ទីផ្សារស្រូវអង្ករ

ស្លាក​សញ្ញាលើបាវ​អង្ករ​របស់ថៃ ដែល​បន្លំ​អត្តសញ្ញាណថា ជារបស់ខ្មែរ នឹងត្រូវ​ក្រសួងចាត់​វិធានការឲ្យ​ដកចេញ


ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសនឹងចាត់វិធានការចំពោះស្លាកសញ្ញាលើបាវអង្កររបស់ថៃ ដែលបានដាក់លក់លើទីផ្សារបរទេស ដោយបានក្លែងបន្លំអត្តសញ្ញាណថា ជារបស់ខ្មែរ តាមរយៈការដាក់រូបប្រាសាទអង្គរវត្ត និងមានភ្ជាប់ខេមរៈភាសាថា «អង្ករក្រអូបពិសេស» នៅលើបាវអង្ករនោះ ខណៈដែលក្រសួងពាណិជ្ជកម្មអះអាងថា នេះគឺការបំភ័ន្ដអ្នកប្រើប្រស់អំពីប្រភពដើមនៃទំនិញ។
ស្រូវអង្ករកម្ពុជា
ដោយ

ក្នុងសេចក្ដី​ប្រកាសព័ត៌មាន​មួយ របស់ក្រសួង​ពាណិជ្ជកម្ម បានឲ្យដឹងថា រាជរដ្ឋាភិបា​លកម្ពុជា តាមរយៈក្រសួង​ពាណិជ្ជកម្ម នឹងធ្វើការ​សិក្សាស្រាវជ្រាវ​ថែមទៀត ដើម្បី​ចាត់វិធានការ​តាម​មធ្យោបាយ​ការទូត និងផ្លូវ​ច្បាប់នានា ដើម្បីស្វែងរក​ប្រភព និងបុគ្គលល្មើស សំដៅបញ្ឈប់​ការធ្វើចរាចរណ៍​ទំនិញ ក្លែងបន្លំ​អត្តសញ្ញាណ​នេះ។

បើតាមការ​ស្រាវជ្រាវ​បឋម​របស់​ក្រសួង​ពាណិជ្ជកម្ម បានឲ្យដឹងថា ទំនិញ​អង្ករ​របស់ថៃ ដែលបាន​ក្លែងបន្លំ​អត្តសញ្ញាណថា ជារបស់ខ្មែរ​នោះ គឺមាន​ដាក់លក់ តែនៅក្នុង​ទីក្រុង​ម៉ុងរ៉េអាល់ ប្រទេស​កាណាដា ប៉ុណ្ណោះ ពោលគឺ មិនមាន​ឃើញដាក់លក់​នៅតាមទីផ្សារ​នៃប្រទេស​ផ្សេងៗ​ទៀតនោះ​ឡើយ។

ជាមួយគ្នានេះ លោកឧកញ៉ គឹម សាវុធ អគ្គនាយក​ក្រុមហ៊ុន Khmer Food Group ដែលជា​ក្រុមហ៊ុន​នាំចេញអង្ករ​ធំជាងគេមួយ​នៅកម្ពុជា បានឲ្យដឹង​ដែរថា រឿងដែល​ថៃយក​អក្សរខ្មែរ និងរូប​ប្រាសាទអង្គរវត្ត ទៅដាក់នៅ​លើបាវ​អង្ករ​របស់ខ្លួន ដើម្បីយក​ទៅលក់នៅ​ទីផ្សារ​បរទេសនេះ គឺជារឿងមួយ​កើតឡើង​យូរឆ្នាំមក​ហើយ ហើយកាលពី២ -៣ឆ្នាំមុន ក៏មានអ្នក​រកស៊ីនាំចេញ​អង្ករ​មួយចំនួន បានចេញ​មកតវ៉ា​រឿងនេះជាមួយ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជាដែរ ប៉ុន្ដែ ក៏ត្រូវបាន​ស្ងប់ស្ងាត់​ទៅវិញ។ 

បាវអង្កររបស់ថៃដែលមានដាក់រូបប្រាសាទអង្គរវត្ត និងអក្សរខ្មែរ

យ៉ាងណា​ក៏ដោយចុះ បើតាមលោក​ឧកញ៉ា គឹម សាវុធ ដំណោះស្រាយ​សម្រាប់​រឿងនេះ គឺមានតែការ​សម្រុះសម្រួល​តាមផ្លូវ​រដ្ឋប៉ុណ្ណោះ ដោយខាង​រាជរដ្ឋាភិបាល អាចស្នើ​ទៅកាន់រាជ​រដ្ឋាភិបាលថៃ ដើម្បីដករូប​ប្រសាទ​អង្គរវត្ត និងអក្សរខ្មែរ​ចេញពីបាវ​អង្ករនោះ គឺនឹងលែង​មានបញ្ហា​ទៀត​ហើយ។

ក្រសួងពាណិជ្ជកម្ម​បានបញ្ជាក់​ទៀតថា ការនាំចេញ​អង្ករពីកម្ពុជា​ទៅកាន់​ទីផ្សារ​អន្តរជាតិ ជាពិសេសទី​ផ្សារសហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក និងកាណា​ជាដើមនោះ គឺត្រូវបាន​ឆ្លងកាត់ការ​ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់​យ៉ាងម៉ត់ចត់ ពីស្ថាប័ន​មានសមត្ថកិច្ច របស់​រាជរដ្ឋាភិបាល ចាប់តាំង​ពីដំណាក់​កាល​ផលិត រហូតដល់មាត់​ច្រកនាំចេញ ព្រមទាំង​មានការចូល​រួមសហការ​ពីវិស័យ​ឯកជន និងក្រុមហ៊ុន​នាំចេញ​ផងដែរ។ 

សូមជម្រាបដែរថា គិតត្រឹម៤ខែ​ឆ្នាំនេះ បរិមាណ​នាំ​ចេញអង្ករ​​របស់​កម្ពុជា សម្រេចបាន​​ប្រមាណ​​ជាង ១៩ម៉ឺនតោន ទៅកាន់​​ទីផ្សារ​​ទិសដៅ ចំនួន៥៤ ប្រទេស។ ក្នុងនោះ ចិន​នៅតែ​ឈរ​លំដាប់​​នាំមុខគេ ដែលបាន​នាំ​ចូលអង្ករ​​ពីកម្ពុជា ជាង​​៥ម៉ឺនតោន បន្ទាប់​មក​បារាំង​​ជាង ២ម៉ឺន​តោន ប្រទេស​ម៉ាឡេស៊ី​​មានជាង ១ម៉ឺនតោន និងបណ្ដា​​ប្រទេស​ផ្សេងៗ​​ជាច្រើន​​ទៀត៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មជ្ឈមណ្ឌលវេជ្ជសាស្រ្តសិង្ហបុរី តម្លៃ៨លានដុល្លារ នឹងបើក​ដំណើរ​ការ ក្នុងខែវិច្ឆិកា

ព័ត៌មាន
មជ្ឈមណ្ឌលវេជ្ជសាស្ដ្រសិង្ហបុរី( SGMC) ដែលគម្រោងបើកសម្ពោធជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ បានធ្វើការផ្សព្វផ្សាយស្ដីពីការបង្កាជំងឺ តុល្…

ជប៉ុន នឹងជួយកម្ពុជាសាងសង់ ឡអគ្គិសនីដើរដោយចំហេះអង្កាម

ព័ត៌មាន
សហព័ន្ធស្រូវអង្ករកម្ពុជា កាលពីពេលថ្មីៗនេះ បានជួបពិភាក្សាជាមួយនឹងតំណាងរាជរដ្ឋាភិបាលជប៉ុន លើគម្រោង សាងសង់ឡអគ្គិសនីដើរដោយ ចំហេះអង្កាម ដើម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ