ការព្រមានការផាកពិន័យក្រុមហ៊ុនអ៊ិនធឺណិត

ក្រសួងប្រៃសណីយ៍ ព្រមានផាកពិន័យលើក្រុមហ៊ុនផ្តល់សេវាទូរសព្ទ ឬអ៊ិនធឺណិតនៅតាមបុរីមិនត្រឹមត្រូវ


ថ្នាក់ដឹកនាំក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះប្រតិបត្តិករទាំងឡាយណា ដែលផ្តល់សេវាទូរសព្ទចល័ត និងអ៊ិនធឺណិតនៅតាមបុរី និងទីប្រជុំជនមិនបានត្រឹមត្រូ។ ការព្រមាននេះ ក្រោយក្រសួងបានសិក្សាស្រាវជ្រាវលើបញ្ហានេះ និងបានរកឃើញថា មានកត្តាធំៗពីរ ដែលធ្វើឲ្យការផ្គត់ផ្គង់សេវាទូរគមនាគមន៍នៅតាមបុរី និងទីប្រជុំជនជួបបញ្ហាខ្សោយសេវា។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បន្តក្រើនរំលឹកប្រតិបត្តិករផ្គត់ផ្គត់សេវាទូរសព្ទចល័ត និងអ៊ិនធឺណិតនៅតាមបុរី និងទីប្រជុំជននានាទៅទូទាំងប្រទេស ឲ្យបង្កើនគុណភាពសេវាកម្ម ដើម្បីលើកកម្ពស់គុណភាពសេវាទូរសព្ទនិងអ៊ិនធឺណិតនៅតាមទីតាំងទាំងនោះឲ្យកាន់តែល្អប្រសើរ។ ការក្រើនរំលឹកនេះធ្វើឡើងក្រោយ ក្រសួង ទទួលបានការត្អូញត្អែរពីប្រជាពលរដ្ឋរស់នៅតាមបុរី ពាក់ព័ន្ធរឿងសេវាទូរសព្ទ និងអ៊ិនធឺណិតខ្សោយ ដែលបានធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ ការសិក្សា និងអាជីវកម្មមួយចំនួន។

ឯកឧត្តម លីវ សុផាណារិទ្ធិ អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានគូសបញ្ជាក់ថា ជុំវិញបញ្ហាសេវាទូរសព្ទ និងអ៊ិនធឺណិតខ្សោយនេះ ក្រសួង នឹងចាត់វិធានការនានារួមទាំងផ្លូវច្បាប់ចំពោះប្រតិបត្តិករណា ដែលមិនអនុវត្តតាមលក្ខន្តិកៈក្នុងអាជ្ញាបណ្ណ ដែលជាទំនួលខុសត្រូវរបស់ប្រតិបត្តិករក្នុងការផ្តល់សេវាទូរសព្ទ និងអ៊ិនធឺណិត។ ឯកឧត្តមបានបន្តថា ប្រតិបត្តិករអាចនឹងរងការផ្អាក ឬដកហូតអាជ្ញាបណ្ណតែម្តង ប្រសិនបើបន្តផ្តល់សេវាកម្មមិនត្រឹមត្រូវ។ ប៉ុន្តែមុនឈានដល់អនុវត្តវិធានការក្តៅនេះ ក្រសួង ត្រូវឆ្លងកាត់វិធានការជូនដំណឹង និងព្រមានជាមុនសិន។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់បន្ថែមថា ក្រោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ចុះសិក្សាស្រាវជ្រាវឃើញថា មានកត្តាធំៗពីរដែលធ្វើឲ្យការផ្គត់ផ្គង់សេវាទូរសព្ទ និងអ៊ិនធឺណិតនៅតាមបុរីខ្សោយ និងមានភាពរអាក់រអួល។ កត្តាទាំងពីរនេះរួមមាន ម្ចាស់បុរីមិនបានផ្តល់ទីតាំង និងរៀបចំប្រព័ន្ធរួមដល់ប្រតិបត្តិករសម្រាប់សាងសង់បង្គោលអង់តែនទូរសព្ទ និងអូសខ្សែបណ្តាញនានា និងប្រតិបត្តិករខ្លួនឯងមិនបានដំឡើង ឬអូសខ្សែបណ្តាញសេវាឲ្យគ្របដណ្តប់នៅតាមបុរីនីមួយៗ។ 

ជុំបញ្ហានេះដែរឯកឧត្តម ជា វ៉ានដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ថ្មីៗនេះ បានជួបពិភាក្សាជាមួយប្រតិបត្តិករផ្តល់សេវាទូរសព្ទចល័ត និងអ៊ិនធឺណិត និងប្រជាពលរដ្ឋនៅបុរី ប៉េងហួត ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយក្នុងការលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍។ ក្នុងឱកាសនោះ ឯកឧត្តម បានស្នើឲ្យភាគីពាក់ព័ន្ធចូលរួមសហការដោះស្រាយបញ្ហានេះទាំងអស់គ្នា ហើយភាគីទាំងអស់ក៏បានឯកភាពផងដែរ។

ឯកឧត្តម ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា បញ្ហាសេវាទូរសព្ទ និងអ៊ិនធឺណិតខ្សោយមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យប៉ះពាល់ដល់ការធ្វើការងារ ការប្រកបអាជីវកម្ម ក៏ដូចជាការសិក្សារបស់សិស្ស និស្សិតក្នុងអំឡុងពេលបិទខ្ទប់កន្លងមកផងដែរ។ ឯកឧត្តមកត់សម្គាល់ឃើញថា បញ្ហាគុណភាពសេវានេះ បានកើតមានជាច្រើនឆ្នាំមកហើយ  ជាពិសេសនៅពេលមានកំណើនលំនៅឋាន និងប្រជាពលរដ្ឋ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Evergrande បង្ហាញសញ្ញាវិជ្ជមាន ដោយគ្រោងដំណើរការគម្រោងសាងសង់ផ្ទះឲ្យបានពេញលេញឡើងវិញ

ព័ត៌មាន
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Evergrande ដែលគេស្គាល់ច្បាស់ថា ជាក្រុមហ៊ុនដ៏ធំមួយកំពុងប្រឈមនឹងវិបត្តិបំណុធ្ងន់ធ្ងរនោះ ថ្មីៗនេះ បានប្រកាសថ…

មន្រ្តីជំនាញ ពន្យល់ពីបញ្ហា ដែលអ្នកចិញ្ចឹមមាន់ខ្លះកំពុងជួបបញ្ហាទីផ្សារធ្ងន់ធ្ងរ

ព័ត៌មាន
ក្រោយពីក្រុមអ្នកចិញ្ចឹមមាន់សាច់ បាននាំគ្នារអ៊ូរទាំពីតម្លៃមាន់សាច់ធ្លាក់ចុះដែលធ្វើឲ្យពួកគេប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរនោះ ក្រុមអ្នកជំនាញ និងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ