Advertisement
បច្ចេកវិទ្យា-ICT Awards

ក្រសួងប្រៃសណីយ៍ប្រកាសទទួលពាក្យប្រកួតពានរង្វាន់ ICT 2018


ក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ បានប្រកាសចុះឈ្មោះបេក្ខជនក្នុងការប្រកួតប្រជែងពានរង្វាន់ បច្ចេកវិទ្យា គមនាគមន៍ និង ព័ត៌មាន (Cambodia ICT Awards 2018) រយៈពេល២ខែ ដោយបេក្ខជនអាចមកដាក់ពាក្យប្រកួតឲ្យបានមុនថ្ងៃទី១៥ ខែឧសភា ឆ្នាំ​២០១៨។ នេះជាឆ្នាំទី៤ហើយ ដែលក្រសួងប្រៃសណីយ៍ និងគមនាគមន៍ បានបង្កើតកម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT នេះឡើង។
លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT ថ្លែងក្នុងសន្និសីទសារព័ត៌មាន
ដោយ
Advertisement

លោកបណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិ NIPTICT បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ថា ការរៀបចំការប្រកួតប្រជែងពានរង្វាន់ Cambodia ICT នេះ គឺដើម្បីឲ្យអ្នកចាប់ផ្តើមអាជីវកម្មថ្មីថ្មោង (Startup) ដែលប្រើប្រាស់បច្ចេកវិទ្យាក្នុងការជួយដោះស្រាយបញ្ហារបស់មនុស្ស បានបង្ហាញស្នាដៃរបស់ខ្លួនទៅកាន់សង្គមទូទៅ ជាពិសេស អ្នកវិនិយោគជាតិ និងអន្តរជាតិ។  

លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ការប្រកួតប្រជែងនេះ គឺដើម្បីលើកស្ទួយអ្នក Startup ឲ្យបានយកស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ខ្លួនមកបង្ហាញនៅថ្នាក់ជាតិ និងអាចយកទៅប្រកួតនៅថ្នាក់តំបន់។ នៅឆ្នាំ២០១៧កន្លងទៅនេះ ខ្មែរយើងបានយកស្នាដៃទៅប្រកួតនៅតំបន់អាស៊ានផងដែរ ដោយក្នុងនោះខ្មែរយើងបានពានមាស៣ក្នុងចំណោម៦»។

កម្មវិធីប្រកួតប្រជែងពានរង្វាន់ ICT គឺជាកម្មវិធីប្រកួតប្រជែងដ៏ធំមួយ ដើម្បីបង្ហាញនូវសមិទ្ធផលជោគជ័យនានាក្នុងវិស័យបច្ចេកវិទ្យា​គមនាគមន៍ និងព័ត៌មាននៅកម្ពុជា ដែលមកពីក្រុមហ៊ុនឯកជនក្នុងស្រុក ក្រុមហ៊ុនចាប់ផ្តើមធុរកិច្ច (Startup) សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល ឬស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ។

លោកបណ្ឌិត ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានថ្លែងថា កម្មវិធីនេះ បានលើកទឹកចិត្តឲ្យកូនខ្មែរ បានបង្ហាញគំនិតច្នៃប្រឌិតថ្មីៗ ដែលវាជាផែនការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក្នុងលើកកម្ពស់វិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍​នៅកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់ ខណៈកម្ពុជាបានធ្វើសមារណកម្មសេដ្ឋកិច្ចជាមួយបណ្តាប្រទេសអាស៊ាន។  លើសពីនេះ ការប្រកួតប្រជែងពានរង្វាន់ ICT មិនមែនត្រឹមតែបង្ហាញស្នាដៃកូនខ្មែរនៅត្រឹមថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែ ក៏បានឱកាសដល់ពួកគេ បានយកគំនិត និងស្នាដៃទៅប្រកួតនៅថ្នាក់តំបន់ ព្រមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បេក្ខជនផងដែរ។

លោកថ្លែងបែបនេះថា៖ «កាលមុន បេក្ខជនដែលមានគំនិត និងស្នាដៃថ្មីៗ ពួកគាត់ស្វែងវិនិយោគិន ដើម្បីបណ្តាក់ទុនជាមួយ ហើយវិនិយោគិនជាអ្នកជ្រើសរើសពួកគេ តែដល់ពេលពួកគេទទួលបានពានរង្វាន់ បេក្ខជនបែរជាអ្នករើសវិនិយោគិនវិញ ដើម្បីចាប់ដៃគ្នារកស៊ី»។

លោកបណ្ឌិត ខូវ មករា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ថ្លែងក្នុងសន្និសីទសារព័ត៌មាន

ក្រៅពីបង្ហាញលើកកម្ពស់ស្នាដៃ និងគំនិតច្នៃប្រឌិតផ្នែកបច្ចេកវិទ្យា និងព័ត៌មាន ការប្រកួតប្រជែងនេះ ក៏បានផ្តល់ពាន និងរង្វាន់ជាទឹកប្រាក់លើកទឹកចិត្តមួយចំនួន ផ្តល់ជូនបេក្ខជនដែលទទួលបានជ័យលាភី ដែលពានរង្វាន់នេះត្រូវបានរៀបចំឡើងដោយមានសហការពីដៃគូជាច្រើនក្នុងវិស័យ ICT ក្នុងនោះ ក្រុមហ៊ុន Smart Axiata ជាដៃគូសហការ និងឧបត្ថម្ភធំមួយដែរ។  

នៅឆ្នាំ២០១៧កន្លងទៅ មានក្រុមហ៊ុនចំនួន៣ ដែលទទួលបានជ័យលាភី ដោយក្នុងនោះ រួមមាន៖ ១. ក្រុមហ៊ុន Direct Play ដែលបង្កើត  Jailbreak The Game ដែលជាហ្គេមសម្រាប់លេងតាមទូរស័ព្ទដែលបានរចនាឡើងបន្ទាប់ខ្សែភាពយន្តខ្មែរ មានជំណងជើងថា Jailbreak។ ២. Bong Pheak ដែលដាក់បង្ហាញនូវការងារគ្មានជំនាញ និងការងារ ប្រើជំនាញតិចតួច ដែលបង្កើតឡើងដោយ Open Institute។ ៣. ប្រព័ន្ធចុះបញ្ជី រថយន្តស្វ័យប្រវត្តិ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដែលប្រព័ន្ធនេះ អនុញ្ញាតឲ្យ ពលរដ្ឋចុះឈ្មោះរថយន្តរបស់ពួកគេតាមរយៈកម្មវិធីអនឡាញ ដែលអាចសន្សំសំចៃពេលវេលា និងថវិកា និងលុបបំបាត់ជាលំដាប់នូវការបង់ប្រាក់ក្រៅផ្លូវការ។

នៅក្នុងឆ្នាំ២០១៧កន្លងទៅ មានបេក្ខជនចំនួន១២ ទទួលបានឱកាសចូលរួមក្នុងកម្មវិធីពានរង្វាន់ ICT អាស៊ាន ឆ្នាំ២០១៧ នៅធ្វើឡើងនៅខេត្តសៀមរាប ដែលក្នុងនោះ ក្រុមកម្ពុជាចំនួន៣ បានទទួលមេដាយមាស គឺក្រុមហ៊ុន BookmeBus នៅក្នុងវិស័យធុរកិច្ច កម្មវិធី Bong Pheak ក្នុងវិស័យទទួលខុសត្រូវសង្គម និង Sokharromក្នុងវិស័យឯកជន។  

បេក្ខជនអាចដាក់ពាក្យប្រកួតប្រជែងក្នុងវិស័យផ្សេងៗចំនួន៦ រួមមាន៖ ការចាប់ផ្តើមធុរកិច្ច (Starup) មាតិកាឌីជីថល វិស័យឯកជន ការទទួលខុសត្រូវសង្គម វិស័យសាធារណៈ  និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍។ 

គម្រោងប្រកួតប្រជែង នឹងត្រូវវាយតម្លៃដោយផ្អែកលើភាពច្នៃប្រឌិត អត្ថប្រយោជន៍ដល់សង្គម គុណភាព និងភាពទុកចិត្តបាននៃផលិតផល និង កម្រិតប្រើប្រាស់បច្ចេកវិទ្យានៅក្នុងគម្រោង។ ជ័យលាភី៦រូបនឹងត្រូវជ្រើសរើសដោយជ្រើសរើស១ក្នុងមួយវិស័យ។ ហើយក្នុងចំណោម៦រូប មានតែ៣រូបប៉ុណ្ណោះ ដែលនឹងត្រូវជ្រើសរើសសម្រាប់ពានរង្វាន់ចុងក្រោយដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ខាងមុខ។ សម្រាប់ការដាក់ពាក្យសូមចូលទៅកាន់ http://www.cambodiaictawards.com/

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្ថាប័ន​រូបិយ​វត្ថុ​​អន្តរជាតិ IMF ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​ខ្លាំង​ក្នុង​ឆ្នាំ​២០១៨

ព័ត៌មាន
ស្ថាប័ន​រូបិយវត្ថុ​អន្តរជាតិ​ដែល​ហៅ​កាត់​ថា IMF បាន​រក្សា​​ការ​ព្យាករ​​ថា សេដ្ឋកិច្ច​​របស់​ប្រទេស​កម្ពុជា​នៅ​​រក្សា​បាន​កំណើន​ក្នុង​រ...

ទីបំផុត ជម្លោះ​ដី​ធ្លី​ដ៏​រ៉ាំរ៉ៃ​នៅ​ខេត្ត​កោះកុង ត្រូវ​បានដោះស្រាយ​ដោយ​រដ្ឋមន្ត្រី​«មុខដែក»

ព័ត៌មាន
នៅទីបំផុត សង្គ្រាម​ដីធ្លី​ដ៏​ជូរ​ចត់ដែល​អូស​បន្លាយ​ពេល​រាប់​ឆ្នាំ រវាង​ប្រជាពលរដ្ឋ ៣៧៥​គ្រួសារ ​​នៅ​ស្រុក​ស្រែ​អំបិល និងស្រុក​បទុម​សា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ