 
      ក្នុងពីធីបិទសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០១៨ និងលើកទិសដៅភារកិច្ចការងារ ឆ្នាំ២០១៩ របស់ក្រសួងមហាផ្ទៃ សម្តេច ហ៊ុន សែន បានបញ្ជក់ថា បរិយាកាសនៃការវិនិយោគ ក៏ដូចជាកំណើនសេដ្ឋកិច្ច នៅកម្ពុជា នៅតែបង្ហាញ ពីភាពល្អប្រសើរ តួយ៉ាងកាលពីឆ្នាំ២០១៨ តាមរយៈការវាយតម្លៃ ជាថ្មីរបស់ស្ថាប័នអន្តរជាតិធំៗ រកឃើញថា កំណើន សេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះ គឺមានរហូតដល់ទៅ ៧,៥ ភាគរយឯណោះ ខណៈដែលការវាយតម្លៃពីមុនរបស់រាជរដ្ឋាភិបាលថា មាន៧,៣ ភាគរយ។
សម្ដេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវយ៉ាងដូច្នេះថា «ខ្ញុំក៏សូមជម្រាបជូនធុរជន និងវិនិយោគិនទាំងឡាយ ទាំងអ្នកដែលកំពុងមានការវិនិយោគ និងការប្រកបអាជីកម្មនៅកម្ពុជា ទាំងអ្នកដែលមានបំណងមកដាក់ទុន ឬកំពុងសិក្សា ដាក់ ទុនវិនិយោគនៅកម្ពុជា ជាមួយនឹងការប្ដូរផ្ដាច់រក្សាឱ្យបានល្អប្រសើរនូវសុខសន្តិភាព និង ស្ថិរភាពនយោបាយនៅក្នុងប្រទេស រាជរដ្ឋាភិបាល កំពុងតែចាត់វិធានការណ៍កែទម្រង់ដ៏មុតស្រួច និងស៊ីជម្រៅ សំដៅកែលម្អ និងលើកស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ពិសេសវិធានការណ៍ សម្រួលពាណិជ្ជកម្ម និងការកាត់បន្ថយថ្លៃដើមធ្វើធុរកិច្ច ជាអាទិ៍ ការលុបបំបាត់ វិញ្ញាបន បត្រប្រភពដើមទំនិញ ការកែសម្រួលមុខនាទីរបស់កាំកុងត្រូល ចេញពីមុខនាទីត្រួត ពិនិត្យ ទំនិញនាំចេញ នាំចូល ការរំសាយអង្គភាពកាំសាប ការកាត់បន្ថយថ្លៃស្គែនកុងទីណ័រ និងថ្លៃសេវាមួយចំនួនទៀត ការកែលម្អសេវាពាក់ព័ន្ធ ការលើកទឹកចិត្តផ្នែកសារពើពន្ធ ដល់សហគ្រាសធុនតូច និងមធ្យម និងវិធានការណ៍សំខាន់ៗជាប្រព័ន្ធជាច្រើនទៀត ដែល សហគមន៍ធុរកិច្ចនឹងបានឃើញ ព្រមទាំងបានទទួលផលប្រយោជន៍ជាក់ស្ដែង បន្ថែមជាបន្តបន្ទាប់ក្នុងពេលដ៏ខ្លីខាងមុខ»។
បន្ថែមពីនេះទៀត សម្ដេច តេជោ ហ៊ុន សែន ក៏បានស្នើឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រៀបចំវេទិការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជននៅខែមីនាខាងមុខនេះផងដែរ ដើម្បីពិភាក្សាជំរុញល្បឿនសេដ្ឋកិច្ចកម្ពុជាបន្ថែមទៀត។
ដោយឡែក ជុំវិញនឹងរឿងសហភាពអឺរ៉ុបបើកនីតិវិធីលើដំណើរការដក EBA ពីកម្ពុជាវិញ ប្រមុខរាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន បានអះអាងថា វានឹងមិនធ្វើឲ្យកម្ពុជាស្លាប់នោះឡើយ។ បើតាម ការបញ្ជាក់ពី លោកនាយករដ្ឋមន្ត្រីកម្ពុជា ប្រសិនបើប្រព័ន្ធ អនុគ្រោះពន្ធ EBA នេះ នឹងត្រូវដកមែននោះ កម្ពុជា គ្រាន់តែអាចបាត់បង់ចំណូលមួយចំនួនប៉ុណ្ណោះ។ សម្ដេចហ៊ុនសែនមានប្រសាសន៍ថា «ទោះមាន ឬគ្មាន EBA វាក៏មិនធ្វើឲ្យយើងស្លាប់ តែវាក៏មិនធ្វើឲ្យយើងក្លាយទៅជាអ្នកមានបានដែរ យើងមិនចង់ឲ្យអ្នកណា ដែលប្រើប្រាស់ភាពអនុគ្រោះហើយ បែរមកបង្វិលក្បាលយើងតាមចិត្តចង់នោះទេ។ បើអ្នកឯងមិនដកខ្ញុំកាន់តែខ្លាំង បើអ្នកឯងដកខ្ញុំក៏មិនងាប់ដែរ»។
ទោះយ៉ាងណា សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយសហភាពអឺរ៉ុប និងជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំ អាស៊ី-អឺរ៉ុប លើកទី១៣ នៅឆ្នាំ២០២០ ដោយមិនធ្វើឲ្យបញ្ហា EBA ប៉ះពាល់ដល់ ទំនាក់ទំនង កម្ពុជា-អឺរ៉ុបនោះឡើយ។ ដូច្នេះ សូមឲ្យក្រុមហ៊ុន មកពីបណ្តា ប្រទេសនៅតំបន់អឺរ៉ុបទាំងអស់ ឲ្យបន្តរកស៊ី និងស្នាក់នៅដោយក្តីរីករាយ ក្រោមម្លប់ សុខសន្តិភាពរបស់កម្ពុជា។
ដ្បិតតែយ៉ាងនេះក្ដី បើតាមលោក ប្លេស នាយកប្រតិបត្តិសភាពាណិជ្ជកម្មអឺរ៉ុប ប្រចាំកម្ពុជា បានលើកឡើងដែរថា ការបើកនិតីវិធីសិក្សាពីដំណើរការដក ឬមិនដក EBA ពីកម្ពុជា វានឹងអាចធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគនៅកម្ពុជា។ ប៉ះពាល់ ត្រង់ថា អ្នកដែលចង់ពង្រីកការវិនិយោគបន្ថែមនឹងផ្អាកការពង្រីកអាជីវកម្មរបស់ខ្លួន ខណៈដែលវិនិយោគិនថ្មីៗ ដែលចង់មកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ក៏អាចនឹងនៅរារែកចិត្តដែរ ដោយសារតែស្ថានការណ៍ហាក់មានភាពស្រពិចស្រពិល។
យ៉ាងណាក៏ដោយចុះ បើតាមការបញ្ជាក់ ពីនាយកប្រតិបត្តិសភាពពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជារូបនេះ ដ្បិតតែ បញ្ហា EBA ត្រូវបានរងនូវភាពរង្គោះរង្គើមួយរយៈមកនេះក៏ដោយ (មុនការចេញសេចក្ដីសេចក្ដីសម្រេចពីការបើកនីតិវិធីឆ្ពោះទៅរកការដក EBA) ប៉ុន្ដែ ការនាំចេញរបស់កម្ពុជាទៅអឺរ៉ុប ក៏ដូចជាវិនិយោគពីក្រៅប្រទេសមកកម្ពុជា គឺមិនមានទាន់មានឃើញសញ្ញាប្រែប្រួលអវិជ្ជមានអ្វីឡើយ៕
 
              
              
             
              
              
             
              
              
             
              
              
             
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
               
                
                
              