គន្លឹះជោគជ័យ

បើ​ចង់​រៀន​នៅ​សាលា​​ល្បី​បំផុត​នៅ​សិង្ហ​បុរី គួរ​ធ្វើ​ដូចម្ដេចខ្លះ?


កញ្ញា កែវ គូនីឡា អាយុ ២៩ឆ្នាំ ជា​និស្សិត​​ខ្មែរ​មួយ​រូប​ដែល​បាន​បញ្ចប់​ការសិក្សាថ្នាក់​អនុបណ្ឌិត​ផ្នែក​គោល​នយោបាយ​សាធារណៈ ពី​សាលា លី ក្វាន់យូ (Lee Kuan Yew School) នៃ​​​សកលវិទ្យាល័យ​ជាតិ​សិង្ហបុរី។
កញ្ញា កែវ គូនីឡា ទទួល​សញ្ញាបត្រ​ថ្នាក់​អនុបណ្ឌិត​ផ្នែក​គោល​នយោបាយ​សាធារណៈ​ពី​សាលា​​គោល​នយោបាយ​សាធារណៈ លី ក្វាន់យូ នៃ​សកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី។
ដោយ

សកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (National University of Singapore) ជា​សកលវិទ្យាល័យចំណាស់​ជាងគេ​នៅ​សិង្ហ​បុរី និង​​ជាប់​លំដាប់​លើ​គេ​បំផុត នៅ​អាស៊ី។ ដូច្នេះ ការដែល​និស្សិត​ខ្មែរ​យើង​អាច​ប្រឡង​ជាប់អាហារូបករណ៍​ទៅ​រៀន​នៅ​សកលវិទ្យាល័យ​នេះ​បាន គូស​បញ្ជាក់​ថា សមត្ថភាព​និស្សិត​ខ្មែរ​មិន​អន់​ទេ។ 

ថ្មីៗនេះ នៅ​ក្នុង​កិច្ច​សន្ទនា​ខ្លី​មួយជាមួយ ខេបូណូមិស កញ្ញា កែវ គូនីឡា ដែលថ្មីៗត្រូវ​បាន​ទស្សនាវដ្ដី Forbes ដ៏ល្បី ជ្រើសរើស​បញ្ចូល​ក្នុង​ បញ្ជី​សហគ្រិន​ឆ្នើម​វ័យ​ក្រោម​៣០ឆ្នាំ ប្រចាំ​អាស៊ី បាន​ចែក​រំលែក​បទ​ពិសោធន៍​របស់​កញ្ញា ជុំវិញ​ការ​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​ទៅរៀន​នៅ​សិង្ហ​បុរី។

ខេមបូណូមិស៖ កញ្ញា នីឡា ! តើ​អាច​ប្រាប់​បាន​ទេ ថា​តើ​ធ្វើ​ដូច​ម្ដេច​ទើប​កញ្ញា​អាច​ទៅ​រៀន​នៅ​សកល​វិទ្យាល័យ​ជាតិសិង្ហ​បុរី បាន? 

កែវ គូនីឡា៖ ខ្ញុំ​បាន​ជាប់​អាហារូបករណ៍​ទៅ​រៀន​នៅ​សាលា​​គោល​នយោបាយ​សាធារណៈ លី ក្វាន់យូ (Lee Kuan Yew School of Public Policy) នៃសកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី កាលពីឆ្នាំ​២០១៤ បន្ទាប់​ពី​ខ្ញុំ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍​តាម​អនឡាន។ 

តើ​ខ្ញុំ​ជាប់​យ៉ាង​ដូចម្ដេច? សាលា​នេះ គេ​ឲ្យ​តម្លៃ​ទៅ​លើ​បទពិសោធន៍​របស់​និស្សិត​ដែល​ធ្លាប់​បាន​ធ្វើការងារ​សង្គម ហើយ​ខ្ញុំមាន​បទពិសោធន៍​ទាំង​ជាមួយ​អង្គការ​មិន​រក​កម្រៃ និង​ទាំង​ក្រុមហ៊ុន​ឯកជន។ អ្នក​ដែល​មាន​បទពិសោធន៍​ច្រើន​ជាមួយ​ការងារ​ក្រុមហ៊ុន ប្រសិន​បើ​ចង់​ចុះ​ឈ្មោះ​រៀន​នៅ​សាលានេះ គួរតែ​កុំ​បារម្ភ​អី ពីព្រោះ​ពួកគេ​អាច​ធ្វើ​បាន​ល្អ ដោយសារ​បង្ហាញ​ឲ្យ​សាលាឃើញ​ថា ពួកគេ​មាន​ការប្តេជ្ញាចិត្ត​ក្នុង​ការ​ជួយ​កែ​លម្អ ឬ​រួម​ចំណែក​ដល់​ការ​កែ​លម្អ​សេវា​សាធារណៈ នៅ​ក្នុង​ប្រទេស​របស់​ខ្លួន តាម​វិធី​ណា​មួយ​ដែល​អាច​ធ្វើ​ទៅបាន។ 

ខេមបូណូមិស៖ តើ​ហេតុ​អ្វី​បាន​ជា​កញ្ញា​ជ្រើសរើស​យក​មុខ​វិជ្ជា​គោល​នយោបាយ​សាធារណៈ?

កែវ គូនីឡា៖ ខ្ញុំ​ជ្រើសរើស​រៀន​ផ្នែក​គោល​នយោបាយសាធារណៈ ដោយ​យក​ឯកទេស​ទំនាក់​ទំនងអន្តរជាតិ ពីព្រោះ​ខ្ញុំ​ស្រលាញ់​ចូលចិត្ត​និង​ចាប់​អារម្មណ៍​ខ្លាំង​លើ​ស្ថានភាព​នយោបាយ​អន្តរជាតិ ដែល​កំពុង​កើត​ឡើង​នៅ​ក្នុង​តំបន់ (អាស៊ី​អាគ្នេយ៍) និង​នៅ​ជុំវិញ​ពិភព​លោក។ ខ្ញុំ​មាន​ពិសោធន៍​ធ្វើការងារ​ជាអ្នក​រាយការណ៍​ព័ត៌មាន​ឲ្យ​ស្ថាប័ន​សារព័ត៌មាន​មួយ​ចំនួន។ ខ្ញុំ​ធ្លាប់​បាន​រាយការណ៍​ព័ត៌មាន​អំពី​កិច្ចការ​សង្គម ដូច្នេះ ដោយ​ជ្រើសរើស​យក​មុខវិជ្ជា​នេះ ខ្ញុំ​ចង់​កែ​លម្អ​ការយល់ដឹង​របស់​ខ្ញុំ​ឲ្យ​កាន់​តែ​ប្រសើរឡើងថែមទៀត​ អំពី​ពិភព​លោក​ទាំងមូល។ គឺ​បំពេញ​បំណង​ខ្ញុំ​ដែល​ជា​និច្ចកាល​ជា​មនុស្ស​​ឆ្ងល់​ច្រើន និង​ចង់​ដឹង​ច្រើន។ 

អ្នក​ខ្លះ​និយាយថា ប្រសិន​បើ​ចង់​រក​លុយ​ស្រួល គួរតែ​កុំ​រៀន​ផ្នែក​គោល​នយោបាយ​សាធារណៈ។ បើ​ចង់​រក​លុយ​ស្រួល គួរតែ​រៀន MBA (អនុបណ្ឌិត​ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម) ឬ​មុខ​វិជ្ជា​ដទៃ​ទៀត​ដែល​ទាក់ទង​នឹង​ពាណិជ្ជកម្ម។ ប៉ុន្តែ ខ្ញុំ​ជ្រើសរើស​រៀន​ផ្នែក​គោល​នយោបាយ​សាធារណៈ ពីព្រោះ​ខ្ញុំ​ចង់ដឹង និង​ចង់សិក្សា​អំពី​ថា​តើ​រដ្ឋាភិបាល វិស័យ​ឯកជន និង​សង្គម​ស៊ីវិល អាច​ធ្វើការរួមគ្នា​របៀប​ដូចម្ដេច​​ដើម្បី​ធ្វើ​ឲ្យ​ពិភព​លោក/សង្គមដែល​យើង​រស់នៅ​ មាន​ភាពប្រសើរ​ឡើង។ យើង​គ្រប់គ្នា​មាន​តួនាទី​ដែល​ត្រូវ​បំពេញនៅ​ក្នុង​ប្រព័ន្ធ​បច្ចុប្បន្ន​ដែល​យើង​កំពុងរស់នៅ។ 

ខេមបូណូមិស៖ តើ​កញ្ញា​មាន​ចំណាប់​អារម្មណ៍​បែប​ណា​ចំពោះ​សកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS)? 

កែវ គូនីឡា៖ ប្រសិន​បើ​គេ​ក្រឡេក​មើល​ទៅ​លើ​ចំណាត់ថ្នាក់​របស់​សកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (NUS) និង​សាលាគោល​នយោបាយ​សាធារណៈ លី ក្វាន់យូ គឺ​ស្ថិត​ក្នុង​ចំណោម​សកលវិទ្យាល័យ​និង​សាលា​ដែល​ល្អ​បំផុត​នៅ​អាស៊ី។ NUS មាន​ចំណាត់ថ្នាក់​ខ្ពស់ ហើយសាលា​ លី ក្វាន់យូ ក៏​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ដែរ ធៀបនឹង​សាលា​គោល​នយោបាយ​សាធារណៈ​ជុំវិញ​ពិភព​លោក។ 

ពី​ឆ្វេង​ទៅ​ស្ដាំ៖ ឯឧ. សុក ស៊ីផាន់ណា ទីប្រឹក្សា​រដ្ឋាភិបាល ឯឧ. អ៊ុក គឹមសេង នៃ​ក្រសួង​ព័ត៌មាន កញ្ញា កែវ គូនីឡា អ្នក​ឯកទេស​ផ្នែក​គោល​នយោបាយ​សាធារណៈ និង​លោក ពុយ គា អ្នក​កាសែត​នៃ​សារព័ត៌មាន​ជប៉ុន ក្យូដូ នៅក្នុង​កម្មវិធី​សន្ទនា​កម្ពុជា​និង​ពិភព​លោក។

កម្មវិធី​សិក្សា​របស់​សាលា គឺ​មមាញឹក​ខ្លាំងណាស់ គឺ​តម្រូវ​ឲ្យ​អាន​ច្រើន​មែនទែន។ ការងារ​ជា​ក្រុម ឬកិច្ចការ​សាលា​ក៏​មាន​ច្រើន។ មែនទែនទៅ កិច្ចការ​សាលា​មាន​ស្ទើរតែ​រៀងរាល់សប្ដាហ៍ ប្រសិន​បើ​គ្មាន​កិច្ចការ​សាលា ក៏​តម្រូវ​ឲ្យ​អាន​សៀវភៅដែរ។ សាលា​ធ្វើ​ឲ្យ​និស្សិត​រវល់​តាំង​ពី​ដើម​រហូត​ដល់​ចប់។ ខ្ញុំ​គិតថា នេះ​ប្រហែល​ជា​ប្រព័ន្ធ​អប់រំ​របស់​សិង្ហ​បុរី​ហើយ​មើល​ទៅ !

ខេមបូណូមិស៖ ជា​ចុង​ក្រោយ តើ​កញ្ញា​មាន​ការផ្ដាំ​ផ្ញើ​យ៉ាងណា​ចំពោះ​និស្សិត​ខ្មែរ​យើង​ដែល​ចង់​ទៅ​រៀន​នៅ​សាលា លី ក្វាន់យូ នៃ​សកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី នេះ? 

កែវ គូនីឡា៖ សាលានេះ​ទទួល​យក​និស្សិត​ទើប​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ប៉ុន្តែ និស្សិត​នោះ​ត្រូវ​តែ​ជា​អ្នក​ពូកែ​បំផុត/មាន​ចំណាត់ថ្នាក់​ខ្ពស់​បំផុត មក​ពី​ប្រទេស​ជាក់លាក់​ណា​មួយ។ ប្រសិន​បើ​អ្នក​ចង់​ចូល​រៀន​នៅ​សាលា​គោល​នយោបាយ​សាធារណៈ លី ក្វាន់យូ ត្រូវ​ចាំ​ថា សាលា​ចង់​បាន​បទពិសោធន៍​ខ្លះ​ពី​រូប​អ្នក។

បទពិសោធន៍​ការងារ និង​បទពិសោធន៍​ស្ម័គ្រចិត្ត​ក៏​ល្អ​ដែរ ប៉ុន្តែ សាលា​ក៏​ត្រូវការ​និស្សិត​ដែល​ចេះ​ភាសា​អង់គ្លេស​ខ្លាំង​ដែរ (IELTS 7.0)។ លក្ខខណ្ឌ​តម្រូវ​គ្រប់យ៉ាង​ដែល​សាលា​កំណត់ គឺ​មាន​ផ្សាយ​នៅ​លើ​គេហ​ទំព័រ​របស់សាលា។ ជាថ្មីម្ដង​ទៀត ជាការ​ផ្ដាំ​ផ្ញើ​របស់​ខ្ញុំ គឺ​អ្នក​ត្រូវ​សន្សំ​និង​ពង្រឹង​បទពិសោធន៍​ឲ្យ​បាន​ច្រើន។ គ្មាន​ផ្លូវកាត់ផ្សេង​ក្រៅ​ពី​នេះ​ទេ!!!




អត្ថបទបន្ទាប់


បើ​ចង់​ឲ្យ​ជីវិត​រីករាយ​និង​ជោគជ័យ ត្រូវ​បោះបង់​ទម្លាប់​៩យ៉ាងនេះ​​ចោល

ព័ត៌មាន
លោក​អ្នក​ប្រាកដ​ជា​ធ្លាប់​អាន​អត្ថបទ​ច្រើន​ហើយ ទាក់ទង​នឹង​គន្លឹះ​ជោគជ័យ សម្រាប់​អាជីវកម្ម​ក្ដី ឬ​សម្រាប់​ការអភិវឌ្ឍ​ខ្លួនក្ដី។ អត្ថបទ​មួយ​…

ពលរដ្ឋ​វៀតណាម​ផ្អើល​ដាំ​បន្លែ​សរីរាង្គ​តាម​គ្រួសារ ព្រោះ​បារម្ភ​ពី​​បន្លែ​មាន​ជាតិ​គីមី

ព័ត៌មាន
នៅ​ប្រទេស​វៀតណាម​ជិត​ខាង ពលរដ្ឋ​វៀតណាម​នាំ​គ្នា​ផ្អើល​បារម្ភ​រឿង​បញ្ហា​សុវត្ថិភាព​ចំណី​អាហារ ជាពិសេស បន្លែ​ផ្លែ​ឈើ​ក្នុង​ស្រុក​ដែល​មាន​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ