វិស័យ​អប់រំ​ឯកជន

អ្នក​ជំនាញ៖ បើក​សាលា​អន្តរជាតិ កុំ​ឃ្លាត​ពី​មុខ​វិជ្ជា​ភាសា​ខ្មែរ


វិស័យ​អប់រំ គឺ​ជា​វិស័យ​ស្នូល​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​ជំរុញ​និង​ដើរ​ស្រប​ទៅ​តាម​ការ​អភិវឌ្ឍ​របស់​ប្រទេស​នីមួយៗ។ យ៉ាង​ណា​មិញ ស្ថិត​ក្នុង​ដំណាក់កាល​ងើប​ឡើង​ពី​សង្គ្រាម​ដ៏​រ៉ាំ​រ៉ៃ​របស់​កម្ពុជា គឺ​ជា​ពេល​វេលា​ដ៏​លំបាក​បំផុត​មួយ ក្នុង​ការ​កសាង​នូវ​វិស័យ​អប់រំ​ឡើង​វិញ។ ប៉ុន្ដែ បើ​គិត​មក​ទល់​ពេល​នេះ ការ​លូត​លាស់​នៃ​វិស័យ​អប់រំ​របស់​ប្រទេស​នេះ​ហាក់​មាន​ការ​ប្រដំ​ប្រសង​ជាមួយ​នឹង​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​ដែរ។
សាលា​អន្តរជាតិ​ Learning Jungle ជា​សាលា​ដែល​បាន​សិទ្ធិ​ franchise ពី​ប្រទេស​កាណាដា។
ដោយ

ក្នុង​នោះ សាលារដ្ឋ​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​ជា​បន្ត​បន្ទាប់ ខណៈ​ដែល​សាលារៀន​ឯកជន​ទាំង​​យីហោ​ក្នុង​ស្រុក និង​យីហោ​មក​ពី​ក្រៅ​ប្រទេស ក៏​មាន​ការ​ពង្រីក​ខ្លួន​កាន់​តែ​ច្រើន​ឡើងៗ ដែល​បាន​ជ្រោង​ដល់​វិស័យ​អប់រំ​របស់​កម្ពុជា​កាន់​តែ​ដើរ​ឆ្ពោះ​ទៅ​មុខ​ប្រកប​ដោយ​វិបុល​ភាព។ 

ជាមួយ​គ្នា​នេះ ការ​ពាំនាំ​មក​នូវ​ស្ដង់ដារ​បង្រៀន​បែប​អន្តរជាតិ​ពី​សំណាក់​សាលា​ឯកជន​នៅ​​កម្ពុជា ក៏​មាន​សន្ទុះ​ខ្លាំង​ផង​ដែរ ខណៈ​ដែល​សាលា​អន្តរជាតិ​គ្រប់​កម្រិត​ត្រូវ​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់។ 

យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​វ័យ​ក្មេង​ដែល​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​គួរ​សម​ក្នុង​វិស័យ​អប់រំ លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលា​អន្តរជាតិ Learning Jungle បាន​លើក​ឡើង​ថា ការ​បង្រៀន​តាម​បែប​ស្ដង់ដារ​អន្តរជាតិ គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​សិស្ស ប៉ុន្ដែ សាលា​ដែល​មាន​ឈ្មោះ​ថា អន្តរជាតិ​ទាំង​នោះ​ក៏​គួរតែ​ពង្រឹង​គុណភាព​របស់​ខ្លួន​ឲ្យ​សក្ដិសម​នឹង​ឈ្មោះ​ដែល​បាន​ដាក់ ដើម្បី​ជា​ផ្នែក​មួយ​ជួយ​អភិវឌ្ឍ​ដល់​វិស័យ​អប់រំ​កម្ពុជា។

លោក លី វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលា​អន្តរជាតិ Learning Jungle។

លើស​ពី​នេះ​ទៀត សាលា​អន្តរជាតិ​ដែល​មាន​បង្រៀន​បែប​ស្ដង់ដារ ឬ​មាន​ម៉ោង​សិក្សា​ច្រើន​ភាសា ក៏​គួរតែ​បន្ថែម​ម៉ោង​កម្មវិធី​សិក្សា​ភាសា​ខ្មែរ​សម្រាប់​សិស្ស​រៀនសូត្រ​ផង​ដែរ ដើម្បី​ឲ្យ​ពួកគេ​បាន​ជ្រួត​ជ្រាប​ពី​អ្វី​ដែល​ជា​អត្តសញ្ញាណ វប្បធម៌ និង​ប្រពៃណី​របស់​ខ្លួន។ 

ការ​លើក​ឡើង​របស់​ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលា​អន្តរជាតិ Learning Jungle រូប​នេះ គឺ​ស្រប​ពេល​បច្ចុប្បន្ន សាលា​អន្តរជាតិ​ឯកជន​ភាគ​ច្រើន​បាន​និង​កំពុង​បង្រៀន​សិស្ស ពិសេស​ក្មេងៗ​នៅ​ថ្នាក់​មត្តេយ្យ និង​បឋម​សិក្សា ជា​ភាសា​បរទេស​ពីរ ឬ​បី​ភាសា ដែល​ធ្វើ​ឲ្យ​ម៉ោង​មុខ​វិជ្ជា​ភាសា​ខ្មែរ​ហាក់​មាន​កម្រិត​នៅ​ឡើយ។ 

លោក លី វីរៈ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «ម៉ោង​សិក្សា​របស់​សាលា​អន្តរជាតិ Learning Jungle គឺ​ចប់​នៅ​ម៉ោង​៤​កន្លះ ខណៈ​ដែល​សាលា​អន្តរជាតិ​ផ្សេងៗ​ទៀត ចប់​ម៉ោង​សិក្សា​ត្រឹម​ម៉ោង​២​កន្លះ។ ហើយ​នៅ​ចន្លោះ​ម៉ោង ២​កន្លះ​ដល់​ម៉ោង ៤​កន្លះ​ហ្នឹង គឺ​យើង​នឹង​បញ្ចូល​ម៉ោង​ភាសា​ខ្មែរ​សម្រាប់​សិស្ស ដើម្បី​ឲ្យ​ពួកគាត់​អាច​រៀន​តាម​ស្ដង់ដារ​អន្តរជាតិ​ផង​និង​បាន​រៀន​បន្ថែម​ពី​មុខ​វិជ្ជា​សិក្សា​ភាសា​ខ្មែរ​ឲ្យ​បាន​ច្រើន​ផង ដើម្បី​បាន​ស្វែងយល់​ពី​អ្វី​ដែល​ជា​វប្បធម៌ និង​អត្តសញ្ញាណ​របស់​ខ្មែរ។ អ៊ីចឹង ពេល​សិស្ស​រៀនចប់​ចេញ​ពី​សាលា​ទៅ ពួកគាត់​នឹង​មាន​សមត្ថភាព​ក្នុង​ការ​ប្រកួត​ប្រជែង​ទាំង​ក្នុង​ស្រុក និង​លក្ខណៈ​អន្តរជាតិ»។

បើតាម​ការ​លើក​ឡើង​ពី​អ្នក​ជំនាញ​ផ្នែក​អប់រំ​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀត​ថា អាជីវកម្ម​ផ្នែក​អប់រំ​នៅ​កម្ពុជា​បច្ចុប្បន្ន​នេះ ហាក់​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​គួរ​ឲ្យ​កត់​សម្គាល់ ពោល​គឺ​មិន​ត្រឹម​តែ​មាន​សាលា​ឯកជន​ក្នុង​ស្រុក​​​រីក​ដុះដាល​ច្រើន​នោះ​ទេ តែ​សាលា​ដែល​មាន​យីហោ​ពី​ក្រៅ​ស្រុក ឬ​ហៅថា​ម៉ាក Franchise ក៏​មាន​ការ​ហូរ​ចូល​មក​ច្រើន​ផង​ដែរ។ ក្នុង​នោះ សាលា​អន្តរជាតិ​យីហោ​ក្រៅ​ស្រុក​ភាគ​ច្រើន ត្រូវ​បាន​នាំចូល​មក​ពី​ប្រទេស​សិង្ហបុរី ក្រោម​កម្រិត​សិក្សា​ថ្នាក់​សាលា​មតេយ្យ។ 

ត្បិត​ថា​ការ​ប្រកួត​ប្រជែង​កាន់​តែ​មាន​កម្ដៅ ប៉ុន្ដែ ក្នុង​នាម​ជា​អ្នក​គ្រប់គ្រង​សាលា​អន្តរជាតិ Learning Jungle ម៉ាក Franchise មក​ពី​កាណាដា ដែល​បាន​មាន​វត្តមាន​នៅ​កម្ពុជា​ជិត​៤​ឆ្នាំ និង​មាន​២​ទីតាំង​នៅ​កម្ពុជា លោក លី វីរៈ មើល​ឃើញ​ថា ការ​ប្រកួត​ប្រជែង​ក្នុង​វិស័យអប់រំ គឺ​ជា​សញ្ញា​វិជ្ជមាន​សម្រាប់​កម្ពុជា ព្រោះ​វា​មិន​ត្រឹម​តែ​ផ្ដល់​នូវ​ជម្រើស​កាន់​តែ​ច្រើន​សម្រាប់​ប្រជាជន​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ ការ​ប្រកួត​ប្រជែង​ក៏​ជំរុញ​ឲ្យ​សាលា​ឯកជន​នីមួយៗ​កាន់​តែ​ខិតខំ​ពង្រឹង​នូវ​គុណភាព​របស់​ខ្លួន​កាន់​តែ​ខ្លាំង​ផង​ដែរ។

យ៉ាងណាក៏ដោយចុះ លោក លី វីរៈ បានគូសបញ្ជាក់ដែរថា កត្តាប្រឈមធំបំផុតមួយសម្រាប់ការបង្កើតសាលាឯកជននេះ គឺការ​​ស្វែងរកនូវធនធានមនុស្សដែលមានសមត្ថភាពក្នុងការគ្រប់គ្រង​និងបង្ហាត់បង្រៀនសិស្សប្រកបដោយជំនាញវិជ្ជាជីវៈ។ 

ប្រធាន​ក្រុមប្រឹក្សាភិបាល​សាលា​អន្តរជាតិ Learning Jungle រូប​នេះ បាន​ផ្ដល់​នូវ​យោបល់​សម្រាប់​អ្នក​ដែល​មាន​បំណង​បើ​សាលា​ឯកជន​ថា ត្រូវ​គិតគូរ​ពី​គុណភាព​ជា​ចម្បង​បំផុត​មុន​នឹង​ឈាន​ទៅ​គិត​ដល់​ការ​រក​ប្រាក់​ចំណេញ ព្រោះ​សាលា គឺ​ជា​ថ្នាល​បណ្ដុះ​បណ្ដាល​ដ៏​សំខាន់​បំផុត​ក្នុង​ការ​កសាង​នូវ​សមត្ថភាព​ធនធាន​មនុស្ស​សម្រាប់​ប្រទេស​ជាតិ ខុស​ពី​អាជីវកម្ម​លក់​ដូរ​ទំនិញ ឬ​សេវា​កម្ម​ធម្មតា។ 

មិន​​តែ​​ប៉ុណ្ណោះ អ្នក​ប្រតិបត្តិ​អាជីវកម្ម​នេះ ត្រូវ​មាន​ស្មារតី​ស្រឡាញ់​ការ​អប់រំ​ខ្លាំង​បំផុត មាន​ការ​អត់ធ្មត់​ខ្ពស់ និង​ត្រូវ​មោះមុត ម៉ត់​ចត់​នឹង​ការងារ។ ពិសេស​ជាង​នេះ​ទៀត​នោះ គឺ​ត្រូវ​កសាង​ឲ្យ​បាន​នូវ​គុណភាព​អប់រំ ក៏​ដូចជា​កេរ្តិ៍​ឈ្មោះ ព្រោះ​សាលារៀន​មិន​ត្រឹម​តែ​លក់​សេវាកម្ម​បង្រៀន​សិស្ស​នោះ​ទេ តែ​ក៏​ត្រូវ​លក់​កេរ្តិ៍​ឈ្មោះ ដែល​ជា​ទំនុក​ចិត្ត​សម្រាប់​អាណាព្យាបាល​សិស្ស​ផង​ដែរ។

សូម​បញ្ជាក់​ថា សាលា​អន្តរជាតិ Learning Jungle ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៤ និង​កំពុង​មាន​សាខា​២​កន្លែង ដោយ​មាន​បង្រៀន​ថ្នាក់​មត្តេយ្យ និង​បឋម​សិក្សា ហើយ​បើ​តាម​ការ​អះអាង​ពី​អ្នក​គ្រប់គ្រង សាលា​អន្តរជាតិ​មួយ​នេះ ក៏​គ្រោង​នឹង​ពង្រីក​សមត្ថភាព​បង្រៀន​ថ្នាក់​វិទ្យាល័យ និងប​ន្ត​ចាប់​ដៃគូ​ជាមួយ​សាលា​សាកលវិទ្យាល័យ​នៅ​ក្រៅ​ប្រទេស ដើម្បី​បញ្ជូន​សិស្ស​ទៅ​រៀន​នៅ​ក្រៅ​ប្រទេស​ផង​ដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន​រកស៊ី​ជាមួយ​អាស៊ាន​ច្រើន​ជាង​អាមេរិក ព្រោះ​ចិន​ដៃ​ទូលាយ​ជាង​អាមេរិក?

ព័ត៌មាន
បើ​​និយាយ​អំពី​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​មហា​អំណាច​ពិភព​លោក​ទីមួយ សហរដ្ឋ​អាមេរិក និង​អាស៊ាន និង​មហា​អំណាច​ពិភព​លោក​ទី​ពីរ ចិ…

៥​ឆ្នាំ​ទៅ​មុខ កម្ពុជា​ត្រូវការ​អ្នក​បើក​បរ​យន្តហោះ ៦០​នាក់​បន្ថែម​ទៀត

ព័ត៌មាន
ប្រទេស​កម្ពុជា​នឹង​ត្រូវ​ការ​អាកាស​យានិក (អ្នក​បើក​បរ​យន្តហោះ)​ យ៉ាង​ហោច ៦០​នាក់​បន្ថែម​ទៀត ក្នុង​រយៈពេល ៥​ឆ្នាំ​ខាង​មុខ ខណៈ​ដែល​វិស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ