Advertisement
ពាណិជ្ជករ​លេចធ្លោ

ឧកញ៉ា លី ហួរ ច្រាន​ចោល​ព័ត៌មាន​​ដែល​ថា​លោក​មាន​ទ្រព្យ​សម្បត្តិ​១៥០០​លាន​ដុល្លារ


ថ្មីៗ​នេះ​ មាន​ការចុះផ្សាយ​យ៉ាង​គគ្រឹក​គគ្រេង​​អំពី​ចំនួន​ទ្រព្យ​សម្បត្តិ​របស់​លោក​ឧកញ៉ា លី ហួរ ប៉ុន្តែ លោក​ឧកញ៉ាបញ្ជាក់​ប្រាប់​ ខេមបូណូមីស ថា ការ​ចុះផ្សាយ​ទាំង​នោះ​ គឺ​មិន​ពិតទេ។
លោក​ឧកញ៉ា លី ហួរ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​ក្រុមហ៊ុន លីហួរ គ្រុប
ដោយ
Advertisement

ក្រោយ​ពី​មាន​បណ្ដា​សារព័ត៌មាន​ក្នុង​ស្រុក​ជា​ច្រើន​បាន​ចុះផ្សាយ​យ៉ាង​ព្រោងព្រាត​ថា លោក​ឧកញ៉ា លី ហួរ មាន​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​១៥០០​លាន​ដុល្លារ នៅ​ថ្ងៃ​នេះ​ ឧកញ៉ា​ដែល​មាន​ក្រុមហ៊ុន​ជិត​១០ បាន​ចេញ​មុខ​អះអាង​ប្រាប់ ខេមបូណូមីស ថា ការ​ចុះ​ផ្សាយ​ជុំវិញ​ចំនួន​ទ្រព្យ​សម្បត្តិ​របស់​លោក​នេះ គឺ​ជា​រឿង​មិន​ពិត និង​ជា​ការ​ចុះផ្សាយ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់​លាស់។

លោក​ឧកញ៉ា លី ហួរ មានប្រសាសន៍ថា លោក​ផ្ទាល់​មិន​ដែល​ធ្លោយ​មាត់​និយាយ ឬ​ផ្ដល់​បទ​សម្ភាសន៍​ទៅ​កាន់​អ្នក​សារព័ត៌មាន​ណា ទាក់ទង​នឹង​ចំនួន​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​សូម្បី​តែ​ម្ដង​នោះ​ឡើយ។

រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មាន​សារព័ត៌មាន​អេឡិចត្រូនិក ក៏​ដូចជា​កាសែត ទស្សនាវដ្ដី ក្នុង​ស្រុក​ជា​ច្រើន បាន​នាំ​គ្នា​ចុះផ្សាយ និង​បន្ដ​ចែក​ចាយ​យ៉ាង​គគ្រឹក​គគ្រេង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក អំពី​ចំនួន​មាន​ទ្រព្យ​សម្បត្តិ​របស់​លោក​ឧកញ៉ា លី ហួរ ថា មាន​ប្រមាណ​១៥០០​លាន​ដុល្លារ​អាមេរិក។ 

Advertisement

ឆ្លើយ​តប​ដោយ​ការ​ច្រាន​ចោល​នូវ​ការ​ចុះ​ផ្សាយ​ខាង​លើ​នេះ ឧកញ៉ា​ដែល​កំពុង​លេច​ធ្លោ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​អចលន​ទ្រព្យ​រូប​នេះ អះអាង​ថា វា​ជា​រឿង​មិន​ពិត​ទាល់​តែ​សោះ​ដែល​ថា លោក​មាន​ទ្រព្យ​សម្បត្តិ​ជាង​១​ពាន់​លាន​ដុល្លារ​នោះ ព្រោះ​ថា លោក​មិន​ដែល​បាន​ប្រកាស ឬ​និយាយ​ពី​រឿង​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​នេះ ទៅ​កាន់​អ្នក​សារព័ត៌មាន​ណា​មួយ​នោះ​ឡើយ។

លោក​ឧកញ៉ា លី ហួរ បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា «ខ្ញុំ​ហាក់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ដឹង​ពី​រឿង​នេះ ព្រោះ​ខ្ញុំ​មិន​ដែល​និយាយ​ទៅ​កាន់​អ្នក​សារព័ត៌មាន​ដោយ​ផ្ទាល់​អំពី​រឿង​ទ្រព្យ​សម្បតិ្ត​ផ្ទាល់​ខ្លួន​នេះ​ឡើយ។ ហើយ​​ពួកគាត់ [អ្នក​សារព័ត៌មាន] បាន​ព័ត៌មាន​ទាំង​នោះ​មក​ពី​ណា នោះ​ជា​រឿង​របស់​គាត់ តែ​ខ្ញុំ​សូម​បញ្ជាក់​ថា ខ្ញុំ​មិន​ដែល​បាន​និយាយ​ពី​រឿង​នេះ​សូម្បី​តែ​ម្ដង។ ហើយ​ទឹក​ប្រាក់​ជាង​១​ពាន់​លាន​ដុល្លារ គឺ​ច្រើន​ណាស់!»

ទោះ​យ៉ាង​ណា​ក៏​ដោយ ការ​ចុះ​ផ្សាយ​ដោយ​មិន​មាន​មូលដ្ឋាន​ជាក់​លាក់​នេះ ក៏​បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ និង​សិទ្ធិ​ឯកជន​របស់​បុគ្គល​ផង​ដែរ។ 

តួយ៉ាង បើ​តាម​ប្រសាសន៍​របស់​លោក​ឧកញ៉ា លី ហួរ ការ​ចុះ​ផ្សាយ​ខុស​នេះ វាមិន​ត្រឹម​តែ​ធ្វើ​ឲ្យ​មហាជន​មាន​ការ​ភ័ន្ដ​ច្រឡំ​នោះ​ទេ តែ​ក៏​បាន​ប៉ះពាល់​ដល់​កេរ្តិ៍​ឈ្មោះ និង​សន្តិសុខ សុវត្ថិភាព​ផ្ទាល់​ខ្លួន​របស់​លោក​ផង​ដែរ។ 

ហេតុ​នេះ​ហើយ លោក​បាន​អំពាវ​ដល់​សារព័ត៌មាន​ទាំង​ឡាយ​ឲ្យ​ពិនិត្យ​មើល​ប្រភព​ព័ត៌មាន​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ និង​មាន​មូលដ្ឋាន​ច្បាស់​លាស់​មុន​នឹង​សម្រេច​ចុះ​ផ្សាយ។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន ឧកញ៉ា លី ហួរ ជា​ម្ចាស់​ក្រុមហ៊ុន​ចំនួន ៧ ដែល​កំពុង​តែ​ប្រតិបត្តិការ​អាជីវកម្ម​យ៉ាង​សកម្ម​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ 

ក្រុមហ៊ុន​ទាំង​៧​នោះ មាន​ដូចជា ក្រុមហ៊ុន លីហួរ ប្តូរប្រាក់ និង​លក់​គ្រឿង​អលង្ការ ក្រុមហ៊ុន លីហួរ ហាង​បញ្ចាំ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន​បុរី​វិមាន​ភ្នំពេញ គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​លីហួរ ក្រុមហ៊ុន ទេពី (Tepi) វិនិយោគ កសិ-​ឧស្សាហកម្ម​ដំណាំ​កៅស៊ូ  ក្រុមហ៊ុន លីហួរ លីស៊ីង (ជួល​រថយន្ត) និង ក្រុមហ៊ុន ផេប្រូ (លី ហួរ វេរ​លុយ)៕

© 2018 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អង្គរវត្ត​ខ្មែរ​​ជាប់​លេខ​១​ក្នុង​ចំណោម​អច្ឆរិយវត្ថុ​ទាំង​២៥​នៅ​លើ​ពិភព​លោក

ព័ត៌មាន
ជា​រឿង​គួរជាទីមោទកៈ​បំផុត​ដែល​ប្រាសាទ​អង្គរវត្ត​កម្ពុជា នៅឆ្នាំ​២០១៧​នេះ ត្រូវ​បាន​ប្រកាស​ជា​«កំពូល​អច្ឆរិយវត្ថុ»របស់​ពិភព​លោក ដោយ​...

តើ​ប្រទេស​ណា​ដែល​មាន​អ្នក​ស្លាប់​ដោយសារ​ចរាចរណ៍​លើ​ដងផ្លូវ​ច្រើន​ជាង​គេ​បំផុត?

ព័ត៌មាន
នៅ​កម្ពុជា​ ប្រជាជន​ត្អូញត្អែរ​ជា​រឿយៗ​អំពី​បញ្ហា​កកស្ទះ​ចរាចរណ៍ ហើយ​ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​តាមដង​ផ្លូវ ក៏​មាន​ច្រើន​គួរ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ