រដ្ឋាភិបាល​រឹបអូស​កោះទន្សាយ​ពីវិនិយោគិន​ឯកជន!

ប្រមុខ​រដ្ឋាភិបាល​ប្រកាស​រឹបអូស​កោះ​ទន្សាយ​ពី​ក្រុមហ៊ុន​ឯកជន


ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ប្រកាស​ចេញ​នូវ​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​រាល់​គម្រោង​វិនិយោគ​នៅ​លើ​កោះ​ក្នុង​ដែន​សមុទ្រ​កម្ពុជា​ទាំង​ឡាយ​ណា ដែល​គ្មាន​សកម្មភាព​វិនិយោគ នឹង​ត្រូវ​ដក​ហូត​មក​វិញ​ជា​បន្ទាន់។ ក្នុង​នោះ កោះ​ទន្សាយ ដែល​ស្ថិត​នៅ​ក្នុង​ខេត្ត​កែប គឺ​ជា​គោលដៅ​រឹបអូស​មុន​គេ។
រូបភាព​ឆ្នេរ​នៅ​លើ​កោះទន្សាយ ខេត្ត​កែប នៃ​ប្រទេស​កម្ពុជា។ រូបភាព៖ Peter Merrett/Wikipedia
ដោយ

វិធានការ​ក្តៅ​នេះ ត្រូវ​បាន​សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ឡើង​នៅ​ក្នុង​ពិធី​បើក​ដាក់​ឲ្យ​ដំណើរការ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ នៅ​លើ​កោះរុង ដែល​ជា​គម្រោង​វិនិយោគ​របស់​មហាសេដ្ឋី​កម្ពុជា​ដ៏​មាន​ឥទិ្ធពល​មួយ​រួប គឺ​អ្នក​ឧកញ៉ា គិត ម៉េង។

ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​បញ្ជាក់​ថា កោះ​មួយ​ចំនួន​នៅ​ក្នុង​សមុទ្រ​ដែល​បាន​ចុះ​ហត្ថលេខា​រាប់​សិប​ឆ្នាំ​មិន​បាន​ធ្វើការ​វិនិយោគ នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ពី​រដ្ឋាភិបាល​ឡើយ ពិសេស​គឺ​កោះ​ទន្សាយ ត្រូវ​ដក​ហូត​ជា​បន្ទាន់។ បើ​តាម​ការ​បញ្ជាក់​ពី​សម្តេច​តេជោ មិន​ត្រឹមតែ​កោះ​ទន្សាយ​មួយ​ទេ​ដែល​នឹង​ត្រូវ​ដក​ហូត​មក​វិញ យ៉ាងហោច​ណាស់​នឹង​មាន​កោះ​ប្រមាណ ៣០ ក៏​នឹង​ត្រូវ​រដ្ឋ​ដក​ហូត​យក​មក​វិញ​ដូចគ្នា​ដែរ ខណៈ​ដែល​បច្ចុប្បន្ន កម្ពុជា​មាន​កោះ​សរុប​ចំនួន ៧៥​កោះ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​ការ​ប្រកាស​ដក​ហូត​គម្រោង​វិនិយោគ​នៅ​លើ​កោះ​ដែល​គ្មាន​សកម្មភាព​វិនិយោគ​ពី​សំណាក់​ប្រមុខ​ដឹកនាំ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នៅ​ពេល​នេះ សុទ្ធតែ​ត្រូវ​បាន​សាទរ និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង ពី​អ្នក​ជំនាញ​អភិវឌ្ឍ​ជាតិ​និង​អន្តរជាតិ​ផង​ដែរ។ កោះ​ដែល​មិន​មាន​ការ​អភិវឌ្ឍ គឺ​កំពុង​ធ្វើ​ឲ្យ​មាន​ការ​ខាត​បង់​ច្រើន​សម្រាប់​ចំណូល​ជាតិ ខាត​បង់​កម្លាំង​ពលកម្ម​ការងារ​និង​ភ្ញៀវ​ទេសចរ​ជា​ច្រើន។

ឯកឧត្តម បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់​ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ជាតិ បាន​លើក​ឡើង​ថា រាជ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​កាន់តែ​ចាស់​ទុំ​ជាង​មុន​ក្នុង​ការ​អភិវឌ្ឍ ជាមួយ​នឹង​ការ​ថ្លឹង​ថ្លែង​យ៉ាង​ជាក់​លាក់ ពោល​គឺ​មាន​មុខ​ព្រួញ​បី ដែល​រាជ​រដ្ឋាភិបាល​តែងតែ​យក​មក​ធ្វើការ​ពិចារណា មុន​នឹង​ដាក់​ចេញ​គោល​នយោបាយ​អភិវឌ្ឍន៍​សំខាន់ៗ​នានា ទី១ ទាក់ទង​នឹង​ផល​ចំណេញ​សេដ្ឋកិច្ច ផល​ប៉ះពាល់​សង្គម និង​បរិស្ថាន ជាដើម។

ឯកឧត្តម ម៉ី កល្យាណ ជឿ​ជាក់​ថា ទាក់ទង​នឹង​បញ្ហា​ដក​ហូត​អាជ្ញាប័ណ្ណ​អភិវឌ្ឍន៍​លើ​តំបន់​ដី​កោះ ដែល​ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ប្រកាស​នេះ ពិត​ណាស់ គឺ​រាជ​រដ្ឋាភិបាល​បាន​សិក្សា និង​ពិចារណា​យ៉ាង​ល្អិត​ល្អន់​រួច​ទៅ​ហើយ។

លោក​ឧកញ៉ា នួន រិទ្ធី អគ្គនាយ​ក្រុមហ៊ុន​អចលនទ្រព្យ KFA បាន​មាន​ប្រសាសន៍​ថា ចំណាត់ការ​នេះ​ជា​ចំណាត់ការ​ដ៏​ត្រឹម​ត្រូវ និង​មាន​ប្រសិទ្ធភាព​សម្រាប់​គម្រោង​​វិនិយោគ ដែល​នឹង​មិន​ធ្វើ​ឲ្យ​រាំងស្ទះ​ដល់​ដំណើរការ​អភិវឌ្ឍន៍​របស់​រាជ​រដ្ឋាភិបាល​ទៀត​ឡើយ។

លោក​ឧកញ៉ា​បន្ថែម​ថា ការ​ដកហូត​កោះ​ទន្សាយ ពី​ក្រុមហ៊ុន​ឯកជន​នេះ ជា​ពេល​វេលា​មួយ​ត្រឹមត្រូវ ព្រោះគម្រោងអភិវឌ្ឍន៍កោះនេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​យូរ​ហើយ ហើយ​រាជ​រដ្ឋាភិបាល​ក៏​បាន​ទុក​ពេល​សម្រាប់​ទាក់ទាញ​វិនិយោគទុន​ក៏​យូរ​ហើយ​ដែរ ហើយ​មក​ដល់​ពេល​នេះ ​លោក​ជឿ​ថា មាន​អ្នក​វិនិយោគ​ទុន​ធំៗ​ជា​ច្រើន​កំពុង​រង់ចាំ​វិនិយោគ​កោះ​នេះ។

ជុំវិញនឹង​ការ​វិនិយោគ​នៅ​លើ​កោះ​នេះ​ដែរ ប្រមុខ​រាជ​រដ្ឋាភិបាល​បាន​ប្រគល់​ការងារ​ឲ្យ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​​សំណង់ ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​នៅ​លើ​កោះ និង​ជា​ពិសេស ពិនិត្យ​មើល​គម្រោង​សំណង់ ដោយ​​តម្រូវ​ឲ្យ​ធ្វើការ​សាងសង់​មិន​​ឲ្យ​​ខ្ពស់​ជាង​ដើម​ឈើ​នៅ​លើ​កោះ​ឡើយ ពោល​គឺ​កំពស់​ត្រឹម​៣​ជាន់​យ៉ាង​ច្រើន។ ការ​ធ្វើ​ដូច្នេះ​ដើម្បី​រក្សា​សម្បត្តិ​ធម្មជាតិ បរិស្ថាន និង​ឆ្នេរ ដើម្បី​ជា​ប្រយោជន៍​បម្រើ​ដល់​ភ្ញៀវ​ទេសចរ។

សម្តេចតេជោ​បញ្ជាក់​ទៀត​ថា កោះ​ទាំង​អស់​ជា​សម្បត្តិ​របស់​រដ្ឋ មិនមែន​ជា​សម្បត្តិ​ក្រុមហ៊ុន​ឯកជន​ឡើយ ហើយ​រាល់​ការ​វិនិយោគ​នៃ​គម្រោង​ទាំង​អស់ ត្រូវ​គោរព​ទៅ​តាម​ប្លង់មេ​របស់​រាជ​រដ្ឋាភិបាល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ងាត់ៗ តម្លៃ​ប្រេង​ឥន្ធនៈ​ហក់​ឡើង​ថ្លៃ​ខ្ពស់​វិញ​ហើយ!

ព័ត៌មាន
តម្លៃ​ប្រេង​សាំង​ក្នុង​នៅ​រយៈពេល​ថ្មីៗ​នេះ បាន​ហក់​ឡើង​ថ្លៃ​ខ្ពស់​គួរ​ឲ្យ​កត់​សម្គាល់ ពោល​ចាប់​តាំង​ពី​ដើម​ខែ​មេសា រៀង​មក តម្លៃ​ប្រេង​…

លេច​ចេញ​សេវា​ឲ្យ​ខ្ចី​លុយ​តាម​អនឡាញ... ធនាគារជាតិព្រមាន! អ្នក​ជំនាញថា គួរតែបិទ​ចោល!

ព័ត៌មាន
ធនាគារជាតិ​នៃ​កម្ពុជា ថ្មីៗ​នេះ បានអំពាវនាវដល់ពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន​ចំពោះ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​កម្ចី​តាម Online។ ប៉ុន្ដែ អ្នក​ជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ