Advertisement
ធុរជន​ល្បីៗ

ឧកញ៉ា លី ហួរ បោះ​ទុន​​៧​លាន​ដុល្លារ​អាមេរិក បើក​ក្រុមហ៊ុន​ធានា​រ៉ាប់រង​នៅកម្ពុជា


ឧកញ៉ា​ លី ហួរ ដែល​មនុស្ស​ភាគច្រើន​ស្គាល់​គាត់​ថា ជា​សេដ្ឋី​រក​ស៊ី​លក់​មាស​ប្ដូរ​ប្រាក់​នៅ​ភ្នំពេញ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ហាក់មាន​សកម្មភាព​ពង្រីក​មុខ​ជំនួញ​កាន់​តែ​ខ្លាំងក្លា​ឡើង ដោយ​លោក​ឧកញ៉ា​បោះ​ទុន​បង្កើត​ជា​ក្រុមហ៊ុន​ជាច្រើន​ថែមទៀត។
លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន លីហួរ គ្រុប
ដោយ
Advertisement

ជាក់ស្ដែង ថ្មីៗ​ចុង​ក្រោយ​បំផុត​នេះ ក្រុមហ៊ុន លី ហួរ គ្រុប របស់​លោក​ឧកញ៉ា លី ហួរ បាន​​បោះ​ទុន​វិនិយោគ ៧​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​ពង្រីក​អាជីវកម្ម​របស់​ខ្លួន ដោយ​​​បើក​ជា​ក្រុមហ៊ុន​បម្រើ​សេវា​កម្ម​ធានា​រ៉ាប់រង​ទូទៅ​ថ្មី​មួយ​ទៀត បន្ថែម​ទៅ​លើ​អាជីវកម្ម​ចំនួន ៧​ក្រុមហ៊ុន ដែល​កំពុង​តែ​ប្រតិបត្តិការ​យ៉ាង​មមាញឹក​នៅ​ក្នុង​ប្រទេស​កម្ពុជា។ 

ក្រុមហ៊ុន​ធានា​រ៉ាប់រង លី ហួរ បាន​សម្ពោធ​​បើក​នៅថ្ងៃទី២៩ មករា ២០១៨ ដោយ​មាន​ការ​ចូលរួម​ពី​វិនិយោគិន​និង​ពាណិជ្ជករ​ធំៗ​ល្បីៗ​ជា​ច្រើន ធ្វើ​ជា​សាក្សីពិធី​​ប្រគល់​អាជ្ញាប័ណ្ណ​ពីឯកឧត្តម​ ងី តាយី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ។

លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ធានា​រ៉ាប់រង លី ហួរ បាន​លើក​​ឡើង​​ថា ដោយ​មើល​ឃើញ​ពី​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​មាន​ភាព​រីក​ចម្រើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ បាន​ជំរុញ​ឲ្យ​​លោក​ឧកញ៉ា​សម្រេច​ចិត្ត​បើក​ក្រុមហ៊ុន​បន្ថែម​ជា​បន្ត​បន្ទាប់។ ហើយ​ក្រុមហ៊ុន​សេវាកម្ម​​ធានា​រ៉ាប់រង លី ហួរ នេះ ជា​ក្រុម​ហ៊ុន​​បុត្រសម្ព័ន្ធ​ទី៨ នៃ​ក្រុមហ៊ុន លី ហួរ គ្រុប។

លោក​ឧកញ៉ា លី ហួរ បាន​មាន​ប្រសាសន៍​ថា ការ​រីក​ចម្រើន​នូវ​អាជីវ​កម្ម​របស់​ឧកញ៉ា លី ហួរ ទាំង​អស់​​គឺ​​បាន​​មក​ពី​ភាព​ស្មោះត្រង់ តម្លាភាព និង​ការ​ចាត់​ទុក​អតិថិជន​ជា​ដៃគូ​ពាណិជ្ជកម្ម​ល្អ​រយៈពេល​​វែង។

ក្រុមហ៊ុន​ធានា​រ៉ាប់រង លី ហួរ  នឹង​ផ្តល់​សេវា​កម្ម​​ធានា​​រ៉ាប់រង​ទូទៅ​ស្រប​តាម​ច្បាប់​អនុញ្ញាត មាន​ធានា​រ៉ាប់រង​យានយន្ត វិស្វកម្ម អត្ថ​ប្រយោជន៍​​​​កម្មករ​និយោជិត ទ្រព្យ​សម្បត្តិ ធានា​រ៉ាប់រង​ហិរញ្ញវត្ថុ និង​ដឹក​ជញ្ជូន។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​​ក្រុមហ៊ុន​​​ធានា​រ៉ាប់រង លី ហួរ​ នេះ​ដែរ ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ថ្លែង​ថា ឯកឧត្ដម​សង្ឃឹម​យ៉ាង​មុតមំា​ថា ក្រុមហ៊ុន​នឹង​ជួយ​ជំរុញ​ល្បឿន​នៃ​ការ​អភិវឌ្ឍ​សេវាកម្ម​ធានា​​រ៉ាប់រង​​ទូទៅ​នៅកម្ពុជា ឲ្យ​កាន់​​តែ​មាន​ការរីក​ចម្រើន​បន្ថែម​ទៀត។ ឯកឧត្តម​គាំទ្រ​​ក្រុម​ហ៊ុន លី ហួរ ដែល​តែងតែ​ធ្វើការ​បណ្តាក់​ទុន​រកស៊ី​នៅ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា។

បើតាម​ឯកឧត្តម ងី តាយី បច្ចុប្បន្ន មាន​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ទូទៅ​ចំនួន ១១ ធានា​រ៉ាប់រង​អាយុ​ជីវិត​ ៧ ក្រុមហ៊ុន​ធានា​រ៉ាប់រង​ខ្នាត​តូច៨ ជើងសារ​ធានា​រ៉ាប់រង ១២ ភ្នាក់ងារ​ធានា​រ៉ាប់រង​ចំនួន ១៦​ ក្រុមហ៊ុន​ធានា​​រ៉ាប់រង​បន្ត ១ និង​ក្រុមហ៊ុន​វាយ​តម្លៃ​ហានិភ័យ​ធានា​រ៉ាប់រង ២ សរុប​បុព្វលាភ​​ធានា​​រ៉ាប់រង​ទទួល​បាន​នៅ​ក្នុង​ត្រីមាស​ទី៣ ឆ្នាំ​២០១៧ ប្រមាណ ១១២​លាន​ដុល្លារ​អាមេរិក ក្នុងនោះ​វិស័យ​ធានា​រ៉ាប់រង​ទូទៅ​ចំនួន​ជាង ៥៤​លាន​ដុល្លារ អាយុ​ជីវិត​ជាង ៤៧​លាន​ដុល្លារ ធានា​រ៉ាប់​រង​ខ្នាត​តូច​ជាង ៧​លាន​ដុល្លារ៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន​អាកាសចរណ៍​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​កម្ពុជា​-ចិន កើន​ដល់​១៥​ក្រុមហ៊ុន​ហើយ!

ព័ត៌មាន
ចិន​មិន​ត្រឹម​តែ​ឈរ​លេខ​១ លើ​កា​រ​វិនិយោគ ជា​ប្រទេស​ម្ចាស់​ជំនួយ និង​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ជាង​គេ​មក​កម្ពុជា​ប៉ុណ្ណោះ​នោះ​ទេ បច្ចុ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ