ការព្រមានពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលនេះ ត្រូវបានលើកឡើងចំៗដោយលោកស្រី គ្រីស្ដាលីណា ចចជីវ៉ា (Kristalina Georgieva) អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ។ លោកស្រីបានគូសបញ្ជាក់ថា មនុស្សជាច្រើននៅតែយល់ច្រឡំថា វិបត្តិដែលកំពុងកើតឡើងទាំងនេះគ្រាន់តែជាបញ្ហាបណ្ដោះអាសន្ន ប៉ុន្តែជាក់ស្ដែងពិភពលោកត្រូវតែរៀនរស់នៅជាមួយភាពរង្គោះរង្គើ និងការប៉ះទង្គិចសេដ្ឋកិច្ចជាបន្តបន្ទាប់ដោយជៀសមិនរួចនៅពេលអនាគត។
ទន្ទឹមនឹងវិបត្តិភូមិសាស្ត្រនយោបាយ លោកស្រីអគ្គនាយិកា បានបង្វែរខ្សែភ្នែកទៅកាន់ការប្រែប្រួលបច្ចេកវិទ្យា ដោយលើកឡើងថា បញ្ញាសិប្បនិម្មិត ឬ AI កំពុងនាំមកនូវការផ្លាស់ប្តូរដ៏ធំសម្បើម និងលឿនរហ័សសម្រាប់សេដ្ឋកិច្ចសកល និងទីផ្សារការងារ។ លោកស្រីបានសង្កត់ធ្ងន់ថា ពិភពលោកមិនត្រូវដើរជាន់ដានកំហុសចាស់ កាលពីសម័យសកលភាវូបនីយកម្មនោះឡើយ។ កាលពីសម័យសកលភាវូបនីយកម្ម ទោះបីជាសេដ្ឋកិច្ចពិភពលោកទទួលបានអត្ថប្រយោជន៍ច្រើន តែវាក៏បានបន្សល់ទុកនូវមនុស្ស និងសហគមន៍ជាច្រើនឱ្យរងគ្រោះ បាត់បង់ការងារ និងត្រូវបានគេបំភ្លេចចោលដោយភាពអយុត្តិធម៌។ ដូចគ្នានេះដែរ ការរីកចម្រើននៃវិស័យ AI ត្រូវតែធ្វើឡើងដោយការយកចិត្តទុកដាក់ និងគ្រប់គ្រងឱ្យបានខ្ពស់បំផុត ដើម្បីកុំឱ្យគម្លាតវិសមភាពសង្គមកាន់តែរីកធំ និងធ្ងន់ធ្ងរជាងមុន។
គួររំលឹកថា មូលនិធិ IMF គ្រោងនឹងធ្វើបច្ចុប្បន្នភាពលើរបាយការណ៍ព្យាករណ៍កំណើនសេដ្ឋកិច្ចពិភពលោកឡើងវិញនៅក្នុងខែកក្កដា ខាងមុខនេះ បន្ទាប់ពីស្ថាប័នមួយនេះទើបតែបានទម្លាក់ការព្យាករណ៍កាលពីខែមេសា កន្លងទៅ ដោយសារតែរងផលប៉ះពាល់អវិជ្ជមានពីជម្លោះដ៏រ៉ាំរ៉ៃនៅតំបន់មជ្ឈិមបូព៌ា។
ដោយឡែក ពាក់ព័ន្ធនឹងបញ្ហាប្រទេសរុស្ស៊ី លោកស្រី គ្រីស្ដាលីណា ចចជីវ៉ា ក៏បានបង្ហើបឱ្យដឹងផងដែរថា IMF អាចនឹងបន្តធ្វើការវាយតម្លៃលើប្រព័ន្ធសេដ្ឋកិច្ចរបស់រុស្ស៊ីឡើងវិញ នៅក្នុងពេលវេលាសមស្របណាមួយខាងមុខ បន្ទាប់ពីបានផ្អាកសកម្មភាពនេះអស់រយៈពេលជាច្រើនឆ្នាំ ចាប់តាំងពីរុស្ស៊ីបានបើកការវាយប្រហារលើប្រទេសអ៊ុយក្រែនមក។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះមូលនិធិរូបិយវត្ថុអន្តរជាតិមានសមត្ថភាពអាចផ្តល់កម្ចីឥណទានសរុបបានត្រឹមតែក្រោម១ទ្រីលានដុល្លារអាម៉េរិកប៉ុណ្ណោះ ប៉ុន្តែស្ថាប័នហិរញ្ញវត្ថុពិភពលោកមួយនេះ នៅតែបន្តដើរតួនាទីជាខ្នងបង្អែក និងជាមេកានិចដ៏សំខាន់ក្នុងការជួយរក្សាស្ថិរភាពសេដ្ឋកិច្ចសកលពីការឡោមព័ទ្ធដោយវិបត្តិថ្មីៗ ដែលកំពុងផ្ទុះឡើងឥតឈប់ឈរ៕
ដោយ: តែម សុខុម