​លេញ ហើយ​កម្ពុជា​ក៏​នឹង​លែង​ពឹង​លើ​ការ​នាំចូល​ប្រេង​ទាំង​ស្រុង ពី​ទីផ្សារ​អន្តរជាតិ​ដែរ។

យោង​តាម​របាយការណ៍​ពី​ក្រសួង​ពាណិជ្ជកម្ម គិតត្រឹម​ឆ្នាំ​២០១៦ កម្ពុជា​បាន​នាំចូល​ប្រេង​ឥន្ធនៈ ប្រមាណ​ជាង ២​លាន​២​សែន​តោន ដែល​ក្នុង​នោះ មាន​ជាង ៣៩០​ពាន់​តោន ឬ​ស្មើ​នឹង​ជិត​៣% ជា​ប្រេង​សាំង។

សូម​ជម្រាប​ថា ក្រសួង​ពាណិជ្ជកម្ម​តែងតែ​ចេញ​តម្លៃ​លក់​រាយ​ប្រេង​ឥន្ទនៈ​ដែល​រូបមន្ត​កំណត់​តម្លៃ​ត្រូវ​កំណត់​ដោយ​អន្តរ​ក្រសួង​ជា​រៀង​រាល់ ១០​ថ្ងៃ​ម្តង។ ការ​កំណត់​រូបមន្ត​សម្រាប់​គណនា​តម្លៃ​ប្រេង​សាំង​សម្រាប់​លក់​រាយ​នេះ អាច​នឹង​មាន​ការ​ឡើង​ចុះ​ទៅ​តាម​ការ​ប្រែប្រួល​តម្លៃ​ទីផ្សារ​អន្តរជាតិ។ ប្រសិន​បើ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ណា លក់​ថ្លៃ​ជាង​ការ​កំណត់​ក្នុង​រូបមន្ត​នេះ នឹង​ត្រូវ​បាន​ទទួល​ការ​ពិន័យ​រហូត​ដល់ ៤​លាន​រៀល៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន​ជ្រើសរើស​ពលករ​ទៅក្រៅ​ប្រទេស​មួយ​នេះជាក្រុមហ៊ុន​ឆបោក! ចូរ​ប្រយ័ត្ន!!!

ព័ត៌មាន
ជា​ការជូនដំណឹង​ដល់ប្រជាពលរដ្ឋ កុំ​ឲ្យ​ចាញ់​បោក​ក្រុមហ៊ុន ឬទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ទៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ ក្រសួងការងារ​និង​បណ្ដ…

ប្រមុខ​រដ្ឋាភិបាល​ប្រកាស​រឹបអូស​កោះ​ទន្សាយ​ពី​ក្រុមហ៊ុន​ឯកជន

ព័ត៌មាន
ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ចេញ​នូវ​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រាល់​គម្រោង​វិនិយោគ​នៅ​លើ​កោះ​ក្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ