អប់រំ

សកលវិទ្យាល័យ​ល្អ​ជាង​គេ​បំផុតទាំង៥នៅ​​អាស៊ី ប្រចាំ​ឆ្នាំ២០១៧


បើ​និយាយ​ពី​វិស័យ​អប់រំ​នៅ​អាស៊ី ប្រទេស​សិង្ហ​បុរី​គឺ​ឈាន​មុខ​គេ។ របាយការណ៍​ចំណាត់​ថ្នាក់​សកលវិទ្យាល័យ​អាស៊ី ឆ្នាំ​២០១៧ បង្ហាញ​ថា សកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី​ស្ថិត​ក្នុង​ចំណោម​សកលវិទ្យាល័យ​ល្អ​បំផុត​ទាំង​៣០ នៅ​លើ​ពិភព​លោក និង​ស្ថិត​កំពូល​តារាង​នៃ​សកលវិទ្យាល័យ​ល្អ​បំផុតទាំង​៥ នៅ​អាស៊ី។
សកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​ជាប់​ចំណាត់ថ្នាក់​ជា​សកលវិទ្យាល័យ​ល្អ​ជាងគេ​បំផុត​នៅ​អាស៊ី ប្រចាំ​ឆ្នាំ​២០១៧។
ដោយ

១. សកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី (National University of Singapore)

សកលវិទ្យាល័យជាតិ​សិង្ហបុរី (National University of Singapore) ជាប់​ជា​សកលវិទ្យាល័យ​ល្អ​ជាង​គេ​បំផុត​​នៅ​អាស៊ី​ប្រចាំ​ឆ្នាំ​២០១៧។ នេះ​បើ​យោងតាម​អត្ថបទ​ចុះ​ផ្សាយ​មួយ របស់​ Times Higher Education។ 

ជា​ស្ថាប័ន​អប់រំ​ចំណាស់​ជាង​គេ​បំផុត និង​ធំ​ជាង​គេ​បំផុត (បើ​គិត​ជាចំនួន​និស្សិត) ​នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី សកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី ទទួល​បាន​ពិន្ទុ​ខ្ពស់​នៅ​ក្នុង​ការស្ទង់​មតិ ទៅ​លើ​ផ្នែក​ស្រាវជ្រាវ​និង​ទស្សនវិស័យ​ពិភព​លោក និង​ភាព​លេចធ្លោ​ជាង​គេ​លើ​មុខ​វិជ្ជា​វិស្វកម្ម និង​បច្ចេកវិទ្យា។ 

តើ​គួរធ្វើ​ដូចម្ដេច​ខ្លះ ដើម្បី​អាច​បាន​ចូលរៀន​នៅ​សកលវិទ្យាល័យ​ជាតិ​សិង្ហបុរី?

សកលវិទ្យាល័យ​ជាតិ​សិង្ហ​បុរី ប្រើ​វិធី​សាស្ត្រ​បង្រៀន​បែប​អង់គ្លេស តាម​រយៈ​ការ​បង្រៀន​ជា​ក្រុម​តូចៗ និង​ប្រើ​ប្រព័ន្ធ​ពិន្ទុ (credits) តាម​បែប​អាមេរិក ដើម្បី​កំណត់​លក្ខខណ្ឌ​តម្រូវ​សម្រាប់​សញ្ញាបត្រ។ 

អតីត​និស្សិត​ដ៏​មាន​ឥទ្ធិពល​មួយ​ចំនួន​ដែល​បាន​បញ្ចប់​ការសិក្សា​ពី​សកលវិទ្យាល័យ​នេះ មាន​ ៤រូប ជា​នាយករដ្ឋមន្ត្រី​និង​ប្រធានាធិបតី​សិង្ហ​បុរី ២រូប​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​អ្នក​នយោបាយ ពាណិជ្ជករ មន្ត្រីតុលាការ និង​ឥស្សរជន​ជា​ច្រើន​នាក់​ទៀត។

👉 គួរអាន ! កត្តា​សំខាន់​៣​យ៉ាង​ដែល​ធ្វើ​ឲ្យ​សិង្ហ​បុរី​ជា​ប្រទេស​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច

២. សកលវិទ្យាល័យ​ប៉េកាំង (Peking University) ប្រទេសចិន

សកលវិទ្យាល័យ​ប៉េកាំង គឺ​ជា​សកលវិទ្យាល័យ​ជាតិ​ទំនើប​មុន​ដំបូង​គេ​ នៅ​ក្នុង​ប្រទេស​ចិន ដែល​បាន​កសាង​ឡើង​នៅ​ចុង​សតវត្ស​ទី១៩។ សកលវិទ្យាល័យ​នេះ​ល្បី​ល្បាញ​ខាង​ផ្នែក​ឧត្ដមភាព​នៃ​គំនិត​និង​ការស្រាវជ្រាវ។ បច្ចុប្បន្ន សកលវិទ្យាល័យ​មាន​មជ្ឈមណ្ឌល​ស្រាវជ្រាវ ចំនួន ២១៦ ក្នុង​នោះ​មាន​ពីរ​ស្ថាប័ន​វិស្វកម្មជាតិ។ 

មុខ​វិជ្ជា​ដែល​លេចធ្លោ​ជាង​គេ គឺ​វិទ្យាសាស្ត្រ​រូប និង​វិស្វកម្ម។ សកលវិទ្យាល័យ​នេះ​មាន​បណ្ណាល័យ​ធំ​ជាង​គេ​បំផុត​នៅ​អាស៊ី ដោយ​មាន​សៀវភៅ ១១លាន​ក្បាល និង​ធនធាន​ជា​ច្រើន​ទៀត។ 

បច្ចុប្បន្ន សកលវិទ្យាល័យ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​លើ​អតីត​សួនច្បារ​នៃ​ចក្រភព​ស្ដេច​ឈីង។ នៅ​ក្នុង​បរិវេណ​សកលវិទ្យាល័យ មាន​បន្ទប់​ស្នាក់នៅ​សម្រាប់​និស្សិត​អន្តរជាតិ ២០០០នាក់។ 

ឥស្សរជន​ល្បីៗ​នៅ​ប្រទេស​ចិន គឺ​ជា​អតីត​និស្សិត​នៃ​សកលវិទ្យាល័យ​នេះ ក្នុង​នោះ​ក៏​មាន​ជ័យ​លាភី​ណូបែល​ ៣រូប ដែល​មាន​ទំនាក់​ទំនង​ជាមួយ​សកលវិទ្យាល័យ​នេះ​ដែរ។ 

៣. សកលវិទ្យាល័យ Tsinghua ប្រទេស​ចិន

សកលវិទ្យាល័យ​នេះ បង្កើត​ឡើង​នៅ​ឆ្នាំ​១៩១១ ហើយ​ល្បីល្បាញ​ជា​សកលវិទ្យាល័យ​លំដាប់​អភិជន​នៅ​ប្រទេស​ចិន ពីព្រោះ​សកលវិទ្យាល័យ​នេះទទួល​ឲ្យ​ចូលរៀន តែ​និស្សិត​ទាំងឡាយ​ណា​ដែល​មាន​ពិន្ទុ​ខ្ពស់​បំផុត​នៅ​ក្នុង​ការ​ប្រឡង​ថ្នាក់​ជាតិ។ 

សកលវិទ្យាល័យ​នេះ មាន​កម្មវិធី​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ៥១កម្មវិធី និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ ជាង ២០០កម្មវិធី។ សកលវិទ្យាល័យ​នេះ មានភាពលេចធ្លោ​លើ​មុខវិជ្ជា​វិស្វកម្ម និង​បច្ចេកវិទ្យា។ 

៤. សកលវិទ្យាល័បច្ចេកវិទ្យា Nanyang ប្រទេស​សិង្ហ​បុរី

សកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang មាន​អាយុ​ទើប​តែ​ ២៦ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ ជាប់​ចំណាត់ថ្នាក់​ស្ថិត​ក្នុង​ចំណោម​សកលវិទ្យាល័យ​ល្អបំផុត​នៅ​លើ​ពិភព​លោក។

សកលវិទ្យាល័យ​នេះ ល្បីល្បាញ​ជា​ពិសេស​លើ​មុខវិជ្ជា​វិស្វកម្ម និង​បច្ចេកវិទ្យា។ មហាវិទ្យាល័យ​ពាណិជ្ជសាស្ត្រ​នៃ​សកលវិទ្យាល័យ​បច្ចេកវិទ្យា Nanyang ជា​មហាវិទ្យាល័យ​ធំ​ជាង​គេ​បំផុត នៅ​សិង្ហ​បុរី ដោយ​មាន​សាស្ត្រាចារ្យ​ ១៦០នាក់ មក​ពី​ជាង​ ២០ប្រទេស ដែល​បង្រៀន​មុខ​វិជ្ជា​គណនេយ្យ និងធុរកិច្ច​ ដល់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ​ និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់។

និស្សិត​ថ្នាក់​បរិញ្ញាបត្រ​មាន​ចំនួន ២ម៉ឺន ៥ពាន់​នាក់ បាន​ចុះ​ឈ្មោះ​រៀននៅ​សកលវិទ្យាល័យ​នេះ ក្នុង​នោះ​ ២០ភាគរយ​ជា​និស្សិត​អន្តរជាតិ។ 

៥. សកលវិទ្យាល័យ​ហុងកុង ទីក្រុង​ហុងកុង

ភាសា​បង្រៀន​នៅ​សកលវិទ្យាល័យ​ហុងកុង គឺ​ភាសា​អង់គ្លេស។ សកលវិទ្យាល័យ​នេះ​បង្កើត​ឡើង​ដោយ​អភិបាល​ជនជាតិ​អង់គ្លេស នៅ​ឆ្នាំ​១៩១១ ប៉ុន្តែ បាន​ដាក់​បញ្ចូល​វប្បធម៌​និងការអប់រំ​ភាសា​ចិន នៅ​ក្នុង​កម្មវិធី​សិក្សា​របស់​ខ្លួន​នៅ​ឆ្នាំ​១៩២៧។​ 

អគារ​សកលវិទ្យាល័យ​សាងសង់​តាម​រចនា​បថ​អាណានិគម​អង់គ្លេស និង​ជា​ស្ថាបត្យកម្ម​ដ៏​ចំណាស់​នៅ​លើ​កោះនេះ។ អគារ​ធំ​ជាងគេ​នៃ​សកលវិទ្យាល័យ​នេះ សាងសង់​នៅឆ្នាំ​១៩១២ និង​ត្រូវ​បាន​ប្រកាស​ជា​វិមាន​ជាតិ។

ការប្រឡងចូល​សកលវិទ្យាល័យ​នេះ មាន​លក្ខណៈ​តឹងតែង​ខ្លាំង។ និស្សិត​ក្នុង​ស្រុក​ទាំងអស់​ត្រូវ​តម្រូវ​ឲ្យ​រៀនភាសា​អង់គ្លេស និង​ចិន។ 

និស្សិត​បញ្ចប់​ការសិក្សា​ពី​សកលវិទ្យាល័យ​ហុងកុង បានចូលរួម​នៅ​ក្នុង​ការ​កសាង​វិស័យ​នយោបាយ​ សេដ្ឋកិច្ច និង​វប្បធម៌​សម័យ​ទំនើប​របស់​ប្រទេស​ចិន។ ហើយ​និស្សិត​ជា​ច្រើន​រូប មាន​តួនាទី​ធំៗ​នៅ​ក្នុង​អង្គការ​វិស័យ​ឯកជន៕




អត្ថបទបន្ទាប់


បើ​ចង់​ស្រណុក​ខ្លួន​នៅ​ពេល​ចាស់ ត្រូវ​អនុវត្ត​វិធី​៤​យ៉ាង​​ដើម្បី​​«សេរីភាព​ហិរញ្ញ​វត្ថុ»

ព័ត៌មាន
មនុស្ស​យើងម្នាក់ៗ​ចំណាយ​ពេល​វេលា​មិនក្រោម ២០ឆ្នាំ​ទេ ទៅ​លើ​ការសិក្សា​យក​ចំណេះ​ដឹង​និង​ជំនាញ។ បន្ទាប់​មក​ យើង​ប្រើ​ចំណេះ​និង​ជំនាញ​ន…

ការសិក្សា​៖ សហគ្រិន​ស្រលាញ់​មុខរបរ​របស់​ខ្លួន​ប្រៀប​ដូច​ស្រលាញ់​កូន​អ៊ីចឹងដែរ!

ព័ត៌មាន
នៅ​ពេល​និយាយ​ពី​មុខរបរ​របស់​អ្នក ពេល​ខ្លះ អ្នក​​និយាយ​សំដៅ​ប្រៀប​ធៀប​អាជីវកម្ម ឬ​មុខរបរ​នោះ​ដូច​ជា​កូន​របស់​អ្នក​ដែរ។ តើ​សហគ្រិន​ពិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ