Advertisement
គំនិត​អាជីវកម្ម

ផ្នត់​គំនិត​អាជីវកម្ម​ពី​សហគ្រិន​បទ​ពិសោធន៍​ជិត​៣​០​ឆ្នាំ​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា


“ចាប់​ផ្ដើម​អាជីវកម្ម ជា​រឿង​ងាយ​ទេ តែ​ធ្វើ​ឲ្យ​អាជីវកម្ម​នោះ​ឈរ​ជើង​នៅ​ក្នុង​ទីផ្សារ​បាន​យូរ​អង្វែង ជា​រឿង​មិន​ងាយ​ប៉ុន្មាន​ទេ”។ នេះ គឺ​ជា​ចម្លើយ​ដំបូង​គេ ដែល​សហគ្រិន​ចាស់​វស្សា ដែល​មាន​បទពិសោធន៍​ជិត​៣​ទសវត្សរ៍​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​នៅ​កម្ពុជា លោក ស៊ិន ចន្ធី បាន​ឆ្លើយតប​មក​កាន់​សំណួរ​របស់​អ្នក​យក​ព័ត៌មាន ខេមបូណូមីស។
លោក ស៊ិន ចន្ធី ​ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ដឹកជញ្ជូន Linelhaul Express Co Ltd
ដោយ
Advertisement

កើត​មក​ក្នុង​ត្រកូល​កសិករ​ក្រីក្រ ដែល​មាន​ស្រុក​កំណើត​នៅ​ស្រុក​គិរីវង់ ខេត្ត​តាកែវ លោក ស៊ិន ចន្ធី ដែល​បច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន​ដឹកជញ្ជូន Linelhaul Express Co Ltd បាន​មាន​ប្រសាសន៍​ថា ដោយ​ការ​ស្រឡាញ់​និង​មាន​ការ​សិក្សា​ទាក់ទង​នឹង​វិស័យ​ដឹក​ជញ្ជូន​នេះ តាំង​ពី​ក្មេង​មក លោក​បាន​សម្រេច​ចិត្ត​ប្រឡូក​ក្នុង​វិស័យ​នេះ ពោល​គឺ​នៅ​ឆ្នាំ​១៩៩០ លោក​បាន​ធ្វើការ​នៅ​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​បាន​រហូត​ដល់​១០​ឆ្នាំ និង​ក្រោយ​មក លោក​បាន​ចេញ​មក​ចាប់​ផ្ដើម​បង្កើត​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដោយ​ខ្លួន​ឯង​រហូត​មក​ទល់​ពេល​នេះ។ 

តាម​បទ​ពិសោធន៍​ជិត​៣០​ឆ្នាំ​កន្លង​មក​នេះ បាន​ធ្វើ​ឲ្យ​លោក​ជ្រួត​ជ្រាប​​កាន់តែ​ច្បាស់​ពី​អាជីវកម្ម​ផ្នែក​ដឹក​ជញ្ជូន​ទំនិញ​នេះ ដោយ​លោក​អះអាង​ថា វា​ទាមទារ​ឲ្យ​អ្នក​ប្រតិបត្តិ​ត្រូវ​មាន​ចំណេះដឹង​ទូលំ​ទូលាយ​ទាក់ទង​នឹង​វិស័យ​ដឹកជញ្ជូន ហើយ​វា​ក៏​ជា​អាជីវកម្ម​មួយ​មាន​លក្ខណៈ​ខុស​គ្នា​ខ្លាំង​ពី​អាជីវកម្ម​ផ្សេង​ទៀត ដូចជា ភោជនីយដ្ឋាន ឬ​លក់ដូរ​ផ្សេង​ទៀត​ផងដែរ។

លោក​បាន​បន្ថែម​ថា មុន​នឹង​សម្រេច​បើក​អាជីវកម្ម​ផ្ទាល់​ខ្លួន​នេះ​ឡើង លោក​បាន​ធ្វើការ​សិក្សា​ជាច្រើន ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក ទាក់ទង​នឹង​វិស័យ​នេះ រហូត​បាន​ធ្វើ​ឲ្យ​លោក​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ចំនួន​៣​នៅ​ក្នុង​ស្រុក និង​អនុបណ្ឌិត​ចំនួន១ ពី​ប្រទេស​ម៉ាឡេស៊ី។ លោក​បាន​គូស​បញ្ជាក់​ថា ចំពោះ​មុខ​របរ​ដឹក​ជញ្ជូន​ឆ្លង​ប្រទេស​នេះ បើ​សិន​ជា​មិន​មាន​ចំណេះដឹង​ច្រើន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក​ទេ នោះ​នឹង​មិន​អាច​ដោះស្រាយ​បញ្ហា​ដែល​តែងតែ​កើត​មាន​នៅ​ក្នុង​ដំណើរ​​អាជីវកម្ម​បាន​ទេ។ 

“អ្នក​ដែល​មាន​ចំណេះ​ដឹង​ទាប ពេល​ជួ​បញ្ហា តែងតែ​ស្រែក​ដាក់​បញ្ហា។ ប៉ុន្ដែ បើ​យើង​មាន​ចំណេះ​ដឹង​ពេញ​លេញ នោះ​យើង​ច្បាស់​ជា​មិន​ធ្វើ​ដូច​នោះ​ទេ! យើង​នឹង​ទ្រាំ និង​រិះរក​គ្រប់​វិធី​ដើម្បី​ដោះស្រាយ​វា​ឲ្យ​ទាល់​តែ​បាន។ ច្បាស់​ណាស់ របរ​រកស៊ី​ណា​ក៏​មាន​បញ្ហា​ដែរ មិន​ថា​របរ​ធំ ឬ​តូច​នោះ​ទេ! សូម្បី​តែ​លក់​នំ​បញ្ចុក​១​អម្រែក​ក៏​ត្រូវតែ​ជួប​បញ្ហា​ដែរ។ ប៉ុន្ដែ សម្រាប់​ខ្ញុំ ខ្ញុំ​តែងតែ​ប្រាប់​ខ្លួន​ឯង​ថា គ្មាន​បញ្ហាណា​​ដោះស្រាយ​មិន​បាន​ទេ បើ​យើង​មិន​គេច​វេះ​​វា។” នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ស៊ិន ចន្ធី។ 

សហគ្រិន​វ័យ​ជាង​៥០​ឆ្នាំ​រូប​នេះ បាន​បន្ថែម​ទៀត​ថា ការរកស៊ី​ក្នុង​វិស័យ​ដឹក​ជញ្ជូន​ទំនិញ​នេះ ទាមទារ​ឲ្យ​មាន​ការ​យល់​ដឹង​ខ្ពស់​អំពី​និន្នាការ​ពិភពលោក ពិសេស គឺ​ច្បាប់​ក្នុង​ស្រុក​និង​អន្តរជាតិ។ មិនថា ការ​ដឹក​ជញ្ជូន ផ្លូវ​គោក ផ្លូវ​ទឹក ឬ​ផ្លូវ​អាកាស​ទេ រមែង​មាន​នីតិ​វិធី​ច្បាប់​ផ្សេងៗ​គ្នា ទើប​អាច​ធ្វើការ​បញ្ជូន​ទំនិញ​ចេញ​ចូល​បាន។ មិន​ត្រឹមតែ​របរ​ដឹក​ជញ្ជូន​ទំនិញ​នោះ​ទេ របរ​ផ្សេងៗ​ទៀត ក៏​ទាមទារ​ឲ្យ​អ្នក​ប្រតិបត្តិ​ត្រូវមាន​ចំណេះដឹង​ផ្នែក​ច្បាប់​នេះ​ខ្លះៗ​ដែរ ទើប​អាច​ធ្វើ​ដំណើរការ​អាជីវកម្ម​នោះ ដោយ​មិន​មាន​ការ​រំខាន ឬ​រាំង​ស្ទះ។  

តាម​ការ​ហែល​ឆ្លង​អស់​ជា​ច្រើន​ឆ្នាំ​មក​នេះ លោក ស៊ិន ចន្ធី បាន​កត់​សម្គាល់​ឃើញ​កត្តា៤​យ៉ាង ដែល​អាច​ធ្វើ​ឲ្យ​អាជីវកម្ម​របស់​លោក អាច​ធានា​បាន​នូវ​និរន្តរភាព​មក​ទល់​បច្ចុប្បន្ន​នេះ។ ក្នុង​នោះ រួមមាន៖

១, កត្តា​ធនធាន​មនុស្ស៖ 

រាល់​គំនិត និង​ការ​អនុវត្ត​ដឹកនាំ​សំខាន់ៗ គឺ​កើត​ចេញ​ពី​មនុស្ស ដែល​ជា​បុគ្គលិក​ក្នុង​ស្ថាប័ន​នីមួយៗ ដូច្នេះ ការបណ្ដុះ​បណ្ដាល ការ​ផ្ដល់​នូវ​ផល​ប្រយោជន៍​បច្ចុប្បន្ន និង​អនាគត និង​ការ​ជំរុញ​លើក​ទឹកចិត្ត​ពួកគេ គឺ​ជា​កត្តា​ស្នូល​ដ៏​សំខាន់​មួយ​ក្នុង​ការ​អនុវត្ត​ការងារ​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព។ បើ​តាម​ការ​បញ្ជាក់​ពី​លោក ស៊ិន ចន្ធី ការ​បង្ហាញ​ពី​ចក្ខុ​វិស័យ និង​បង្ហាញ​ផ្លូវ​ឲ្យ​បុគ្គលិក​មើល​ឃើញ​ពី​អត្ថប្រយោជន៍​ក្នុង​ការ​ដើរ​ស្រប​ទៅ​តាម​ចក្ខុ​វិស័យ​របស់​ក្រុមហ៊ុន គឺ​ជា​កត្តា​គន្លឹះ​មួយ​ដែល​លោក​តែង​យក​មក​អនុវត្ត​ជំរុញ​ទឹក​ចិត្ត​បុគ្គលិក។

២, ដើម​ទុន៖ 

មានតែ​បទ​ពិសោធន៍ ចំណេះដឹង តែ​បើ​គ្មាន​ដើមទុន​ក៏​មិន​អាច​ចាប់​ផ្ដើម​អាជីវកម្ម​បាន​ដែរ ព្រោះ​ការ​ធ្វើ​អាជីវកម្ម គឺ​ត្រូវ​ចាប់​ផ្ដើម​ឡើង​ដោយ​ការ​វិនិយោគ​ជាមួយ​ដើម​ទុន។ ដើម​ទុន​នេះ​ទៀត​សោត មិនត្រឹម​តែ​មាន​សម្រាប់​ការ​ចាប់​ផ្ដើម​នោះទេ ក៏​ត្រូវ​គិតគូរ​សម្រាប់​ជា​ដើមទុន​បម្រុង​ផង​ដែរ ព្រោះ​អាជីវកម្ម​បើក​ថ្ងៃ​នេះ មិនមែន​ស្អែក​នឹង​អាច​ទាញ​ចំណេញ​មក​វិញ​ភ្លាមៗ​នោះ​ទេ ដូច្នេះ ការ​ត្រៀម​ខ្លួន​ជាមុន គឺ​ជា​រឿង​ល្អ ដើម្បី​ទប់​ស្កាត់​ការ​ខ្វះខាត​សាច់​ប្រាក់​ក្នុង​ពេល​ប្រតិបត្តិការ​ដំបូង។ 

៣, ទំនាក់​ទំនង​ល្អ៖ 

នៅក្នុង​ពិភព​អាជីវកម្ម អ្នក​មិន​អាច​ធ្វើ​អាជីវកម្ម​តែ​ម្នាក់​ឯង​បាន​ទេ ចាំបាច់​បំផុត​ត្រូវ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ដៃគូ និង​អតិថិជន​ជាដើម។ ទំនាក់​ទំនង​ល្អ​នេះ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​ផ្ដល់​នូវ​ទំនុក​ចិត្ត​ទៅ​កាន់​អ្នក​ពាក់ព័ន្ធ​ក្នុង​អាជីវកម្ម​របស់​អ្នក។ លើស​ពី​នេះ ការ​រក្សា​នូវ​ការ​ប្រាស្រ័យ​ល្អ​ក្នុង​នាម​ខ្លួន​ឯង​ជា​វិស័យ​ឯកជន ជាមួយ​នឹង​អាជ្ញាធរ ក៏ដូចជា​រាជ​រដ្ឋាភិបាល គឺ​ជា​រឿង​មួយ​ដែល​មិន​គួរ​រំលង ព្រោះ​រាជ​រដ្ឋាភិបាល​គឺ​ប្រៀប​ដូចជា​អាណាព្យាបាល​យ៉ាង​ដូច្នេះ​ដែរ។ 

៤, រក្សា​ឲ្យ​បាន​នូវ​កេរ្តិ៍​ឈ្មោះ​ល្អ៖ 

ការ​រកស៊ី​នៅ​ក្នុង​សង្គម អ្នក​ក៏​គួរតែ​មាន​ការ​ចែក​រំលែក​ទៅ​កាន់​សង្គម​វិញ តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដែរ ដូចជា ការ​ចែក​រំលែក​ចំណេះដឹង​ទៅ​កាន់​អ្នក​ដទៃ ឬ​យុវជន​ជំនាន់​ក្រោយ​ពី​គំនិត​ល្អៗ ការ​ជួយ​ដល់​សហគមន៍ និង​រាជ​រដ្ឋាភិបាល​ជាដើម។ បើ​តាម​ការ​គូស​បញ្ជាក់​ពី​លោក ស៊ិន ចន្ធី ការ​ចែក​រំលែក​ទៅកាន់​សង្គម​នេះ ក៏​ដូចជា​ការ​វិនិយោគ​មួយ​ដែរ ហើយ​អ្នក​នឹង​ទទួល​បាន​មក​វិញ​នៅ​ពេល​ដែល​អ្នក​ចាស់​ទៅ។ 

ការ​គូស​បញ្ជាក់​ចុង​ក្រោយ​ពី ប្រធាន​សមាគម​ភ្នាក់ងារ​ដឹក​ជញ្ជូន​ទំនិញ​កម្ពុជា​រូប​នេះ បាន​លើក​ឡើង​ថា គ្មាន​ការងារ ឬ​មុខ​របរ​ណា ដែល​ងាយ​ស្រួល ឬ​អាច​ធ្វើ​ទៅ​បាន​រលូន​រហូត​នោះ​ទេ រមែង​តែងតែ​ត្រូវ​ជួប​នឹង​ឧបសគ្គ​ដោយ​ខាន​មិន​បាន​​ឡើយ។ ប៉ុន្ដែ អ្វី​ដែល​សំខាន់​នោះ គឺ​ការ​ស៊ូ​ទ្រាំ​អត់​ធ្មត់ និង​ខិតខំ​ប្រឹងប្រែង​ដែល​យើង​មាន ហើយ​សូម​ធ្វើ​ការងារ​អ្វី ឬ​ចេញ​ប្រកប​របរ​រកស៊ី​អ្វី ត្រូវ​គិត​ពី​ការ​ជួយ​ដល់​សង្គម ព្រោះ​នៅ​ថ្ងៃ​ខាង​មុខ សង្គម​នឹង​ជួយ​យើង​វិញ​ជាក់​ជា​មិន​ខាន៕




អត្ថបទបន្ទាប់


សួន​សត្វ​ធំ​ជាង​គេ​នៅ​កម្ពុជា​បើក​ឲ្យ​ចូល​​ទស្សនា​​​ថ្ងៃទី១ មេសា ខាង​មុខ!

ព័ត៌មាន
បន្ទាប់​ពី​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត នៅ​ទីបំផុត សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទីមួយ ដែល​មាន...

រថភ្លើងធុនស្រាល៣គ្រឿង ពីស្ថានីយ​ភ្នំពេញទៅព្រលានយន្តហោះ នឹងដំណើរការមុនចូលឆ្នាំខ្មែរ

ព័ត៌មាន
ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន បានប្រកាសថា នៅមុនថ្ងៃចូលឆ្នាំខ្មែរ រថភ្លើងចម្ងាយខ្លីពីស្ថានីយចំណតភ្នំពេញ ឆ្ព...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ