សួនសត្វភ្នំពេញសាហ្វារី

សួនសត្វភ្នំពេញសាហ្វារី នឹងបើកសម្ពោធផ្លូវការនៅថ្ងៃទី២៣ ខែមិថុនានេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន


នៅទីបំផុត សួនសត្វភ្នំពេញសាហ្វារី ដ៏ធំជាងគេបង្អស់នៅកម្ពុជា នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃសៅរ៍ ទី២៣ ខែ មិថុនា ចុងសប្តាហ៍នេះហើយ ក្រោយពីសួនសត្វមួយនេះ បានបើកឲ្យភ្ញៀវចូលទស្សនាសាកល្បងអស់រយៈពេលប្រមាណ ២ខែកន្លងមកនេះ។ តាមការអះអាងពីអ្នកគ្រប់គ្រងសួនសត្វនេះ បានឲ្យដឹងថា ក្នុងថ្ងៃសម្ពោធផ្លូវការនេះ ក៏នឹងមានវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមផងដែរ។
ខ្លោងទ្វារនៅមុខផ្លូវចូលសួនសត្វភ្នំពេញសាហ្វារី
ដោយ

គិតចាប់​តាំងពី​ថ្ងៃបើក​ឲ្យចូល​ទស្សនា​សាកល្បង​ដំបូង កាលពី​ថ្ងៃទី​២៨ ខែមេសា មកទល់​ពេលនេះ សួនសត្វ​ភ្នំពេញ​សាហ្វារី ដែលមាន​ទំហំផ្ទៃ​ដីជាង ៦០ហិកតា​មួយ​នេះ ទទួល​បាន​ភ្ញៀវ​ចូលទស្សនា​​ឥតស្រាក​ស្រាន្ដ​នោះ​ឡើយ ដែលក្នុង​មួយ​ថ្ងៃៗ មានអ្នក​ទិញ​សំបុត្រ​ចូល​ទស្សនា​ខ្ទង់រាប់​ពាន់​នាក់​ឯណោះ។

សួនសត្វ​ដែលជា​ព្រៃកម្សាន្ដ​ភ្នំពេញ​ដ៏ធំមួយ​នេះ ត្រូវបាន​ដឹងថា វិនិយោគ​សាងសង់​ក្នុង​ទំហំ​​ទឹកប្រាក់​ប្រមាណ​ជាង ១០ លាន​ដុល្លារ​​អាមេរិក ​ដោយ​ឯកឧត្តម ​អ្នក​ឧកញ៉ា លី យ៉ុង​ផាត់ ប្រធាន​​​ក្រុម​​ប្រឹក្សា​​ភិបាល និង​ជា​​​អគ្គនាយក​​​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប និងមាន​ទីតាំង​ស្ថិត​​​នៅ​ក្នុង​​​តំបន់​​អភិវឌ្ឍន៍​​​ទីក្រុង​​រណប​ថ្មី របស់​​អ្នក​​​ឧកញ៉ា លី យ៉ុង ផាត់ ក្នុង​សង្កាត់​​​ព្រែក​​​តាសេក ខណ្ឌ​​​ជ្រោយចង្វារ ពោលគឺ​​ប្រមាណ ១៨​គីឡូ​​ម៉ែត្រ​​​ពី​រាជ​ធានី​​​ភ្នំពេញ។

ជាមួយនឹង​ទំហំ​ផ្ទៃដី ជាង៦០ហិកតា សួនសត្វ​ភ្នំពេញ​សាហ្វារី មិនត្រឹម​តែជា​កន្លែង​កម្សាន្ដ​​ទស្សនា​ការសម្ដែង​សត្វនានា​ជាច្រើន​ប្រភេទ​ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏មាន​ទេស​ភាព​អមទៅដោយ​​ព្រៃឈើ​ធម្មជាតិ​ជាទី​មនោរម្យ​ សម្រាប់​ការសម្រាក​លំហែកាយ​ផងដែរ ខណៈដែល​ការតុប​តែង​​រចនាបថ​នានា ក្នុងទីនោះ មានលក្ខណៈ​ពិសេស​ប្លែក និងមាន​លំនាំតាម​បែប​សម័យ​អង្គរ​​ជាដើម​។

ការវិនិយោគ សួនសត្វ​ដ៏ធំនេះ ក៏ត្រូវបាន​​ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​មានការ​សាទរ​យ៉ាងខ្លាំង និងសង្ឈឹម​យ៉ាងមុត​មាំថា នឹងទាក់​ទាញភ្ញៀវ​ទេសចរជាតិ និង អន្តរជាតិ​យ៉ាងច្រើន​មកកាន់​ប្រទេស​កម្ពុជា។

ខ្លោងទ្វារផ្លូវចូលសួនសត្វភ្នំពេញ​សាហ្វារី

លក្ខណៈ​ដ៏ពិសេស​មួយ​ទៀតរបស់​​​សួន​សត្វ ភ្នំពេញ សាហ្វារី គឺមាន​ការសម្ដែង​សត្វជា​ច្រើន​ប្រភេទ ​ដូចជា ទី១ កន្លែង​​សម្តែង​​សត្វ​ខ្លា ទី២ កន្លែង​​សម្តែង​​សត្វ​ក្រពើ ទី៣ កន្លែង​​សម្តែង​​សត្វ​ស្វា អ៊ូរ៉ង់អ៊ូតង់ និង​ទី៤ កន្លែង​​សម្តែង​​សត្វ​សេក​​មក​ពី​​អាហ្វ្រិក និង​មក​ពី​​ប្រទេស​​ផ្សេងៗ​​ទៀត។ ហើយ​ការសម្ដែង​បែបនេះ សម្រាប់​កម្ពុជា គឺមានតែ​នៅសួន​សត្វភ្នំពេញ​​សាហ្វារីមួយ​​ប៉ុណ្ណោះ​។ ក្រៅពីនេះ ក៏មាន​សត្វជាច្រើន​ប្រភេទផ្សេង​ទៀត រួមជាមួយ​នឹងសួន​​ទឹក​សម្រាប់​​ជិះ​ទូក​​លេង​កម្សាន្ត និង​កន្លែង​​​ក្មេង​លេង​​ផង​ដែរ។

ផ្លូវចូលសួនសត្វភ្នំពេញសាហ្វារី ដែលបានសាងសង់រួចរាល់

តាមការ​អះអាង​របស់​អ្នកគ្រប់គ្រង​សួនសត្វ​ភ្នំពេញ​សាហ្វារី ធ្លាប់បាន​ឲ្យដឹង​ថា សួនសត្វនេះ មិន​ត្រឹមតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងស្រុក​ប៉ុណ្ណោះទេ ប៉ុន្ដែ វាក៏នឹង​ក្លាយជា​មេដែក​​ទាក់ទាញ​​ទេសចរ​បរទេស ពិសេសជន​ជាតិចិន​ឲ្យចូល​មកកម្សាន្ដ​កាន់តែ​ច្រើន​ឡើង។

គួរបញ្ជាក់ថា ការ​វិនិយោគ​​គម្រោង​​សួនសត្វ​​ដ៏ធំនេះ​ គឺជា​​ចំណែកមួយ​​នៃគម្រោង​​ជាច្រើន​​​ទៀត​​របស់​​ឯក​ឧត្តម អ្នក​ឧកញ៉ា លី យ៉ុងផាត់ ដែលត្រូវ​បាន​​អភិវឌ្ឍ​​ឡើងនៅ​ក្នុង​​​គម្រោង​​អភិវឌ្ឍន៍​​​​ទីក្រុង​​រណប​​អ្នក​ឧក​ញ៉ា លី យ៉ុងផាត់ ដែល​​បច្ចុប្បន្ន​​​គម្រោងនេះ​ ​កំពុង​មាន​​ការ​អភិវឌ្ឍ​​​កើន​ឡើង​ខ្លាំងខ្លាំងជាលំដាប់​៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


របាយការណ៍៖ បុគ្គលិក​នៅ​ថៃ ៦៣% ប្រឈម​នឹងការ​បាត់បង់​ការងារ ដោយ​សារ​ឥទ្ធិពល​បច្ចេក​វិទ្យា

ព័ត៌មាន
នៅរយៈពេល១២ខែបន្ទាប់នេះ មានជិត១ភាគ៣ នៃបុគ្គលិកនៅប្រទេសថៃ ទំនងជាឈប់ធ្វើការក្នុងក្រុមហ៊ុន ដែលពួកគេកំពុងធ្វើការសព្វថ្ងៃ ដោយសារតែឥទ្ធិពលនៃក…

ឧកញ៉ា តែ តាំងប៉៖ SME នឹងពិបាកងើប បើរាជ​រដ្ឋាភិបាល មិនកាត់បន្ថយការនាំចូលផលិតផលសម្រេច ពីបរទេស

ព័ត៌មាន
សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម រំពឹងថា ការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការនាំចូលផលិតផល​សម្រេច​ ពី​ប្រទេស​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ